អំណានព្រះបន្ទូល
អត្ថាធិប្បាយអត្ថបទព្រះគម្ពីរ
អត្ថបទផ្សេងៗ

អំណរ និងវិប្បដិសារី
(មថ ២៥,១-១៣)

សេចក្តីផ្តើម

អត្ថបទព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ២៥,១-១៣) នេះ គឺជាពាក្យប្រស្នា។ ជាទូទៅ ពាក្យប្រស្នាតែងមានអត្ថន័យបង្កប់ចង់ឆ្លុះបញ្ចាំងពីអ្វីមួយ ដែលតម្រូវឱ្យយើងរកគន្លឹះដើម្បីអត្ថាធិប្បាយ។ សេចក្តីសំខាន់ ដែលយើងត្រូវកត់សម្គាល់គឺឃ្លាព្រះបន្ទូលក្នុងខ១៣ថា “ចូរ​អ្នក​រាល់​គ្នា​ប្រុង​ស្មារតី ដ្បិត​អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា បុត្រ​មនុស្ស​នឹង​មក​ដល់​ថ្ងៃ​ណា ពេល​ណា​ឡើយ”។ ដូច្នេះ ដើម្បីដឹងថាត្រូវប្រុងស្មារតីយ៉ាងដូចម្តេច នោះយើងគប្បីស្វែងយល់ពីប្រស្នានេះ។

អត្ថបទព្រះគម្ពីរ

(មថ ២៤,៣) ព្រះយេស៊ូមានព្រះបន្ទូល
ជាពាក្យប្រស្នាទៅក្រុមសាវ័កថាៈ

«ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ ​ប្រៀប​បាន​ទៅ​នឹង​ស្ត្រី​ក្រមុំ​ដប់​នាក់
ដែល​យក​ចង្កៀង​ចេញ​ទៅ​ទទួល​ស្វាមី។
ក្នុង​ចំណោម​ពួក​នាង មាន​ប្រាំ​នាក់​ជា​ស្ត្រី​ឥត​គំនិត
ប្រាំ​នាក់​ទៀត​ជា​ស្ត្រី​ឈ្លាស​វៃ។
ស្ត្រី​ឥត​គំនិត​យក​ចង្កៀង​ទៅ តែ​មិន​យក​ប្រេង​ទៅ​បង្ការ​ជា​មួយ​ទេ។
រីឯ​ស្ត្រី​ឈ្លាស​វៃ​វិញ នាង​បាន​យក​ចង្កៀង​ទៅ មាន​ទាំង​ប្រេង​បង្ការ​ផង។
ដោយ​ស្វាមី​ក្រ​មក​ដល់ នាង​ទាំង​ដប់​នាក់​ងោក‌ងុយ​ពេក
ក៏​ដេក​លក់​ទាំង​អស់​គ្នា​ទៅ។
លុះ​ដល់​ពាក់​កណ្ដាល​អធ្រាត្រ មាន​គេ​ស្រែក​ឡើង​ថា
“ស្វាមី​មក​ដល់​ហើយ! ចូរ​នាំ​គ្នា​រត់​ទៅ​ទទួល​លោក!”។
ស្ត្រី​ក្រមុំ​ទាំង​នោះ​ក៏​ក្រោក​ឡើង​រៀប‌ចំ​អុជ​ចង្កៀង។
ស្ត្រី​ឥត​គំនិត​និយាយ​ទៅ​កាន់​ស្ត្រី​ឈ្លាស​វៃ​ថាៈ
“សុំ​ចែក​ប្រេង​ឱ្យ​យើង​ខ្លះ​ផង ព្រោះ​ចង្កៀង​យើង​ចង់​រលត់​អស់​ហើយ”។
ស្ត្រី​ឈ្លាស​វៃ​ឆ្លើយ​ទៅ​វិញ​ថាៈ
“ទេ​មិន​បាន​ទេ! បើ​យើង​ចែក​ឱ្យ​ពួក​នាង
ក្រែង​មិន​គ្រាន់​សម្រាប់​យើង​ផង សម្រាប់​ពួក​នាង​ផង។
ចូរ​នាំ​គ្នា​ទៅ​ទិញ​នៅ​ផ្ទះ​លក់​ប្រេង​ទៅ!”។
១០នៅ​ពេល​ស្ត្រី​ឥត​គំនិត​ទាំង​ប្រាំ​ ចេញ​ទៅ​រក​ទិញ​ប្រេង​ផុត​ទៅ
ស្រាប់​តែ​ស្វាមី​មក​ដល់ ឯ​ស្ត្រី​ប្រាំ​នាក់​ដែល​ត្រៀម​ខ្លួន​ជា​ស្រេច
នាំ​គ្នា​ចូល​ទៅ​ក្នុង​រោង​ការ​ជា​មួយ​លោក ហើយ​គេ​បិទ​ទ្វារ​ជិត។
១១ក្រោយ​មក ស្ត្រី​ប្រាំ​នាក់​ទៀត​មក​ដល់ ស្រែក​ហៅ​ថាៈ
“លោក​ម្ចាស់ លោក​ម្ចាស់! សូម​បើក​ទ្វារ​ឱ្យ​យើង​ខ្ញុំ​ចូល​ផង!”។
១២ស្វាមី​ឆ្លើយ​ទៅ​វិញ​ថាៈ
“ខ្ញុំ​សុំ​ប្រាប់​ឱ្យ​នាង​ទាំង​អស់​គ្នា​ដឹង​ច្បាស់​ថា
ខ្ញុំ​មិន​ស្គាល់​ពួក​នាង​ទេ!”។

១៣ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ប្រុង​ស្មារតី
ដ្បិត​អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា បុត្រ​មនុស្ស​នឹង​មក​ដល់​ថ្ងៃ​ណា ពេល​ណា​ឡើយ»។


វិភាគអត្ថបទដកស្រង់

អត្ថបទ (មថ ២៥,១-១៣) នេះ គឺជាពាក្យប្រស្នា ដែលព្រះយេស៊ូបង្រៀនក្រុមសាវ័កដាច់ដោយឡែកពីគេ ក្នុងពេលព្រះអង្គគង់​នៅលើភ្នំដើមអូលីវ (មថ ២៤,៣)។ ព្រះអង្គពោលពាក្យប្រស្នានេះដើម្បីឆ្លើយនឹងសំណួរក្រុមសាវ័ក ដែលទូលសួរព្រះអង្គអំពីទីសម្គាល់នាំឱ្យដឹងអំពីពេល ដែលបុត្រមនុស្សយាងមកដល់ និងអំពីអវសានកាលនៃពិភពលោក (មថ ២៤,៤)។ ព្រះយេស៊ូ​គ្រាន់តែឆ្លើយបញ្ជាក់ថា កាលណាគេនាំដំណឹងល្អអំពីព្រះរាជ្យពាសពេញសកលលោកទាំងមូល ទុកជាសក្ខីភាពដល់ជាតិសាសន៍ទាំងអស់។ ពេលនោះ ទើបដល់អវសានកាលនៃពិភពលោក (មថ ២៤,១៤)។ រីឯនៅពេលកំណត់ ដែលបុត្រមនុស្សយាងមកដល់គឺគ្មាននរណាដឹងឡើយ។ ប៉ុន្តែ ការសំខាន់​គឺព្រះយេស៊ូបង្រៀនជាពាក្យប្រស្នាផ្សេងៗដើម្បីឱ្យសាវ័កត្រូវដឹង និងត្រូវត្រៀមខ្លួន។ ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាចំនួន៨ ដើម្បីអប់រំក្រុមសាវ័ក (មថ ២៤,១៥-២៥,៤៦)។ រីឯ ប្រស្នាស្តីអំពីស្រ្តីក្រមុំដប់នាក់ (មថ ២៥,១-១៣)នេះ ជាប្រស្នាទី៦ក្នុងចំណោម​ប្រស្នាទាំង៨នោះ។ ប្រស្នានៅខាងមុខគឺប្រស្នាអំពីអ្នក​បម្រើ​ស្មោះ‌​ត្រង់ និង​អ្នក​បម្រើ​មិន​ស្មោះ‌ត្រង់ (មថ ២៤,៤៥-៥១)​។ រីឯ ប្រស្នានៅខាងក្រោយគឺប្រស្នាអំពីប្រាក់ណែន (មថ ២៥,១៤-៣១)។

ពាក្យប្រស្នា

ពាក្យប្រស្នាក្នុងអត្ថបទនេះមានលក្ខណៈប្រៀបធៀប។  ពីព្រោះ​នៅក្នុងខ១មានពាក្យ “ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបាន” និងមានលក្ខណៈបែបទំហៀបន័យឬ(មេតាផរក្នុងភាសាក្រិក)​សំដៅលើការប្រើប្រាស់វត្ថុមួយដើម្បីតំណាង ឬជានិមិត្ត​រូបនៃវត្ថុមួយទៀត។ ពីព្រោះក្នុងប្រស្នានេះមានចង្កៀង មានប្រេង និងមានពន្លឺ ដែលយើងត្រូវកត់ចំណាំថា វត្ថុទាំងនេះជានិមិត្តរូបអំពីអ្វី? តើស្តី្រក្រមុំទាំង១០នាក់ និងកូនកម្លោះ​ជានិមិត្ត​រូបអំពីនរណា?

វិភាគអំពីកាល អាកាស  និងតួអង្គ

  • កាល៖ ពាក់កណ្តាលអធ្រាត្រ (ខ៦) នៅពេល (ខ១០) ស្រាប់តែ (ខ១០) ក្រោយមក (ខ១១) និងមិនដឹងថ្ងៃណា ពេលណាឡើយ (ខ១៣)។
  • អាកាស៖ ព្រះរាជ្យនៃស្ថានបរមសុខ*(ខ១) ផ្ទះលក់ប្រេង(ខ៩) និងរោងការ(ខ១០)។
  • តួអង្គ៖ ក្រៅប្រស្នាមាន ព្រះយេស៊ូ (ខ១-១៣) ក្រុមសាវ័កទាំង១២នាក់ (ខ១៣) និងបុត្រមនុស្ស (ខ១៣)។ ក្នុង​ប្រស្នាមាន ស្ត្រីក្រមុំ១០នាក់ (ខ១.៥.៧) ស្វាមី (ខ១.៦.១០-១២) ស្រ្តីក្រមុំឈ្លាសវៃ៥នាក់ (ខ២.៤.៥.៧-១០) ស្រ្តីក្រមុំឥតគំនិត៥នាក់ (ខ២-៣.៥.៧-១២) និងគេ (ខ៦.ខ១០ខ)។

សេចក្តីសំខាន់ ដែលត្រូវកត់សម្គាល់គឺនិមិត្តរូបអំពីសំភារៈទាំង៣មានចង្កៀង ប្រេងបង្ការ និងពន្លឺ។ ពីព្រោះវាជាមធ្យោបាយ សម្រាប់បំភ្លឺឱ្យតួអង្គក្នុងប្រស្នានេះអាចមើលឃើញ និងទាក់ទងគ្នានៅក្នុងភាពងងឹត។ ចង្កៀងសំដៅលើព្រះ‌បន្ទូលព្រះជាម្ចាស់ (ទំន ១១៩,១០៥) និងប្រេងជានិមិត្តរូបនៃព្រះវិញ្ញាណ (១សម ១៦,១៣; លក ៤,១៨; អស ៦១,១-២)។

ក្រៅពីនោះ គឺស្វាមីសំដៅលើបុត្រមនុស្ស។ ស្វាមីមិនមែននឹងធ្វើដំណើរមកនាពេលអនាគតកាល។ ប៉ុន្តែ គាត់កំពុងតែធ្វើដំណើរមកនាបច្ចុប្បន្ន​កាល។ លោកគ្រាន់តែក្រមកដល់ប៉ុណ្ណោះ។  រីឯស្រ្តីក្រមុំសំដៅលើព្រះសហគមន៍ ឬគ្រីស្តបរិស័ទ ដែលកំពុងទន្ទឹងរង់ចាំបុត្រមនុស្សយ៉ាងឱឡារិក (២ករ ១១,២; អភ ៥,២១-៣៣; វវ ១៩,៧; ២១,២; យហ ៣,២៩)។ ពាក្យឈ្លាសវៃសំដៅលើ ការ​គោរព​​កោត​ខ្លាច​ព្រះ‌អម្ចាស់ ដែល​ជា​ប្រភព​នៃ​ការ​ចេះ​ដឹង។ មនុស្ស​ខ្លៅ​តែង‌តែ​មើល‌ងាយ​តម្រិះ​ប្រាជ្ញា និង​ការ​ប្រៀន‌ប្រដៅ (សភ ១,៧; ២,៥; ៩,១០; ១៥,៣៣; យប ២៨,២៨; ទំន ១១,១០)។

បែងចែកវគ្គនីមួយៗ

  • វគ្គទី១៖ ស្ត្រីក្រមុំទាំង១០នាក់ចេញទៅទទួលស្វាមី (ខ១-ខ៥)

វគ្គទី១នេះ បង្ហាញពីស្ត្រីក្រមុំទាំង១០ ដែលចេញទៅទទួលស្វាមី​ទាំងអស់គ្នា។ ពួកគេរង់ចាំស្វាមីទាំងអស់គ្នា នៅក្នុងពេលវេលា​ និងទីកន្លែងតែមួយ។ ដោយឡែក ក្នុងចំណោមពួកគេមានបែងចែកគ្នាពាក់កណ្តាលជាស្រ្តីឈ្លាសវៃ ដោយ​សារមានចង្កៀង និងប្រេងបង្ការ ខុសពីស្រ្តីពាក់កណ្តាលទៀត ដែលឥតគំនិតមកពីមានតែចង្កៀង តែគ្មានប្រេងបង្ការ។

ក្នុងវគ្គទី១នេះមាន២ឈុត គឺឈុតទី១ ចាប់ពីខ១ ដល់ខ៤ ដែលស្ត្រីក្រមុំទាំង១០ធ្វើសកម្មភាព និងឈុតទី២គឺខ៥ ពួកនាងដេក។

  • វគ្គទី២៖ ​ស្រ្តីក្រមុំឈ្លាសវៃជួបស្វាមី (ខ៦-ខ១០)

វគ្គទី២នេះ បង្ហាញពីការជួបគ្នារវាងស្រ្តីឈ្លាសវៃទាំង៥នាក់ ដែលបានត្រៀមខ្លួនជាស្រេច ដោយមានចង្កៀងនិងប្រេងបង្ការនៅក្នុងដៃ ហើយស្ថិតនៅនឹងទីកន្លែង ដែលស្វាមីមកជួប។ រួចហើយចូលក្នុងរោងការជាព្រឹត្តិការណ៍ថ្មី។

វគ្គទី២នេះមាន៣ឈុត គឺឈុតទី១ ចាប់ពីខ៦ដល់ខ៩។ ឈុតទី២ គឺខ១០ក ត្រង់ស្ត្រីឥតគំនិតចេញផុតទៅ និងឈុតទី៣គឺខ១០ខ ត្រង់ស្វាមីមកដល់ហើយគេបិទទ្វារ។

  • វគ្គទី៣៖ ស្រ្តីក្រមុំឥតគំនិតខកខានមិនបានជួបស្វាមី (ខ១១-១២)

ក្នុងវគ្គទី៣នេះ បង្ហាញពីស្រ្តីឥតគំនិត ដែលខកខានមិនបានជួបស្វាមី។ ពីព្រោះពួកនាងចាកចេញទៅរកទិញប្រេងផុតទៅ (ខ១០) បណ្តាលឱ្យអវត្តមានពីកន្លែងទទួលស្វាមី។ ពួកនាងត្រឡប់មកដល់កន្លែងដើមវិញ នៅក្រោយពេលទ្វាររោងការបានបិទទ្វារ (ខ១១) ហើយកូនកម្លោះមិនស្គាល់ពួកនាងទេ (ខ១២)។ ពាក្យ​“មិនស្គាល់”នេះជាពាក្យគន្លឹះដ៏សំខាន់ ដែលបញ្ជាក់ពីការបាត់​បង់​ឱកាសរបស់ពួកនាង ដោយសារពួកនាងឋិតនៅក្នុងភាពងងឹតគ្មានប្រេងដើម្បីអុជបំភ្លឺឱ្យកូនកម្លោះស្គាល់។ ទោះបី ពួក​នាងទៅទិញប្រេង (ខ១០) តែមិនអាចរកទិញបានទេ ពិព្រោះ​ពេលវេលានៅពាក់កណ្តាលអាធ្រាត្រ។

  • វគ្គទី៤៖ ចូរប្រុងស្មារតី (ខ១៣)​

វគ្គទី៤នេះ ជាសេចក្តីចុងក្រោយ ដែលព្រះយេស៊ូមានព្រះបន្ទូលដាស់តឿនក្រុមសាវ័ក (ចូរអ្នករាល់គ្នាប្រុងស្មារតី) ពោល​គឺឱ្យចេះត្រៀមខ្លួនរង់ចាំជួបបុត្រមនុស្ស ដែលកំពុងតែយាងមក។ ប្រុងស្មារតីជាបុគ្គលិកលក្ខណៈចាំបាច់ ដើម្បីត្រៀមខ្លួនរង់ចាំជួបព្រះអង្គ។

សេចក្តីសន្និដ្ឋាន

តាមរយៈប្រស្នានេះនាំឱ្យយើងដឹងថា ព្រះរាជ្យនៃស្ថានបរមសុខប្រៀបដូចពិធីមង្គលការ សម្រាប់ស្រ្តីក្រមុំទាំង១០នាក់ដែលមានឱកាសដូចៗគ្នា។ ក៏ប៉ុន្តែ មានតែពាក់កណ្តាល​ប៉ុណ្ណោះ ដែលបានចូលរោងការព្រោះជាស្ត្រីក្រមុំឈ្លាសវៃ ដោយមានចង្កៀង និងមានប្រេងបង្ការនៅក្នុងដៃ ដើម្បីអុជបំភ្លឺនៅពាក់កណ្តាល​អធ្រាត្រពេលស្វាមីមកដល់។ ផ្ទុយពីស្ត្រីក្រមុំឥតគំនិត ដែលមានតែចង្កៀង តែគ្មានប្រេងជំនួយ​ មានន័យថាខ្វះការប្រុងស្មារតី ឬធ្វេសប្រហែស។

ប្រស្នានេះបំភ្លឺយើងជាគ្រីស្តបរិស័ទ ឱ្យយល់ពីភាពឈ្លាសវៃរបស់ខ្លួនអាស្រ័យដោយមានវត្ថុសំខាន់ៗទាំង៣ គឺត្រូវមានចង្កៀងនៃព្រះបន្ទូលនៅក្នុងដៃ មានប្រេងនៃព្រះវិញ្ញាណដ៏វិសុទ្ធនៅក្នុងចិត្ត និងមានពន្លឺនៃព្រះប្រាជ្ញាញាណនៅក្នុងគំនិត ដើម្បីចេញទៅទទួលព្រះគ្រីស្តដោយសេចក្តីសង្ឃឹម។ យើងដឹងថានិស្ស័យមនុស្សគឺទន់ខ្សោយ និងមានអវិជ្ជាដែលមិនអាចយក​ឈ្នះបាន។ ហេតុនេះ យើងត្រូវផ្ញើជីវិតលើព្រះបន្ទូល និងលើព្រះវិញ្ញាណដ៏វិសុទ្ធ ដែលផ្តល់ឱ្យយើងមានព្រះប្រាជ្ញាញាណតាមគុណភាពនៃការស្តាប់​ និងការរិះគិតរបស់យើង។ ព្រះប្រាជ្ញាញាណនឹងបើកភ្នែកយើងឱ្យភ្លឺឡើង ហើយស្គាល់ព្រះគ្រីស្ត។ ទោះបី យើងលង់ក្នុងដំណេកនៃអវិជ្ជា នៃសេចក្តីទុក្ខ និងភាពទន់ខ្សោយដោយនិស្ស័យ​មនុស្ស។ តែព្រះគ្រីស្តកំពុងតែគោះទ្វារនៃដួងចិត្តរបស់យើងឱ្យភ្ញាក់ឡើង ហើយឮព្រះសូរសៀងរបស់ព្រះអង្គ ដែលមានព្រះបន្ទូលមកយើងថាៈ

«មើល៍ យើងឈរនៅមាត់ទ្វារ ទាំងគោះទ្វារទៀតផង ប្រសិនបើមាននរណាម្នាក់ឮសម្លេងយើង ហើយបើកទ្វារឱ្យ យើងនឹងចូលទៅក្នុងផ្ទះអ្នកនោះ យើងនឹងបរិភោគរួមជាមួយអ្នកនោះ ហើយអ្នកនោះក៏នឹងបរិភោគរួមជាមួយយើងដែរ។» (វវ ៣,២០)។

ដូច្នេះ ចូរយើងត្រូវប្រុងស្មារតីឱ្យមែនទែន ដើម្បីកុំឱ្យក្លាយខ្លួនទៅជាគ្រីស្តបរិស័ទឥតប្រាជ្ញា។ ពោលជាគ្រីស្តបរិស័ទដែលមានព្រះគម្ពីរនៅក្នុងដៃ តែបែរជាមិនស្គាល់ថាជាព្រះបន្ទូលព្រះជាម្ចាស់ ដែលជាចង្កៀងបំភ្លឺឱ្យស្គាល់ព្រះគ្រីស្ត ដូចពាក្យរបស់សន្តយេរ៉ូម​ថ្លែងថា «អ្នកណាមិនស្គាល់ព្រះគម្ពីរក៏មិនស្គាល់ព្រះគ្រីស្តដែរ»។ ហេតុនេះហើយ បានជាព្រះបន្ទូលព្រះយេស៊ូក្នុងប្រស្នានេះដាស់​តឿនយើងឱ្យប្រុងស្មារតីដូចតទៅ៖

ទី១ ត្រូវឈ្លាសវៃចេះយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូលព្រះអង្គ។ ដ្បិតព្រះបន្ទូលជាជីវិត (ហប ៤,១២) ដែលបំពេញសកម្មភាពក្នុងយើងឱ្យចេះស្រឡាញ់ និងចេះបម្រើគ្នាទៅវិញទៅមក​តាមគំរូ ដែលព្រះយេស៊ូគ្រីស្តបានស្រឡាញ់ និងបានបម្រើយើងរហូតមានហានិភ័យដល់ព្រះជន្មរបស់ព្រះអង្គផ្ទាល់។

ទី២ ត្រូវចេះយកចិត្តទុកដាក់អប់រំជីវិតផ្លូវវិញ្ញាណ និងចេះអធិដ្ឋានក្នុងជីវិតប្រចាំថ្ងៃ ដើម្បីព្រះវិញ្ញាណដ៏វិសុទ្ធប្រទានឱ្យយើងមានព្រះប្រាជ្ញាញាណស្គាល់ព្រះគ្រីស្ត និងមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយព្រះអង្គ។

ដូច្នេះ លក្ខណសម្បត្តិពិសេសទាំង២នេះហើយជាការប្រុងស្មារតី​ដ៏ពិតប្រាកដ ដើម្បីជួបព្រះគ្រីស្តនៅពេលព្រះអង្គយាងមកដល់ដែលយើងមិនដឹង។ ព្រះរាជ្យនៃស្ថានបរមសុខសម្រេចជារូបរាងកាលណាយើងបានជួបព្រះគ្រីស្ត។ ព្រះអង្គស្គាល់យើង ហើយព្រះអង្គនឹងបង្ហាញឱ្យយើងស្គាល់ពីទំហំ ពីទទឹង និងបណ្តោយ ពីកម្ពស់ ​និងជម្រៅនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ ដែលមិនអាចវាស់បាន។ ជាពិសេសព្រះអង្គ​ឱ្យ​យើង​ស្គាល់​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ត ដែល​ប្រសើរ​ហួស​ពី​ការ​យល់​ឃើញ​របស់​មនុស្ស ដើម្បី​ឱ្យយើងបាន​ពោរ‌ពេញ​ដោយ​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌ជាម្ចាស់ (អភ ៣,១៨-១៩)។ យើងនឹងបានពោរពេញដោយអំណរសប្បាយ ដូចក្នុងពិធីមង្គលការនៃប្រស្នានេះ។

ប្រសិនបើយើងមិនប្រុងស្មារតីតាមរបៀបដូចស្ត្រីមានគំនិតទាំងនេះទេ យើងនឹងក្លាយទៅជាស្ត្រីឥតគំនិត ដែលខកឱកាសក្នុងមួយប៉ប្រិចភ្នែក ហើយបណ្តាលឱ្យមានវប្បដិសារីអស់មួយជីវិត។


* ពាក្យព្រះរាជ្យនៃស្ថានបរមសុខក្នុងអត្ថន័យទេវវិទ្យាមិនមែនសំដៅលើទីកន្លែងណាមួយនោះទេ តែជាស្ថានភាពមួយ ដែលព្រះគម្ពីរតែងរកនិមិត្តរូបមកប្រៀបធៀបដើម្បីពន្យល់។

788 Views

Theme: Overlay by Kaira