អារម្ភកថា
សេចក្តីផ្តើម
ជំពូក១ លក្ខណៈនៃព្រះគម្ពីរ
១.១ ព្រះគម្ពីរជាសៀវភៅមួយដ៏អស្ចារ្យ
១.២ ព្រះគម្ពីរជាបណ្ណាល័យតូចមួយ
១.៣ ព្រះគម្ពីរជាសំណេរបទពិសោធន៍ជំនឿ
១.៤ សម្ពន្ធមេត្រីក្នុងព្រះគម្ពីរ
១.៥ រចនាសម្ពន្ធនៃព្រះគម្ពីរ
១.៦ លេខជំពូក និងលេខខក្នុងព្រះគម្ពីរ
ជំពូក២ ព្រះគម្ពីរ និងព្រះបន្ទូល
២.១ សំណេរដ៏វិសុទ្ធជាព្រះបន្ទូលព្រះជាម្ចាស់
២.២ តើព្រះបន្ទូលជាព្រះគម្ពីរ?
ជំពូក៣ អំណានព្រះបន្ទូល
៣.១ ការអានព្រះគម្ពីរ និងស្តាប់ព្រះបន្ទូល
៣.២ វិធីសាស្រ្តអាន និងចែករំលែកព្រះគម្ពីរ
៣.៣ វិធីសាស្រ្តអត្ថាធិប្បាយអត្ថបទព្រះគម្ពីរ
សេចក្តីសន្និដ្ឋាន
ឯកសារយោង
ជម្រើសកែប្រែជីវិត
(លក ៥,១-១១)
សេចក្តីផ្តើម
អត្ថបទព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (៥,១-១១) ដំណាលអំពីព្រះយេស៊ូត្រាស់ហៅសាវ័ក៣នាក់ដើមដំបូង ដែលមានលោកស៊ីម៉ូន លោកយ៉ាកុប និងលោកយ៉ូហាន ខុសប្លែកពីគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ និងតាមសន្តម៉ាកុស ដែលព្រះយេស៊ូត្រាស់ហៅសាវ័កដើមដំបូងមាន៤នាក់គឺ មានលោកអន់ដ្រេ ជាបងប្អូនរបស់លោកសិលាម្នាក់ទៀត។ តើព្រះយេស៊ូត្រាស់ហៅក្រុមសាវ័កដើមដំបូងដូចម្តេច? ហើយក្រុមសាវ័កឆ្លើយតបនឹងការត្រាស់ហៅរបស់ព្រះអង្គដោយការជ្រើសរើស និងការសម្រេចចិត្តបែបណា? ចុះចំណែកឯការត្រាស់ហៅ ការជ្រើសរើស និងការសម្រេចចិត្តរបស់យើងវិញដូចម្តេចដែរ? សំណួរនេះជាសំណួររបស់យើងនាពេលសព្វថ្ងៃ។ ដ្បិតមនុស្សម្នាក់ៗមានការត្រាស់ហៅ មានជម្រើស និងការសម្រេចចិត្តតាមរបៀបប្លែកគ្នារៀងខ្លួនទៅតាមព្រឹត្តិការណ៍នៃជីវិត។ ក៏ប៉ុន្តែ សំណួរដ៏សំខាន់ គឺព្រះយេស៊ូត្រាស់ហៅឱ្យនេសាទមនុស្សមានអត្ថន័យដូចម្តេច? ដូច្នេះ យើងព្យាយាមស្វែងយល់អត្ថន័យនៃអត្ថបទនេះ ដើម្បីបំភ្លឺដល់ការត្រាស់ហៅរបស់យើងម្នាក់ៗតាមគំរូ ដែលព្រះយេស៊ូត្រាស់ហៅក្រុមសាវ័កដើមដំបូង។
អត្ថបទព្រះគម្ពីរ
១ | ថ្ងៃមួយ ព្រះយេស៊ូគង់នៅមាត់បឹងកេនេសារ៉ែត មានបណ្ដាជនជាច្រើនប្រជ្រៀតគ្នានៅជុំវិញព្រះអង្គ ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ |
២ | ព្រះអង្គទតឃើញទូកពីរចតនៅមាត់ច្រាំង រីឯអ្នកនេសាទនាំគ្នាចុះទៅលាងអួនរបស់គេ។ |
៣ | ព្រះយេស៊ូយាងចុះទៅក្នុងទូករបស់លោកស៊ីម៉ូន រួចព្រះអង្គសុំឱ្យគាត់ចេញទូកទៅឆ្ងាយពីច្រាំងបន្ដិច។ ព្រះអង្គគង់បង្រៀនបណ្ដាជនពីក្នុងទូកនោះ។ |
៤ | លុះព្រះអង្គបង្រៀនគេចប់ហើយ ព្រះអង្គមានព្រះបន្ទូលទៅកាន់លោកស៊ីម៉ូនថា៖ «ចូរបង្ហួសទូកទៅទឹកជ្រៅ រួចនាំគ្នាទម្លាក់អួនចុះ»។ |
៥ | លោកស៊ីម៉ូនតបទៅព្រះយេស៊ូវិញថា៖ «លោកគ្រូ យើងខ្ញុំបានអូសអួនពេញមួយយប់ហើយ អត់បានត្រីសោះ! ប៉ុន្តែ បើលោកគ្រូមានប្រសាសន៍ដូច្នេះ ខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោកគ្រូ»។ |
៦ | គេក៏ទម្លាក់អួនទៅក្នុងទឹកជាប់ត្រីយ៉ាងច្រើនស្ទើរតែធ្លាយអួន។ |
៧ | គេបក់ដៃហៅមិត្តភក្ដិ ដែលនៅក្នុងទូកមួយទៀតឱ្យមកជួយ។ ពួកនោះមកដល់ ជួយចាប់ត្រីដាក់ពេញទូកទាំងពីរស្ទើរតែនឹងលិច។ |
៨ | ពេលលោកស៊ីម៉ូនសិលាឃើញដូច្នោះ គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមយាងឱ្យឆ្ងាយពីទូលបង្គំទៅ ព្រោះទូលបង្គំជាមនុស្សបាប»។ |
៩ | លោកស៊ីម៉ូននិយាយដូច្នេះ ព្រោះគាត់ និងអស់អ្នក ដែលនៅជាមួយភ័យស្ញប់ស្ញែងជាខ្លាំង នៅពេលបានឃើញត្រីច្រើនយ៉ាងនេះ។ |
១០ | រីឯលោកយ៉ាកុប និងលោកយ៉ូហានជាកូនលោកសេបេដេ ដែលនេសាទរួមជាមួយលោកស៊ីម៉ូនក៏មានចិត្តដូច្នោះដែរ។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «កុំខ្លាចអី! ពីពេលនេះទៅមុខអ្នកនឹងនេសាទមនុស្សវិញ»។ |
១១ | ពេលទូកទៅដល់មាត់ច្រាំងវិញ គេបោះបង់របស់របរទាំងអស់ចោល រួចនាំគ្នាដើរតាមព្រះយេស៊ូទៅ។ |
វិភាគអត្ថបទដកស្រង់
អត្ថបទ (លក ៥,១-១១) មានលក្ខណៈជាការរៀបរាប់សាច់រឿង។ អត្ថបទនេះជាអត្ថបទមួយឯករាជ្យ ដ្បិតមានព្រឹត្តិការ ដែលកើតឡើងដោយបញ្ជាក់ពីពេលវេលា ទីកន្លែង និងតួអង្គច្បាស់លាស់។ អត្ថបទនៅពីខាងមុខបញ្ចប់ត្រឹមលូកា ៤,៤៤ បង្ហាញអំពីព្រះយេស៊ូប្រកាសដំណឹងល្អនៅទីកន្លែង និងព្រឹត្តិការណ៍ផ្សេង។ រីឯចាប់ពីលក ៥,១២ គឺព្រះយេស៊ូគង់នៅក្នុងកន្លែងដទៃ និងជាមួយអ្នកផ្សេងទៀត។ ដូច្នេះ អត្ថបទនេះមានលក្ខណៈដាច់ដោយឡែក។
វិភាគអំពីកាល អាកាស និងតួអង្គ
- កាល៖ នៅថ្ងៃមួយ (ខ១) មិនដឹងថ្ងៃណា។ វេលាពេលព្រឹកពីព្រោះលោកសិលានិយាយថាបានអូសអួនពេញមួយយប់(ខ៥)។ ចាប់ពីពេលនេះទៅមុខ (ខ១០)។
- អាកាស៖ មាត់បឹងកេនេសារ៉ែត (ខ១)។ នៅក្នុងទូកលើសមុទ្រកាលីឡេ (ខ២.៣.៤.៧.១១) និងទីកន្លែងមួយទៀត ដែលយើងមិនដឹង គឺជាកន្លែងដែលក្រុមសាវ័កត្រូវដើរទៅតាមព្រះយេស៊ូ (ខ១១)។
- តួអង្គ៖ ព្រះយេស៊ូ (ខ១-៥.៨.១០-១១) ព្រះជាម្ចាស់ (ខ១) និងបណ្តាជន (ខ១.៣) អ្នកនេសាទ (ខ២) លោកស៊ីម៉ូន (ខ៣-១១) លោកយ៉ាកុប និងលោកយ៉ូហានជាកូនលោកសេបេដេ (ខ១០-១១)។ ព្រះយេស៊ូដំបូងឡើយជាលោកគ្រូ (ខ៥) បន្ទាប់មកជាព្រះអម្ចាស់ (ខ៨)។ លោកសិលា លោកយ៉ាកុប និងលោកយ៉ូហានជាអ្នកនេសាទត្រី។ លោកសិលា បានសារភាពថាគាត់ជាមនុស្សបាប និងមានអារម្មណ៍ភ័យស្ញប់ស្ញែង ព្រមទាំងអ្នកឯទៀតៗដែលនៅជាមួយគាត់។ ព្រះយេស៊ូមិនប្រកាន់ទោសរបស់លោកសិលាឡើយ។
បែងចែកវគ្គនីមួយៗ
- វគ្គទី១៖ ព្រះយេស៊ូបង្រៀនបណ្តាជន (ខ១-៣)
វគ្គទី១នេះ ចាប់ពីខ១ ដោយដំណាលអំពីព្រះយេស៊ូកំពុងបង្រៀនបណ្តាជន ហើយបញ្ចប់នៅត្រង់ (ខ៣) ឆ្លងចូល (ខ៤) នៅត្រង់ឃ្លា «លុះព្រះអង្គបង្រៀនចប់ហើយ»។ ពីព្រោះឃ្លានេះហាក់បីដូចជាបញ្ចប់ព្រឹត្តិការណ៍ទីមួយ ដោយព្រះយេស៊ូញែកខ្លួនចេញពីបណ្តាជន រួចហើយបែរមករកក្រុមមួយទៀតដាច់ដោយឡែក គឺក្រុមលោកស៊ីម៉ូនជាអ្នកនេសាទត្រី។ តួអង្គដែលមានក្នុងវគ្គនេះគឺព្រះយេស៊ូ បណ្តាជន និងលោកស៊ីម៉ូន។ ក្នុងវគ្គទី១នេះ បែងចែកជា២ឈុត នៅត្រង់ព្រះយេស៊ូយាងចុះទូក (ខ៣) ព្រោះទីកន្លែងខុសគ្នាពីខ១ព្រះអង្គគង់នៅមាត់បឹង។
ក្នុងវគ្គទី១នេះ យើងឃើញមានបណ្តាជនយ៉ាងច្រើនប្រជ្រៀតគ្នា ដើម្បីស្តាប់ព្រះយេស៊ូបង្រៀនព្រះបន្ទូលព្រះជាម្ចាស់។ មូលហេតុដែលមានបណ្តាជនច្រើនយ៉ាងនេះ ក៏ព្រោះតែពួកគេចាប់អារម្មណ៍នឹងព្រះយេស៊ូយ៉ាងខ្លាំង ដោយសារព្រះអង្គបង្រៀនប្រកបដោយឥទ្ធិពល និងទាក់ទាញ ហើយព្រះអង្គបានធ្វើការអស្ចារ្យជាច្រើនដោយដេញខ្មោច និងព្យាបាលអ្នកជំងឺ នៅពេលព្រះអង្គបំពេញបេសកកម្មជាសាធារណៈលើកដំបូងនៅក្នុងស្រុកកាលីឡេ។ ព្រះកិត្តិនាមព្រះយេស៊ូល្បីខ្ចរខ្ចាយពាសពេញតំបន់នោះ (លក ៤)។ ប៉ុន្តែ បណ្តាជនក្នុងអត្ថបទនេះហាក់បីដូចជាគ្រាន់តែស្តាប់ព្រះបន្ទូលតែប៉ុណ្ណោះ ហើយគ្មានទំនាក់ទំនងអ្វីជាមួយព្រះយេស៊ូច្រើនជាងនេះឡើយ។
- វគ្គទី២៖ ព្រះយេស៊ូត្រាស់ហៅសាវ័កបីនាក់ (ខ៤-១០)
វគ្គទី២នេះ យើងសង្កេតឃើញមានព្រះយេស៊ូនៅជាមួយក្រុមមួយដាច់ដោយឡែក មានលោកស៊ីម៉ូន លោកយ៉ាកុប និងលោកយ៉ូហាន។ វគ្គទី២នេះ បែងចែកជា៣ឈុត។ ឈុតទី១ គឺចាប់ពី ខ៤ ដល់ ខ៥ ពីព្រោះមានតែលោកសិលានិងព្រះយេស៊ូសន្ទនាគ្នា។ ឈុតទី២គឺខ៦ ដែលជាប់ត្រីយ៉ាងច្រើន។ ឈុតទី៣ គឺចាប់ពី ខ៧ ដល់ ខ១០ ពីព្រោះមានលោកសិលា លោកយ៉ាកុប លោកយ៉ូហាន និងព្រះយេស៊ូ។
ចំនុចសំខាន់ក្នុងវគ្គទី២នេះ គឺគេទម្លាក់អួនចុះ ហើយចាប់បានត្រីយ៉ាងច្រើនស្ទើរធ្លាយអួន។ ការអស្ចារ្យនេះចាត់ទុកជាបដិហារិយ៍ ពីព្រោះវាកើតឡើងដោយមិននឹកស្មាន និងហួសពីការរំពឹងទុក។ បដិហារិយ៍នេះញ៉ាំងឱ្យលោកស៊ីម៉ូនទទួលស្គាល់ឋានៈព្រះយេស៊ូឆ្លងពីលោកគ្រូទៅជាព្រះអម្ចាស់ ពោលគឺព្រះជាម្ចាស់។ ស្របពេលជាមួយគ្នា លោកស៊ីម៉ូនសិលាសារភាពអំពើបាបរបស់ខ្លួន។ ព្រះយេស៊ូសម្តែងបដិហារិយ៍មិនមែនជាចេតនា និងមិនមែនជាធ្នាក់ដើម្បីទាក់ទាញឱ្យក្រុមសាវ័កជឿ។ ផ្ទុយទៅវិញ បដិហារិយ៍របស់ព្រះយេស៊ូឆ្លុះបញ្ចាំងឱ្យដឹងថា ការពឹងផ្អែកលើព្រះអង្គ ប្រសើរជាងខ្លួនទីពឹងខ្លួន ឬពឹងផ្នែកលើកកម្លាំងរបស់ខ្លួន។ ដ្បិតព្រះយេស៊ូមានគម្រោងការណ៍វែងឆ្ងាយសម្រាប់អស់អ្នក ដែលព្រះអង្គត្រាស់ហៅ។ ព្រះអង្គត្រាស់ហៅលោកសិលាឱ្យបំពេញបេសកកម្មមួយថ្មីគឺ “នេសាទមនុស្ស” ដោយមានលោកយ៉ាកុប និងលោកយ៉ូហានចូលរួមជាមួយដែរ។
តើនេសាទមនុស្សមានន័យដូចម្តេច? នេសាទមនុស្សសំដៅលើការចាប់មនុស្សដោយសារព្រះបន្ទូល ដើម្បីស្រង់យកគេចូលក្នុងគម្រោងការណ៍មួយថ្មី ដូចព្រះយេស៊ូបាននេសាទក្រុមសាវ័កជាមុន។ ជាក់ស្តែង គឺព្រះអង្គស្រង់យកពួកគាត់ចេញពីសភាពការ និងទីកន្លែងកំពុងរស់នៅ ដើម្បីចម្លងចូលទៅក្នុងសភាពការមួយថ្មី ដែលព្រះអង្គនឹងចាត់ពួកគាត់ឱ្យទៅ។ ដូចយើងដឹងអំពីលក្ខណៈរបស់សាវ័កទាំងបីនាក់ថា មុខរបរ ពេលវេលា និងទីកន្លែង ដែលពួកគេធ្វើការគឺយ៉ាប់យ៉ឺនគ្មាននរណារាប់រក។ ជាពិសេសពួកគាត់មានបាបធ្ងន់ដូចលោកសិលាបានសារភាព។ ក៏ប៉ុន្តែ ព្រះយេស៊ូត្រាស់ហៅពួកគាត់ដោយមិនប្រកាន់ ឬនឹកនាចំពោះអំពើបាបរបស់ពួកគាត់ឡើយ ដើម្បីឱ្យពួកគាត់អាចកែប្រែវាសនារបស់ខ្លួនឱ្យមានអនាគតល្អប្រសើរ និងមានសេចក្តីថ្លៃថ្នូរក្នុងនាមជាសាវ័ករបស់ព្រះអង្គ។
- វគ្គទី៣៖ សាវ័កបីនាក់តាមព្រះយេស៊ូ (ខ១១)
វគ្គទី៣នេះ មានព្រឹត្តិការណ៍មួយថ្មី គឺសាវ័កទាំងបីមានលោកសិលា លោកយ៉ាកុប លោកយ៉ូហានសម្រេចដើរតាមព្រះយេស៊ូ។ ពួកគាត់ឆ្លើយតបតាមព្រះបន្ទូលត្រាស់ហៅរបស់ព្រះអង្គឱ្យមានមុខងារថ្មី។ ចុងក្រោយ យើងឃើញថា សាវ័កទាំងបីនាក់សុខចិត្តដើរតាមព្រះយេស៊ូដោយបោះបង់របស់របរទាំងអស់ចោល។ សេចក្តីនេះនាំឱ្យយើងដឹងថា ពួកគេសុខចិត្តទុកឱ្យព្រះយេស៊ូកែប្រែជោគវាសនារបស់ពួកគាត់ ដោយឆ្លើយតបទៅនឹងការត្រាស់ហៅរបស់ព្រះអង្គឱ្យចូលរួមក្នុងបេសកកម្មថ្មី ដែលពួកគាត់ត្រូវបំពេញដោយនេសាទមនុស្ស។
សេចក្តីសន្និដ្ឋាន
ក្រុមសាវ័កទាំងបីនាក់មានលក្ខណៈសំខាន់ ពីព្រោះពួកគាត់មិនគ្រាន់តែស្តាប់ព្រះបន្ទូលរបស់ព្រះយេស៊ូតែប៉ុណ្ណោះទេ តែពួកគាត់សម្រេចចិត្តឆ្លើយតបទៅនឹងព្រះបន្ទូលត្រាស់ហៅ ហើយអនុវត្តតាមពាក្យបង្គាប់ដោយសុខចិត្តដើរតាមព្រះអង្គ។ ទោះបីដំណើរនេះ ដើរនៅលើផ្លូវដែលខ្លួនមិនដឹងទិសដៅ និងដើរក្នុងស្ថានភាពស្ទាបស្ទង់ តែការសំខាន់គឺការទុកចិត្តលើព្រះយេស៊ូដែលនាំផ្លូវ។ នេះជាលក្ខណៈពិសេសនៃការផ្ញើជីវិតរបស់គ្រីស្តបរិស័ទលើព្រះយេស៊ូ។ ដ្បិតការផ្ញើជីវិតគឺចាប់ផ្តើមបោះជំហានធ្វើដំណើររួមជាមួយព្រះយេស៊ូ នៅលើផ្លូវដែលអង្គត្រាស់ហៅ និងចាត់ឱ្យទៅ។ សេចក្តីនេះជាបុព្វហេតុ ដែលនាំយើងឱ្យទៅជាគ្រីស្តបរិស័ទ ពីព្រោះ
«មនុស្សម្នាក់ក្លាយទៅជាគ្រីស្តបរិស័ទ មិនមែនមកពីខ្លួនសម្រេចជ្រើសរើសកាន់តាមក្រមសីលធម៌ ឬតាមទ្រឹស្តីដ៏អស្ចារ្យណាមួយនោះទេ តែមកពីគេជួបប្រទះនឹងព្រឹត្តការណ៍មួយ និងបានជួបព្រះមួយអង្គ ដែលផ្តល់ឱ្យជីវិតគេមានអត្ថន័យថ្មីដល់ការរស់នៅ និងកំណត់ទិសដៅមួយថ្មីស្រេចបាច់សម្រាប់ជីវិតរបស់គេ។» (Deus Caritas Est លេខ១ ; អំណរហូរមកពីដំណឹងល្អ លេខ៧)។
យើងមិនមែនកើតមកជាគ្រីស្តបរិស័ទ គឺយើងសម្រេចចិត្តទៅជាគ្រីស្តបរិស័ទ ដោយការជ្រើសរើស និងការឆ្លើយតបទៅនឹងការត្រាស់ហៅរបស់ព្រះយេស៊ូគ្រីស្ត។ ការត្រាស់ហៅ និងការឆ្លើយតបរបស់សាវ័កទាំងបីនេះ ក៏ជាគំរូរបស់យើងដែរ។ ទោះបីយើងមានព្រឹត្តការណ៍ និងមានស្ថានភាពខុសៗគ្នា តែព្រះយេស៊ូគ្រីស្តត្រាស់ហៅយើងក្នុងព្រឹត្តការណ៍ផ្សេងៗនៃជីវិតរបស់យើង។ លើសពីនេះទៀត គឺព្រះអង្គមានគម្រោងការណ៍មួយពិសេសសម្រាប់យើង ដោយចាត់ឱ្យទៅនេសាទមនុស្សវិញ។ នេសាទមនុស្សសំដៅលើការប្រកាសព្រះបន្ទូលដំណឹងល្អ ដើម្បីចម្លងមនុស្សពីសភាពទុគ៌ត ភាពងងឹតងងុល និងពីក្នុងសេចក្តីទុក្ខជាដើម ដើម្បីឆ្លងចូលក្នុងសភាពការណ៍ថ្មីរបស់ព្រះជាម្ចាស់ ពោលគឺចូលក្នុងពន្លឺនៃព្រះហឫទ័យប្រណីសណ្តោសរបស់ព្រះអង្គ (លក ៤,២១-២២)។ ពោលគឺ ដូចគំរូនៃការជ្រើសរើស និងការសម្រេចចិត្តរបស់ក្រុមសាវ័ក ដែលបានឆ្លើយបតនឹងការត្រាស់ហៅរបស់ព្រះយេស៊ូក្នុងអត្ថបទនេះ។ ហេតុនេះ ជម្រើស និងការសម្រេចិត្តរបស់មនុស្សម្នាក់ៗបែបណា គឺជាការកំណត់ជោគវាសនា និងអនាគតនៃជីវិតរបស់ខ្លួនបែបនោះ។
ចំពោះយើង តើព្រះយេស៊ូសព្វព្រះហឫទ័យត្រាស់ហៅយើងឱ្យធ្វើអ្វី? តើយើងស្ម័គ្រចិត្តឆ្លើយតបនឹងគម្រោងការណ៍ត្រាស់ហៅរបស់ព្រះអង្គ ដើម្បីទុកឱ្យព្រះអង្គកែប្រែជោគវាសនារបស់យើងដែរឬទេ? ឬមួយយើងគ្រាន់តែជាអ្នក ដែលស្តាប់តែព្រះបន្ទូលព្រះជាម្ចាស់ ហើយគ្មានតួនាទី និងគ្មានទំនាក់ទំនងអ្វីជាមួយព្រះអង្គ?