អារម្ភកថា
សេចក្តីផ្តើម
ជំពូក១ លក្ខណៈនៃព្រះគម្ពីរ
១.១ ព្រះគម្ពីរជាសៀវភៅមួយដ៏អស្ចារ្យ
១.២ ព្រះគម្ពីរជាបណ្ណាល័យតូចមួយ
១.៣ ព្រះគម្ពីរជាសំណេរបទពិសោធន៍ជំនឿ
១.៤ សម្ពន្ធមេត្រីក្នុងព្រះគម្ពីរ
១.៥ រចនាសម្ពន្ធនៃព្រះគម្ពីរ
១.៦ លេខជំពូក និងលេខខក្នុងព្រះគម្ពីរ
ជំពូក២ ព្រះគម្ពីរ និងព្រះបន្ទូល
២.១ សំណេរដ៏វិសុទ្ធជាព្រះបន្ទូលព្រះជាម្ចាស់
២.២ តើព្រះបន្ទូលជាព្រះគម្ពីរ?
ជំពូក៣ អំណានព្រះបន្ទូល
៣.១ ការអានព្រះគម្ពីរ និងស្តាប់ព្រះបន្ទូល
៣.២ វិធីសាស្រ្តអាន និងចែករំលែកព្រះគម្ពីរ
៣.៣ វិធីសាស្រ្តអត្ថាធិប្បាយអត្ថបទព្រះគម្ពីរ
សេចក្តីសន្និដ្ឋាន
ឯកសារយោង
ជំពូក ៣
អំណានព្រះបន្ទូល
ដូចយើងបានដឹងហើយថា ព្រះគម្ពីរជាសៀវភៅ ឬជាសំណេរមានន័យសំដៅលើព្រះគម្ពីរជាឧបករណ៍ ដែលមានប្រយោជន៍បម្រើដល់ការអាន ពោលគឺសម្រាប់អាន មិនមែនដើម្បីដាក់តាំងទុកមើលនៅលើធ្នើរ ឬទុកចោលនៅក្នុងថតទូរនោះទេ។ យើងក៏បានស្វែងយល់ផងដែរអំពីព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺសំដៅលើព្រះគម្ពីរមានផ្ទុកព្រះបន្ទូល និងធ្វើឱ្យព្រះបន្ទូលនេះលាន់ឮឡើងតាមរយៈអត្ថបទព្រះគម្ពីរ។ ហេតុនេះ ការអានអត្ថបទព្រះគម្ពីរ មិនត្រូវអានតាមរបៀបដូចការអានសៀវភៅទាំងឡាយដូចជា សៀវភៅប្រលោមលោក សៀវភៅប្រវត្តិសាស្រ្ត ឬសៀវភៅវិទ្យាសាស្រ្តនោះឡើយ។ បើមិនដូច្នោះទេ ព្រះគម្ពីរផ្តល់ប្រយោជន៍ និងមានអត្ថន័យត្រឹមតែប្រាជ្ញា ហើយមិនទាក់ទងអ្វីជាមួយនឹងជំនឿឡើយ។ ការអានព្រះគម្ពីរទាមទារឱ្យចេះអធិដ្ឋាន ដើម្បីអង្វរព្រះវិញ្ញាណបំភ្លឺឱ្យយល់អត្ថន័យនៃព្រះបន្ទូល។ ជាក់ស្តែង ការអាន និងការស្វែងយល់ព្រះបន្ទូលនៅក្នុងព្រះគម្ពីរជួបការលំបាកប្រសិនបើគ្មានការពន្យល់ណែនាំ។ ឧទាហរណ៍ ដូចការជជែកគ្នារវាងលោកភីលីព និងមន្ត្រីអេត្យូពីម្នាក់ក្នុងអត្ថបទព្រះគម្ពីរកិច្ចការគ្រីស្តទូត (កក ៨,២៦-៤០) ជាភស្តុតាងឆ្លុះបញ្ជាំងពីចម្ងល់នៃការអានអត្ថបទព្រះគម្ពីរ។ ដូច្នេះ គប្បីមានការអប់រំតាមក្បួនខ្នាតត្រឹមត្រូវ ដើម្បីជៀសវាងការយល់ច្រឡំ និងការបកស្រាយអត្ថន័យអត្ថបទព្រះគម្ពីរមិនត្រឹមត្រូវទៅតាមការយល់ឃើញរបស់មនុស្សម្នាក់ៗ។
ព្រះសហគមន៍កាតូលិក ចាប់តាំងពីអង្គមហាសន្និបាតវ៉ាទីកង់ទី២ បានផ្តោតលើការអានព្រះគម្ពីរយ៉ាងខ្លាំង ដោយផ្តែផ្តាំឱ្យអស់អ្នក ដែលបំពេញមុខងារនៅក្នុងព្រះសហគមន៍ មានអស់លោកបូជាចារ្យ ព្រមទាំងអស់លោកឧបដ្ឋាក និងអ្នកអប់រំជំនឿត្រូវភ្ជាប់ចិត្តនឹងព្រះគម្ពីរ ព្យាយាមអាន និងសិក្សាព្រះគម្ពីរយ៉ាងជ្រាលជ្រៅ ស្វែងរកអត្ថន័យតាមព្រះវិញ្ញាណ ដើម្បីកុំឱ្យនរណាម្នាក់ក្លាយទៅជា “អ្នកប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ តែបបូរមាត់ខាងក្រៅប៉ុណ្ណោះ តែមិនស្តាប់ព្រះបន្ទូលនេះខាងក្នុងចិត្តគេទេ” (DV លេខ២៥)។ ហេតុនេះ វិធីសាស្រ្ត៧ដំណាក់កាលនៃការអានព្រះគម្ពីរ និងការណែនាំពីលក្ខណៈនៃការចែករំលែកព្រះបន្ទូលនៅក្នុងក្រុម ព្រមទាំងវិធីសាស្រ្តអត្ថាធិប្បាយអត្ថបទព្រះគម្ពីរ ដែលលើកយកមកបង្ហាញនៅក្នុងជំពូកនេះពិតជាមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ជួយឱ្យអ្នកអានអត្ថបទព្រះគម្ពីរមានបទពិសោធន៍ពីព្រះបន្ទូល ដើម្បីពង្រឹងជំនឿ និងបំភ្លឺនៅក្នុងដំណើរជីវិតរបស់ខ្លួន។
៣.១ ការអានព្រះគម្ពីរ និងស្តាប់ព្រះបន្ទូល
ការអានព្រះគម្ពីរត្រូវអានដោយយកចិត្តទុកដាក់ដោយស្មឹងស្មាធិ៍ និងដោយរិះគិត ដើម្បីយល់អត្ថន័យនៃព្រះបន្ទូល។ ទោះបីការអានដោយស្ងៀមស្ងាត់តែម្នាក់ឯង ឬការអានដោយចែករំលែកក្នុងក្រុមជាដើម។ ម្យ៉ាងទៀត ដើម្បីឱ្យការអានអត្ថបទព្រះគម្ពីរទទួលបានលទ្ធផលល្អ ត្រូវចេះអធិដ្ឋានទូលអង្វរព្រះជាម្ចាស់ ដូចពាក្យអធិដ្ឋានរបស់ព្យាការីសាម៉ូអែលថា សូមមានព្រះបន្ទូលមកចុះ ទូលបង្គំជាអ្នកបម្រើ រង់ចាំស្ដាប់ព្រះអង្គហើយ (១សម ៣,១០)។ រួចហើយ យើងថ្វាយពាក្យអង្វរដោយទុកចិត្តរបស់យើងលើព្រះអង្គ ដូចពាក្យទូលថ្វាយរបស់ព្រះនាងម៉ារីថា សូមឱ្យបានសម្រេចតាមព្រះបន្ទូលចុះ! (លក ១,៤៨)។ មិនតែប៉ុណ្ណោះ តាមគំរូរបស់ព្រះនាងម៉ារីនៅក្នុងព្រះគម្ពីរដំណឹងល្អជួយឱ្យយើងយល់ពីរបៀបនៃការទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងស៊ីជម្រៅ។ ព្រះនាងចងចាំហេតុការណ៍នៅក្នុងចិត្ត ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង (លក ២,១៩)។ ព្រះនាងម៉ារីជាអ្នកដែលមានសុភមង្គលដ៏ពិតប្រាកដ ដ្បិតព្រះនាងបានទទួល និងអនុញ្ញាតឱ្យព្រះបន្ទូលចាប់កំណើតក្នុងផ្ទៃរបស់ព្រះនាង ព្រមទាំងថែរក្សាព្រះបន្ទូលឱ្យចម្រើនវ័យរហូតដល់ប្រសូតជារូបរាង។ ព្រះនាងម៉ារីជាគំរូដ៏ប្រពៃសម្រាប់អស់អ្នក ដែលផ្ញើជីវិតលើព្រះបន្ទូលព្រះជាម្ចាស់។
ព្រះជាម្ចាស់តែងមានព្រះបន្ទូលមកកាន់មនុស្សម្នាក់ៗតាមរបៀបផ្សេងៗជាច្រើន នៅក្នុងព្រឹត្តិការណ៍នៃជីវិតរបស់គេ។ ប៉ុន្តែ ពេលខ្លះគេមិនចាប់អារម្មណ៍ មិនយកចិត្តទុកដាក់ ឬគ្មានជំនឿជាដើម។ ដោយឡែក ព្រះគម្ពីរជាមធ្យោបាយមួយពិសេស ដើម្បីផ្តល់ឱ្យព្រះបន្ទូលព្រះជាម្ចាស់លាន់ឮឡើង នៅក្នុងចិត្តអ្នកអានសំណេរដ៏វិសុទ្ធនេះ។ ប្រសិនបើអ្នកអានមានបទពិសោធន៍ពីការអានអត្ថបទព្រះគម្ពីរ គេនឹងយល់អំពីព្រះបន្ទូល ទោះបីការអានតែម្នាក់ឯង ឬអាននៅក្នុងក្រុមចែករំលែកព្រះបន្ទូលក្តី។ ព្រះគម្ពីរជាមធ្យោបាយមួយដ៏ប្រសើរ សម្រាប់ការសន្ទនារវាងមនុស្ស និងព្រះជាម្ចាស់ ដូចពាក្យដាស់តឿនរបស់សន្តអាំប្រូស នៅទីក្រុងមីឡាន (៣៣៧-៣៩៧ នៃគ.ស) ថ្លែងថា៖ «ត្រូវអានព្រះគម្ពីរផង និងអធិដ្ឋានផង ដ្បិតកាលណាយើងអធិដ្ឋាន យើងទូលអង្វរព្រះជាម្ចាស់ ហើយកាលណាយើងអានព្រះគម្ពីរ យើងស្តាប់ព្រះបន្ទូលព្រះអង្គវិញ»។ រីឯសម្តេចប៉ាបហ្រ្វង់ស៊ីស្កូក៏បានផ្តល់សក្ខីភាពអំពីការអានព្រះគម្ពីរដោយទូន្មានថា៖ «ពេលអានព្រះគម្ពីរ ចូរកុំឱ្យព្រះបន្ទូលព្រះជាម្ចាស់រំលងផុតទៅឱ្យសោះ! ត្រូវសួរថា តើព្រះបន្ទូលនេះនិយាយអ្វីមកកាន់ដួងចិត្តរបស់ខ្ញុំ? តើព្រះជាម្ចាស់មានព្រះបន្ទូលអ្វីមកខ្ញុំតាមរយៈពាក្យពេន៍ទាំងអស់នេះ។ តើខ្ញុំត្រូវធ្វើអ្វីដើម្បីឆ្លើយតប? មានតែធ្វើតាមរបៀបទាំងអស់នេះ ទើបឫទ្ធានុភាពរបស់ព្រះបន្ទូលអាចមានឥទ្ធិពលមកលើយើង។ ធ្វើដូច្នេះ ជីវិតយើងអាចផ្លាស់ប្រែប្រសើរឡើង និងមានសម្រស់កាន់តែស្រស់ស្អាតខ្លាំងឡើង»។
ក្នុងអភិបូជាជាពេលដែលគ្រីស្តបរិស័ទរួមគ្នាអានព្រះគម្ពីរ និងស្តាប់ព្រះបន្ទូលយ៉ាងឱឡារិកបំផុត។ អភិបូជាគឺជាការប្រណិប័តន៍តាមប្រពៃណីរបស់ព្រះសហគមន៍ ដែលតែងតែប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាំងពីដើមរៀងមក។ អភិបូជាបែងចែកជាពីរភាគសំខាន់ៗ៖ ទី១គឺ ពិធីលើកតម្កើងព្រះបន្ទូលដោយអានអត្ថបទព្រះគម្ពីរ ដូចជាអត្ថបទទី១ និងទី២ ព្រមទាំងស្មូត្រទំនុកតម្កើង និងស្តាប់អត្ថបទព្រះគម្ពីរដំណឹងល្អ។ និងទី២គឺ ពិធីអរព្រះគុណដ៏វិសុទ្ធជាសក្ការបូជានៃព្រះបន្ទូល ដែលប្រសូតជាមនុស្ស គឺព្រះកាយព្រះគ្រីស្ត ដែលព្រះគម្ពីរទាំងមូលថ្លែងពីព្រះអង្គ។ ជាពិសេស អត្ថប្រយោជន៍នៃការអានព្រះគម្ពីរនៅក្នុងអភិបូជា មានធម្មទេសនារបស់លោកបូជាចារ្យជួយបំភ្លឺឱ្យគ្រីស្តបរិស័ទយល់ពីអត្ថន័យនៃអត្ថបទព្រះគម្ពីរតាមពិធីបុណ្យប្រចាំថ្ងៃ ឬប្រចាំសប្តាហ៍នីមួយៗកាន់តែស៊ីជម្រៅបន្ថែមទៀត។
ទោះបីយ៉ាងណា ការអានអត្ថបទព្រះគម្ពីរនៅក្នុងអភិបូជាមិនទាន់គ្រប់គ្រាន់នោះទេ។ ការអានព្រះគម្ពីរនៅមានរបៀបផ្សេងៗ និងប្លែកៗគ្នាជាច្រើនទៀត។ ក្នុងប្រវត្តិសាស្រ្តព្រះសហគមន៍កាតូលិកនាមជ្ឈិមសម័យ ការអានព្រះគម្ពីរមានពីររបៀបសំខាន់ៗគឺ ការអានបែប លេចស៊ីអូឌីវីណា (Lectio Divina) ជាការអានបែបអធិដ្ឋាន ដោយទាក់ទងនឹងជំនឿ និងការអានបែប លេចស៊ីអូស្កូឡាស្ទីកា (Lectio Scholastica) ជាការអានបែបសិក្សាផ្តោតលើចំណេះដឹង។ សព្វថ្ងៃ ការអានព្រះគម្ពីរតម្រូវឱ្យមានទាំងពីររបៀបនេះ ដើម្បីពង្រឹងទាំងជំនឿផង និងបង្កើនទាំងប្រាជ្ញាឱ្យចម្រើនឡើងផង។ ប៉ុន្តែ ការអានព្រះគម្ពីរទាំងពីររបៀបទាមទារឱ្យចេះអធិដ្ឋាន ដើម្បីសូមព្រះវិញ្ញាណបំភ្លឺឱ្យយល់អត្ថន័យនៃព្រះបន្ទូល។ ដ្បិតកាលណាយើងអានព្រះគម្ពីរ និងអធិដ្ឋាន យើងទទួលព្រះបន្ទូលព្រះជាម្ចាស់ តាមរយៈសំណេរនៃអត្ថបទព្រះគម្ពីរ ដែលធ្វើឱ្យព្រះបន្ទូលលាន់ឮឡើង។
បច្ចុប្បន្ន ព្រះសហគមន៍កាតូលិកទូទាំងពិភពលោកយកចិត្តទុកដាក់ជំរុញឱ្យគ្រីស្តបរិស័ទសិក្សា និងអានអត្ថបទព្រះគម្ពីរជាក្រុមតូចៗនៅតាមព្រះសហគមន៍ នៅតាមសហគមន៍ និងនៅតាមសាលារៀនជាដើម។ លទ្ធផលឆ្លងតាមរយៈការអានអត្ថបទព្រះគម្ពីរជាទៀងទាត់នៅក្នុងក្រុម នាំមកនូវទំនាក់ទំនងយ៉ាងជិតស្និតរវាងគ្នានឹងគ្នានៅក្នុងក្រុម ថែមទាំងជួយឱ្យគ្រីស្តបរិស័ទចូលរួមយ៉ាងសកម្មនៅក្នុងពិធីបុណ្យ និងក្នុងអគ្គសញ្ញារបស់ព្រះសហគមន៍។ ហេតុនេះហើយ បានជាព្រះគម្ពីរមានសារៈសំខាន់ដើម្បីកសាងសហគមន៍គ្រីស្តបរិស័ទ។
៣.២ វិធីសាស្រ្តអាន និងចែករំលែកព្រះគម្ពីរ
វិធីសាស្រ្តអានព្រះគម្ពីរមានច្រើនរបៀប។ ប៉ុន្តែ របៀបអាន និងចែករំលែកព្រះគម្ពីរដែលងាយស្រួល និងពេញនិយមគឺលេចស៊ីអូឌីវីណា (Lectio Divina) ជាអំណាន ដែលជួយឱ្យយើងយល់អត្ថន័យនៃអត្ថបទព្រះគម្ពីរ ដើម្បីបំភ្លឺជីវិតយើង និងដើម្បីផ្តល់ភាពងាយស្រួលដល់ការចែករំលែកព្រះបន្ទូលរវាងគ្នានិងគ្នាទៅវិញទៅមកនៅក្នុងក្រុម។
មុននឹងចូលដល់វិធីសាស្រ្តអានព្រះគម្ពីរ៧ដំណាក់កាលខាងក្រោម ដំបូងយើងគប្បីអនុវត្តតាមចំនុច៣សំខាន់។ ចំនុចទី១ សូមបង្កើតបរិយាកាសក្នុងការអាន និងចែកព្រះបន្ទូល ដោយច្រៀងចម្រៀង និងអធិដ្ឋានអង្វរព្រះវិញ្ញាណដ៏វិសុទ្ធជួយបំភ្លឺ ដោយមានពាក្យអង្វររបស់ព្យាការីសាមូអែលថា៖ «បពិត្រព្រះអម្ចាស់ សូមមានព្រះបន្ទូលមកចុះ ទូលបង្គំជាអ្នកបម្រើរង់ចាំស្ដាប់ព្រះអង្គហើយ»។
ចំនុចទី២ គឺចាប់ផ្តើមដំណើរការអាន និងចែករំលែកតាមដំណាក់កាលខាងក្រោម ព្រមទាំងយកចិត្តទុកដាក់លើលក្ខណៈនៃការចែករំលែកយោបល់(ប្រសិនបើចែកព្រះបន្ទូលក្នុងក្រុមរួមគ្នា)។
និងចំនុចទី៣ចុងក្រោយ គឺអធិដ្ឋានបញ្ចប់ ដោយមានពាក្យអរព្រះគុណ និងពាក្យទូលអង្វររបស់ព្រះនាងម៉ារីថា «សូមឱ្យបានសម្រេចតាមព្រះបន្ទូលចុះ!»។ ការអនុវត្តតាមរបៀបទាំងបីចំនុចនេះនឹងជួយឱ្យយើងចេះរៀបចំចិត្តគំនិត ដើម្បីទទួលព្រះបន្ទូល ប្រៀបដូចកសិករ ដែលរៀបចំដីបានស្អាតត្រៀមទទួលគ្រាប់ពូជ ដើម្បីបង្កើតផលផ្លែបានល្អ។
– វិធីសាស្រ្តអានព្រះគម្ពីរ៧ដំណាក់កាល
- អានអត្ថបទព្រះគម្ពីរ ដែលដកស្រង់រួមគ្នាពីរដងឱ្យបានឮដោយចែកខគ្នាអានតៗគ្នាពីដើមរហូតដល់ចប់។
- ចូរអានអត្ថបទរៀងៗខ្លួនតែម្នាក់ឯង ដោយស្ងៀមស្ងាត់ ដោយពិនិត្យពិច័យ ដោយវែកញែក និងដោយនឹកសញ្ជឹងគិត ដើម្បីយល់ចំនុចសំខាន់ថា តើអត្ថបទមានលក្ខណៈយ៉ាងដូចម្តេច និងនិយាយអំពីអ្វី?
- ចូររកមើលអំពីកាល ដែលមានចែងក្នុងអត្ថបទព្រះគម្ពីរ តើនៅពេលវេលាណា? កាលអាចកើតមាននៅពេលយប់ នៅពេលព្រឹក នៅថ្ងៃណាមួយជាក់លាក់ នៅក្នុងពេលបុណ្យ នៅពេលនេះ នៅពេលនោះ នៅគ្រានេះ នៅគ្រានោះ ក្រោយមក រំពេចនោះ។ល។ ចូរគូសបន្ទាត់ពីខាងក្រោមពាក្យទាំងឡាយណាដែលបញ្ជក់ពីពេលវេលានីមួយៗ។
- ចូររកមើលអំពីអាកាស ដែលមានចែងក្នុងអត្ថបទព្រះគម្ពីរ តើនៅទីកន្លែងណា? អាកាសអាចកើតមានឡើងដូចជានៅតាមផ្លូវ នៅមាត់សមុទ្រ នៅក្នុងទីក្រុង នៅក្នុងភូមិ នៅក្នុងព្រះវិហារ នៅក្នុងសាលាប្រជុំ នៅក្នុងផ្ទះ នៅលើទឹក នៅលើទូក នៅក្នុងចិត្តគំនិតជាដើម។ ចូរគូសរង្វង់មូលជុំវិញពាក្យទាំងឡាយណាដែលបញ្ជាក់ពីទីកន្លែងនីមួយៗ។
- ចូររកមើលតួអង្គដែលមានចែងក្នុងអត្ថបទព្រះគម្ពីរមានប៉ុន្មានអ្នក និងមាននរណាខ្លះ។ ចូរគូសជ្រុងជុំវិញពាក្យទាំងឡាយណា ដែលបញ្ជាក់ពីតួអង្គនីមួយ។ ចូរវិភាគលើតួអង្គនីមួយៗ៖
ក. រកឈ្មោះរបស់តួអង្គនីមួយៗ។
ខ. ចូរពិនិត្យលើសភាពលក្ខណៈរបស់តួអង្គនីមួយៗ (ខ្វាក់ ខ្វិនខ្វង់ គ ថ្លង់ ទាប តឿ តួនាទី ឬមុខងារ និងចរិតជាដើម)។
គ. ចូរពិនិត្យលើសកម្មភាពរបស់តួអង្គនីមួយៗ សំដៅលើព្រះបន្ទូល ឬពាក្យសម្តី ចិត្តគំនិត អារម្មណ៍ និងកាយវិការជាដើម។ តើតួអង្គមានការប្រែប្រួលខុសគ្នាពីមុន និងពេលក្រោយយ៉ាងដូចម្តេច? - ចូរពិនិត្យមើលអត្ថបទឱ្យបានល្អិតល្អន់ ដើម្បីដឹងថាមានប៉ុន្មានវគ្គ? វគ្គនីមួយៗចាប់ផ្តើមពី ខណាដល់ខណា? ដើម្បីដឹងថាមានប៉ុន្មានវគ្គ ត្រូវពិនិត្យមើលឱ្យបានហ្មត់ចត់ទៅលើការផ្លាស់ប្តូរនៃពេលវេលា និងទីកន្លែង ឬការប្រែប្រួលរបស់តួអង្គនៅក្នុងអត្ថបទ។ តើក្នុងវគ្គនីមួយៗមានប៉ុន្មានឈុត? ការបែងចែកវគ្គ និងឈុតនៅក្នុងអត្ថបទ នឹងជួយយើងឱ្យរកមើលឃើញអត្ថន័យសំខាន់នៅក្នុងវគ្គនីមួយៗ ហើយផ្តល់នូវភាពងាយស្រួលដល់ការបកស្រាយអត្ថន័យទៅតាមវគ្គនីមួយៗនៃអត្ថបទ។
- សូមស្វែងយល់អំពីអត្ថន័យដ៏សំខាន់នៃអត្ថបទទាំងមូល ដោយពិនិត្យមើលបញ្ហា និងដំណោះស្រាយដែលកើតមានឡើងយ៉ាងដូចម្តេច? រួចហើយធ្វើសេចក្តីសន្និដ្ឋានអំពីអត្ថន័យ និងសារសំខាន់នៃអត្ថបទ តើព្រះបន្ទូលក្នុងអត្ថបទនេះជួយបំភ្លឺជីវិតយើងម្នាក់ៗយ៉ាងដូចម្តេច?
– លក្ខណៈនៃការចែកព្រះបន្ទូល
ការចែករំលែកបទពិសោធន៍ជីវិតទាក់ទងនឹងជំនឿជាការបំពេញ និងកសាងគ្នាទៅវិញទៅមកឱ្យរីកចម្រើនឡើង។ ដើម្បីឱ្យការចែករំលែកទទួលបានលទ្ធផលជាទីគាប់ចិត្ត សមាជិកទាំងអស់គប្បីមានឥរិយាបថសមរម្យក្នុងការចែករំលែកជាមួយគ្នានៅក្នុងក្រុមដូចជា៖
- សូមទទួលស្គាល់គ្នាទៅវិញទៅមក៖ ការចែករំលែកដែលនាំមកនូវផ្លែផ្កា គឺការទទួលស្គាល់ថា សមាជិកម្នាក់ៗនៅក្នុងក្រុមមានលក្ខណៈពិសេស និងមានប្រវត្តិសាស្រ្តផ្ទាល់ខ្លួនដោយឡែកៗ ពីព្រោះជីវិតមនុស្សម្នាក់ៗជាអំណោយទានមកពីព្រះជាម្ចាស់។ ហេតុនេះ បុគ្គលម្នាក់ៗមានបទពិសោធន៍ដ៏សំខាន់នៃជំនឿ ដែលផ្សារភ្ជាប់នឹងជីវិតរបស់ខ្លួនដើម្បីចែករំលែក។ ទោះបីបទពិសោធន៍របស់ខ្លួនម្នាក់ៗមានតិច ឬច្រើនក្តីសុទ្ធតែមានសារៈសំខាន់យ៉ាងខ្លាំង។
- សូមគោរពគ្នាទៅវិញទៅមក៖ ការគោរពស្តែងចេញដោយការយកចិត្តទុកដាក់ស្តាប់គ្នាទៅវិញទៅមកនៅក្នុងពេលចែករំលែកក្នុងក្រុម និងផ្តល់ឱកាសឱ្យគ្នាទៅវិញទៅមកបានចែករំលែករួមគ្នា។ ការស្តាប់ជាបុគ្គលិកលក្ខណៈដ៏សំខាន់របស់មនុស្សម្នាក់ៗដែលចង់ស្វែងយល់ និងចង់ទទួលពីអ្នកដទៃ ដើម្បីបំពេញនូវអ្វីដែលខ្លួនខ្វះខាត។ គប្បីជៀសវាងកុំវិនិច្ឆ័យគ្នាឡើយ តែត្រូវផ្តោតលើព្រះបន្ទូលដែលជួយលើកទឹកចិត្ត និងជួយបំភ្លឺនៅក្នុងបទពិសោធន៍របស់មនុស្សម្នាក់ៗ។ សូមរក្សាក្រមសីលធម៌ដោយជៀសវាងកុំនិយាយបរិហារគ្នានៅខាងក្រៅក្រុមចែករំលែក ដែលបង្ករឱ្យកើតមានរឿងអាស្រូវ។ ការគោរពដ៏សំខាន់ គឺរក្សាភាពថ្លៃថ្នូរ និងភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមកនៅក្នុងចិត្តម្នាក់ៗ។
- សូមបើកដួងចិត្ត៖ ការបើកដួងចិត្តសំដៅលើឆន្ទៈ ដែលចង់ចែករំលែកនូវបទពិសោធន៍ ដែលបុគ្គលម្នាក់ៗមាននៅក្នុងដំណើរជីវិតក្រោមការបំភ្លឺពីព្រះបន្ទូល និងអំពីបទពិសោធន៍នៃការអានព្រះគម្ពីរ ដែលមានអត្ថន័យដល់ជីវិតរបស់ខ្លួន។ ការចែករំលែកប្រកបដោយឆន្ទៈឆ្លុះបញ្ចាំងពីទឹកចិត្តរបស់មនុស្សម្នាក់ៗ ដែលចង់ផ្តល់ឱ្យអ្នកដទៃនូវបទពិសោធន៍ដែលខ្លួនមាន ដើម្បីសាងគ្នាទៅវិញទៅមក។
- សូមកត់ចំណាំ៖ ថែរក្សាអត្ថន័យដ៏សំខាន់នូវអ្វី ដែលយើងបានស្វែងយល់ក្នុងក្រុមរួមជាមួយគ្នានេះ។ ពីព្រោះព្រះវិញ្ញាណបំភ្លឺយើងឱ្យយល់អត្ថន័យបន្ថែមអំពីអ្វី ដែលយើងបានរិះគិត និងចែករំលែក នៅក្នុងដំណើរជីវិតរបស់យើងឱ្យកាន់តែស៊ីជម្រៅឡើងថែមទៀត។
៣.៣ វិធីសាស្រ្តអត្ថាធិប្បាយអត្ថបទព្រះគម្ពីរ
វិធីសាស្រ្តអត្ថាធិប្បាយអត្ថបទព្រះគម្ពីរមានសារៈសំខាន់ ជួយយើងឱ្យរកឃើញអត្ថន័យស៊ីជម្រៅនៃព្រះបន្ទូល ដែលមាននៅក្នុងអត្ថបទព្រះគម្ពីរ។ អ្នកអាន និងអត្ថាធិប្បាយគប្បីយកចិត្តទុកដាក់ផ្តោតលើអត្ថបទ ហើយជៀសវាងកុំបញ្ចេញបញ្ចូលបន្ថែមលើសពីអ្វី ដែលមាននៅក្នុងអត្ថបទ ពីព្រោះគ្រប់អត្ថបទព្រះគម្ពីរសុទ្ធតែមានអត្ថន័យគ្រប់គ្រាន់។ ការចាំបាច់គឺត្រូវរកគន្លឹះក្នុងការឆ្លុះបញ្ចាំងឱ្យឃើញពីខ្លឹមសារដ៏សំខាន់ និងពីគោលបំណងនៃអត្ថបទ ដែលអ្នកនិពន្ធចង់ចង្អុលបង្ហាញជំនឿលើព្រះបន្ទូលព្រះជាម្ចាស់។ នៅក្នុងចំនុចវិធីសាស្រ្តអត្ថាធិប្បាយព្រះគម្ពីរនេះ ខ្ញុំដកស្រង់យកសេចក្តីបង្រៀននៅក្នុងឯកសារព្រះបន្ទូល (DV លេខ១២) ទាំងស្រុងនៅខាងក្រោមនេះ ដើម្បីណែនាំដល់ការបកស្រាយអត្ថបទព្រះគម្ពីរ។ ក្រៅពីនេះ ខ្ញុំដាក់បញ្ចូលសេចក្តីអត្ថាធិប្បាយអត្ថបទព្រះគម្ពីរចំនួនពីរ៖ អត្ថបទទី១ គឺគម្ពីរដំណឹងល្អតាមសន្តលូកា ៥,១-១១ ជាអត្ថបទមួយសំខាន់ ដែលជួយឱ្យយើងយល់អំពីការទទួលព្រះបន្ទូល ដោយស្តាប់ និងប្រតិបត្តិតាមគំរូរបស់ក្រុមសាវ័កដើមដំបូង។ ព្រះបន្ទូលធ្វើការអស្ចារ្យនៅក្នុងជីវិត និងមានគម្រោងការពិសេសសម្រាប់មនុស្សម្នាក់ៗ ដែលព្រះយេស៊ូគ្រីស្តត្រាស់ហៅ។ និងអត្ថបទទី២គឺគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ ២៥,១-១៣ ជាអត្ថបទប្រស្នាមួយ ដែលជួយណែនាំយើងឱ្យយល់អំពីលក្ខណៈសម្បត្តិរបស់ គ្រីស្តបរិស័ទឱ្យយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូល និងចេះអធិដ្ឋាន ដើម្បីជួបព្រះគ្រីស្តនៅក្នុងជីវិត។ សេចក្តីអត្ថាធិប្បាយអត្ថបទព្រះគម្ពីរទាំងពីរនេះជាគំរូ និងជាជំនួយសម្រាប់ការអានអត្ថបទព្រះគម្ពីរស្របតាមវិធីសាស្រ្ត៧ដំណាក់កាលខាងលើ។
របៀបបកស្រាយព្រះគម្ពីរ (DV លេខ១២):
«ក្នុងព្រះគម្ពីរព្រះជាម្ចាស់ពិតជាមានព្រះបន្ទូលតាមរយៈមនុស្ស និងបានប្រើពាក្យសម្តីរបស់មនុស្ស។ ហេតុនេះ អ្នកបកស្រាយព្រះគម្ពីរត្រូវស្វែងរកដោយពិនិត្យពិច័យ នូវសេចក្តីដែលអ្នកនិពន្ធទាំងនោះមានបំណងនិយាយប្រាប់ និងសេចក្តីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យសម្តែងតាមរយៈពាក្យរបស់គេ។ ធ្វើដូច្នេះ អ្នកបកស្រាយនឹងដឹងច្បាស់នូវសេចក្តីដែលព្រះជាម្ចាស់ផ្ទាល់សព្វព្រះហឫទ័យសម្តែងឱ្យយើងស្គាល់នោះ។
ក្នុងគោលបំណងចង់ស្គាល់គំនិតរបស់អ្នកនិពន្ធ អ្នកបកស្រាយត្រូវចាប់អារម្មណ៍នឹងប្រការផ្សេងៗមាន “របៀបនិពន្ធ” ឬ “រចនាបទអក្សរសិល្ប៍” ជាដើម។ អស់លោកបង្ហាញសេចក្តីពិតតាមរបៀបផ្សេងៗពីគ្នា ក្នុងអត្ថបទរៀបរាប់អំពីប្រវត្តិសាស្ត្រក្នុងសេចក្តីប្រកាសរបស់ព្យាការី ក្នុងពាក្យកាព្យ ឬក្នុងអត្ថបទនិពន្ធតាមរបៀបផ្សេងៗទៀត។ ហេតុនេះហើយ អ្នកបកស្រាយត្រូវស្វះស្វែងរកសេចក្តីដែលអ្នកនិពន្ធចង់ប្រាប់ និងបានប្រាប់ហើយ តាមកាលៈទេសៈ តាមសភាពការណ៍នៃសម័យរបស់គាត់រស់នៅ តាមអារ្យធម៌ និងតាមវប្បធម៌របស់គាត់ ព្រមទាំងតាមរបៀបនិពន្ធ ដែលអ្នកស្រុកធ្លាប់ប្រើនៅជំនាន់នោះ។ អ្នកបកស្រាយត្រូវយល់យ៉ាងច្បាស់ អំពីរបៀបដែលអ្នកស្រុកតែងគិតគូរជាទូទៅអំពីជីវិត អំពីរបៀបដែលគេធ្លាប់និយាយ ឬការតំណាលរឿងក្នុងសម័យអ្នកនិពន្ធនោះ ព្រមទាំងអំពីរបៀបដែលមនុស្សរស់នៅតាមកន្លែងផ្សេងៗ នៅសម័យនោះធ្លាប់ប្រើក្នុងការទាក់ទងគ្នាទៅវិញទៅមក។ ធ្វើដូច្នេះ អ្នកបកស្រាយអាចរកឃើញនូវសេចក្តីដែលអ្នកនិពន្ធដ៏សក្ការៈមានបំណងចង់ប្រាប់ ដោយចែងកណ្ឌជាលាយលក្ខណ៍អក្សរ។
«ដោយព្រះវិញ្ញាណបានបំភ្លឺចិត្តគំនិតអ្នកនិពន្ធឱ្យចែងជាលាយលក្ខណ៍អក្សរ ត្រូវអាន និងបកស្រាយព្រះគម្ពីរក្រោមពន្លឺនៃព្រះវិញ្ញាណដែរ។ ត្រូវចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសេចក្តីទាំងអស់ដែលមានចែងក្នុងព្រះគម្ពីរទាំងមូល ហើយដែលសម្តែងសេចក្តីពិតដដែលដូចគ្នាដែរ។ ត្រូវចាប់អារម្មណ៍អំពីការបញ្ជូនបន្តដ៏រស់រវើកនៃព្រះសហគមន៍ទាំងមូល និងអំពីលក្ខណៈប្រៀបធៀបនៃជំនឿផង។ ធ្វើដូច្នេះ ទើបអ្នកបកស្រាយរកអត្ថន័យដ៏ពិតប្រាកដនៃព្រះគម្ពីរឃើញ។ អ្នកវិភាគគម្ពីរមានភារកិច្ចខិតខំពិនិត្យពិច័យ និងពន្យល់អត្ថន័យនៃព្រះគម្ពីរឱ្យកាន់តែជ្រៅទៅៗ តាមគោលការណ៍ទាំងនោះ ដើម្បីឱ្យព្រះសហគមន៍មានយោបល់កាន់តែល្អប្រសើរឡើងៗ។ ដោយការសិក្សារបស់ខ្លួន អ្នកវិភាគទាំងនោះដូចជារៀបចំផ្លូវឱ្យព្រះសហគមន៍អាចកំណត់អត្ថន័យឱ្យកាន់តែច្បាស់ឡើងបាន។ អ្វីៗទាំងអស់ដែលមានទាក់ទិននឹងរបៀបបកស្រាយព្រះគម្ពីរ គឺស្ថិតនៅលើព្រះសហគមន៍ដែលត្រូវរិះគិតពិចារណាដោះស្រាយ ព្រោះព្រះសហគមន៍ទទួលមុខងារបម្រើពីព្រះជាម្ចាស់មក និងក្នុងនាមព្រះអង្គ ពោលគឺ រក្សាទុក និងបកស្រាយព្រះបន្ទូលរបស់ព្រះជាម្ចាស់»។