ថ្ងៃអង្គារ អាទិត្យទី២៤
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥
គ្រីស្តបរិស័ទបោះឆ្នោតជ្រើសរើសលោកគ័រនេស្យូសឱ្យបំពេញមុខងារជាអភិបាលក្រុងរ៉ូម នៅឆ្នាំ ២៥១។ លោកសុខចិត្តអត់ទោសឱ្យគ្រីស្តបរិស័ទដែលលះបង់ចោលព្រះគ្រីស្តនៅពេលខ្មាំងបៀតបៀនធ្វើបាប ហើយដែលកែប្រែចិត្តគំនិតនៅពេលក្រោយ។ លោកជំទាស់នឹងលោកណូវ៉ាទីយាំងដែលមិនព្រមទទួលគ្រីស្តបរិស័ទទាំងនោះក្នុងព្រះសហគមន៍វិញ។ លោកស៊ីព្រីយ៉ាំងជួយគាំទ្រអភិបាលក្រុងរ៉ូមអំពីរឿងនេះ។ លោកស៊ីព្រីយាំង (២១០-២៥៨) ជាអភិបាលព្រះសហគមន៍ក្រុងការតាស្ស (ក្រុងនិស្សសព្វថ្ងៃ)។ កាលមុន លោកជាមេធាវី ហើយប្រែចិត្តជឿលើព្រះយេស៊ូ។ លោកនិពន្ធសៀវភៅជាច្រើនស្តីអំពីទេវវិទ្យា លោកកាន់វិន័យតឹងរឹងមិនព្រមទទួលស្គាល់ពិធីជ្រមុជទឹកដែលគ្រីស្តបរិស័ទបែកចេញពីព្រះសហគមន៍។ ត្រង់ចំណុចនេះ លោកក៏ជំទាស់នឹងសម្តេចប៉ាបស្ទេផាន (២៥៤-២៥៧)។ ពេលព្រះចៅរ៉ូម៉ាំងព្រះនាមឌែលបៀតបៀនធ្វើបាបសម្លាប់គ្រីស្តបរិស័ទលោករួចខ្លួនបាន។ តែនៅពេលព្រះចៅវ៉ាលេរីយ៉ាំងបៀតបៀនគ្រីស្តបរិស័ទម្តងទៀត លោកសុខចិត្តធ្វើជាសាក្សីថ្វាយព្រះគ្រីស្តនៅមុខព្រះសហគមន៍របស់លោក។ ថ្ងៃ ១៤ កញ្ញា ២៥៨ គេកាត់កលោកព្រោះលោកមិនព្រមថ្វាយសក្ការបូជាដល់ព្រះក្លែងក្លាយ។
អត្ថបទទី១៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ១ ធម ៣,១-១៣
លោកប្អូនជាទីស្រឡាញ់! ពាក្យនេះគួរឱ្យជឿ គឺថា ប្រសិនបើនរណាម្នាក់ចង់បំពេញមុខងារជាអភិបាល គាត់មានបំណងបំពេញមុខងារដ៏ប្រសើរហើយ។ លោកអភិបាលត្រូវមានគុណសម្បត្តិល្អឥតខ្ចោះ ស្រឡាញ់ភរិយាដោយចិត្តស្មោះ ចេះប៉ាន់ប្រមាណ មានចិត្តធ្ងន់ មានកិរិយាមារយាទល្អ ចេះទទួលភ្ញៀវ ចេះបង្រៀន មិនចំណូលស្រា មិនចេះឈ្លោះប្រកែក គឺមានចិត្តសប្បុរស មិនចេះរករឿង មិនលោភលន់ចង់បានប្រាក់ឡើយ។ គាត់ត្រូវចេះមើលខុសត្រូវលើក្រុមគ្រួសាររបស់គាត់ផ្ទាល់ ព្រមទាំងឱ្យកូនចៅរបស់គាត់ ចេះស្ដាប់បង្គាប់ និងមានកិរិយាថ្លៃថ្នូរទាំងស្រុង ព្រោះថា ប្រសិនបើមនុស្សម្នាក់មិនចេះមើលខុសត្រូវលើក្រុមគ្រួសាររបស់ខ្លួនផង ធើ្វម្ដេចនឹងឱ្យគាត់មើលខុសត្រូវលើព្រះសហគមន៍របស់ព្រះជាម្ចាស់កើត!។ មិនត្រូវឱ្យអ្នកដែលទើបនឹងជឿធ្វើជាអភិបាលឡើយ ក្រែងលោគាត់អួតបំប៉ោង ហើយទៅជាមានទោសដូចមារ។ មួយវិញទៀត លោកអភិបាលត្រូវតែមានកេរិ៍្ដឈ្មោះល្អពីសំណាក់អស់អ្នកដែលនៅខាងក្រៅព្រះសហគមន៍ផងដែរ ក្រែងគេប្រមាថមើលងាយ ហើយគាត់ធ្លាក់ទៅក្នុងអន្ទាក់របស់មារ។ រីឯឧបដ្ឋាកវិញក៏ដូច្នោះដែរ ត្រូវតែមានកិរិយាថ្លៃថ្នូរ និយាយពាក្យសច្ចៈ មិនចំណូលស្រាជ្រុល មិនរកប្រាក់តាមរបៀបថោកទាប។ គាត់ត្រូវកាន់តាមជំនឿ ដែលព្រះជាម្ចាស់បានសម្ដែងមក ដោយមនសិកាបរិសុទ្ធ។ ត្រូវល្បងមើលចិត្តគេជាមុនសិន ប្រសិនបើមិនឃើញមានទាស់ត្រង់ណាទេនោះ ទុកឱ្យគេបំពេញមុខងារជាឧបដ្ឋាកទៅចុះ។ ចំពោះស្ដ្រីៗវិញក៏ដូច្នោះដែរ ត្រូវតែមានកិរិយាថ្លៃថ្លូរ មិនចេះនិយាយដើមគេ មិនស្រវឹងស្រា និងមានចិត្តស្មោះត្រង់ក្នុងគ្រប់កិច្ចការទាំងអស់។ ឧបដ្ឋាកត្រូវស្រឡាញ់ភរិយាដោយចិត្តស្មោះ ហើយចេះមើលខុសត្រូវកូនចៅ និងក្រុមគ្រួសាររបស់ខ្លួនឯងផ្ទាល់ផង ដ្បិតបងប្អូនណាបំពេញមុខងារជាឧបដ្ឋាកបានល្អ នឹងបានទទួលកិត្តិយសព្រមទាំងមានចិត្តអង់អាចមុះមុតដោយអាងលើជំនឿក្នុងអង្គព្រះគ្រីស្ដយេស៊ូ។
ទំនុកតម្កើងលេខ ១០១ (១០០) ,១-៣.៥-៦ បទពាក្យ ៧
| ១ | បពិត្រព្រះម្ចាស់ខ្ញុំនឹងច្រៀង | រៀបរាប់មិនល្អៀងពីព្រះទ័យ | |
| មេត្តាករុណាដ៏ថ្លាថ្លៃ | ទាំងស្មូត្របទថ្វាយព្រះអង្គផង | ។ |
| ២ | យើងខ្ញុំនឹងយកចិត្តទុកដាក់ | នឹងមាគ៌ាជាក់ល្អឥតហ្មង | |
| តើពេលណាទៅទើបព្រះអង្គ | យាងរកខ្ញុំផងទាំងគ្រួសារ | ។ |
| ៣ | យើងខ្ញុំមិនដែលទៅចូលចិត្ត | អំពើឧក្រិដ្ឋពាលប្ញស្យា | |
| មិនចូលចិត្តអ្នកក្បត់សាវា | ពាលឥតមេត្តាមិនចង់ជួប | ។ |
| ៥ | យើងខ្ញុំបិទមាត់អ្នកនិយាយ | បរិហារពីក្រោយដោយគម្រក់ | |
| ខ្ញុំមិនអាចទ្រាំចំពោះអ្នក | វាយប្ញកហួសថ្នាក់អួតបំប៉ោង | ។ |
| ៦ | ខ្ញុំនឹងស្វែងរកអ្នកមានចិត្ត | ស្មោះត្រង់សុចរិតមិនកាចកោង | |
| ឱ្យគេកាន់កាប់ក្នុងស្រុកយើង | មិនចេះឆ្មៃឆ្មើងនៅជាមួយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៧,១៦
អាលេលូយ៉ា! អាលេលូយ៉ា!
សូមសរសើរលើកតម្កើងព្រះអម្ចាស់ជាព្រះរបស់យើងខ្ញុំ ព្រះអង្គយាងមករំដោះប្រជារាស្រ្ដរបស់ព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៧,១១-១៧
ព្រះយេស៊ូយាងឆ្ពោះទៅភូមិមួយឈ្មោះណាអ៊ីន។ សាវ័ករបស់ព្រះអង្គ និងបណ្ដាជនជាច្រើនក៏ធ្វើដំណើរទៅជាមួយព្រះអង្គដែរ។ ពេលព្រះអង្គយាងមកជិតដល់ទ្វារកំពែងក្រុង មានគេដង្ហែសពយកទៅបញ្ចុះ។ បុគ្គលដែលស្លាប់នោះជាកូនប្រុសតែមួយរបស់ស្រ្ដីមេម៉ាយម្នាក់។ អ្នកស្រុកជាច្រើនមកជួយដង្ហែសពជាមួយគាត់។ កាលព្រះអម្ចាស់ឃើញស្រ្ដីមេម៉ាយនោះ ព្រះអង្គមានព្រះហប្ញទ័យអាណិតអាសូរគាត់យ៉ាងខ្លាំង។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សូមកុំយំអី!»។ ព្រះអង្គយាងចូលទៅជិត ទ្រង់ពាល់មឈូស។ ពួកអ្នកសែងក៏នាំគ្នាឈប់។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកកំលោះអើយ! ចូរក្រោកឡើង»។ រំពេចនោះ បុគ្គលដែលស្លាប់ក៏ក្រោកឡើងអង្គុយ ហើយចាប់ផ្ដើមនិយាយស្ដី។ ព្រះយេស៊ូប្រគល់អ្នកកំលោះទៅម្ដាយវិញ។ គេស្ញែងខ្លាចទាំងអស់គ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយពោលថា៖ «មានព្យាការីដ៏ប្រសើរឧត្តមម្នាក់មកនៅក្នុងចំណោមយើងហើយ! ព្រះជាម្ចាស់យាងមករំដោះប្រជារាស្រ្ដរបស់ព្រះអង្គ»។ ពាក្យដែលគេនិយាយអំពីព្រះយេស៊ូបានលេចឮពាសពេញក្នុងស្រុកយូដា និងតំបន់ជិតខាងទាំងមូល។
534 Views
Post Views:
540