ថ្ងៃអង្គារ អាទិត្យទី១៨
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌ស
ថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២៦
បុណ្យរម្លឹក
សន្តយ៉ូហានម៉ារីវីយ៉ាណេ ជាបូជាចារ្យ
សូមចុចទីនេះ
លោកយ៉ូហានម៉ារីវិយ៉ាណេ (១៧៨៦-១៨៥៩) រៀនសូត្រមិនសូវបានពូកែ តែព្រះវិញ្ញាណដ៏បរិសុទ្ធបានប្រោសប្រទានព្រះអំណោយទានពិសេសឱ្យលោកចេះសម្រុះសម្រួលមនុស្សជាច្រើនជាមួយព្រះជាម្ចាស់ ហើយពូកែទំនាក់ទំនងគេផង ដោយធ្វើអគ្គសញ្ញាសូមព្រះជាម្ចាស់លើលែងទោស។ មារបៀតបៀនលោកជាខ្លាំង តែលោកចេះតែតស៊ូទ្រាំដោយចិត្តអង់អាចជានិច្ច ដើម្បីជួយសង្គ្រោះមនុស្សលោក។ លោកជាគំរូអស់បូជាចារ្យដែលទទួលមុខងារណែនាំគ្រីស្តបរិស័ទ។
សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ៣០,១-២.១២-១៥.១៨-២២
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមីដូចតទៅនេះ៖«ព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា៖“ចូរកត់ត្រានូវពាក្យទាំងប៉ុន្មានដែលយើងបានប្រាប់អ្នកទុកក្នុងសៀវភៅមួយ”។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖“របួសរបស់អ្នកមើលមិនជាទេ ដំបៅអ្នកក៏មិនអាចសះបានដែរ។ គ្មាននរណាជួយឈឺឆ្អាលរុំរបួសឱ្យអ្នកទេ ហើយក៏គ្មានថ្នាំដ៏ស័ក្តិសិទ្ធិណាអាចផ្សះរបួសរបស់អ្នកបានដែរ។ សហាយស្មន់ទាំងប៉ុន្មានរបស់អ្នកបានភ្លេចអ្នកហើយ គ្មាននរណានឹកនាដល់អ្នកទៀតទេ ដ្បិតយើងបានវាយអ្នក ដូចខ្មាំងវាយអ្នក យើងបានដាក់ទោសអ្នកយ៉ាងធ្ងន់ ព្រោះតែអំពើអាក្រក់ដ៏ច្រើនឥតគណនា និងអំពើបាបដ៏ធ្ងន់ដែលអ្នកបានប្រព្រឹត្ត។ ហេតុដូចម្តេចបានជាអ្នកស្រែកថ្ងូរ ព្រោះមហន្តរាយកើតដល់អ្នកធ្វើឱ្យអ្នកឈឺចាប់ឥតល្ហែ? យើងធ្វើទោសអ្នកខ្លាំងដូច្នេះ ព្រោះតែអំពើអាក្រក់ដ៏ច្រើនឥតគណនា និងអំពើបាបដ៏ធ្ងន់ដែលអ្នកប្រព្រឹត្ត»។ ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖«យើងនឹងស្តារពូជពង្សរបស់យ៉ាកុបឡើងវិញ យើងនឹងអាណិតអាសូរក្រុមគ្រួសាររបស់គេ។ គេនឹងសង់ក្រុងនៅលើគំនរបាក់បែកឡើងវិញ ហើយសង់ដំណាក់នៅកន្លែងដើមវិញដែរ។ ការសរសើរតម្កើង និងសំណើចក្អាកក្អាយនឹងលាន់ឮឡើងពីកណ្តាលចំណោមពួកគេ យើងនឹងធ្វើឱ្យគេកើនចំនួនច្រើនឡើងៗ គឺគេមិនចុះថយឡើយ យើងនឹងលើកតម្កើងពួកគេ គឺគេមិនទន់ទាបទៀតទេ។ កូនចៅរបស់គេនឹងបានដូចពីដើម សហគមន៍របស់គេនឹងស្ថិតស្ថេរនៅចំពោះមុខយើង ហើយយើងនឹងដាក់ទោសអស់អ្នកដែលជិះជាន់ពួកគេ។ មេដឹកនាំនឹងកើតចេញពីចំណោមពួកគេ អ្នកគ្រប់គ្រងក៏កើតពីចំណោមពួកគេដែរ។ យើងនឹងឱ្យមេដឹកនាំនោះចូលមកជិតយើង (ដ្បិតគ្មាននរណាហ៊ានចូលមកជិតយើងដោយចិត្តឯងឡើយ)។ អ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា”។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។
ទំនុកតម្កើងលេខ ១០២ (១០១),១៦-១៨.១៩-២៣.២៩ បទពាក្យ ៧
| ១៦ | សូមឱ្យមនុស្សគ្រប់សាសន៍ | កោតខ្លាចព្រះកុំមានភ្លេច | |
| សូមឱ្យអស់ទាំងស្តេច | លើផែនដីកោតក្រែង | ។ | |
| ១៧ | ពេលព្រះអម្ចាស់សង់ | ស៊ីយ៉ូនក្រុងគួរស្ញប់ស្ញែង | |
| ព្រះអង្គនឹងសម្តែង | សិរីរុងរឿងទាំងអស់ | ។ | |
| ១៨ | ពេលនោះទ្រង់នឹងបែរ | ព្រះភ័ក្ត្ររេទតមកមនុស្ស | |
| លែងធ្វើជើយទ្រគោះ | ពាក្យអង្វរគេទៀតហើយ | ។ | |
| ២០ | ព្រះអម្ចាស់ទតពី | សក្ការៈទីដ៏ត្រចង់ | |
| ស្ថានបរមសុខឥតមានហ្មង | មិនរំលងសព្វផែនដី | ។ | |
| ២១ | ដើម្បីស្តាប់សម្រែក | ពួកឈ្លើយស្រែកទាំងយប់ថ្ងៃ | |
| អ្នកដែលត្រូវក្សិណក្ស័យ | គេកាត់ក្តីមិនសុចរិត | ។ | |
| ២២ | គេនឹងប្រកាសប្រាប់ | ព្រះនាមគាប់ដ៏មានឫទ្ធិ | |
| សរសើរតម្កើងពិត | ពីក្រុងយេរូសាឡឹម | ។ | |
| ២៣ | គឺពេលប្រជាជាតិ | ទាំងឆ្ងាយជិតមកមូលផ្តុំ | |
| នឹងនាំគ្នាមកជុំ | គេគោរពបម្រើព្រះ | ។ | |
| ២៩ | កូនចៅរបស់ខ្ញុំ | នៅជួបជុំបម្រើស្រាប់ | |
| រស់ដោយសុខគួរគាប់ | ទ្រង់នឹងថែកូនចៅគេ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៣០,៥
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់ជាទីសង្ឃឹមរបស់យើង! ចូរពឹងផ្អែកលើព្រះបន្ទូលព្រះអង្គចុះ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៥,១-២,១០-១៤
មានពួកខាងគណៈផារីស៊ី និងពួកបណ្ឌិតខាងវិន័យពីក្រុងយេរូសាឡឹម ចូលមកគាល់ព្រះយេស៊ូហើយទូលថា៖ «ហេតុអ្វីបានជាសិស្សរបស់លោក មិនគោរពតាមទំនៀមទម្លាប់របស់ចាស់បុរាណ គឺមិនធ្វើពិធីលាងដៃមុនពេលបរិភោគដូច្នេះ?»។ បន្ទាប់មក ព្រះយេស៊ូត្រាស់ហៅបណ្ដាជន រួចមានព្រះបន្ទូលទៅគេថា៖ «ចូរស្ដាប់ ហើយយល់ឲ្យច្បាស់ថា អ្វីៗដែលចូលតាមមាត់មនុស្ស ពុំដែលធ្វើឲ្យមនុស្សទៅជាមិនបរិសុទ្ធឡើយ ផ្ទុយទៅវិញ មានតែអ្វីៗដែលចេញពីមាត់មនុស្សប៉ុណ្ណោះ ដែលធ្វើឲ្យមនុស្សត្រឡប់ទៅជាមិនបរិសុទ្ធ»។ ពេលនោះសាវ័កនាំគ្នាចូលមកជិតព្រះអង្គ ហើយទូលថា៖ «សូមព្រះគ្រូជ្រាប ពួកខាងគណៈផារីស៊ី ទាស់ចិត្តណាស់! មកពីឮព្រះគ្រូមានប្រសាសន៍ដូច្នេះ»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖ «ព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខ នឹងដករុក្ខជាតិទាំងឡាយណាដែលព្រះអង្គមិនបានដាំ។ កុំអំពល់នឹងគេធ្វើអ្វី អ្នកទាំងនោះសុទ្ធតែជាមនុស្សខ្វាក់ ដឹកនាំមនុស្សខ្វាក់។ បើមនុស្សខ្វាក់ដឹកដៃមនុស្សខ្វាក់ គេមុខជាធ្លាក់រណ្ដៅទាំងពីរនាក់ជាមិនខាន»។
