អាទិត្យទី១៨ រដូវធម្មតា «ឆ្នាំគូ»
ថ្ងៃអង្គារ
ពណ៌បៃតង
ថ្ងៃធម្មតា

ឬសន្ដអឺស៊ែប នៅវែសេ​លី
ជាអភិបាលព្រះសហគមន៍ និងសន្ដសិលា
ហ្សូលីយ៉ាំង អេម៉ារ ជាបូជាចារ្យ

លោកអឺសែ៊ប (៣០០-៣៧១) ជាអភិបាលព្រះសហគមន៍នៅក្រុងវែសេលី (ប្រទេសអ៊ីតាលី)។ អធិរាជ្យ​រូ៉ម៉ាំងនិរទេសលោកទៅស្រុកប៉ាឡេស្ទីនអស់រយៈពេលប្រាំពីរឆ្នាំ ព្រោះលោកប្រកាសជំនឿរបស់ខ្លួនចំពោះព្រះគ្រីស្តដែលពិតជាព្រះម្ចាស់ តាមមហាសន្និបាតក្រុងពិសេសបានបញ្ជាក់ស្រាប់ (៣២៥)។ ពេលលោកស្នាក់នៅស្រុកប៉ាឡេស្ទីននោះ លោកជួបលោកសង្យឺ និងឥសីជាច្រើនដែលជាគ្រីស្តបរិស័ទ ហើយស្ងើចសរសើរពីរបៀបរស់នៅរបស់អ្នកបួសទាំងនោះ។ លុះត្រឡប់ទៅស្រុកវិញ លោករួមរស់ជាមួយក្រុមបូជាចារ្យឯទៀតៗ ដូចជាក្រុមលោកសង្យឺដែរ។ ក្រុមបូជាចារ្យនេះយកចិត្តទុកដាក់ណែនាំគ្រីស្តបរិស័ទលើសពីមុនមកទៀត។

សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ៣០,១-២.១២-១៥.១៨-២២

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមីដូចតទៅនេះ៖«ព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា៖“ចូរកត់ត្រានូវពាក្យទាំងប៉ុន្មានដែល​យើងបានប្រាប់អ្នកទុកក្នុងសៀវភៅមួយ”។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖“របួសរបស់​​អ្នកមើលមិនជាទេ ដំបៅអ្នកក៏មិនអាចសះបានដែរ។ គ្មាននរណាជួយឈឺឆ្អាលរុំរបួស​ឱ្យអ្នកទេ ហើយក៏គ្មានថ្នាំដ៏ស័ក្តិសិទ្ធិណាអាចផ្សះរបួសរបស់អ្នកបានដែរ។ សហាយ​ស្មន់ទាំងប៉ុន្មានរបស់អ្នកបានភ្លេចអ្នកហើយ គ្មាននរណានឹកនាដល់អ្នកទៀតទេ ដ្បិត​យើងបានវាយអ្នក ដូចខ្មាំងវាយអ្នក យើងបានដាក់ទោសអ្នកយ៉ាងធ្ងន់ ព្រោះតែ​អំពើអាក្រក់ដ៏ច្រើនឥតគណនា និងអំពើបាបដ៏ធ្ងន់ដែលអ្នកបានប្រព្រឹត្ត។ ហេតុដូច​ម្តេចបានជាអ្នកស្រែកថ្ងូរ ព្រោះមហន្តរាយកើតដល់អ្នកធ្វើឱ្យអ្នកឈឺចាប់ឥតល្ហែ? យើងធ្វើទោសអ្នកខ្លាំងដូច្នេះ ព្រោះតែអំពើអាក្រក់ដ៏ច្រើនឥតគណនា និងអំពើបាបដ៏ធ្ងន់ដែលអ្នកប្រព្រឹត្ត»។ ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖«យើងនឹងស្តារ​ពូជ​ពង្សរបស់យ៉ាកុបឡើងវិញ យើងនឹងអាណិតអាសូរក្រុមគ្រួសាររបស់គេ។ គេនឹង​សង់ក្រុងនៅលើគំនរបាក់បែកឡើងវិញ ហើយសង់ដំណាក់នៅកន្លែងដើមវិញដែរ។ ការសរសើរតម្កើង និងសំណើចក្អាកក្អាយនឹងលាន់ឮឡើងពីកណ្តាលចំណោមពួកគេ យើងនឹងធ្វើឱ្យគេកើនចំនួនច្រើនឡើងៗ គឺគេមិនចុះថយឡើយ យើងនឹងលើកតម្កើងពួកគេ គឺគេមិនទន់ទាបទៀតទេ។ កូនចៅរបស់គេនឹងបានដូចពីដើម សហគមន៍របស់គេនឹងស្ថិតស្ថេរនៅចំពោះមុខយើង ហើយយើងនឹងដាក់ទោសអស់អ្នកដែលជិះជាន់​ពួកគេ។ មេដឹកនាំនឹងកើតចេញពីចំណោមពួកគេ អ្នកគ្រប់គ្រងក៏កើតពីចំណោម​ពួកគេដែរ។ យើងនឹងឱ្យមេដឹកនាំនោះចូលមកជិតយើង (ដ្បិតគ្មាននរណាហ៊ានចូល​មកជិតយើងដោយចិត្តឯងឡើយ)។ អ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា”។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។

ទំនុកតម្កើងលេខ ១០២ (១០១),១៦-១៨.១៩-២៣.២៩ បទពាក្យ ៧

១៦សូមឱ្យមនុស្សគ្រប់សាសន៍កោតខ្លាចព្រះកុំមានភ្លេច
សូមឱ្យអស់ទាំងស្តេចលើផែនដីកោតក្រែង
១៧ពេលព្រះអម្ចាស់សង់ស៊ីយ៉ូនក្រុងគួរស្ញប់ស្ញែង
ព្រះអង្គនឹងសម្តែងសិរីរុងរឿងទាំងអស់
១៨ពេលនោះទ្រង់នឹងបែរព្រះភ័ក្ត្ររេទតមកមនុស្ស
លែងធ្វើជើយទ្រគោះពាក្យអង្វរគេទៀតហើយ
២០ព្រះអម្ចាស់ទតពីសក្ការៈទីដ៏ត្រចង់
ស្ថានបរមសុខឥតមានហ្មងមិនរំលងសព្វផែនដី
២១ដើម្បីស្តាប់សម្រែកពួកឈ្លើយស្រែកទាំងយប់ថ្ងៃ
អ្នកដែលត្រូវក្សិណក្ស័យគេកាត់ក្តីមិនសុចរិត
២២គេនឹងប្រកាសប្រាប់ព្រះនាមគាប់ដ៏មានឫទ្ធិ
សរសើរតម្កើងពិតពីក្រុងយេរូសាឡឹម
២៣គឺពេលប្រជាជាតិទាំងឆ្ងាយជិតមកមូលផ្តុំ
នឹងនាំគ្នាមកជុំគេគោរពបម្រើព្រះ
២៩កូនចៅរបស់ខ្ញុំនៅជួបជុំបម្រើស្រាប់
រស់ដោយសុខគួរគាប់ទ្រង់នឹងថែកូនចៅគេ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៣០,៥

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់ជាទីសង្ឃឹមរបស់យើង! ចូរពឹងផ្អែកលើព្រះបន្ទូលព្រះអង្គចុះ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៤,២២-៣៦

ក្រោយពីព្រះយេស៊ូប្រទាននំប័ុងឱ្យបណ្តាជនមក ព្រះអង្គបង្ខំក្រុមសាវ័កឱ្យចុះទូកឆ្លងទៅត្រើយម្ខាងមុនព្រះអង្គភ្លាម ព្រះអង្គក៏ប្រាប់មហាជនឱ្យវិលត្រឡប់ទៅវិញដែរ។ កាលមហាជនទៅផុតអស់ហើយ ព្រះអង្គយាងឡើងទៅលើភ្នំ ដាច់ឡែកពីគេដើម្បី​អធិដ្ឋាន។ លុះដល់យប់ ទ្រង់គង់នៅទីនោះតែមួយព្រះអង្គឯង។ ពេលនោះ ទូកចេញឆ្ងាយពីច្រាំង ហើយក៏ត្រូវរលកបក់បោកព្រោះបញ្ច្រាសខ្យល់។ ដល់ពេលជិតភ្លឺព្រះអង្គយាងលើទឹកឆ្ពោះទៅរកក្រុមសាវ័ក។ កាលពួកគេឃើញព្រះ​អង្គយាងលើទឹកសមុទ្រដូច្នេះ គេភ័យរន្ធត់ ហើយស្រែកឡើងថា «ខ្មោចលង!» ព្រោះគេ​ភ័យពេក។ រំពេកនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់គេថា៖«ចូរតាំងចិត្តក្លាហានឡើង! ខ្ញុំទេ​តើ! កុំខ្លាចអី!»។ លោកសិលាទូលព្រះអង្គថា៖«ព្រះអម្ចាស់! ប្រសិនបើ​ពិតជាព្រះអង្គមែន សូមបញ្ជាឱ្យខ្ញុំអាចដើរលើទឹកទៅរកព្រះអង្គ​ផង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«អញ្ជើញមក!»។ លោកសិលាក៏ចុះពីទូកដើរលើទឹកឆ្ពោះទៅរកព្រះយេស៊ូ។ ប៉ុន្តែ កាលលោកឃើញខ្យល់បក់ខ្លាំង លោកភ័យណាស់ ហើយ​ចាប់ផ្តើមលិចទៅក្នុងទឹក។ លោកស្រែកឡើងថា៖«ព្រះអម្ចាស់អើយ! សូមជួយខ្ញុំ​ផង!»។ ព្រះយេស៊ូលូកព្រះហស្តទាញគាត់ឡើងភ្លាម ទាំងមានព្រះបន្ទូលថា៖«មនុស្សមានជំនឿតិចអើយ! ហេតុដូចម្តេចបានជាអ្នកមិនទុកចិត្តដូច្នេះ?»។ បន្ទាប់មក ព្រះ​អង្គ និងលោកសិលាចូលមកក្នុងទូក ហើយខ្យល់ក៏ស្ងប់។ អ្នកនៅក្នុងទូកនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ ទាំងពោលថា៖«ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។ ព្រះយេស៊ូ និងក្រុមសាវ័កឆ្លងទៅដល់ត្រើយម្ខាងត្រង់ស្រុកកេនេសារ៉ែត។ អ្នកស្រុក​នោះស្គាល់ព្រះអង្គភ្លាម ហើយយកដំណឹងទៅផ្សព្វផ្សាយពាសពេញតំបន់ទាំងមូល។ គេនាំអ្នកជំងឺទាំងអស់មករកព្រះ​អង្គ ដើម្បីអង្វរសូមគ្រាន់តែពាល់ជាយព្រះពស្ត្ររបស់ព្រះអង្គប៉ុណ្ណោះ អស់អ្នកដែលបានពាល់ជាយព្រះពស្ត្រ បានជាសះស្បើយគ្រប់ៗគ្នា។

231 Views

Theme: Overlay by Kaira