ថ្ងៃអង្គារ អាទិត្យទី១៣
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃអង្គារ ទី០១ ខែកក្ដដា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ១៩,១៥-២៩

នៅពេលយប់ ប្រជាជនក្រុងសូដុមចង់ធ្វើបាបអ្នកដំណើរទាំងពីរនាក់ដែលស្នាក់នៅ​ផ្ទះលោកឡុត។ ពេលភ្លឺស្រាងៗ ទេវទូតទាំងពីរនាំគ្នាបង្ខំលោកឡុតឱ្យរត់ចេញពីក្រុង ដោយប្រាប់ថា៖ «ចូរក្រោកឡើង! នាំប្រពន្ធ និងកូនស្រីទាំងពីរនាក់រត់ចេញទៅ! កុំឱ្យបាត់បង់ជីវិត ព្រោះតែអំពើទុច្ចរិតរបស់អ្នកក្រុងនេះឡើយ»។ លោកឡុតនៅ​បង្អែបង្អង់ បានជាទេវទូតទាំងពីររូបចាប់ដៃគាត់ ព្រមទាំងដៃប្រពន្ធ និងកូនស្រីទាំង​ពីរនាក់​នាំចេញទៅក្រៅក្រុង ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យឱ្យគាត់រួចជីវិត។ ពេលទេវទូតនាំគាត់ចេញដល់ក្រៅហើយ ទេវទូតប្រាប់លោកឡុតថា៖ «ចូររត់ឱ្យបាន​រួចជីវិតទៅ ! កុំងាកមើលក្រោយ! កុំឈប់នៅតំបន់នេះឱ្យសោះ! ចូររត់ទៅភ្នំឱ្យលឿន ដើម្បី​ឱ្យបានរួចជីវិត»។ លោកឡុតតបថា៖ «ទេ! លោកម្ចាស់អើយ! ធ្វើតាមលោក​ទៅមិនរួចទេ! លោកម្ចាស់បានគាប់ចិត្តនឹងខ្ញុំប្របាទ ហើយអាណិតមេត្តាដល់ខ្ញុំប្របាទយ៉ាងលើសលប់ ដោយប្រោសប្រណីខ្ញុំប្របាទឱ្យរួចជីវិត។ តែខ្ញុំប្របាទមិនអាចរត់ទៅដល់ភ្នំទាន់បានទេ! អន្តរាយមុខជាមកតាមទាន់ ហើយខ្ញុំប្របាទមុខជានឹងស្លាប់មុន​ពុំខាន។ លោកម្ចាស់! សូមមើលក្រុងដ៏តូចមួយនេះ នៅជិតបង្កើយ ខ្ញុំប្របាទអាច​រត់ទាន់បាន សូមលោកមេត្តាអនុញ្ញាតឱ្យខ្ញុំប្របាទរត់ចូលក្រុងដ៏តូចនេះទៅ! ខ្ញុំប្របាទ​នឹងបានរួចជីវិត!»។ ទេវទូតឆ្លើយតបមកគាត់ថា៖ «សូមឱ្យបានសម្រេចតាមសេចក្តី​ប្រាថ្នារបស់អ្នកចុះ! ខ្ញុំមិនបំផ្លាញក្រុងដ៏តូចនេះទេ។ ចូររត់ទៅឱ្យលឿនបំផុត ដ្បិតខ្ញុំ​មិនអាចធ្វើអ្វីបាន មុនពេលអ្នកទៅដល់ក្រុងនោះឡើយ»។ ហេតុនេះហើយ បានជាគេហៅក្រុងនោះថា «សូអារ» (ឈ្មោះនេះមានន័យថា «តូច»)។ លោកឡុតទៅដល់ក្រុងសូអារនៅវេលាថ្ងៃរះ។ ពេលនោះព្រះអម្ចាស់បង្អុរស្ពាន់ធ័រ និងភ្លើងពីលើមេឃមកលើក្រុងសូដុម និងក្រុងកូម៉ូរ៉ា។ ព្រះអង្គបានបំផ្លាញក្រុងទាំងពីរ និងតំបន់នៅជុំវិញ ព្រមទាំងអ្នកក្រុងទាំងប៉ុន្មាន និងរុក្ខជាតិដែលដុះនៅលើដីចោល​អស់។ ភរិយាលោកឡុតបានងាកមើលក្រោយ គាត់ក៏ក្លាយទៅជារូបបដិមារធ្វើពី​អំបិល។ នៅពេលព្រលឹម លោកអប្រាហាំទៅកន្លែងដែលលោកបាននៅជាមួយព្រះ​អម្ចាស់។ លោកសម្លឹងមើលទៅក្រុងសូដុម និងក្រុងកូម៉ូរ៉ា ព្រមទាំងដែនដីទាំងមូលក្នុង​តំបន់នោះ គាត់ឃើញផ្សែងហុយទ្រលោមឡើងពីដីមក ដូចផ្សែងភ្នក់ភ្លើង។ ពេលព្រះជាម្ចាស់បានបំផ្លាញក្រុងទាំងប៉ុន្មានក្នុងតំបន់នោះរួចហើយ ព្រះអង្គអាណិតមេត្តាដល់លោកអប្រាហាំ ហើយព្រះអង្គក៏ប្រោសលោកឡុតឱ្យរួចផុតពីអន្តរាយក្នុងពេល​ព្រះអង្គបំផ្លាញក្រុងដែលលោកឡុតរស់នៅ។

ទំនុកតម្កើងលេខ ២៦ (២៥),២-៣.៩-១២ បទកាកគតិ

ឱព្រះអម្ចាស់សូមស្ទង់ឱ្យច្បាស់លចិត្តមើលផង
ពិនិត្យរូបខ្ញុំហើយពិសោធន៍ល្បងចិត្តខ្ញុំឥតហ្មង
ស្មោះស័្មគ្រជានិច្ច
ទូលបង្គំស្រមៃនឹកពីព្រះទ័យព្រះអង្គឥតភ្លេច
ហើយបានធ្វើតាមឥតមានកែគេចតាមជាប់ជានិច្ច
មិនគេចបែកបែរ
សូមកុំទុកឱ្យខ្ញុំស្លាប់ជាមួយមនុស្សបាបអាស្រូវ
កុំដកជីវិតទូលបង្គំយកទៅនឹងពួកឃោរឃៅ
ធ្លាប់បង្ហូរឈាម
១០ពួកនោះចូលចិត្តនាំគ្នាប្រព្រឹត្តផ្ទុយពីបម្រាម
អំពើទុច្ចរិតដែលព្រះលោកហាមខំបង្ហូរឈាម
ឬស៊ីសំណូក
១១ឯខ្ញុំចូលចិត្តធ្វើតែសុចរិតមិនព្រមច្របូក
ច្របល់នឹងពួកធ្លាប់ស៊ីធ្លាប់សូកសូមរំដោះយក
រូបខ្ញុំនេះផង
១២រូបខ្ញុំឈរនៅកន្លែងត្រឹមត្រូវសុចរិតទៀងត្រង់
ទូលបង្គំនឹងលើកតម្កើងព្រះអង្គឱ្យខ្ពស់ឧត្តុង្គ
ក្នុងប្រជុំធំ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៣០,៥

អាលេលូយ៉ា! អាលេលូយ៉ា!
ខ្ញុំជឿសង្ឃឹមទៅលើព្រះអម្ចាស់តែមួយព្រះអង្គ! ខ្ញុំពឹងផ្អែកលើព្រះបន្ទូលព្រះអង្គ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៨,២៣-២៧

នៅគ្រានោះ ព្រះយេស៊ូយាងចុះទូក ហើយក្រុមសាវ័កនាំគ្នាទៅតាមព្រះអង្គដែរ។ ពេលនោះ មានខ្យល់ព្យុះបក់បោកមកលើសមុទ្រយ៉ាងខ្លាំង បណ្តាលឱ្យរលកជះមក​គ្របពីលើទូក។ រីឯព្រះយេស៊ូវិញ ទ្រង់ផ្ទំលក់។ ក្រុមសាវ័កចូលទៅជិត ដាស់ព្រះអង្គ​ថា៖ «ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះផង! យើងខ្ញុំស្លាប់ឥឡូវហើយ!»។ ព្រះអង្គមាន​ព្រះបន្ទូលទៅគេថា៖ «មនុស្សមានជំនឿតិចអើយ! ហេតុអ្វី បានជាអ្នករាល់គ្នាកំសាក​ដូច្នេះ?» ព្រះអង្គក្រោកឈរឡើង ហើយមានព្រះបន្ទូលគំរាមខ្យល់ព្យុះ និងសមុទ្រ ពេលនោះសមុទ្រក៏ស្ងប់​ឈឹង។ មនុស្សម្នានាំគ្នាស្ងើចសរសើរ ហើយពោលថា៖ «តើ​លោកនេះមានឋានៈអ្វី បានជាខ្យល់ព្យុះ និងសមុទ្រស្តាប់បង្គាប់លោកដូច្នេះ»។

332 Views

Theme: Overlay by Kaira