ថ្ងៃអាទិត្យ «ឆ្នាំគ»
បុណ្យលើកតម្កើងព្រះត្រៃឯក
បុណ្យឱឡារិក
ពណ៌ស
ថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យចាត់ព្រះយេស៊ូជាព្រះបុត្រាផ្ទាល់របស់ព្រះអង្គ ដើម្បីណែនាំយើងខ្ញុំឱ្យស្គាល់ព្រះអង្គ! ព្រះអង្គក៏សព្វព្រះហឫទ័យចាត់ព្រះវិញ្ញាណរបស់ព្រះអង្គ ដើម្បីឱ្យយើងខ្ញុំទៅជាបុត្រធីតារបស់ព្រះអង្គដែរ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំ ស្គាល់ជម្រៅនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ និងរស់នៅក្នុងលោកនេះឱ្យបានស្របតាមឋានៈរបស់ខ្លួនផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរសុភាសិត សភ ៨,២២-៣១
សូមស្ដាប់សេចក្ដីដែលព្រះប្រាជ្ញាញាណមានព្រះបន្ទូលមក៖ «ព្រះអម្ចាស់បានបង្កើតខ្ញុំតាំងពីដើមដំបូងបង្អស់ គឺមុនអ្វីៗដែលព្រះអង្គបង្កើតមកទៅទៀត។ ព្រះអង្គបានចាក់ប្រេងតែងតាំងខ្ញុំ តាំងពីអស់កល្បរៀងមក គឺនៅគ្រាដំបូងបង្អស់ មុនកំណើតពិភពលោកទៅទៀត។ កាលខ្ញុំកើតមក មិនទាន់មានជម្រៅទឹក ហើយក៏មិនទាន់មានប្រភពទឹកដែរ។ ព្រះអង្គបង្កើតខ្ញុំមក មុនព្រះអង្គធ្វើឱ្យភ្នំធំ ភ្នំតូចលេចឡើង។ ពេលនោះព្រះអង្គមិនទាន់បង្កើតផែនដី និងលំហអាកាសទេ ហើយក៏មិនទាន់បង្កើតធាតុដើមផ្សេងៗដែរ។ កាលព្រះអម្ចាស់លាតសន្ធឹងផ្ទៃមេឃ និងគូរវាសជើងមេឃពីលើមហាសមុទ្រ ខ្ញុំក៏នៅទីនោះដែរ។ កាលព្រះអង្គដាក់ពពកនៅលើអាកាស ហើយកាលប្រភពទឹកផុសចេញយ៉ាងខ្លាំងពីទីជម្រៅ កាលព្រះអង្គកំណត់ព្រំដែនសមុទ្រ ដើម្បីខ័ណ្ឌទឹកកុំឱ្យហៀរចេញ កាលព្រះអង្គចាក់គ្រឹះផែនដី នៅគ្រានោះខ្ញុំជាមេជាងជួយធ្វើការព្រះអង្គ ហើយខ្ញុំធ្វើឱ្យព្រះអង្គមានអំណរជារៀងរាល់ថ្ងៃ។ ខ្ញុំកំសាន្ដនៅចំពោះព្រះភក្រ្ដរបស់ព្រះអង្គគ្រប់ពេលវេលា។ ខ្ញុំកំសាន្តនៅលើដីដែលព្រះអង្គបានបង្កើត ខ្ញុំមានអំណរនៅក្នុងចំណោមមនុស្សលោក។
ទំនុកតម្កើងលេខ ៨,៣-៩ បទកាកគតិ
| ៣ | ព្រះអង្គបានប្រើ | ពាក្យកោតសរសើរ | តម្កើងថ្លាថ្លៃ |
| របស់ក្មេងៗ | និងទារកក្ដី | ជាកម្លាំងជ័យ |
| | លើសត្រូវមារ | ។ |
| ៤ | ពេលទូលបង្គំ | សម្លឹងមើលចំ | ទៅផ្ទៃមេឃា |
| មើលហ្វូងតារា | មើលព្រះចន្ទ្រា | ដ៏ស្រស់សោភា |
| | ស្នាព្រះហស្ដថ្លៃ | ។ |
| ៥ | ខ្លួនខ្ញុំសួរថា | តើមនុស្សយើងណា | មានឋានៈអ្វី |
| បានជាព្រះអង្គ | នឹកគិតរំពៃ | យកព្រះហឫទ័យ |
| | ទុកដាក់ដូច្នោះ? | |
| ៦ | ព្រះអង្គប្រទាន | ឱ្យមនុស្សយើងមាន | កិត្ដិយសខ្ពង់ខ្ពស់ |
| ទាបជាងទេវតា | បន្ដិចប៉ុណ្ណោះ | ទៅដល់មនុស្ស |
| | ទុកជាមកុដរាជ្យ | ។ |
| ៧ | ព្រះអម្ចាស់ទ្រង់ | ឱ្យគេគ្រប់គ្រង | រាល់ថ្ងៃព្រឹកល្ងាច |
| លើអ្វីទាំងអស់ | ពេញដោយអំណាច | ព្រមទាំងបង្ក្រាប |
| | នៅក្រោមជើងគេ | ។ |
| ៨ | ដោយសារអំណាច | អ្វីៗមិនអាច | ផ្លាស់ប្តូរប្រួលប្រែ |
| ទាំងចៀមទាំងគោ | សត្វព្រៃផងដែរ | ឱ្យមនុស្សមើលថែ |
| | ប្រើប្រាស់គ្រប់គ្រង | ។ |
| ៩ | ព្រមទាំងបក្សី | នៅលើផែនដី | នៅលើមេឃផង |
| ត្រីក្នុងសមុទ្រ | សព្វសត្វតែម្ដង | សត្វលូនវារផង |
| | មកនៅជួបជុំ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតគ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៥,១-៥
បងប្អូនជាទីស្រឡាញ់!
ព្រះជាម្ចាស់ប្រោសយើងឱ្យបានសុចរិតរួចទៅហើយ មកពីយើងមានជំនឿ។ ហេតុនេះហើយ បានជាយើងក៏មានសន្ដិភាពជាមួយនឹងព្រះអង្គ តាមរយៈព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើងដែរ។ ព្រោះតែព្រះគ្រីស្ដ និងដោយសារជំនឿយើងមានមាគ៌ាចូលទៅកាន់ជីវិតថ្មី ហើយយើងក៏ស្ថិតនៅក្នុងជីវិតថ្មីនេះយ៉ាងខ្ចាប់ខ្ចួនទាំងខ្ពស់មុខ ដោយសង្ឃឹមថា នឹងបានទទួលសិរីរុងរឿងរបស់ព្រះជាម្ចាស់។ មិនតែប៉ុណ្ណោះសោត នៅពេលយើងរងទុក្ខវេទនា យើងនៅតែខ្ពស់មុខដដែល ព្រោះយើងដឹងថា ទុក្ខវេទនានឹងនាំឱ្យយើងចេះអត់ធ្មត់ ការអត់ធ្មត់នាំឱ្យយើងចេះស៊ូទ្រាំ ហើយការស៊ូទ្រាំនាំឱ្យយើងមានសេចក្ដីសង្ឃឹម។ សេចក្ដីសង្ឃឹមមិនធ្វើឱ្យយើងខកចិត្ដឡើយ ព្រោះព្រះជាម្ចាស់បានចាក់បង្ហូរព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គមកក្នុងចិត្ដយើង ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកយើង។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ១,៨
អាលេលូយ៉ា! អាលេលូយ៉ា!
សូមលើកតម្កើងសិរីរុងរឿងព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ គឺព្រះជាអម្ចាស់ដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅពីដើម ហើយកំពុងតែយាងមក អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៦,១២-១៥
នៅពេលកំណត់ដែលព្រះយេស៊ូឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើនដែលត្រូវនិយាយប្រាប់អ្នករាល់គ្នា តែអ្នករាល់គ្នាពុំអាចទទួលនៅពេលនេះបានទេ។ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិតយាងមកដល់ ព្រះអង្គនឹងណែនាំអ្នករាល់គ្នាឱ្យស្គាល់សេចក្ដីពិតគ្រប់ជំពូក ដ្បិតសេចក្ដីផ្សេងៗដែលព្រះអង្គថ្លែង មិនចេញមកពីព្រះអង្គផ្ទាល់ទេ គឺព្រះអង្គថ្លែងតែសេចក្ដីណា ដែលទ្រង់ព្រះសណ្ដាប់ឮ ព្រមទាំងមានព្រះបន្ទូលប្រាប់ឱ្យអ្នករាល់គ្នាដឹងអំពីហេតុការណ៍ដែលត្រូវកើតមាន នៅថ្ងៃមុខផង។ ព្រះអង្គនឹងសម្ដែងសិរីរុងរឿងរបស់ខ្ញុំ ព្រោះព្រះអង្គទទួលសេចក្ដីទាំងអស់ពីខ្ញុំ យកមកប្រាប់អ្នករាល់គ្នា។ អ្វីៗទាំងប៉ុន្មានដែលព្រះបិតាមាន សុទ្ធតែជារបស់ខ្ញុំទាំងអស់។ ហេតុនេះហើយបានជាខ្ញុំពោលថា ព្រះអង្គទទួលសេចក្ដីទាំងអស់ពីខ្ញុំ យកមកប្រាប់អ្នករាល់គ្នា»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានចាត់ព្រះបុត្រាព្រះអង្គ ដើម្បីឱ្យអស់អ្នកជឿលើព្រះបុត្រាទទួលការសង្គ្រោះ។ យើងគ្មានអ្វីតបស្នងព្រះគុណព្រះអង្គទេ ហើយសូមយកកាយ វាចា ចិត្ដ ថ្វាយរួមនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ដ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ធម៌លើកតម្កើង
បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏វិសុទ្ធ ជាព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច ហើយដែលមានតេជានុភាពសព្វប្រការ! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ! ព្រះអង្គរួមជាមួយព្រះបុត្រា និងព្រះវិញ្ញាណជាអង្គតែមួយ ដែលបំបែកគ្នាពុំបាន។ ព្រះអង្គចាត់ព្រះបុត្រាឱ្យយាងមក បង្ហាញសេចក្ដីស្រឡាញ់ដ៏លើសលប់របស់ព្រះអង្គចំពោះយើងខ្ញុំ! ព្រះអង្គបានប្រទានវិញ្ញាណព្រះអង្គ ដើម្បីឱ្យយើងខ្ញុំទៅជាបុត្រធីតារបស់ព្រះអង្គ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយទេវទូត និងសន្ដបុគ្គល ទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយសូរស័ព្ទតែមួយថា៖ «ព្រះដ៏ វិសុទ្ធ»…។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាប្រកបដោយធម៌មេត្ដាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យប្រទានព្រះកាយនៃព្រះបុត្រាព្រះអង្គឱ្យយើងខ្ញុំជាបុត្រធីតាព្រះអង្គ។ ព្រះអង្គបានប្រទានព្រះវិញ្ញាណព្រះអង្គដើម្បីណែនាំយើងខ្ញុំសព្វថ្ងៃនេះ។ សូមទ្រង់ព្រះមេត្ដាប្រោសយើងខ្ញុំឱ្យស្គាល់ព្រះអង្គកាន់តែច្បាស់ឡើងៗ និងរស់នៅតាមជំនឿរបស់យើងខ្ញុំផង។
573 Views
Post Views:
558