អាទិត្យទី១២ រដូវធម្មតា «ឆ្នាំគូ»
ថ្ងៃសៅរ៍
ពណ៌ស
បុណ្យគោរព

ព្រះបេះដូងដ៏និមលព្រះនាងម៉ារី

ព្រះនាងម៉ារីមានចិត្តគំនិតភ្ជាប់នឹងព្រះជាម្ចាស់ជានិច្ច មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួនខ្លះឡើយ។ ព្រះនាងម៉ារីជឿព្រះបន្ទូព្រះជាម្ចាស់ និងផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ។ ដូច្នេះ ព្រះនាងធ្វើជាគំរូដល់គ្រីស្តបរិស័ទ។

សូមថ្លែងព្រះគម្ពីរសំណោក សណ ២,២.១០-១៤.១៨-១៩

ព្រះអម្ចាស់បានកម្ទេចទីលំនៅទាំងប៉ុន្មានរបស់លោកយ៉ាកុប ដោយឥតត្រាប្រណី។ ក្នុងពេលព្រះអង្គក្រេវក្រោធ ព្រះអង្គរំលំកំពែងក្រុងរបស់ស្រុកយូដា ព្រះអង្គបានបន្ទាប​បន្ថោកនគរ និងមេដឹកនាំរបស់នគរនេះ។ ពួកព្រឹទ្ធាចារ្យរបស់ក្រុងស៊ីយ៉ូននាំគ្នាអង្គុយផ្ទាល់នឹងដី និយាយស្តីលែងកើត។ ពួកគេរោយធូលីដីលើក្បាល ហើយស្លៀកបាវកាន់​ទុក្ខ។ ស្រីក្រមុំនៅក្រុងយេរូសាឡឹមនាំគ្នាដើរឱនមុខយ៉ាងអាម៉ាស់។ ខ្ញុំយំទាល់តែ​ហើមភ្នែក ចិត្តខ្ញុំខ្លោចផ្សារ ថ្លើមប្រមាត់ខ្ញុំក៏ខ្ទេចខ្ទាំ ព្រោះតែមហន្តរាយនៃប្រជាជន​របស់ខ្ញុំ។ កូនក្មេងនិងទារកដេកដួលនៅតាមផ្លូវក្នុងបុរីនេះ។ ពួកវាយំទារអាហារ​ និងទឹកពីម្តាយ ពួកវាដេកដួលនៅតាមផ្លូវក្នុងទីក្រុង ដូចអ្នករបួស ហើយផុតដង្ហើម​នៅលើទ្រូងម្តាយ។ ក្រុងស៊ីយ៉ូនអើយ! ខ្ញុំមានពាក្យអ្វីនឹងថ្លែងទៀត។ នាងក្រមុំ​ស៊ីយ៉ូនអើយ! តើខ្ញុំអាចយកអ្វីមកប្រៀបផ្ទឹម ដើម្បីសម្រាលទុក្ខនាងបាន? ដ្បិត​មហន្តរាយរបស់នាងធំដូចមហាសាគរ! តើនរណាអាចព្យាបាលនាងបាន? ពួកព្យាការីរបស់នាងបាននាំសុបិននិមិត្តឥតបានការ និងឥតខ្លឹមសារមកប្រាប់នាង ពួកគេពុំបាន​បង្ហាញអំពើអាក្រក់របស់នាង ដើម្បីស្តារស្រុករបស់នាងឡើងវិញឡើយ ផ្ទុយទៅវិញ ពួកគេនាំតែសុបិននិមិត្តឥតបានការមកបញ្ឆោតនាង។ កំពែងក្រុងស៊ីយ៉ូនអើយ! ចូរ​ស្រែកអង្វរព្រះអម្ចាស់យ៉ាងអស់ពីចិត្ត ចូរបង្ហូរទឹកភ្នែកឱ្យហូរដូចទឹកទន្លេ ចូរយំ​​ទាំងថ្ងៃទាំងយប់ឥតស្រាកស្រាន្តឡើយ។ ចូរក្រោកឡើង! ចូរបន្លឺសំឡេងមួយយប់​ទល់ភ្លឺ! ចូរថ្លែងទុក្ខព្រួយថ្វាយព្រះអម្ចាស់ដោយឥតលាក់លៀមអ្វីឡើយ។ ចូរលើក​ដៃអង្វរព្រះអង្គ។ សូមទ្រង់ប្រណីសន្តោសជីវិតក្មេងៗដែលដេក​ដួលនៅតាមផ្លូវព្រោះអត់ឃ្លាន។

ទំនុកតម្កើងលេខ ៧៤(៧៧),១-៧.១៩-២០.២២ បទព្រហ្មគីតិ

បពិត្រព្រះម្ចាស់អើយចុះម្តេចឡើយក៏ព្រះអង្គ
ឈប់នឹកហើយបោះបង់ឱ្យរញង់នៅកំព្រា
ម្តេចក៏ទ្រង់ពិរោធយើងរហូតឱ្យវេទនា
ភ្លេចអស់រាស្ត្រប្រជាធ្លាប់គាំពារត្រាប្រណី
កុំភ្លេចព្រះសហគមន៍ដែលទ្រង់សុំមកថ្នមបី
ជាកម្មសិទ្ធិប្រពៃសូមអាល័យភ្នកនឹកនា
គឺពួកកុលសម្ព័ន្ធដែលទ្រង់បានលោះមកជា
មរតកថ្លៃមហិមារកពណ៌នាក៏ពុំបាន
សូមនឹកដល់បងប្អូនភ្នំស៊ីយ៉ូនល្អថ្កើងថ្កាន
ទ្រង់យកជាទីស្ថានគង់នៅបានក្តីសុខដុម
សូមយាងមកវិហារដែលគ្រាំគ្រាយូរខែឆ្នាំ
សក្ការៈត្រូវខ្ទេចខ្ទាំលែងរឹងមាំខ្មាំងបំផ្លាញ
បច្ចាមិត្តព្រះអង្គស្រែករំពងគ្រប់ទីស្ថាន
ដែលព្រះអង្គធ្លាប់បានជួបនឹងយើងរៀងរាល់ថ្ងៃ
ពួកគេប្រៀបបានទៅផ្លែពូថៅអ្នកកាប់ព្រៃ
គេប្រឹងឥតសំចៃរៀងរាល់ថ្ងៃឥតឈប់ឈរ
គេយកផ្លែពូថៅវាយសំដៅក្បាច់ដ៏ល្អ
រចនាស្រស់បវរមិនឈប់ឈរមិនស្រណោះ
គេដុតទីសក្ការដ៏ថ្លៃថ្លាចោលទាំងអស់
បន្ថោកដំណាក់ព្រះជាអម្ចាស់ឥតមានក្រែង
១៩កុំប្រគល់ជីវិតរាស្រ្តកំសត់របស់ទ្រង់
ទៅក្នុងដៃពួកខ្មាំងបែរប្រឆាំងនឹងទ្រង់ឡើយ
២០សូមនឹងដល់សម្ពន្ធច្រើនជំនាន់យូរមកហើយ
រាស្ត្រភ័យព្រួយឥតស្បើយពាលនៅឡើយពាសពេញស្រុក
២២ឱព្រះជាម្ចាស់អើយកុំកន្តើយការពារផង
ព្រះនាមល្អឥតហ្មងពួកល្ងើល្ងង់ជេរខ្លាំងណាស់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៨,១៧

អាលេលូយ៉ា! អាលេលូយ៉ា!

ព្រះយេស៊ូបានទទួលយកភាពពិការរបស់យើង ព្រះអង្គក៏ទទួលយកជំងឺរបស់យើងដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៨,៥-១៧

នៅគ្រានោះ ព្រះយេស៊ូយាងចូលក្រុងកាផានុម។ មាននាយទាហានរ៉ូម៉ាំងម្នាក់ចូលមកគាល់ព្រះអង្គ ហើយទូលអង្វរថា៖ «លោកម្ចាស់! អ្នកបម្រើរបស់ខ្ញុំប្របាទដេកស្តូកស្តឹងនៅឯផ្ទះ ទាំងឈឺចុកចាប់យ៉ាងខ្លាំង»។ ព្រះអង្គមានព្រះបន្ទូលទៅលោកថា៖ «ខ្ញុំ​នឹងទៅមើលគាត់​ឱ្យបានជា»។ នាយទាហានទូលព្រះអង្គថា៖ «លោកម្ចាស់ ខ្ញុំ​ប្របាទមានឋានៈទន់ទាបណាស់ មិនសមនឹងលោកអញ្ជើញចូលក្នុងផ្ទះខ្ញុំប្របាទឡើយ សូមលោកគ្រាន់តែមានប្រសាសន៍តែមួយម៉ាត់ប៉ុណ្ណោះ អ្នកបម្រើរបស់ខ្ញុំប្របាទនឹងបាន​ជា​សះស្បើយមិនខាន។ ខ្ញុំប្របាទជាអ្នកនៅក្រោមបញ្ជាគេ ហើយក៏មានកូនទាហាននៅ​ក្រោមបញ្ជាខ្ញុំប្របាទដែរ បើខ្ញុំប្របាទបញ្ជាអ្នកណាម្នាក់ឱ្យទៅ គេនឹងទៅ បើប្រាប់​ម្នាក់ទៀតឱ្យមក គេនឹងមក។ ពេលខ្ញុំប្របាទប្រាប់អ្នកបម្រើឱ្យធ្វើការអ្វីមួយ គេនឹង​ធ្វើតាម» ។ កាលព្រះយេស៊ូទ្រង់ព្រះសណ្តាប់ដូច្នេះ ព្រះអង្គស្ងើចសរសើរណាស់ ហើយ​មានព្រះបន្ទូលទៅកាន់អស់អ្នកដែលដើរតាមព្រះអង្គថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំមិនដែលឃើញមនុស្សណាមានជំនឿបែបនេះនៅស្រុកអ៊ីស្រាអែល​ឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនពីទិសខាងកើត និងទិសខាងលិច មកចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យនៃស្ថានបរមសុខ ជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។ រីឯអស់អ្នកដែលព្រះជាម្ចាស់តម្រូវឱ្យ​ចូលក្នុងព្រះរាជ្យកាលពីមុន ព្រះជាម្ចាស់បែរជាដេញឱ្យទៅនៅខាងក្រៅ ក្នុងទីងងឹតវិញ ជាកន្លែងដែលគេយំសោកខឹងសង្កៀតធ្មេញ»។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូល​​​ទៅនាយទាហានរ៉ូម៉ាំងថា៖ «អញ្ជើញត្រឡប់ទៅវិញទៅ សុំឱ្យបានសម្រេចតាមជំនឿរបស់លោកចុះ!»។ អ្នកបម្រើក៏បានជាសះស្បើយនៅពេលនោះ។
បន្ទាប់មកទៀត ព្រះយេស៊ូយាងទៅផ្ទះលោកសិលា ទតឃើញម្តាយក្មេករបស់គាត់សម្រាន្តនៅលើគ្រែកំពុងគ្រុន។ ព្រះអង្គពាល់ដៃគាត់ គាត់ក៏បាត់គ្រុន ហើយក្រោកឡើងបម្រើព្រះអង្គ។
លុះដល់ល្ងាច គេនាំមនុស្សខ្មោចចូលជាច្រើននាក់មករកព្រះអង្គ ព្រះអង្គក៏ដេញខ្មោច ដោយមានព្រះបន្ទូល ហើយប្រោសអ្នកជំងឺឱ្យបានជាគ្រប់ៗគ្នា ស្របតាមសេចក្តីដែលព្យាការីអេសាយបានថ្លែងទុកមកថា៖ «ព្រះអង្គបានដកយកភាពពិការរបស់យើង ហើយព្រះអង្គក៏ទទួលយកជំងឺរបស់យើងដែរ»។

236 Views

Theme: Overlay by Kaira