ភាគទី១ ពិធីលើកតម្កើងព្រះបន្ទូល
ភាគទី២ ពិធីអរព្រះគុណដ៏វិសុទ្ធ
ពាក្យជូនពរចុងបញ្ចប់នៃអភិបូជា

ពាក្យជូនពរដ៏ឱឡារិក

  1. ពិធីប្រារព្ធតាមរដូវ​ផ្សេងៗ
    ១- រដូវអបអរសាទរព្រះគ្រីស្តយាងមក
    ២- ព្រះអម្ចាស់យេស៊ូប្រសូត
    ៣-ចូលឆ្នាំថ្មី
    ៤- បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ
    ៥- ព្រះអម្ចាស់សោយទុក្ខលំបាក
    ៦- រដូវបុណ្យចម្លង
    ៧- បុណ្យព្រះអម្ចាស់យាងឡើងស្ថានបរមសុខ
    ៨- ព្រះវិញ្ញាណដ៏វិសុទ្ធ
    ៩- រដូវធម្មតាទី ១
    ១០- រដូវធម្មតាទី ២
    ១១- រដូវធម្មតាទី ៣
    ១២- រដូវធម្មតាទី ៤
    ១៣- រដូវធម្មតាទី ៥
    ១៤- រដូវធម្មតាទី ៦
  2. បុណ្យ​គោរពសន្តបុគ្គល
    ១៥- បុណ្យគោរពព្រះនាងព្រហ្មចារិនីម៉ារី
    ១៦- សន្តសិលា និងសន្តប៉ូលជាគ្រីស្តទូត
    ១៧- ក្រុមគ្រីស្តទូត
    ១៨- សន្តបុគ្គលទាំងឡាយ
  3.  ពាក្យជូនពរ​ផ្សេងៗ
    ១៩- បុណ្យឆ្លងព្រះវិហារ
    ២០- បុណ្យមរណបុគ្គល

ពិធីទទួលព្រះកាយ និងព្រះលោហិត

តាមដំបូន្មានរបស់ព្រះយេស៊ូជាព្រះសង្រ្គោះ
និងតាមការប្រៀនប្រដៅរបស់ព្រះអង្គ យើងខ្ញុំហ៊ានទូលថា ៖
គ្រ.
ឱ ព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ !
សូមសម្តែងព្រះបារមីឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ
សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គ បានសម្រេចនៅលើផែនដី
ដូចនៅស្ថានបរមសុខដែរ។
សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យអស់អ្នក
ដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
សូមកុំបណ្តោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ។
តែសូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច។
ប.
ឱ ព្រះអម្ចាស់អើយ !
សូមប្រោសយើងខ្ញុំឱ្យរួចពីសេចក្តីអាក្រក់គ្រប់យ៉ាង
សូមឱ្យយើងខ្ញុំបានប្រកបដោយសេចក្តីសុខសាន្តក្នុងពេលរស់នៅសព្វថ្ងៃ
ដោយសារធម៌មេត្តាករុណារបស់ព្រះអង្គ
សូមឱ្យយើងខ្ញុំរួចពីបាបជានិច្ច និងផុតពីទុក្ខលំបាកទាំងឡាយ។
យើងខ្ញុំទន្ទឹងរង់ចាំសុភមង្គលតាមសេចក្តីសង្ឃឹមរបស់យើង
គឺជាថ្ងៃដែលព្រះយេស៊ូគ្រីស្តជាព្រះសង្រ្គោះទ្រង់យាងមក។

ដ្បិតព្រះអង្គគ្រងរាជ្យ ទ្រង់មានឫទ្ធានុភាព
និងសិរីរុងរឿងអស់កល្បជាអង្វែងតរៀងទៅ។


ឱ ព្រះអម្ចាស់យេស៊ូគ្រីស្តអើយ !
ព្រះអង្គមានព្រះបន្ទូលទៅកាន់ក្រុមគ្រីស្តទូតថា ៖
«ខ្ញុំទុកសេចក្តីសុខសាន្តឱ្យអ្នករាល់គ្នា
ខ្ញុំផ្តល់សេចក្តីសុខសាន្តរបស់ខ្ញុំឱ្យអ្នករាល់គ្នា»។
សូមព្រះអង្គកុំប្រកាន់ទោសរបស់យើងខ្ញុំឡើយ
តែសូមទ្រង់ឈ្វេងយល់ នូវជំនឿរបស់ព្រះសហគមន៍ព្រះអង្គវិញ។
សូមព្រះអង្គសព្វព្រះហឫទ័យប្រទានឱ្យព្រះសហគមន៍
បានប្រកបដោយសេចក្តីសុខសាន្ត និងបានមូលផ្តុំគ្នាជាធ្លុងតែមួយ។
ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
គ្រ.អាម៉ែន។
ប.សូមឱ្យសេចក្តីសុខសាន្តរបស់ព្រះអម្ចាស់ គង់នៅជាមួយបងប្អូន។
គ្រ.ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
ប.សូមបងប្អូនជូនសេចក្តីសុខសាន្ត ចំពោះគ្នាទៅវិញទៅមក។
សូមឱ្យព្រះកាយ និងព្រះលោហិតរបស់ព្រះយេស៊ូគ្រីស្ត
ជាអម្ចាស់យើងខ្ញុំ ដែលរួមគ្នាក្នុងពែងនេះ
ផ្តល់ជីវិតអស់កល្បជានិច្ច ដល់យើងខ្ញុំជាអ្នកទទួលព្រះកាយ។
គ្រ.
ឱ កូនចៀមរបស់ព្រះជាម្ចាស់ ដែលដកបាបនៃពិភពលោក
សូមអាណិតអាសូយើងខ្ញុំ។
ឱ កូនចៀមរបស់ព្រះជាម្ចាស់ ដែលដកបាបនៃពិភពលោក
សូមអាណិតអាសូរយើងខ្ញុំ។
ឱ កូនចៀមរបស់ព្រះជាម្ចាស់ ដែលដកបាបនៃពិភពលោក
សូមប្រទានសេចក្តីសុខសាន្តឱ្យយើងខ្ញុំ។
ប.
ឱ ព្រះអម្ចាស់យេស៊ូគ្រីស្ត !
ជាព្រះបុត្រានៃព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ
ព្រះអង្គប្រទានជីវិតឱ្យពិភពលោកទាំងមូល
ដោយសោយទិវង្គត តាមព្រះហឫទ័យព្រះបិតា
និងដោយឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ។
សូមរំដោះខ្ញុំឱ្យរួចផុតពីបាប និងសេចក្តីអាក្រក់ទាំងឡាយ
ដោយសារព្រះកាយ និងព្រះលោហិតដ៏វិសុទ្ធបំផុតរបស់ព្រះអង្គ។
សូមឱ្យខ្ញុំប្រព្រឹត្តតាមឱវាទរបស់ព្រះអង្គជានិច្ច កុំឱ្យខ្ញុំឃ្លាតឆ្ងាយពីព្រះអង្គឡើយ។
ប.បពិត្រព្រះអម្ចាស់យេស៊ូគ្រីស្ត !
សូមឱ្យខ្ញុំដែលទទួលព្រះកាយ និងព្រះលោហិតរបស់ព្រះអង្គ
មិនមានទោស និងមិនទទួលទណ្ឌកម្មឡើយ
ផ្ទុយទៅវិញ តាមព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
សូមឱ្យព្រះកាយ និងព្រះលោហិតទៅជាឱសថការពារ
និងព្យាបាលវិញ្ញាណព្រមទាំងរូបកាយរបស់ខ្ញុំ។

នេះជាកូនចៀមរបស់ព្រះជាម្ចាស់
នេះជាព្រះអង្គដែលដកបាបនៃពិភពលោក។
អ្នកណាដែលព្រះជាម្ចាស់បានត្រាស់ហៅ
ឱ្យមកចូលរួមក្នុងពិធីជប់លៀងរបស់កូនចៀម
អ្នកនោះពិតជាមានសុភមង្គលហើយ។
គ្រ.
ឱ ព្រះអម្ចាស់អើយ !
ខ្ញុំមិនសមនឹងទទួលព្រះអង្គក្នុងផ្ទះខ្ញុំទេ
តែសូមព្រះអង្គមានព្រះបន្ទូលតែមួយព្រះឱស្ឋមក
នោះព្រលឹងខ្ញុំនឹងជាសះស្បើយ។
ប.សូមព្រះកាយព្រះគ្រីស្តរក្សាខ្ញុំទុកក្នុងជីវិតអស់កល្បជានិច្ច។
សូមព្រះលោហិតព្រះគ្រីស្តរក្សាខ្ញុំទុកក្នុងជីវិតអស់កល្បជានិច្ច។

ប. ព្រះកាយព្រះគ្រីស្ត។ (ព្រះលោហិតព្រះគ្រីស្ត)
គ្រ. អាម៉ែន!
ប.បពិត្រព្រះអម្ចាស់ !
សូមឱ្យយើងខ្ញុំទទួលដោយចិត្តបរិសុទ្ធ
នូវអ្វីដែលយើងខ្ញុំបានទទួលតាមមាត់
សូមឱ្យព្រះអំណោយទាននាបច្ចុប្បន្ននេះ
ទៅជាឱសថផ្តល់ជីវិតអស់កល្បជានិច្ចដល់យើងខ្ញុំ។

សូមបងប្អូនតាំងចិត្តអធិដ្ឋាន…
គ្រ.អាម៉ែន។

ពិធីបញ្ចប់

បើមានព័ត៌មាន សូមប្រកាសនៅពេលនេះ។
ប.សូមព្រះអម្ចាស់គង់នៅជាមួយបងប្អូន។
គ្រ.ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
ប.សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ
ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
គ្រ.អាម៉ែន។
ពេលលោកអភិបាល ជាអធិបតីក្នុងពិធីបុណ្យឱឡារិក
លោកពាក់មួកអភិបាល ហើយលាតដៃទាំងពោលថា ៖
អភិ.សូមព្រះអម្ចាស់គង់នៅជាមួយបងប្អូន។
គ្រ.ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
អភិ.សូមលើកត​ម្កេីងព្រះនាមព្រះអម្ចាស់។
គ្រ.តាំងពីពេលនេះ រហូតតទៅ។
អភិ.យើងខ្ញុំទទួលការសង្រ្គោះ មកពីព្រះនាមព្រះអម្ចាស់។
គ្រ.ជាព្រះដែលបានបង្កើតមេឃ និងដី។
ប្រសិនបើក្នុងពិធីមានដំបងគង្វាល លោកអភិបាលជាអធិបតីកាន់ដំបងគង្វាលនោះ ហើយពោលថា ៖
អភិ.សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ
ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រានិងព្រះវិញ្ញាណដ៏វិសុទ្ធ។
គ្រ.អាម៉ែន។
ប.អភិបូជាចប់ហើយ ព្រះជាម្ចាស់ចាត់បងប្អូនឱ្យទៅ។

សូមអញ្ជើញទៅ និងប្រកាសដំណឹងល្អរបស់ព្រះអម្ចាស់។

សូមអញ្ជើញឱ្យបានសុខសាន្ត
និងលើកត​ម្កេីងសិរីរុងរឿងព្រះអម្ចាស់ ក្នុងជីវិតរបស់បងប្អូន។

សូមអស់បងប្អូនអញ្ជើញឱ្យបានសុខសាន្ត។
គ្រ.សូមអរព្រះគុណព្រះជាម្ចាស់។

ពាក្យជូនពរចុងបញ្ចប់នៃអភិបូជា

ពាក្យជូនពរដ៏ឱឡារិក

ពាក្យជូនពរនេះ ប្រើក្នុងឱកាសអភិបូជា ឬពិធីលើកតម្កើងព្រះបន្ទូលព្រះអង្គ ឬពេលស្មូត្រទំនុកតម្កើងតាមកាលកំណត់ ឬនៅពេលប្រារព្ធអគ្គសញ្ញាផ្សេងៗ។
លោកឧបដ្ឋាក ឬបូជាចារ្យម្នាក់អញ្ជើញអង្គប្រជុំដោយពោលថា សូមបងប្អូន ឱនក្បាលត្រៀមខ្លួនទទួលព្រះពរ។ បន្ទាប់មកលោកបូជាចារ្យទ្រាបដៃលើ អង្គប្រជុំ ដោយពោលពាក្យជូនពរ ហើយឆ្លើយ ៖ អាម៉ែន

I. ពិធីប្រារព្ធតាមរដូវ​ផ្សេងៗ

១- រដូវអបអរសាទរព្រះគ្រីស្តយាងមក

ឱព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងពោរពេញដោយធម៌មេត្តាករុណាអើយ ! ព្រះអង្គចាត់ព្រះបុត្រាតែមួយរបស់ព្រះអង្គឱ្យយាងមកសង្គ្រោះយើងខ្ញុំ និងប្រោសឱ្យអស់អ្នកជឿរង់ចាំព្រះបុត្រាយាងត្រឡប់មកវិញ។ ដោយសារព្រះគ្រីស្តយាងមកយ៉ាងរុងរឿង សូមបន្សុទ្ធយើងខ្ញុំ និងប្រោសឱ្យយើងខ្ញុំបានទទួលព្រះពរយ៉ាងបរិបូណ៌ផង។
ឆ្លើយ ៖ អាម៉ែន!

សូមព្រះជាម្ចាស់ពង្រឹងជំនឿបងប្អូន និងប្រទានអំណរសប្បាយក្នុងសេចក្តីសង្ឃឹម និងប្រោសឱ្យបងប្អូនមានចិត្តមេត្តាករុណាក្នុងដំណើរជីវិតជារៀងរាល់ថ្ងៃ។
ឆ្លើយ ៖ អាម៉ែន

សូមឱ្យបងប្អូនដែលមានអំណរសប្បាយ ដោយជាប់ចិត្តនឹងព្រះសង្គ្រោះ ដែលយាងមកក្នុងសាច់ឈាមជាមនុស្ស បានទទួលរង្វាន់នៃជីវិតអស់កល្បជានិច្ច នៅពេលដែលព្រះអង្គយាងមកម្តងទៀតប្រកបដោយឫទ្ធានុភាព។
ឆ្លើយ ៖ អាម៉ែន

សូមព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពសព្វប្រការប្រទានពរ គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ យាងចុះមក
គង់នៅជាមួយបងប្អូនអស់កល្បជាអង្វែងតរៀងទៅ។
ឆ្លើយ ៖ អាម៉ែន

២- ព្រះអម្ចាស់យេស៊ូប្រសូត

ដោយសារព្រះបុត្រាបានចាប់កំណើតជាមនុស្ស ព្រះអង្គកម្ចាត់ភាពងងឹតចេញពីពិភពលោក ដោយសារព្រះបុត្រាប្រសូតយ៉ាងរុងរឿង ព្រះអង្គបំភ្លឺយប់ (ថ្ងៃ)ដ៏វិសុទ្ធនេះ សូមព្រះជាម្ចាស់ដ៏សប្បុរសក្រៃលែង កម្ចាត់ភាពងងឹតនៃគ្រប់អំពើអាក្រក់ឱ្យឆ្ងាយពីបងប្អូន និងបំភ្លឺចិត្តគំនិតបងប្អូនឱ្យប្រកបដោយរស្មីនៃគុណធម៌។
ឆ្លើយ ៖ អាម៉ែន

បពិត្រព្រះជាម្ចាស់ ព្រះអង្គសព្វព្រះហឫទ័យឱ្យទេវទូតប្រកាសអំពីអំណរសប្បាយដល់ពួកគង្វាលថា ព្រះបុត្រាបានប្រសូតហើយ។
សូមព្រះអង្គបំពេញចិត្តគំនិតរបស់បងប្អូនឱ្យមានអំណរសប្បាយ ដែលមកពីព្រះអង្គ និងប្រោសឱ្យបងប្អូនទៅជាអ្នកប្រកាសដំណឹងល្អរបស់ព្រះអង្គ។
ឆ្លើយ ៖ អាម៉ែន

បពិត្រព្រះជាម្ចាស់ ដោយសារព្រះបុត្រាបានប្រសូតជាមនុស្ស ព្រះអង្គបានភ្ជាប់ផែនដីជាមួយនឹងស្ថានបរមសុខ និងប្រោសឱ្យបងប្អូនបានពោរពេញទៅដោយសេចក្តីសុខសាន្ត។ សូមព្រះអង្គប្រោសឱ្យបងប្អូនចូលរួមក្នុងព្រះសហគមន៍ នៅស្ថានបរមសុខផង។
ឆ្លើយ ៖ អាម៉ែន

សូមព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពសព្វប្រការប្រទានពរ គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ យាងចុះមកគង់នៅជាមួយបងប្អូនអស់កល្បជាអង្វែងតរៀងទៅ។
ឆ្លើយ ៖ អាម៉ែន

៣-ចូលឆ្នាំថ្មី

បពិត្រព្រះជាម្ចាស់ ព្រះអង្គជាប្រភពនៃព្រះពរទាំងអស់ សូមព្រះអង្គចាក់បង្ហូរព្រះពរយ៉ាងបរិបូណ៌លើបងប្អូន និងសូមថែរក្សាការពារបងប្អូនឱ្យបានសុខសាន្ត ក្នុងរយៈពេលពេញមួយឆ្នាំនេះ។
ឆ្លើយ ៖ អាម៉ែន

សូមព្រះអង្គប្រទានឱ្យបងប្អូនមានចិត្តស្មោះត្រង់ក្នុងជំនឿ ចេះស៊ូទ្រាំក្នុងសេចក្តីសង្ឃឹម និងមានចិត្តសប្បុរសធម៌យ៉ាងខ្ជាប់ខ្ជួនដោយអត់ធ្មត់រហូតដល់ទីបញ្ចប់នៃជីវិត។
ឆ្លើយ ៖ អាម៉ែន

សូមព្រះអង្គប្រទានសេចក្តីសុខសាន្តដល់បងប្អូនគ្រប់ពេលវេលា និងគ្រប់កិច្ចការរបស់បងប្អូន។ សូមព្រះអង្គសណ្តាប់ពាក្យទូលអង្វររបស់បងប្អូននៅទីនេះ និងនៅគ្រប់ទីកន្លែង ហើយសូមនាំបងប្អូនទៅកាន់ជីវិតអស់កល្បជានិច្ច ទាំងមានចិត្តរីករាយ។
ឆ្លើយ ៖ អាម៉ែន

សូមព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពសព្វប្រការប្រទានពរ គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ យាងចុះមកគង់នៅជាមួយបងប្អូនអស់កល្បជាអង្វែងតរៀងទៅ។
ឆ្លើយ ៖ អាម៉ែន

៤-បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ

បពិត្រព្រះជាម្ចាស់ ព្រះអង្គបានត្រាស់ហៅបងប្អូនឱ្យចេញពីភាពងងឹត ចូលទៅក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។ សូមព្រះអង្គសព្វព្រះហឫទ័យចាក់បង្ហូរព្រះពរលើបងប្អូន និងប្រោសឱ្យបងប្អូនមានចិត្តរឹងមាំក្នុងជំនឿ សេចក្តីសង្ឃឹម និងធម៌មេត្តាករុណា។
ឆ្លើយ ៖ អាម៉ែន

ដោយហេតុថាបងប្អូនអង់អាចដើរតាមព្រះគ្រីស្តដែលទ្រង់សម្តែងព្រះអង្គក្នុងលោកនេះ ជាពន្លឺបំភ្លឺក្នុងភាពងងឹត សូមព្រះជាម្ចាស់ប្រោសបងប្អូនឱ្យទៅជាពន្លឺដល់អស់មនុស្សលោក។
ឆ្លើយ ៖ អាម៉ែន

នៅពេលដែលបងប្អូនបានបញ្ចប់បូជនីយចរណ៍ សូមឱ្យបងប្អូនបានវិលទៅរកព្រះអង្គ គឺព្រះគ្រីស្តជាព្រះអម្ចាស់ ជាពន្លឺដែលមកពីពន្លឺ ដូចហោរាចារ្យបានស្វែងរកដោយធ្វើដំណើរតាមផ្កាយ ហើយគេបានឃើញដោយចិត្តអំណរសប្បាយ។
ឆ្លើយ ៖ អាម៉ែន

សូមព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពសព្វប្រការប្រទានពរ គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ យាងចុះមកគង់នៅជាមួយបងប្អូនអស់កល្បជាអង្វែងតរៀងទៅ។
ឆ្លើយ ៖ អាម៉ែន

៥-ព្រះអម្ចាស់សោយទុក្ខលំបាក

បពិត្រព្រះជាម្ចាស់ ជាព្រះបិតាប្រកបដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គបានប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គ ឱ្យសោយទុក្ខលំបាក ទុកជាគំរូនៃសេចក្តីស្រឡាញ់សម្រាប់បងប្អូន។ សូមព្រះអង្គប្រទានព្រះអំណោយទានដែលជាព្រះពរដល់បងប្អូនដែលបម្រើព្រះជាម្ចាស់ និងអ្នកដទៃ។
ឆ្លើយ ៖ អាម៉ែន

តាមរយៈព្រះបុត្រាសោយទិវង្គតនៅលើផែនដីនេះ បងប្អូនជឿថា បងប្អូនជៀសផុតពីមរណភាពអស់កល្បជានិច្ច សូមព្រះអង្គប្រទានរង្វាន់នៃជីវិតអស់កល្បជានិច្ចដល់បងប្អូន។
ឆ្លើយ ៖ អាម៉ែន

ដោយបងប្អូនដើរតាមគំរូដែលព្រះបុត្រាបានបន្ទាបខ្លួន សូមឱ្យបងប្អូនរស់ឡើងវិញរួមជាមួយព្រះអង្គ។
ឆ្លើយ ៖ អាម៉ែន

សូមព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពសព្វប្រការប្រទានពរ គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះមក គង់នៅជាមួយបងប្អូនអស់កល្បជាអង្វែងតរៀងទៅ។
ឆ្លើយ ៖ អាម៉ែន

៦- រដូវបុណ្យចម្លង

បពិត្រព្រះជាម្ចាស់ តាមរយៈព្រះបុត្រាតែមួយរបស់ព្រះអង្គមានព្រះជន្មរស់ឡើងវិញ ព្រះអង្គគាប់ព្រះហឫទ័យប្រទានព្រះអំណោយទាន គឺលោះ និងប្រោសឱ្យបងប្អូនទៅជាបុត្រធីតារបស់ព្រះអង្គ។ សូមព្រះអង្គប្រទានពរឱ្យបងប្អូនមានអំណរសប្បាយ។
ឆ្លើយ ៖ អាម៉ែន

បងប្អូនបានទទួលសេរីភាពអស់កល្បជានិច្ច ដែលជាព្រះអំណោយទាន ដោយព្រះអង្គបានលោះបងប្អូន។ សូមព្រះអង្គប្រទានមរតកអស់កល្បជានិច្ចដល់បងប្អូន។
ឆ្លើយ ៖ អាម៉ែន

តាមរយៈជំនឿ បងប្អូនបានរស់ឡើងវិញរួមជាមួយព្រះគ្រីស្ត នៅក្នុងអគ្គសញ្ញាជ្រមុជទឹក។ ដោយបងប្អូនរស់នៅតាមរបៀបសុចរិតនៅលើផែនដីនេះ សូមព្រះអង្គប្រោសឱ្យបងប្អូនបានរស់នៅរួមជាមួយព្រះអង្គនៅឯស្ថានបរមសុខ ដែលជាមាតុភូមិរបស់ព្រះអង្គផង។
ឆ្លើយ ៖ អាម៉ែន

សូមព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពសព្វប្រការប្រទានពរ គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះមក គង់នៅជាមួយបងប្អូនអស់កល្បជាអង្វែងតរៀងទៅ។
ឆ្លើយ ៖ អាម៉ែន

៧- បុណ្យព្រះអម្ចាស់យាងឡើងស្ថានបរមសុខ

សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានពរដល់បងប្អូននៅថ្ងៃនេះ ជាថ្ងៃដែលព្រះបុត្រាតែមួយគត់របស់ព្រះអង្គ បានទម្លុះទម្លាយចូលស្ថានបរមសុខ និងបើកផ្លូវឱ្យបងប្អូនឡើងទៅកាន់កន្លែងដែលព្រះអង្គគង់នៅ។
ឆ្លើយ ៖ អាម៉ែន

ព្រះជាម្ចាស់បានប្រោសឱ្យគ្រីស្តទូតឃើញព្រះគ្រីស្តយ៉ាងច្បាស់ បន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ នៅពេលយាងមក​កាត់ក្តី សូមឱ្យព្រះគ្រីស្តសម្តែងព្រះហឫទ័យប្រណីសន្តោសអស់កល្បជានិច្ចដល់បងប្អូន។
ឆ្លើយ ៖ អាម៉ែន

បងប្អូនជឿថា ព្រះគ្រីស្តគង់នៅជាមួយព្រះបិតា ក្នុងព្រះរាជ្យព្រះអង្គ សូមឱ្យបងប្អូនមានអំណរសប្បាយដោយដឹងថា ព្រះបន្ទូលសន្យាបានកើតជារូបរាងហើយ គឺព្រះគ្រីស្តគង់នៅជាមួយបងប្អូនរហូតដល់អវសានកាល។
ឆ្លើយ ៖ អាម៉ែន

សូមព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពសព្វប្រការប្រទានពរ គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ យាងចុះមកគង់នៅជាមួយបងប្អូនអស់កល្បជាអង្វែងតរៀងទៅ។
ឆ្លើយ ៖ អាម៉ែន

៨- ព្រះវិញ្ញាណដ៏វិសុទ្ធ

បពិត្រព្រះជាម្ចាស់ជាព្រះបិតាប្រកបដោយពន្លឺ ព្រះអង្គសព្វព្រះហឫទ័យបំភ្លឺចិត្តគំនិតក្រុមគ្រីស្តទូត ដោយបង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធលើគេ។ សូមព្រះអង្គប្រទានឱ្យបងប្អូនមានអំណរសប្បាយ និងប្រោសឱ្យបងប្អូនបានពោរពេញដោយព្រះអំណោយទានផ្សេងៗ ដែលមកពីព្រះវិញ្ញាណតែមួយ។
ឆ្លើយ ៖ អាម៉ែន

សូមឱ្យអណ្តាតភ្លើងដ៏អស្ចារ្យ ដែលចុះមកសណ្ឋិតលើគ្រីស្តទូត ជម្រះចិត្តគំនិតបងប្អូនឱ្យរួចផុតពីអំពើអាក្រក់ទាំងឡាយ និងឱ្យបានពោរពេញដោយពន្លឺដ៏បរិសុទ្ធ។
ឆ្លើយ ៖ អាម៉ែន

ព្រះអង្គគាប់ព្រះហឫទ័យឱ្យអណ្តាតទាំងឡាយប្រកាសជំនឿតែមួយ។ សូមព្រះអង្គប្រោសឱ្យបងប្អូនមានចិត្តតស៊ូក្នុងជំនឿតែមួយ
និងធ្វើដំណើរពីសេចក្តីសង្ឃឹមឈានទៅមានទស្សនវិស័យច្បាស់លាស់។
ឆ្លើយ ៖ អាម៉ែន

សូមព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពសព្វប្រការប្រទានពរ គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ យាងចុះមក
គង់នៅជាមួយបងប្អូនអស់កល្បជាអង្វែងតរៀងទៅ។
ឆ្លើយ ៖ អាម៉ែន

៩- រដូវធម្មតាទី ១

សូមព្រះជាម្ចាស់ប្រទានពរ និងថែរក្សាការពារបងប្អូន ។
ឆ្លើយ ៖ អាម៉ែន

សូមព្រះអង្គចាំងពន្លឺនៃព្រះភក្រ្តព្រះអង្គលើបងប្អូននិងបង្ហាញធម៌មេត្តាករុណាដល់បងប្អូនផង។
ឆ្លើយ ៖ អាម៉ែន

សូមព្រះអង្គបែរព្រះភក្ត្រទៅរកបងប្អូននិងផ្តល់សេចក្តីសុខសាន្តដល់បងប្អូនផង។
ឆ្លើយ ៖ អាម៉ែន

សូមព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពសព្វប្រការប្រទានពរ គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះមក គង់នៅជាមួយបងប្អូនអស់កល្បជាអង្វែងតរៀងទៅ។
ឆ្លើយ ៖ អាម៉ែន

១០- រដូវធម្មតាទី ២

សូមព្រះជាម្ចាស់ប្រទានសេចក្តីសុខសាន្ដដែលហួសពីចំណេះដឹង ដោយព្រះអង្គរក្សាដួងចិត្តនិងគំនិតរបស់បងប្អូន ក្នុងព្រះហឫទ័យ
និងក្នុងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ និងព្រះយេស៊ូគ្រីស្តជាអម្ចាស់ ជាព្រះបុត្រារបស់ព្រះអង្គ។
ឆ្លើយ ៖ អាម៉ែន

សូមព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពសព្វប្រការប្រទានពរ គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះមក គង់នៅជាមួយបងប្អូនអស់កល្បជាអង្វែងតរៀងទៅ។
ឆ្លើយ ៖ អាម៉ែន

១១- រដូវធម្មតាទី ៣

សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការប្រទានពរដល់បងប្អូន ឱ្យរស់នៅក្នុងព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ និងសូមចាក់បង្ហូរព្រះប្រាជ្ញាញាណនៃការសង្គ្រោះពីលើបងប្អូនផង។
ឆ្លើយ ៖ អាម៉ែន

សូមព្រះអង្គបីបាច់ថែរក្សាបងប្អូនជានិច្ចដោយប្រៀនប្រដៅតាមជំនឿ និងប្រោសឱ្យបងប្អូនមានចិត្តតស៊ូក្នុងកិច្ចការប្រចាំថ្ងៃផង។
ឆ្លើយ ៖ អាម៉ែន

សូមព្រះអង្គប្រោសបងប្អូនឱ្យវិលត្រឡប់ទៅរកព្រះអង្គ ហើយសូមបង្ហាញមាគ៌ានៃធម៌មេត្តាករុណា និងសេចក្តីសុខសាន្តដល់បងប្អូនផង។
ឆ្លើយ ៖ អាម៉ែន

សូមព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពសព្វប្រការប្រទានពរ គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះមក គង់នៅជាមួយបងប្អូនអស់កល្បជាអង្វែងតរៀងទៅ។
ឆ្លើយ ៖ អាម៉ែន

១២- រដូវធម្មតាទី ៤

បពិត្រព្រះជាម្ចាស់ ដែលតែងតែលើកទឹកចិត្តបងប្អូន សូមព្រះអង្គប្រទានសេចក្តីសុខសាន្តជាប្រចាំ និងអំណោយទានផ្សេងៗដែលជាព្រះពររបស់ព្រះអង្គដល់បងប្អូន។
ឆ្លើយ ៖ អាម៉ែន

សូមព្រះជាម្ចាស់ប្រោសបងប្អូន ឱ្យរួចផុតពីទុក្ខព្រួយទាំងឡាយ គ្រប់ពេលវេលា និងរក្សាដួងចិត្តរបស់បងប្អូនទុកក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គ។
ឆ្លើយ ៖ អាម៉ែន

សូមឱ្យបងប្អូនមានជោគជ័យក្នុងគ្រប់កិច្ចការ ពោរពេញទៅដោយសេចក្តីសង្ឃឹម ជំនឿក្នុងដំណើរជីវិត និងមានចិត្តមេត្តាករុណា ព្រមទាំងមានអំណរសប្បាយ ឆ្ពោះទៅកាន់ជីវិតអស់កល្បជានិច្ច។
ឆ្លើយ ៖ អាម៉ែន

សូមព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពសព្វប្រការប្រទានពរ គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះមក គង់នៅជាមួយបងប្អូនអស់កល្បជាអង្វែងតរៀងទៅ។
ឆ្លើយ ៖ អាម៉ែន

១៣- រដូវធម្មតាទី ៥

សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រោសបងប្អូនឱ្យឃ្លាតឆ្ងាយពីទុក្ខលំបាកគ្រប់បែបយ៉ាង និងដោយព្រះហឫទ័យដ៏សប្បុរស សូមព្រះអង្គបង្ហូរព្រះអំណោយទានដែលជាព្រះពរដល់បងប្អូនផង។
ឆ្លើយ ៖ អាម៉ែន

សូមព្រះជាម្ចាស់ប្រោសឱ្យបងប្អូនយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូល ព្រះអង្គ និងឱ្យបងប្អូនមានអំណរសប្បាយអស់កល្បជានិច្ច។
ឆ្លើយ ៖ អាម៉ែន

សូមឱ្យបងប្អូនយល់ដឹងនូវអ្វីដែលល្អ និងត្រឹមត្រូវ ហើយរួសរាន់ស្វែងរក តាមមាគ៌ានៃវិន័យរបស់ព្រះជាម្ចាស់ ដើម្បីទទួលមរតករួមជាមួយប្រជារាស្ត្ររបស់ព្រះអង្គក្នុងស្ថានបរមសុខ។
ឆ្លើយ ៖ អាម៉ែន

សូមព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពសព្វប្រការប្រទានពរ គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះមក គង់នៅជាមួយបងប្អូនអស់កល្បជាអង្វែងតរៀងទៅ។
ឆ្លើយ ៖ អាម៉ែន

១៤- រដូវធម្មតាទី ៦

សូមព្រះជាម្ចាស់ប្រទានពរគ្រប់បែបយ៉ាងពីស្ថានបរមសុខដល់បងប្អូន ដើម្បីឱ្យបងប្អូនទៅជាជនដ៏វិសុទ្ធ និងស្អាតស្អំនៅចំពោះព្រះភក្ត្រព្រះអង្គ។ សូមព្រះអង្គបង្ហូរសិរីរុងរឿងដ៏លើសលប់របស់ព្រះអង្គលើបងប្អូន និងប្រៀនប្រដៅបងប្អូនដោយសេចក្តីពិត។ សូមព្រះអង្គបង្រៀនបងប្អូនអំពីព្រះបន្ទូលដំណឹងល្អនៃការសង្គ្រោះ និងប្រទានឱ្យបងប្អូនមានចិត្តមេត្តាករុណាចំពោះគ្នាទៅវិញទៅ​មក។
ឆ្លើយ ៖ អាម៉ែន

សូមព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពសព្វប្រការប្រទានពរ គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ យាងចុះមក គង់នៅជាមួយបងប្អូនអស់កល្បជាអង្វែងតរៀងទៅ។
ឆ្លើយ ៖ អាម៉ែន

II. បុណ្យ​គោរពសន្តបុគ្គល

១៥- បុណ្យគោរពព្រះនាងព្រហ្មចារិនីម៉ារី

ឱព្រះជាម្ចាស់អើយ! ព្រះអង្គសព្វព្រះហឫទ័យលោះមនុស្សជាតិ តាមរយៈព្រះនាងព្រហ្មចារិនីម៉ារីបានប្រសូតព្រះបុត្រា។ សូមព្រះអង្គប្រទានព្រះពរយ៉ាងបរិបូណ៌ដល់បងប្អូន។
ឆ្លើយ ៖ អាម៉ែន

សូមឱ្យបងប្អូនទទួលស្គាល់ថា ព្រះនាងម៉ារីជួយថែរក្សាបងប្អូនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ សូមព្រះអង្គប្រោសឱ្យបងប្អូនមានកិត្តិយស សមនឹងទទួលព្រះបុត្រាជាប្រភពនៃជីវិតតាមរយៈព្រះនាងម៉ារី។
ឆ្លើយ ៖ អាម៉ែន

សូមឱ្យបងប្អូនដែលរួបរួមគ្នាដោយជាប់ចិត្តនឹងព្រះអង្គនៅថ្ងៃនេះ បានទទួលព្រះអំណោយទាននៃអំណរសប្បាយខាងវិញ្ញាណ និងទទួលរង្វាន់នៃស្ថានបរមសុខនៅពេលត្រឡប់ទៅវិញ។
ឆ្លើយ ៖ អាម៉ែន

សូមព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពសព្វប្រការប្រទានពរ គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះមក គង់នៅជាមួយបងប្អូនអស់កល្បជាអង្វែងតរៀងទៅ។
ឆ្លើយ ៖ អាម៉ែន

១៦- សន្តសិលា និងសន្តប៉ូលជាគ្រីស្តទូត

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ព្រះអង្គបានប្រោសឱ្យបងប្អូនមានភាពខ្ជាប់ខ្ជួនក្នុងជំនឿ តាមរបៀបដែលសន្តសិលាបានប្រកាសជំនឿអំពីការសង្គ្រោះ។ តាមរយៈការប្រកាសជំនឿនោះ សូមព្រះអង្គប្រោសឱ្យបងប្អូនស្ថិតនៅលើផ្ទាំងសិលាដ៏រឹងមាំនៃ​ជំនឿរបស់ព្រះសហគមន៍ផង។
ឆ្លើយ ៖ អាម៉ែន

ព្រះជាម្ចាស់បានប្រោសសន្តប៉ូលឱ្យប្រកាសព្រះបន្ទូលព្រះអង្គ ដោយគ្មាននឿយណាយឡើយ។ សូមព្រះអង្គប្រៀនប្រដៅ ឱ្យបងប្អូនចេះប្រមែប្រមូលអ្នកឯទៀតៗមករកព្រះគ្រីស្តតាមគំរូសន្តប៉ូលផង។
ឆ្លើយ ៖ អាម៉ែន

តាមរយៈកូនសោររបស់សន្តសិលា និងដោយការប្រៀនប្រដៅរបស់សន្តប៉ូល រួមជាមួយពាក្យទូលអង្វររបស់លោកទាំងពីរ សូមព្រះជាម្ចាស់ណែនាំបងប្អូនឱ្យមានអំណរសប្បាយឆ្ពោះទៅកាន់មាតុភូមិដែលសន្តសិលាបានទទួលដោយសារឈើឆ្កាងនិងសន្តប៉ូលបានបូជាជីវិតដោយមុខដាវ។
ឆ្លើយ ៖ អាម៉ែន

សូមព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពសព្វប្រការប្រទានពរ គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះមក គង់នៅជាមួយបងប្អូនអស់កល្បជាអង្វែងតរៀងទៅ។
ឆ្លើយ ៖ អាម៉ែន

១៧- ក្រុមគ្រីស្តទូត

បពិត្រព្រះជាម្ចាស់ដែលបានប្រោសបងប្អូនឱ្យឈរយ៉ាងរឹងមាំលើគ្រឹះរបស់គ្រីស្តទូត សូមព្រះអង្គប្រទានពរដល់បងប្អូនតាមរយៈពាក្យទូលអង្វររបស់(នាម និងនាម…) ជាគ្រីស្តទូតដ៏វិសុទ្ធ។
ឆ្លើយ ៖ អាម៉ែន

ព្រះជាម្ចាស់បានប្រទានការប្រៀនប្រដៅ និងគំរូរស់នៅរបស់ក្រុមគ្រីស្តទូតដល់បងប្អូន។ សូមព្រះអង្គប្រោសឱ្យបងប្អូនធ្វើជាសាក្សីនៃសេចក្តីពិតនៅចំពោះមុខមនុស្សលោក ដោយមានការគាំទ្រពីក្រុមគ្រីស្តទូតផង។
ឆ្លើយ ៖ អាម៉ែន

តាមរយៈពាក្យទូលអង្វរ និងការប្រៀនប្រដៅរបស់ក្រុមគ្រីស្តទូត សូមឱ្យបងប្អូនទទួលមាតុភូមិអស់កល្បជានិច្ចទុកជាមរតក និងមានជំនឿរឹងមាំ។
ឆ្លើយ ៖ អាម៉ែន

សូមព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពសព្វប្រការប្រទានពរ គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះមក គង់នៅជាមួយបងប្អូនអស់កល្បជាអង្វែងតរៀងទៅ។
ឆ្លើយ ៖ អាម៉ែន

១៨- សន្តបុគ្គលទាំងឡាយ

បពិត្រព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿង និងជាអំណរសប្បាយនៃសន្តបុគ្គលទាំងឡាយ ព្រះអង្គបានប្រោសបងប្អូនឱ្យមានភាពរឹងមាំ តាមរយៈពាក្យទូលអង្វររបស់សន្តបុគ្គល។ សូមព្រះអង្គប្រទានពរ គឺជាព្រះពរអស់កល្បជានិច្ចដល់បងប្អូន ។
ឆ្លើយ ៖ អាម៉ែន

តាមរយៈពាក្យទូលអង្វររបស់សន្តបុគ្គលទាំងឡាយ សូមឱ្យបងប្អូនរួចផុតពីគ្រប់ការលំបាកនាពេលសព្វថ្ងៃ និងសូមឱ្យបងប្អូនរស់នៅតាមគំរូនៃរបៀបរស់នៅដ៏វិសុទ្ធរបស់សន្តបុគ្គល។ សូមប្រោសឱ្យបងប្អូនជាប់ចិត្តនឹងព្រះជាម្ចាស់ ដោយបម្រើព្រះអង្គ និងអ្នកដទៃ។
ឆ្លើយ ៖ អាម៉ែន

រួមជាមួយសន្តបុគ្គលទាំងឡាយ សូមឱ្យបងប្អូនទទួលអំណរសប្បាយនៅក្នុងមាតុភូមិ ជាកន្លែងដែលព្រះសហគមន៍មានអំណរសប្បាយ ដោយដឹងថា អស់អ្នកជឿបានចូលរួមក្នុងសេចក្តីសុខសាន្តអស់កល្បជានិច្ច រួមជាមួយប្រជារាស្ត្រនៃស្ថានបរមសុខ។
ឆ្លើយ ៖ អាម៉ែន

សូមព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពសព្វប្រការប្រទានពរ គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះមក គង់នៅជាមួយបងប្អូនអស់កល្បជាអង្វែងតរៀងទៅ។
ឆ្លើយ ៖ អាម៉ែន

III. ពាក្យជូនពរ​ផ្សេងៗ

១៩- បុណ្យឆ្លងព្រះវិហារ

ព្រះជាម្ចាស់ដែលជាព្រះអម្ចាស់នៃស្ថានបរមសុខ និងផែនដី បានប្រមូលបងប្អូននៅថ្ងៃនេះ ដើម្បីចូលរួមបុណ្យឆ្លងព្រះវិហារនេះ។
សូមឱ្យបងប្អូនទទួលព្រះពរដ៏បរិបូណ៌ពីស្ថានបរមសុខផង។
ឆ្លើយ ៖ អាម៉ែន

ព្រះជាម្ចាស់សព្វព្រះហឫទ័យប្រមែប្រមូលបុត្រធីតាព្រះអង្គដែលបានខ្ចាត់ខ្ចាយ ឱ្យត្រឡប់មករួមគ្នាក្នុងអង្គព្រះបុត្រាវិញ។ សូមឱ្យ​បងប្អូនធ្វើជាព្រះដំណាក់របស់ព្រះជាម្ចាស់ដែលជាលំនៅដ្ឋាននៃព្រះវិញ្ញាណដ៏វិសុទ្ធ។
ឆ្លើយ ៖ អាម៉ែន

ព្រះជាម្ចាស់បានគង់សណ្ឋិតក្នុងដួងចិត្តបងប្អូន បន្ទាប់ពីបងប្អូនបានជម្រះឱ្យស្អាត រួចផុតពីភាពសៅហ្មង។ សូមព្រះជាម្ចាស់ប្រោស​ឱ្យបងប្អូនទទួលសុភមង្គលអស់កល្បជានិច្ចទុកជាមរតករួមជាមួយសន្តបុគ្គលទាំងឡាយ។
ឆ្លើយ ៖ អាម៉ែន

សូមព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពសព្វប្រការប្រទានពរ គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះមក គង់នៅជាមួយបងប្អូនអស់កល្បជាអង្វែងតរៀងទៅ។
ឆ្លើយ ៖ អាម៉ែន

២០- បុណ្យមរណបុគ្គល

បពិត្រព្រះជាម្ចាស់ ព្រះអង្គតែងតែលើកទឹកចិត្តបងប្អូនជានិច្ច សូមព្រះអង្គប្រទានពរដល់បងប្អូន។ ព្រះអង្គបានបង្កើតមនុស្សលោក ដោយព្រះហឫទ័យសប្បុរសហួសពីការស្មាន និងដោយសារព្រះបុត្រាតែមួយមានព្រះជន្មរស់ឡើងវិញ សូមព្រះអង្គប្រោសអស់អ្នកជឿឱ្យមានសេចក្តីសង្ឃឹមថា នឹងរស់ឡើងវិញ។
ឆ្លើយ ៖ អាម៉ែន

ចំពោះយើងខ្ញុំដែលមានជីវិតរស់នៅ សូមព្រះជាម្ចាស់លើកលែងទោសយើងខ្ញុំឱ្យរួចពីបាប ហើយចំពោះមរណបុគ្គលទាំងឡាយ សូមព្រះអង្គប្រទានទីស្ថានដែលប្រកបដោយពន្លឺ និងសេចក្តីសុខសាន្ត។
ឆ្លើយ ៖ អាម៉ែន

សូមឱ្យយើងខ្ញុំរស់នៅដោយអំណរសប្បាយអស់កល្បជានិច្ច រួមជាមួយព្រះគ្រីស្តដែលយើងខ្ញុំជឿថា ព្រះអង្គពិតជាមានព្រះជន្មរស់ឡើងវិញពីចំណោមមនុស្សស្លាប់មែន។
ឆ្លើយ ៖ អាម៉ែន

សូមព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពសព្វប្រការប្រទានពរ គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះមក គង់នៅជាមួយបងប្អូនអស់កល្បជាអង្វែងតរៀងទៅ។
ឆ្លើយ ៖ អាម៉ែន

791 Views

Theme: Overlay by Kaira