ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) កក ១៥,៧ខ-៩

ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស​ខ្ញុំ ក្នុង​ចំណោម​បង‌ប្អូន​តាំង​តែ​ពី​ថ្ងៃ​ដំបូង​មក​ម៉្លេះ ដើម្បី​ឱ្យ​ខ្ញុំ​ផ្សព្វ‌ផ្សាយ​ដំណឹងល្អដល់​សាសន៍​ដទៃ ឱ្យ​គេ​បាន​ឮ និង​បាន​ជឿ​ដែរ។ ព្រះ‌ជាម្ចាស់​ដែល​ឈ្វេង​យល់​ចិត្ត​គំនិត​របស់​មនុស្ស ព្រះ‌អង្គ​បាន​បញ្ជាក់​ថា ព្រះ‌អង្គ​យល់​ព្រម​ទទួល​ពួក​គេ ដោយ​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធឱ្យ​គេ ដូច​ព្រះ‌អង្គ​បាន​ប្រទាន​មក​យើង​ដែរ។ ព្រះ‌អង្គ​មិន​ចាត់​ទុក​ពួក​គេ​ផ្សេង​ពី​ពួក​យើង​ឡើយ គឺ​ព្រះ‌អង្គ​បាន​សំអាត​ចិត្ត​គេ​ឱ្យ​បរិសុទ្ធ ដោយ​ជំនឿ។

បន្ទរ៖ «សំឡេង​របស់​គេ​បាន​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញលើ​ផែនដី​ទាំង​មូល
—ហើយ​ពាក្យ​សម្ដី​របស់​គេ​បាន​ឮ​ខ្ចរ​ខ្ចាយ រហូត​ដល់​ស្រុក​ដាច់​ស្រយាលនៃ​ពិភពលោក»។
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) កាឡ ១,១៥-១៦ក.១៧ខ-១៨ក

ព្រះជាម្ចាស់​បាន​ជ្រើស‌រើស​ខ្ញុំ​ទុក​ដោយ​ឡែក តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក​ម៉្លេះ ហើយ​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​ខ្ញុំ ដោយ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌អង្គ។ នៅ​ពេល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​សម្ដែង​ឱ្យ​ខ្ញុំ​ស្គាល់​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ ដើម្បី​ឱ្យ​ខ្ញុំ​នាំ​ដំណឹងល្អ​អំពី​ព្រះ‌បុត្រា​ទៅ​ជូន​សាសន៍​ដទៃ ខ្ញុំ​បាន​ធ្វើដំណើរ​ទៅ​ស្រុក​អារ៉ាប៊ី រួច​ក៏​ត្រឡប់​មក​ក្រុង​ដាម៉ាស​វិញ។ បី​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឱ្យ​បាន​ស្គាល់​លោក​កេផាស។

បន្ទរ៖ ក្រុមគ្រីស្តទូតបានប្រកាន់ខ្ជាប់នូវសាររបស់ព្រះគ្រីស្ត
—ពួកគេថែរក្សាសិក្ខាបទដែលព្រះអង្គបានប្រគល់ឱ្យពួកគេ។
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ២ករ ៤,១៣-១៤

ដោយ​យើង​មាន​វិញ្ញាណ​ដែល​នាំ​ឱ្យ​ជឿ ស្រប​តាម​សេចក្ដីដែល​មាន​ចែង​ទុក​មក​ថា «ខ្ញុំ​ជឿ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ» យើង​ក៏​ជឿ​ដែរ ហេតុ​នេះ​ហើយ​បាន​ជា​យើង​និយាយ។ យើង​ដឹង​ថា ព្រះ‌អង្គ​ដែល​បាន​ប្រោស​ព្រះ‌អម្ចាស់​យេស៊ូឱ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះ‌អង្គ​ក៏​នឹង​ប្រោស​យើង​ឱ្យ​រស់​ឡើង​វិញ រួម​ជា​មួយ​ព្រះ‌យេស៊ូដែរ ព្រម​ទាំង​នាំ​យើង​ទៅ​នៅ​ក្បែរ​ព្រះ‌អង្គ រួម​ជា​មួយ​បង‌ប្អូន​ថែម​ទៀត​ផង។

បន្ទរ៖ ចូរអរសប្បាយរីករាយឡើង -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
—ដោយ​អ្នក​រាល់​គ្នា​មាន​ឈ្មោះ​កត់​ទុក​នៅ​ស្ថាន​បរម‌សុខ​វិញ។
ពាក្យអធិដ្ឋាន

Theme: Overlay by Kaira