ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ទក ៨,៥ខ-៦
ព្រះអម្ចាស់ជាព្រះរបស់អ្នក បានអប់រំអ្នកដូចឪពុកអប់រំកូន។ ចូរកាន់តាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក ហើយដើរតាមមាគ៌ារបស់ព្រះអង្គ និងគោរពកោតខ្លាចព្រះអង្គ។
—ការវិនិច្ឆ័យរបស់ព្រះអម្ចាស់សុទ្ធតែត្រឹមត្រូវ និងសុចរិតទាំងអស់។
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ជាព្រះបិតា ដ៏មានតេជានុភាពសព្វប្រការ ! សូមព្រះអង្គចាក់បង្ហូរពន្លឺនៃព្រះវិញ្ញាណដ៏វិសុទ្ធមកលើប្រជារាស្រ្តរបស់ព្រះអង្គ ដើម្បីការពារយើងខ្ញុំឱ្យរួចផុតពីខ្មាំងសត្រូវទាំងឡាយ និងឱ្យយើងខ្ញុំមានអំណរសប្បាយក្នុងការច្រៀងកោតសរសើរព្រះអង្គផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ១ពង្ស ២,២ខ-៣
ចូរបុត្រមានចិត្តក្លាហាន ឱ្យសមជាមនុស្សពេញលក្ខណៈ! ចូរមានចិត្តស្មោះត្រង់នឹងព្រះអម្ចាស់ជាព្រះរបស់បុត្រ។ ចូរប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គជានិច្ច ហើយកាន់តាមក្រិត្យវិន័យ តាមបញ្ជា តាមច្បាប់ និងតាមដំបូន្មានដែលមានចែងទុកក្នុងវិន័យរបស់លោកម៉ូសេ ដើម្បីឱ្យបុត្រមានជោគជ័យក្នុងគ្រប់កិច្ចការដែលបុត្រធ្វើ និងគ្រប់ទីកន្លែងដែលបុត្រទៅ។
—ដ្បិតទូលបង្គំពេញចិត្តនឹងវិន័យទាំងនេះណាស់។
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គបំពេញយើងខ្ញុំជាមួយនឹងពន្លឺដ៏រីករាយនៃព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គអស់កល្បជានិច្ច។ សូមឱ្យយើងខ្ញុំស្រឡាញ់ព្រះអង្គលើសអ្វីៗទាំងអស់ និងស្រឡាញ់បងប្អូនឯទៀតៗផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) យរ ៦,១៦ក
«ចូរឈប់មួយសន្ទុះ ហើយពិចារណាមើល៍ ចូររំពឹងគិតអំពីមាគ៌ាជំនាន់ដើមដើម្បីឱ្យដឹងថា តើមាគ៌ាណាជាមាគ៌ាល្អ រួចនាំគ្នាដើរតាមមាគ៌ានោះទៅ ចិត្តរបស់អ្នករាល់គ្នានឹងបានស្ងប់»។
—ដ្បិតដំបូន្មានទាំងនេះធ្វើឱ្យទូលបង្គំមានអំណរនៅក្នុងចិត្ត។
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ ! សូមប្រោសឱ្យសន្តិភាពដែលយើងខ្ញុំទូលសូម អាចកើតឡើងយ៉ាងពិតប្រាកដ សូមឱ្យជីវិតរស់នៅប្រចាំថ្ងៃរបស់យើងខ្ញុំ ពោរពេញដោយអំណរសប្បាយ ហើយតាមរយៈពាក្យទូលអង្វររបស់ព្រះនាងព្រហ្មចារិនីម៉ារី សូមឱ្យយើងខ្ញុំអាចចូលក្នុងព្រះរាជ្យរបស់ព្រះអង្គយ៉ាងសុខសាន្តផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។
