ជីវិតសន្តបុគ្គល

សន្តសន្តីបុគ្គលគឺជាគំរូណែនាំជំនឿ​របស់គ្រីស្តបរិស័ទគ្រប់ៗរូប ឱ្យចេះរស់នៅសមស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ព្រះសហគមន៍កាតូលិកគោរពសន្តសន្តីបុគ្គល ដោយសារពួកគាត់ផ្ញើជីវិតទាំងស្រុងលើព្រះជាម្ចាស់ និងចេះរស់នៅដោយប្រតិបត្តិតាមជំនឿរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន។ ខាងក្រោមនេះ គឺជាជីវប្រវត្តិរបស់សន្តសន្តីបុគ្គលមួយចំនួន ដែលមានឯកសារជាវីដេអូ និងជាអត្ថបទ។ សូមអញ្ជើញបងប្អូនស្វែងយល់ដោយមេត្រី។

វីដេអូទាំងស្រុង

អត្ថបទទាំងស្រុង

សន្តអ៊ីរ៉េណេ

សន្តអ៊ីរ៉េណេនៅលីយ៉ុង (វីដេអូ)

ថ្ងៃទី២៨ ខែមិថុនា

សន្តអ៊ីរ៉េណេគឺជាទេវវិទូរ និងជាបិតាព្រះសហគមន៍ដ៏ឧត្តមម្នាក់ (១៣០-២០០នៃគ.ស)។ គាត់បានទទួលការអប់រំពីលោកប៉ូលីកាព​ជាសាវ័ករបស់គ្រីស្តទូតយ៉ូហាន ​ដែលជាអ្នកនិពន្ធគម្ពីរដំណឹងល្អ។ គាត់បានបំពេញមុខងារជាលោកអភិបាលទី២ នៅទីក្រុងលីយ៉ុងនៃប្រទេសបារាំងសព្វថ្ងៃ។ នៅស.វទី២នៃគ.ស ព្រះសហគមន៍ចាប់ផ្តើមរីកចម្រើនឡើងយ៉ាងខ្លាំង។ ប៉ុន្តែស្របពេលជាមួយគ្នា នៅមានកិច្ចការជាច្រើនដែលព្រះសហគមន៍ពុំទាន់បានចាត់ចែងនៅឡើយ ដូចជាការបញ្ជាក់អំពីគោលលទ្ធិនៃជំនឿ ការអនុម័តគម្ពីរសាសនបញ្ញត្តិ ពោលគឺការកំណត់បញ្ជីកណ្ឌគម្ពីរជាផ្លូវការជាដើម។ ដោយសារហេតុនេះហើយ ទើបមានក្រុមគណៈតូចៗខ្លះៗកើតឡើងឯករាជ្យជ្រុលនិយម ក្នុងនោះមានក្រុមមួយដែលគេហៅថា «ក្រុមចំណេះនិយម» (Gnosticism)។ លោកអ៊ីរ៉េណេបានចំណាយកម្លាំងយ៉ាងច្រើន ដើម្បីប្រឆាំងទៅនឹងគណៈតូចៗទាំងនោះ។ ស្នាដៃដ៏អស្ចារ្យរបស់គាត់ គឺសំណេរដែលមានចំណងជើងថា «សេចក្តីប្រឆាំងអ្នកវង្វេងជំនឿ» (Against Heresies)។ មិនតែប៉ុណ្ណោះ លោកអ៊ីរ៉េណេក៏បានដើរតួនាទីយ៉ាងសំខាន់​ក្នុងការបង្រួបបង្រួមគ្រីស្តបរិស័ទឱ្យរួបរួមគ្នាជាធ្លុងតែមួយ។ គំនិតដ៏ល្បីល្បាញបំផុតរបស់សន្តអ៊ីរ៉េណេគឺ «ព្រះជាម្ចាស់ប្រសូតជាមនុស្ស ដើម្បីឱ្យមនុស្សទៅជាព្រះជាម្ចាស់។ ព្រះជាម្ចាស់សម្តែងសិរីរុងរឿងនៅពេលមនុស្សមានជីវិតរស់រវើក ហើយមនុស្សមានជីវិតរស់រវើកនៅពេលឃើញព្រះជាម្ចាស់»។ ទេវវិទ្យាសន្តអ៊ីរ៉េណេមានឥទ្ធិពលយ៉ាងខ្លាំង ដែលព្រះសហគមន៍នៅតែយកជាគំរូដើម្បីបន្តអប់រំជំនឿរហូតដល់សព្វថ្ងៃ។
ឆ្នាំ២០២១ គណៈកម្មការអប់រំជំនឿកាតូលិកអន្តរភូមិភាគនៅកម្ពុជាបានជ្រើសរើសសន្តអ៊ីរ៉េណេជាឧបការីសម្រាប់មណ្ឌលអប់រំជំនឿកាតូលិកកម្ពុជា ហើយប្តូរឈ្មោះមណ្ឌលនេះទៅជា “មជ្ឈមណ្ឌលអប់រំជំនឿកាតូលិកសន្តអ៊ីរ៉េណេនៅកម្ពុជា”។ ព្រះសហគមន៍កាតូលិកប្រារព្ធថ្ងៃបុណ្យសន្តអ៊ីរ៉េណេនៅថ្ងៃទី២៨ ខែមិថុនា។ រីឯព្រះសហគមន៍ អ័រតូដុក ប្រារព្ធនៅថ្ងៃទី២៣ ខែសីហា។

សន្តយ៉ូហាន បាទីស្ត

សន្តយ៉ូហាន បាទីស្ត

ថ្ងៃទី ២៤ ខែ មិថុនា

លោកយ៉ូហាន ជាកូនរបស់លោកបូជាចារ្យសាការី។ ម្តាយគាត់ឈ្មោះអេលីសាបិត ជាបងជីដូនមួយព្រះនាងមា៉រី។ នៅពេលដែលលោកសាការីកំពុងអធិដ្ឋាន ទេវទូតកាព្រីអែលបានជូនដំណឹងជាមុនថា នាងអេលីសាបិតនឹងបានកូនមួយ ហើយកូននេះជាអ្នករៀបចំផ្លូវថ្វាយព្រះជាម្ចាស់។ ក្រោយមក នៅពេលដែលព្រះនាងមា៉រីជាម្ដាយព្រះយេស៊ូមានគភ៌ទៅសួរសុខទុក្ខនាងអេលីសាបិត ទារកនៅក្នុងផ្ទៃនាងអេលីសាបិតបម្រះឡើងដោយអំណរសប្បាយ។ ពេលយ៉ូហានធំឡើង គាត់ទៅរស់នៅក្នុងវាលរហោស្ថានអស់រយៈពេលជាច្រើនឆ្នាំ។ នៅច្រាំងទន្លេយ័រដាន គាត់បន្លឺសំឡេងថា៖ «ចូរកែប្រែចិត្តគំនិត ដ្បិតព្រះរាជព្រះជាម្ចាស់ជិតមកដល់ហើយ!» (លក ៣,៤-៦)។​ មនុស្សជាច្រើនបានទទួលពិធីជ្រមុជទឹកធ្វើជាសញ្ញាបញ្ជាក់ថា គេបានកែប្រែចិត្តគំនិត ហើយគេបានទទួលការលើកលែងទោសពីព្រះអង្គ។ ថ្ងៃមួយ លោកយ៉ូហានបង្ហាញព្រះយេស៊ូ ឱ្យក្រុមសាវ័កដោយមានប្រសាសន៍ថា៖ «នេះជាកូនចៀមរបស់ព្រះជាម្ចាស់ ដែលត្រូវបូជាដើម្បីរំដោះបាបមនុស្សលោកីយ៍»។ ព្រះយេស៊ូទទួលពិធីជ្រមុជទឹកពីលោកយ៉ូហានដើម្បីបង្ហាញថា ព្រះអង្គរួមសាមគ្គីជាមួយអ្នកបាប និងដើម្បីឱ្យមនុស្សយើងអាចមានទំនាក់ទំនងជាមួយព្រះបិតាបាន។ នៅពេលនោះ ព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះសណ្ឋិតលើព្រះអង្គ ដូចជាសត្វព្រាប ហើយព្រះសូសៀងរបស់ព្រះបិតាលាន់ឮថា៖ «នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ចូរស្តាប់ព្រះអង្គចុះ!»។ លោកយ៉ូហានជាព្យាការីក្រោយគេបង្អស់។ គាត់ក្លាហានណាស់ មិនខ្លាចអ្នកមុខអ្នកការទេ។

សន្តម៉ាថាយ

សន្តម៉ាថាយ

ថ្ងៃទី ២១ ខែ កញ្ញា

លោកមា៉ថាយមានឈ្មោះមួយទៀតគឺ លេវី។ ព្រះយេស៊ូបានត្រាស់ហៅគាត់ ក្នុងពេលដែលគាត់កំពុងអង្គុយទារពន្ធដារ។ ចាប់តាំងពីពេលនោះមក លោកមា៉ថាយបានលះបង់អ្វីៗទាំងអស់ ហើយដើរ តាមព្រះយេស៊ូ។ មនុស្សម្នាជាច្រើនងឿងឆ្ងល់ដោយឃើញអ្នកទារពន្ធ ជាអ្នកបាបបានក្លាយទៅជាសាវ័កម្នាក់របស់ព្រះយេស៊ូ។ ដូច្នេះ ព្រះអង្គយាងមកនៅក្នុងលោកនេះមិនមែនដើម្បីមនុស្សសុចរិតទេ គឺដើម្បីមនុស្សបាបវិញ។ នៅឆ្នាំ ៨០-៩០ លោកមា៉ថាយ និពន្ធគម្ពីរដំណឹងល្អមួយកណ្ឌដោយប្រមែប្រមូលព្រះបន្ទូលផ្សេងៗរបស់ព្រះយេស៊ូ។ លោកមា៉ថាយមានបំណងចង់បង្ហាញឱ្យជនជាតិយូដាជឿថា ព្រះយេស៊ូពិតជាព្រះគ្រីស្ត ដែលយាងមកស្របតាមគម្ពីរ និងតាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ ព្រះអង្គមិនយាងមកបំផ្លាញធម្មវិន័យរបស់លោកម៉ូសេទេ គឺព្រះអង្គយាងមកបំពេញអត្ថន័យរបស់ធម្មវិន័យវិញ។

សន្តសិលា

សន្តសិលា (វីដេអូ)

ថ្ងៃទី២៩ ខែ មិថុនា

លោកស៊ីម៉ូនជាអ្នកនេសាទត្រីម្នាក់។ ប្អូនប្រុសរបស់គាត់ឈ្មោះអន់ដ្រេបានមកប្រាប់គាត់ថា៖ ខ្ញុំបានជួបនឹងព្រះសង្គ្រោះ។ ចូរមកតាមខ្ញុំ នោះបងនឹងឃើញ។ លោកស៊ីម៉ូនបានឃើញព្រះយេស៊ូ ហើយក៏ដើរតាមព្រះអង្គទៅ។ ក្រោយមក ព្រះយេស៊ូត្រាស់ហៅសាវ័ក១០នាក់ឱ្យនៅជាមួយព្រះអង្គ។ ថ្ងៃមួយ ព្រះយេស៊ូសួរពួកគេថា៖ តើអ្នករាល់គ្នាថា ខ្ញុំជានរណា? លោកស៊ីម៉ូនបានឆ្លើយថា៖ “លោកជាព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ ព្រះយេស៊ូពិតជាព្រះសង្គ្រោះ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ អ្នកជាផ្ទាំងថ្មដ៏រឹងមាំមួយ ហើយខ្ញុំនឹងកសាងព្រះសហគមន៍លើអ្នក។ ខ្ញុំឱ្យកូនសោរព្រះរាជ្យនៃស្ថានបរមសុខទៅអ្នក”។ ចាប់តាំងពីពេលនោះមក លោកស៊ីម៉ូនបានទទួលឈ្មោះថ្មីគឺសិលា។ នៅពេលដែលគេចាប់ខ្លួនព្រះយេស៊ូយកទៅសម្លាប់ លោកសិលាបដិសេធមិនព្រមទទួលស្គាល់ថា គាត់ជាសាវ័ករបស់ព្រះអង្គឡើយ។ ក្រោយមក លោកសិលាសោកស្តាយយ៉ាងខ្លាង ហើយស្រែកយំអស់ពីចិត្ត ដោយបានក្បត់ព្រះយេស៊ូ។ បន្ទាប់ពី ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ព្រះអង្គលើកលែងទោសឱ្យលោកសិលា ហើយសុំឱ្យគាត់ធ្វើជាគង្វាលព្រះសហគមន៍ទាំងមូល។ ការណ៍នេះបញ្ចាក់ថា លោកសិលាជាគ្រឹះដ៏រឹងមាំនៃព្រះសហគមន៍។ សន្តៈ សិលាត្រូវគេឆ្កាងនៅក្នុងទីក្រុងរ៉ូម។ លោកសុំឱ្យគេឆ្កាងគាត់ដាក់ក្បាលចុះក្រោម ព្រោះគាត់ចាត់ទុកថា ខ្លួនគាត់មិនសមនឹងស្លាប់ ដូចព្រះយេស៊ូឡើយ។ លោកជាសម្តេចបា៉បទីមួយនៃព្រះសហគមន៍។ សន្តៈ សិលាជួយឱ្យយើងមានចិត្តក្លាហាន និងសុខចិត្តទទួលខុសត្រូវនៅក្នុងព្រះសហគមន៍ ដូចជាអ្នកបម្រើដោយក្តីស្រឡាញ់ ទាំងជឿសង្ឃឹមជានិច្ចលើធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ចំពោះយើង។

សន្តប៉ូល

សន្តប៉ូល (វីដេអូ)

ថ្ងៃទី ២៩ ខែ មិថុនា

លោកស៊ូល (សាអ៊ូល ឬប៉ូល) ជាជនជាតិយូដា មានសញ្ជាតិរ៉ូមុាំងម្នាក់ ដែលស្អប់គ្រីស្តបរិស័ទយា៉ងខ្លាំងបំផុត ថែមទាំងបៀតបៀនពួកគេជានិច្ចផង។ នៅពេលដែលគាត់ធ្វើដំណើរទៅទីក្រុងដាមា៉ស ដើម្បីចាប់ខ្លួនគ្រីស្តបរិស័ទ ស្រាប់តែមានពន្លឺលេចចេញពីលើមេឃមកលើរូបគាត់ ទាំងមានសូរសៀងមកកាន់គាត់ថា៖ «ស៊ូលៗ ហេតុអ្វីបានជាអ្នកបៀតបៀនខ្ញុំ?»។ លោកស៊ូលសួរថា៖ «លោកម្ចាស់ តើលោកជានរណា?»។ សំឡេងនោះឆ្លើយថា៖ «ខ្ញុំគឺជាព្រះយេស៊ូដែលអ្នកកំពុងតែបៀតបៀននោះ»។ បន្ទាប់មក លោកស៊ូលខ្វាក់ភ្នែក ស្ថិតនៅក្នុងភាពងងឹត។ បីថ្ងៃក្រោយមក មានបុរសម្នាក់ឈ្មោះអាណាញា៉ស់មករកគាត់ ហើយមានប្រសាសន៍ថា៖ «ប្អូនប្រុសស៊ូល! ព្រះយេស៊ូបានបង្ហាញខ្លួនឱ្យប្អូនស្គាល់ និងស្រឡាញ់ប្អូនផង។ ចូរជ្រមុជទឹកក្នុងព្រះនាមព្រះយេស៊ូ និងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ។ ពេលនោះ លោកស៊ូលបានមើលឃើញវិញ។ គាត់បានទទួលឈ្មោះថ្មីគឺ ប៉ូល។ ក្រោយមក គាត់ចាប់ផ្តើមទៅប្រកាសដំណឹងល្អអំពីព្រះយេស៊ូដល់សាសន៍ដទៃទូទាំងពិភពលោក។ គាត់បានសរសេរលិខិតជាច្រើនផ្ញើជូនគ្រីស្តបរិស័ទតាមព្រះសហគមន៍ផ្សេងៗ ដើម្បីពង្រឹងជំនឿរបស់ពួកគេ និងពន្យល់លទ្ធិនៃគ្រីស្តសាសនា។ សន្តប៉ូលទទួលមរណភាពនៅទីក្រុងរ៉ូម ដោយជនជាតិរ៉ូមុាំងកាត់ក។ គាត់ជាគំរូដាស់តឿនយើងឱ្យខិតខំប្រកាសដំណឹងល្អដល់មនុស្សគ្រប់ជាតិសាសន៍។

សន្តលូកា

សន្តលូកា (វីដេអូ)

ថ្ងៃទី១៨ ខែ តុលា

លោកលូកា ជាគ្រូពេទ្យជនជាតិក្រិក។ លោកមិនបានស្គាល់ព្រះយេស៊ូដោយផ្ទាល់ខ្លួនលោកទេ តែលោកជាមិត្តសម្លាញ់របស់គ្រីស្តទូតប៉ូល ហើយធ្វើដំណើរទៅប្រកាសដំណឹងល្អជាមួយគ្នា។ នៅឆ្នាំ ៨០-៩០ លោកពន្ធគម្ពីរដំណឹងល្អមួយកណ្ឌ និងគម្ពីរកិច្ចការគ្រីស្តទូត ដែលជាប្រវត្តិព្រះសហគមន៍ដើមដំបូង។ លោកបានប្រមូលឯកសារផ្សេងៗ ហើយបានពិនិត្យមើលដោយហ្មត់ចត់ តាមរបៀបអ្នកប្រាជ្ញក្នុងសម័យនោះ។ លោកមានបំណងចង់បង្ហាញព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់ចំពោះមនុស្សលោក ជាពិសេស មនុស្សតូចតាច និងអ្នកបាប។ លោកដាស់តឿនគ្រីស្តបរិស័ទឲ្យអធិដ្ឋាន គឺមានទំនាក់ទំនងយា៉ងពិតប្រាកដ និងយា៉ងស្និទ្ធស្នាលជាមួយព្រះបិតា។

សន្តម៉ាកុស

សន្តម៉ាកុស

ថ្ងៃទី ២៥ ខែ មេសា

លោកមា៉កុសបានរួមដំណើរជាមួយលោកប៉ូល និងលោកសិលាទៅប្រកាសដំណឹងល្អ។ បន្ទាប់មក គាត់ទៅទីក្រុងរ៉ូមធ្វើជាលេខាធិការរបស់លោកសិលា។ ពេលលោកសិលាសរសេរលិខិតផ្សេងៗ ផ្ញើជូនព្រះសហគមន៍ទាំងអស់នៅទ្វីបអាស៊ី លោកផ្ញើលិខិតទាំងអស់នោះតាមរយៈលោកមា៉កុស ដែលលោកហៅថា៖ “កូនជាទីស្រឡាញ់របស់ខ្ញុំ”។ នៅឆ្នាំ ៦៥-៧០ លោកមា៉កុសសរសេរគម្ពីរដំណឹងល្អមួយកណ្ឌជាភាសាក្រិកតាមការណែនាំរបស់លោកសិលាដែលបានស្គាល់ព្រះយេស៊ូ។ អត្ថបទដំណឹងល្អតាមសន្តមា៉កុសខ្លីជាងគេ ងាយស្រួលអាន និងពិរោះស្តាប់។ ជាពិសេស សម្រាប់អស់អ្នកដែលទើបចាប់ផ្តើមស្គាល់ព្រះយេស៊ូ។ តាមរយៈកណ្ឌគម្ពីរដំណឹងល្អនោះ សន្តមា៉កុសសួរអ្នកអានថា៖“តើព្រះយេស៊ូមានឋានៈអ្វី បានជាព្រះអង្គធ្វើការអស្ចារ្យទាំងនោះកើត?”។ ម្យ៉ាងទៀត លោកមា៉កុសលើកទឹកចិត្តគ្រីស្តបរិស័ទដែលត្រូវគេបៀតបៀន។ ថ្ងៃមួយ ពួកជនពាលមួយក្រុមបានចាប់លោកមា៉កុស ហើយយកដុំថ្មគប់សម្លាប់គាត់ រួចបោះគាត់ចូលទៅក្នុងគុក។ ពេលនោះ លោកម៉ាកុសទទួលមរណភាព។ សត្វតោ ជានិមិត្តរូបរបស់លោកមា៉កុស ពីព្រោះអត្ថបទដំណឹងល្អតែងដោយ សន្តមា៉កុសចាប់ផ្តើមជាមួយលោកយ៉ូហានបាទីស្ត ជាសំឡេងស្រែកនៅក្នុងវាលរហោស្ថាន។

សន្តយ៉ូហាន

សន្តយ៉ូហាន

ថ្ងៃទី ២៧ ខែ ធ្នូ

លោកយ៉ូហាន ជាកូនលោកសេបេដេ មានបងប្រុសឈ្មោះយា៉កុប និងជាសិស្សរបស់លោកយ៉ូហានបាទីស្ត។ គាត់ស្វែងរកព្រះគ្រីស្ត និងសេចក្តីពិតអស់ពីចិត្ត។ ថ្ងៃមួយ ព្រះយេស៊ូត្រាស់ហៅគាត់ និងបងគាត់ឱ្យដើរតាមព្រះអង្គ។ ក្នុងចំណោមសាវ័កទាំង១២នាក់ ព្រះយេស៊ូបានជ្រើសរើសលោកសិលា លោកយា៉កុប និងលោកយ៉ូហានឱ្យក្លាយទៅជាមិត្តសម្លាញ់ដ៏ជិតស្និទ្ធនឹងព្រះអង្គ។ លោកយ៉ូហានជាសាវ័កដែលព្រះយេស៊ូស្រឡាញ់។ នៅពេលពិធីជប់លៀងចុងក្រោយរបស់ព្រះយេស៊ូ លោកយ៉ូហានបានដាក់ក្បាលគាត់លើស្មារបស់ព្រះយេស៊ូ។ គាត់រួមទុក្ខជាមួយព្រះយេស៊ូរហូតដល់ព្រះអង្គជាប់នៅលើឈើឆ្កាង។ ពេលនោះ ព្រះយេស៊ូបានផ្ញើព្រះមាតា គឺព្រះនាងមា៉រីឱ្យលោកថែរក្សា។ នៅពេល លោករត់ទៅផ្នូររបស់ព្រះយេស៊ូជាមួយលោកសិលា លោកបានឃើញហើយជឿថា ព្រះយេស៊ូពិតជាមានព្រះជន្មរស់ឡើងវិញមុនគេ។ លោកនិពន្ធគម្ពីរដំណឹងល្អមួយកណ្ឌ លិខិតបីច្បាប់ និងគម្ពីរវិវរណៈ។ លោកយ៉ូហានពន្យល់អត្ថន័យនៃជីវប្រវត្តិព្រះយេស៊ូ ដោយប្រើពាក្យពេចន៍ដកស្រង់ពីព្រះគម្ពីរសម្ពន្ធមេត្រីចាស់ និងទស្សនវិជ្ជាក្រិកជំនាន់នោះ។ លោកមានបំណងចង់ពន្យល់អាថ៌កំបាំងដ៏អស្ចារ្យរបស់ព្រះយេស៊ូ ដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយដែលប្រទានជីវិតដ៏ពេញលក្ខណៈឱ្យមនុស្សលោក។ លោករម្លឹកពីវិន័យថ្មីរបស់ព្រះយេស៊ូ គឺមានតែសេចក្តីស្រឡាញ់របស់អ្នកជឿទេ ដែលជាសញ្ញាសម្គាល់បញ្ជាក់ថា ព្រះយេស៊ូពិតជាព្រះសង្គ្រោះរបស់មនុស្សលោកមែន។

សន្តយ៉ូសែប

សន្តយ៉ូសែប

ថ្ងៃទី ១៩ ខែ មីនា

ព្រះជាម្ចាស់បានត្រាស់ហៅលោកយ៉ូសែប ជាជាងឈើវ័យក្មេងម្នាក់ នៅភូមិណាសារ៉ែតឱ្យធ្វើជាស្វាមីរបស់ព្រះនាងមា៉រី និងឪពុកចិញ្ចឹមរបស់ព្រះយេស៊ូ។ លោកមកពីវង្សត្រកូលព្រះបាទដាវីឌ ដូច្នេះហើយ ទើបព្រះយេស៊ូពិតជាព្រះគ្រីស្តមែន តាមសេចក្តីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល។ បន្ទាប់ពីព្រះនាងមា៉រី និងលោកយ៉ូសែបបានភ្ជាប់ពាក្យហើយ ព្រះនាងមា៉រីមានផ្ទៃពោះដោយមិនបានរួមដំណេកជាមួយបុរសម្នាក់នេះឡើយ។ ទេវទូតមួយរូបបានមកប្រាប់លោកយ៉ូសែបក្នុងសុបិន្តនិមិត្តថា លោកមិនត្រូវខ្លាចយកព្រះនាងមា៉រីធ្វើជាភរិយាឡើយ ព្រោះបុត្រព្រះនាងកើតមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។ ក្រោយមក ទេវទូតបានបំភ្លឺលោកយ៉ូសែបឱ្យនាំព្រះនាងមា៉រី និងព្រះកុមារយេស៊ូទៅស្រុកអេស៊ីប ដើម្បីបានរួចផុតពីការកាប់សម្លាប់របស់ស្តេចហេរូ៉ដ។ លោកស្នាក់នៅទីនោះរហូតដល់ទេវទូតមកប្រាប់គាត់ថា អាចត្រឡប់ទៅភូមិណាសារ៉ែតវិញបាន។ នៅពេលព្រះយេស៊ូព្រះជន្ម១២ ឆ្នាំ លោកយ៉ូសែប និងព្រះនាងមា៉រីនាំគ្នាទៅប្រារព្ធពិធីបុណ្យចម្លងនៅទីក្រុងយេរូសាឡឹម។ នៅទីនោះ ព្រះយេស៊ូចាកចេញពីឪពុកម្តាយ ព្រោះរវល់តែនឹងព្រះបិតា។ ពេលនោះ ពួកគាត់ស្វែងរកព្រះអង្គអស់រយៈពេល៣ថ្ងៃ និងរកព្រះអង្គឃើញវិញ នៅក្នុងព្រះវិហារក្រុងយេរូសាឡឹម។ នៅពេលត្រឡប់ទៅភូមិណាសារ៉ែត ព្រះកុមារយេស៊ូរៀនធ្វើជាងឈើជាមួយលោកយ៉ូសែប និងជាកូនដែលស្តាប់បង្គាប់ឪពុកម្តាយណាស់។ ក្រោយមក លោកយ៉ូសែបបានស្លាប់ក្រោមការថែរក្សារបស់ព្រះយេស៊ូ និងព្រះនាងមា៉រី។ លោកយ៉ូសែបបានថែរក្សាព្រះយេស៊ូ អប់រំ និងបង្ហាត់មុខរបរថ្វាយព្រះអង្គ។ លោកជាគំរូឱ្យយើងចេះយកចិត្តទុកដាក់គោរពព្រះយេស៊ូអស់ពីចិត្ត ព្រមទាំងថ្វាយខ្លួននៅក្នុងព្រះហឫទ័យពោរពេញទៅដោយសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ ម្យ៉ាងទៀត លោកជាគំរូសម្រាប់គ្រីស្តបរិស័ទទាំងឡាយដែលមានគ្រួសារ និងមានកូន។

សន្តវ៉ាំងសង់ នៅប៉ូល

សន្តវុាំងសង់ នៅប៉ូល (វីដេអូ)

ថ្ងៃទី ២៧ ខែ កញ្ញា

លោកវុាំងសង់នៅប៉ូល កើតនៅប្រទេសបារាំង ក្នុងឆ្នាំ១៥៧៦។ គាត់ចង់ធ្វើជាបូជាចារ្យ ព្រោះនៅសម័យនោះ បូជាចារ្យមានឋានៈខ្ពង់ខ្ពស់បំផុត។ ប៉ុន្តែ នៅពេលដែលគាត់ទៅជាបូជាចារ្យវ័យក្មេងម្នាក់ មានចោរប្លន់គាត់ ហើយលក់គាត់ធ្វើជាទាសករ។ អស់រយៈពេលពីរឆ្នាំ គាត់បានធ្វើការយ៉ាងលំបាកឱ្យចៅហ្វាយនាយដែលបានទិញគាត់។ នៅពេលដែលគាត់ទទួលសេរីភាពវិញ លោកវុាំងសង់បានកែប្រែចិត្តគំនិត។ គេបញ្ជូនវុាំងសង់ទៅធ្វើការនៅព្រះសហគមន៍មួយជិតទីក្រុងបា៉រីស។ គាត់ជាមិត្តជិតស្និតរបស់ជនក្រីក្រ។ គាត់បង្កើតក្រុមមួយដើម្បីមើលថែរក្សាពួកគេ។ មានស្ត្រីជាច្រើនជួយគាត់មើលថែរក្សាអ្នកជំងឺ និងជួយចម្អិនអាហារសម្រាប់ពួកគេ។ ឯមនុស្សប្រុសវិញគេជួយរកអាហារ និងសម្លៀកបំពាក់ទៅជួយអ្នកក្រីក្រដែរ។ វុាំងសង់ បង្កើតក្រុមស្ត្រីស្ម័គ្រចិត្តនៃធម៌មេត្តាករុណា ដើម្បីជួយបម្រើអ្នកក្រីក្រ និងអ្នកជំងឺ។ គាត់បានសាងសង់ផ្ទះឱ្យពួកជនក្រីក្រ អ្នកជំងឺ ចាស់ជរា និងក្មេងកំព្រា។ គាត់បង្កើតក្រុមបព្វជិតជាក្រុមបូជាចារ្យ ដើម្បីទៅប្រកាសដំណឹងល្អនៅជនបទ។ លោកមានចិត្តខ្នះខ្នែង និងតែងតែមានគំនិតល្អៗ ដើម្បីជួយអ្នកដទៃ។ លោកវុាំងសង់ទទួលមរណភាពអាយុ៨៤ឆ្នាំ។ សព្វថ្ងៃ ក្រុមវុាំងសង់នៅប៉ូលនៅតែបន្តការងាររបស់គាត់សម្រាប់ជនក្រីក្រ។

សន្តយ៉ូហានម៉ារី វីយ៉ាណេ

សន្តយ៉ូហានម៉ារី វីយ៉ាណេ

ថ្ងៃទី ៤ ខែ សីហា

លោកយ៉ូហានមា៉រី កើតនៅប្រទេសបារាំង នៅឆ្នាំ១៧៨៦។ កាលគាត់នៅក្មេង គាត់ធ្វើការនៅក្នុងកសិដ្ឋានរបស់ឪពុកគាត់។ នៅពេលគាត់ត្រឡប់មកពីការងារវិញ គាត់បង្រៀនក្មេងៗឱ្យចេះអធិដ្ឋាន និងឱ្យគេស្គាល់ព្រះយេស៊ូ។ លោកយ៉ូហានមា៉រីរៀនមិនសូវពូកែទេ តែមានលោកបូជាចារ្យម្នាក់ជួយឱ្យគាត់ចូលទៅរៀននៅក្នុងទេវវិទ្យាល័យ។ យូរឆ្នាំក្រោយមក បន្តាប់ពីបានខិតខំរៀនអស់ពីសមត្ថភាព លោកយ៉ូហានមា៉រីក្លាយទៅជាបូជាចារ្យ។ គេបញ្ជូនគាត់ទៅក្នុងព្រះសហគមន៍ដ៏តូចមួយនៅភូមិអាស។ ដោយសារគ្មាននរណាម្នាក់ទៅព្រះវិហារទេ លោកឪពុកយ៉ូហានមា៉រីទៅសួរសុខទុក្ខគេនៅតាមផ្ទះ។ ជាចុងក្រោយមនុស្សជាច្រើនបានទៅព្រះវិហារចូលរួមអភិបូជា។ ជារៀងរាល់ព្រឹក គាត់តាំងព្រះកាយ និងអធិដ្ឋានជាច្រើនមោ៉ង។ គាត់រស់នៅដូចជាអ្នកក្រីក្របំផុត និងតមអាហារជាញឹកញាប់។ ព្រះវិញ្ញាណដ៏វិសុទ្ធបានប្រោសប្រទានព្រះអំណោយទានដ៏ពិសេសដល់គាត់ គឺគាត់ពូកែសម្រុះសម្រួលមនុស្សបាបជាមួយព្រះជាម្ចាស់ និងជួយទូន្មានពួកគេឱ្យធ្វើជាគ្រីស្តបរិស័ទដ៏ល្អ។ គាត់ចំណាយពេលអស់ជាច្រើន ដោយធ្វើអគ្គសញ្ញាលើកលែងទោស។ គាត់ធ្លាប់និយាយថា៖ «រាល់អំពើបាបរបស់យើង ដូចជាតំណក់ទឹកនៅក្នុងមហាសមុទ្រ នៃធម៌មេត្តាករុណារបស់ព្រះជាម្ចាស់»។ លោកឪពុកយ៉ូហានមា៉រី ជួយណែនាំព្រះសហគមន៍នៅភូមិអាសអស់រយៈពេល៤០ឆ្នាំ ហើយទទួលមរណភាពនៅពេលអាយុ៧៣ឆ្នាំ។ គាត់ជាគំរូសម្រាប់លោកបូជាចារ្យទាំងអស់។

2,133 Views

Theme: Overlay by Kaira