លោកយ៉ូសែប ហៅថា “បារណាបាស” (ឈ្មោះនេះមានន័យថា “អ្នកដែលលើកទឹកចិត្ត”) មិនមែននៅក្នុងក្រុមសាវ័កទាំងដប់ពីរនាក់ទេ ក៏ប៉ុន្តែ ដោយលោកខិតខំប្រកាសដំណឹងល្អ គ្រីស្តបរិស័ទដើមដំបូងតែងហៅលោកថា “គ្រីស្តទូត” ដែរ។ ពេលលោកប្រែចិត្តគំនិតទៅជាគ្រីស្តបរិស័ទ លោកប្រគល់សម្បត្តិទាំងប៉ុន្មានរបស់លោកឱ្យក្រុមគ្រីស្តទូត។ លោកយល់ថា សាសន៍ដទៃអាចចូលក្នុងព្រះសហគមន៍បានដោយមិនបាច់កាន់តាមធម្មវិន័យនៃជនជាតិយូដាទេ គឺគ្រាន់តែឱ្យគេផ្ញើជិវិតទាំងស្រុងទៅលើព្រះយេស៊ូប៉ុណ្ណោះ។​ លោកទៅរកលោកប៉ូល ហើយលោកទាំងពីរនាក់ចេញទៅប្រកាសដំណឹងល្អជាមួយគ្នា។ តាមសេចក្តីដែលគ្រីស្តបរិស័ទដើមដំបូងធ្លាប់តំណាលតៗគ្នាមក លោកទទួលមរណភាពនៅកោះគឺប្រូស ជាស្រុកកំណើតរបស់លោក។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យញែកសន្តបារណាបាស និងប្រោសលោកឱ្យបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីចាត់គាត់ទៅប្រកាសដំណឹងល្អដល់សាសន៍ដទៃ។ សូមទ្រង់ព្រះមេត្តាប្រទានឱ្យមានគ្រីស្តបរិស័ទជាច្រើន សុខចិត្តលះបង់អ្វីៗទាំងអស់ ដើម្បីប្រកាសដំណឹងល្អរបស់ព្រះគ្រីស្តសព្វថ្ងៃនេះដែរ។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្ដទូត កក ១១,២១-២៦; ១៣,១-៣

នៅក្រុងអន់ទីយ៉ូក មានមនុស្សដ៏ច្រើនលើសលប់បានជឿ ព្រមទាំងបែរចិត្តគំនិតមករកព្រះអម្ចាស់ផង។ ព្រះសហគមន៍នៅក្រុងយេរូសាឡឹមបានឮដំណឹងនេះ ក៏ចាត់លោកបារណាបាសឱ្យទៅក្រុងអន់ទីយ៉ូក។ កាលគាត់ទៅដល់បានឃើញព្រះជាម្ចាស់ប្រណីសន្តោសពួកគេដូច្នេះ គាត់ត្រេកអរសប្បាយ ហើយទូន្មានគេទាំងអស់គ្នាឱ្យប្តេជ្ញាចិត្តនៅស្មោះត្រង់នឹងព្រះអម្ចាស់ជានិច្ច។ លោក​បារណាបាសជាមនុស្សម្នាក់មានចិត្តសប្បុរស ពោរពេញដោយព្រះ វិញ្ញាណដ៏វិសុទ្ធ និងដោយជំនឿ។បន្ទាប់មកទៀត លោកបារណា​បាសចេញដំណើរទៅរកលោកសូលនៅក្រុងតារសុស។ កាលបើជួបហើយ គាត់ក៏នាំលោកមកក្រុងអន់​ទី​យ៉ូក។ លោកទាំងពីររស់នៅជាមួយព្រះសហគមន៍អស់រយៈពេលមួយឆ្នាំ ហើយបង្រៀនបណ្តាជនជាច្រើនផង។ នៅក្រុងអន់ទីយ៉ូកនោះហើយ ដែលគេហៅពួកសាវ័កលើកទីមួយថា “គ្រីស្តបរិស័ទ”។ ក្នុងព្រះសហគមន៍ក្រុងអន់ទីយ៉ូក មានព្យារី និងគ្រូពេទ្យ គឺមានលោកបារ​ណាបាស លោកស៊ីម៉ូន ហៅខ្មៅ លោកសូល្យុសជាអ្នកស្រុកគីរេន​ លោកម៉ាណាអេន ដែលត្រូវគេចិញ្ចឹមជាមួយព្រះបាទហេរ៉ូដ ជាស្តេចអនុរាជកាលនៅពីក្មេង និងលោកសូល។ នៅពេលដែលអ្នកទាំងនោះកំពុងតែធ្វើពិធីគោរពបម្រើព្រះអម្ចាស់ និងតមអាហារ ព្រះវិញ្ញាណ​ដ៏វិសុទ្ធមានព្រះបន្ទូលថា៖ «​ចូរញែកបារណាបាស និងសូចេញដោយឡែក ដ្បិតយើងបានហៅអ្នកទាំងពីរឱ្យបំពេញកិច្ចការដែលយើងនឹងដាក់ឱ្យធ្វើ»។ ក្រោយពីបាននាំគ្នាតមអាហារ និងអធិដ្ឋានរួចហើយ គេបានដាក់ដៃលើលោកទាំងពីរ ហើយឱ្យលោកចេញ​ទៅ។

ទំនុកតម្កើងលេខ ៩៨ (៩៧),១-៦ បទកាកគតិ

ចូរច្រៀងបទថ្មីថ្វាយព្រះម្ចាស់ថ្លៃកុំភ្លេចឡើយណា
ដ្បិតទ្រង់ប្រព្រឹត្តសព្វកិច្ចអស្ចារ្យដោយឫទ្ធិចេស្តា
យកជ័យជម្នះ
ព្រះម្ចាស់បង្ហាញប្រជាឱ្យឃើញពីកាសង្គ្រោះ
ព្រះអង្គសម្តែងឱ្យគេទាំងអស់ឃើញសុចរិតស្មោះ
របស់ព្រះអង្គ
ព្រះអង្គនៅតែសម្តែងឥតប្រែករុណាត្រចង់
ព្រះទ័យស្មោះស្ម័គ្រអ៊ីស្រាអែលផងសុចរិតឥតហ្មង
ចងចាំទាំងអស់
មនុស្សម្នាមូលមីររស់នៅគ្រប់ទីឆ្ងាយទាំងស្រីប្រុស
នៃភពផែនដីឃើញការសង្គ្រោះព្រះម្ចាស់របស់
យើងគ្រប់ៗគ្នា
ជនទាំងប្រុសស្រីនៅលើផែនដីរៀបចំអង្គា
អបអរសាទរថ្វាយព្រះនាមាស្រែកហ៊ោរខ្ញៀវខ្ញា
ដោយតូរ្យតន្ត្រី
សូមផ្ញើចិត្តកាយដេញទាំងពិណថ្វាយព្រះធ្លាប់ប្រណី
ព្រោះព្រះអង្គនោះធ្លាប់ថ្នមបមបីថែទាំយប់ថ្ងៃ
រៀងរាល់វេលា
ចូរនាំគ្នាផ្លុំត្រែស្នែងប្រគុំថ្វាយព្រះរាជា
អបអរសាទរអង្គព្រះនាមាខ្ពស់លើពសុធា
គ្មានអ្វីស្មើព្រះ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ២៨,១៩.២០

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍ឱ្យធ្វើជាសាវ័ក! ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១០,៧-១៣

ពេលធ្វើដំណើរទៅ ចូរប្រកាសថាព្រះរាជ្យនៃស្ថានបរមសុខមកជិតបង្កើយហើយ។ ចូរមើលអ្នកជំងឺឱ្យបាជា ប្រោសមនុស្សស្លាប់ឱ្យរស់ឡើងវិញ ធ្វើឱ្យមនុស្សឃ្លង់បានជាស្អាតបរិសុទ្ធ ដេញខ្មោចចេញពីមនុស្ស។ អ្នករាល់គ្នាបានទទួលអំណាចដោយឥតបង់ថ្លៃ ត្រូវជួយគេវិញដោយឥតគិតថ្លៃដែរ។ កុំរកមាសប្រាក់ ឬលុយកាក់ ដាក់ក្នុងថង់ឡើយ ហើយកុំយកថង់យាម កុំយកអាវពីរបន្លាស់ កុំយកស្បែក​ជើង ឬដំបងទៅជាមួយ ដ្បិតអ្នកធ្វើការត្រូវតែទទួលម្ហូបអាហារ។នៅពេលអ្នករាល់គ្នាចូលទៅក្នុងភូមិ ឬក្រុងណាមួយ ចូរសួររកអ្នកដែលសមនឹងទទួលអ្នករាល់គ្នាឱ្យស្នាក់នៅ។ ត្រូវស្នាក់នៅផ្ទះអ្នកនោះរហូតដល់ពេលអ្នករាល់គ្នាចេញពីទីនោះ។ ពេលចូលទៅក្នុងផ្ទះណា ត្រូវជំរាបសួរអ្នកផ្ទះនោះ ប្រសិនបើអ្នកផ្ទះនោះសមនឹងទទួលសេចក្តីសុខសាន្ត​នោះសេចក្តីសុខសាន្តនឹងកើតមានដល់គេ ដូចពាក្យជម្រាបសួររបស់អ្នករាល់គ្នាមិនខាន។ ផ្ទុយទៅវិញ បើគេមិនសមនឹងទទួលទេ សេចក្តីសុខសាន្តរបស់អ្នករាល់គ្នានឹងវិលមករកអ្នករាល់គ្នាវិញ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសន្តបារណាបាសឱ្យមានចិត្តស្រឡាញ់ព្រះអង្គយ៉ាងខ្លាំង ចេញទៅប្រកាសដំណឹងល្អដល់សាសន៍ដ៏ទៃ។ សូមទ្រង់ព្រះមេត្តាញ៉ាំងតង្វាយទាំងនេះឱ្យបានគាប់ព្រះហឫទ័យព្រះអង្គ។ សូមប្រោសយើងខ្ញុំឱ្យមានចិត្តស្រឡាញ់ព្រះអង្គដូចសន្តបារណបាសនេះផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំក្នុងអភិបូជានេះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យប្រកាសដំណឹងល្អសព្វថ្ងៃនេះដូចសន្តបារណាបាសពីដើមផង។

495 Views

Theme: Overlay by Kaira