សារលិខិតទូន្មាន | Apostolic Exhortations
សារលិខិតរដូវសែសិបថ្ងៃ | Messages of Lent
សារលិខិត (មនុស្សជាតិដ៏អស្ចារ្យ) | Magnifica Humanitas

ម៉ាកនីហ្វីកា ហ៊ូម៉ានីតាស (Magnifica Humanitas)

នៅថ្ងៃទី២៥ ខែឧសភានេះ សម្ដេចប៉ាបលេអូទី១៤ បានចេញផ្សាយសារលិខិតដ៏ឧឡារិកទីមួយរបស់លោក ដែលមានចំណងជើងថា “Magnifica Humanitas” (មនុស្សជាតិដ៏អស្ចារ្យ) ឧទ្ទិសដល់បញ្ញាសិប្បនិម្មិត។ លោករិះគន់ការផ្តាច់មុខផ្នែកបច្ចេកវិទ្យា ការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស និងចោទសួរឡើងវិញអំពីទ្រឹស្តីសង្គ្រាមត្រឹមត្រូវ។ ជាពិសេស ក្នុងអត្ថបទនេះ លោកអំពាវនាវឱ្យមានការ “ទម្លាក់អាវុធ” នៃបញ្ញាសិប្បនិម្មិត ដើម្បីបង្ការកុំឱ្យបញ្ញាសិប្បនិម្មិតនេះក្លាយជាឧបករណ៍ថ្មីមួយ ដើម្បីត្រួតត្រាអ្នកដទៃ។

នៅឆ្នាំ១៨៩១ សម្តេចប៉ាបលេអូទី១៣ បានសង្កេតឃើញពិភពលោកមួយ ដែលបដិវត្តន៍ឧស្សាហកម្មរង្គោះរង្គើ នៅពេលដែលលោកបានចេញផ្សាយ Rerum Novarum ជាអត្ថបទ ដែលនឹងផ្លាស់ប្តូរការប្តេជ្ញាចិត្តខាងសង្គមរបស់ព្រះសហគមន៍យ៉ាងយូរអង្វែង។ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ គឺចំរយៈពេល១៣៥ឆ្នាំក្រោយមក សម្តេចប៉ាបលេអូទី១៤ បានចុះហត្ថលេខាលើ Magnifica Humanitas ដែលឧទ្ទិសដល់បញ្ញាសិប្បនិម្មិត។ បរិបទបានផ្លាស់ប្តូរ ប៉ុន្តែ ព្រះសហគមន៍នៅតែចាំបាច់ត្រូវតែឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងបច្ចេកទេស និងបច្ចេកវិទ្យាទាំងនេះ។

សារលិខិតដ៏ឧឡារិកនេះមានខ្លឹមសារណែន និងជួនកាលមានភាពក្លាហានគួរឱ្យភ្ញាក់ផ្អើល។ អត្ថបទខាងក្រោមនេះសង្ខេបជំពូកនីមួយៗ ដោយមានចំណុចគួរឱ្យភ្ញាក់ផ្អើល។

សេចក្តីផ្តើម

បុរីពីរ ជម្រើសមួយ

សម្តេចប៉ាបលេអូទី១៤ បើកអត្ថបទរបស់លោកជាមួយនឹងរូបភាពពីព្រះគម្ពីរពីរគឺ៖ ប៉មបាបិល (Babel) និងការកសាងទី ក្រុងយេរូសាឡឹមឡើងវិញក្រោមការដឹកនាំរបស់លោកនេហេមី (Nehemiah)។ រូបភាពទីមួយតំណាងឱ្យភាពមានមោទនភាព ភាពដូចគ្នាបេះបិទ និងអំណាចខាងបច្ចេកវិទ្យា ចំណែកឯរូបភាពទីពីររំលឹកដល់ស្នាដៃប្រកបដោយភាពអត់ធ្មត់ ដែលមានលក្ខណៈជាសហគមន៍ និងដែលចាក់ឫសនៅក្នុងព្រះជាម្ចាស់។

សារលិខិតដ៏ឧឡារិកទាំងមូលពឹងផ្អែកលើជម្រើសពីរនេះ៖ តើយើងកំពុងកសាងបុរីបាបិលថ្មីមួយ ដែលមានប្រសិទ្ធភាព មានអំណាច ប៉ុន្តែ គ្មានលក្ខណៈជាមនុស្ស ឬក៏ទីក្រុងយេរូសាឡឹមដែលត្រូវកសាងឡើងវិញមួយដុំម្តងៗ ដោយមានចិត្តស្មោះត្រង់ និងដោយរួមសាមគ្គី?

ជំពូកទី ១
ប្រពៃណីដែលមានជីវិត

សម្តេចប៉ាបបានរំលឹកឡើងវិញនូវប្រវត្តិនៃគោលលទ្ធិសង្គមរបស់ព្រះសហគមន៍ ចាប់តាំងពីសម្ដេចប៉ាបលេអូទី១៣ រហូតដល់សម័យសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ។ យុគសម័យនីមួយៗសុទ្ធតែបានជួបប្រទះវិបត្តិរៀងៗខ្លួន៖ សិទ្ធិកម្មករ ការគំរាមកំហែងនុយក្លេអ៊ែរ ការបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ី និងវិសមភាព…

អ្វីដែលគួរឱ្យភ្ញាក់ផ្អើល

សម្ដេចប៉ាបលេអូទី១៤ មិនគ្រាន់តែយកគោលលទ្ធិសង្គមមកអនុវត្តចំពោះបញ្ញាសិប្បនិម្មិតនោះទេ។ បញ្ញាសិប្បនិម្មិតមិនគ្រាន់តែជា “ប្រធានបទថ្មី” ដែលព្រះសហគមន៍ត្រូវកំណត់ខាងសីលធម៌នោះឡើយ។ យោងតាមសម្តេចប៉ាប បញ្ញាសិប្បនិម្មិតផ្លាស់ប្តូររបៀបរស់នៅ ការធ្វើការ ការសម្រេចចិត្ត សូម្បីតែការយល់ដឹងអំពីមនុស្សយ៉ាងខ្លាំង រហូតដល់បង្ខំឱ្យព្រះសហគមន៍ត្រូវគិតគូរឡើងវិញនូវគោលគំនិតមួយចំនួននៃគោលលទ្ធិសង្គមរបស់ខ្លួន និងត្រូវអភិវឌ្ឍការគិតខាងសង្គមរបស់គ្រីស្តបរិស័ទឱ្យកាន់តែស៊ីជម្រៅថែមទៀត។

យើងមិនត្រូវចាត់ទុកថា “បញ្ញាសិប្បនិម្មិត […] គ្រាន់តែជាប្រធានបទបន្ថែមសម្រាប់សិក្សា ឬជាវិបត្តិដែលត្រូវគ្រប់គ្រងនោះទេ ប៉ុន្តែ ជាការអភិវឌ្ឍមួយដែលចោទសួរពីខាងក្នុងនូវប្រភេទនៃគោលលទ្ធិសង្គម ហើយទាមទារឱ្យមានការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅស្របតាមដំណឹងល្អ។”

ជំពូកទី ២
គោលការណ៍ដែលនៅតែស្ថិតស្ថេរ

សារលិខិតដ៏ឧឡារិកនេះបញ្ជាក់ឡើងវិញនូវសសរធំៗនៃការគិតខាងសង្គមរបស់ព្រះសហគមន៍កាតូលិក៖ សេចក្តីថ្លៃថ្នូររបស់មនុស្ស ផលប្រយោជន៍រួម គោលការណ៍ជំនួយឧបត្ថម្ភ សាមគ្គីភាព យុត្តិធម៌សង្គម និងការអភិវឌ្ឍពេញលេញ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើល

អត្ថបទនេះរួមបញ្ចូលយ៉ាងច្បាស់លាស់នូវក្បួនដោះស្រាយ (Algorithm) ទិន្នន័យ វេទិកាឌីជីថល និងប៉ាតង់ ទៅក្នុងគោលការណ៍នៃគោលដៅសកលនៃទ្រព្យសម្បត្តិ។ និយាយម្យ៉ាងទៀត៖ យើងមិនអាចចាត់ទុកទិន្នន័យថា ជាកម្មសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនតូចនោះទេ។

“សព្វថ្ងៃនេះ ក្នុងចំណោមទ្រព្យសម្បត្តិដែលផ្តល់ជូនជាសកលសម្រាប់មនុស្សទាំងអស់ យើងក៏ត្រូវតែរួមបញ្ចូលទម្រង់ថ្មីនៃកម្មសិទ្ធិផងដែរ ដូចជា ប៉ាតង់ ក្បួនដោះស្រាយវេទិកាឌីជីថល ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងទិន្នន័យ។”

សម្តេចប៉ាបបានព្រមានថា ការប្រមូលផ្តុំធនធានទាំងនេះហួសហេតុ បង្កើតឱ្យមានវិសមភាព ដែលមិនស្របនឹងផលប្រយោជន៍រួមឡើយ។

ជំពូកទី ៣
អ្វីទៅជាបញ្ញាសិប្បនិម្មិត

នេះគឺជាស្នូលនៃគោលលទ្ធិរបស់អត្ថបទ។ សម្ដេចប៉ាបលេអូទី១៤ បញ្ជាក់យ៉ាងច្បាស់ថា បញ្ញាសិប្បនិម្មិតមិនមែនជាបញ្ញារបស់មនុស្សឡើយ។ បញ្ញាសិប្បនិមិ្មតដំណើរការទិន្នន័យ ប៉ុន្តែ មិនអាចស្រឡាញ់ មិនអាចឈឺចាប់ និងមិនអាចទទួលខុសត្រូវខាងសីលធម៌បានឡើយ។ បញ្ញាសិប្បនិមិ្មតអាចយកតម្រាប់តាមការយល់ចិត្ត ប៉ុន្តែ មិនអាចយល់ពិតប្រាកដនោះទេ។ ចំណុចនេះ ក្លាយជាបញ្ហាសំខាន់ណាស់ នៅពេលដែលគេប្រគល់ការសម្រេចចិត្តធំៗទាក់ទងនឹងជីវិតមនុស្ស ទៅឱ្យប្រព័ន្ធស្វ័យប្រវត្តិ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើល

សម្តេចប៉ាបស្នើរសុំ “ទម្លាក់អាវុធ” នៃបញ្ញាសិប្បនិម្មិត។ លោកមិនបដិសេធបច្ចេកវិទ្យានោះទេ ប៉ុន្តែ លោកចង់រំដោះបញ្ញាសិប្បនិមិ្មតចេញពីតក្កវិជ្ជានៃការត្រួតត្រាខាងសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ និងការគ្រប់គ្រងផ្តាច់មុខ។

“ការទម្លាក់អាវុធបញ្ញាសិប្បនិម្មិត មានន័យថា ត្រូវរំដោះបញ្ញាសិប្បនិមិ្មតនេះចេញពីផ្នត់គំនិតនៃការប្រកួតប្រជែង “បែបប្រដាប់អាវុធ” […] ដែលផ្អែកលើការស្វែងរកក្បួនដោះស្រាយដែលកាន់តែមានអំណាច និងមូលដ្ឋានទិន្នន័យដែលកាន់តែធំធាត់ ដើម្បីបានការត្រួតត្រាខាងភូមិសាស្ត្រនយោបាយ ឬពាណិជ្ជកម្ម។”

ជំពូកទី ៤
សច្ចភាព ការងារ និងសេរីភាព

ជំពូកនេះមានវិសាលភាពធំធេងណាស់ ដោយលើកឡើងពីផលវិបាកសង្គមជាក់ស្តែងនៃបញ្ញាសិប្បនិម្មិត៖ ព័ត៌មានមិនពិត ការធ្វើឱ្យលទ្ធិប្រជាធិបតេយ្យទន់ខ្សោយ ស្វ័យប្រវត្តិកម្មនៃការងារ ការញៀនឌីជីថល សម្ពាធសេដ្ឋកិច្ចលើគ្រួសារ និងការកេងប្រវ័ញ្ចដោយមើលមិនឃើញលើកម្មករនៅក្នុងខ្សែច្រវាក់ផលិតកម្មបច្ចេកវិទ្យា។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើល

នៅក្នុងវគ្គមួយឧទ្ទិសដល់ទាសភាពសម័យទំនើប និងសេដ្ឋកិច្ចឌីជីថល ក្នុងនាមព្រះសហគមន៍ សម្ដេចប៉ាបលេអូទី១៤ ទទួលស្គាល់យ៉ាងច្បាស់លាស់អំពីការទទួលខុសត្រូវជាប្រវត្តិសាស្ត្ររបស់ខ្លួននៅក្នុងស្ថាប័នទាសភាព។ នេះគឺជាវគ្គមួយ ក្នុងចំណោមវគ្គដែលគួរឱ្យកត់សម្គាល់បំផុតនៃអត្ថបទ។

“យើងមិនអាចវិនិច្ឆ័យព្រឹត្តិការណ៍អតីតកាលដោយខុសសម័យកាលនោះទេ ហាក់ដូចជាលក្ខណៈវិនិច្ឆ័យសីលធម៌ដែលបានអភិវឌ្ឍតាមពេលវេលា មានវត្តមានជានិច្ចកាលនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ យើងមិនអាចប្រកែក ឬកាត់បន្ថយភាពយឺតយ៉ាវដែលសង្គម និងព្រះសហគមន៍បានជួបប្រទះក្នុងការថ្កោលទោសគ្រោះកាចនៃទាសភាពនោះបានទេ។ នាសម័យបុរាណ និងសម័យកណ្តាល បុគ្គលជាច្រើន សូម្បីតែស្ថាប័នព្រះសហគមន៍ បានកាន់កាប់ទាសករ។ ចាប់តាំងពីដើមសម័យទំនើបមក ដោយឆ្លើយតបទៅនឹងសំណើរបស់រាជាធិបតេយ្យ សន្តអាសនៈបានធ្វើអន្តរាគមន៍ជាច្រើនលើកដើម្បីរៀបចំបទប្បញ្ញត្តិ និងធ្វើឱ្យស្របច្បាប់ ដោយធ្វើឱ្យទៅជាទាសករ ហើយក្នុងករណីខ្លះ គឺទាសភាពនៃ “អ្នកមិនមានជំនឿ”។ មានតែនៅសតវត្សទី១៩ ជាពិសេស ក្រោមសម័យសម្ដេចប៉ាបលេអូទី១៣ ទើបព្រះសហគមន៍បានថ្កោលទោសជាផ្លូវការ ដាច់ខាត និងជាសកលចំពោះទាសភាពយ៉ាងច្បាស់លាស់”។

ជំពូកទី ៥
អារ្យធម៌នៃសេចក្តីស្រឡាញ់

ជំពូកចុងក្រោយបង្វែរទៅរកបញ្ហាសង្គ្រាម។ សម្លេងនៅក្នុងជំពូកនេះមានអត្ថន័យចំៗ៖ ការចំណាយលើវិស័យយោធាកំពុងកើនឡើង ព្រំដែនសីលធម៌កំពុងរលុបបាត់ ហើយបញ្ញាសិប្បនិម្មិតកំពុងពន្លឿនការសម្រេចចិត្តសម្លាប់មនុស្ស ក្នុងលក្ខណៈកាន់តែខ្វះមនុស្សធម៌។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើល

សម្ដេចប៉ាបលេអូទី១៤ បញ្ជាក់យ៉ាងច្បាស់ថា ឥឡូវនេះ ទ្រឹស្តីបុរាណនៃ “សង្គ្រាមត្រឹមត្រូវ” បានហួសសម័យហើយ នៅក្នុងពិភពលោកមួយដែលអាវុធស្វយ័ត និងជម្លោះកាត់តកាត់តម្រូវ (Hybrid conflicts) គ្រប់គ្រងកាន់តែច្រើន។

“សព្វថ្ងៃនេះជាងពេលណាៗ […] ទ្រឹស្តីនៃ “សង្គ្រាមត្រឹមត្រូវ” ដែលគេបានប្រើប្រាស់ញឹកញាប់ពេក ដើម្បីបង្ហាញភាពត្រឹមត្រូវនៃសង្គ្រាមណាមួយ ហួសសម័យហើយ។ មនុស្សជាតិមានឧបករណ៍ ដែលមានប្រសិទ្ធភាពជាងនេះឆ្ងាយណាស់ ដើម្បីលើកកម្ពស់ជីវិតមនុស្ស និងដោះស្រាយជម្លោះ ដូចជាការសន្ទនា និងការទូត។ ការងាកទៅរកកម្លាំង អំពើហិង្សា និងអាវុធ បង្ហាញពីភាពក្រីក្រខាងទំនាក់ទំនង ដែលតែងតែបង្កើតផលវិបាកដ៏មហន្តរាយដល់ប្រជាជនស៊ីវិល។”

យោងតាមលោក មានតែការទូត ការសន្ទនា និងពហុភាគីនិយមប៉ុណ្ណោះ ដែលជាផ្លូវប្រាកដនិយមដើម្បីរក្សាសន្តិភាព។

សេចក្តីសន្និដ្ឋាន
មេរៀនរបស់លោកនេហេមី

សារលិខិតនេះបញ្ចប់ដោយមានការអំពាវនាវជាក់ស្តែង៖ ត្រូវរក្សាភាពស្មោះត្រង់ចំពោះសច្ចភាព វិនិយោគលើការអប់រំ បណ្តុះបណ្តាលទំនាក់ទំនងមនុស្សពិតប្រាកដ ស្រឡាញ់យុត្តិធម៌ និងស្វែងរកសន្តិភាព។ រូបភាពចុងក្រោយ គឺរូបភាពរបស់លោកនេហេមី ដែលកំពុងកសាងជញ្ជាំងទីក្រុងយេរូសាឡឹមឡើងវិញមួយដុំម្តងៗ។ សម្ដេចប៉ាបលេអូទី១៤ ការធ្វើជាគ្រីស្តបរិស័ទនៅក្នុងយុគសម័យបញ្ញាសិប្បនិម្មិត មានន័យចំៗបែបនេះឯង៖ ការកសាងពិភពលោកមនុស្សឡើងវិញដោយអត់ធ្មត់ នៅចំកណ្តាលនៃបដិវត្តន៍បច្ចេកវិទ្យាដែលមិនធ្លាប់មានពីមុនមក។

68 Views

Theme: Overlay by Kaira