• ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ចូរយើងនាំគ្នាស្រែកច្រៀងដោយអំណរថ្វាយព្រះអម្ចាស់!។

ទំនុកតម្កើងតាមការជ្រើសរើស

ទំនុកតម្កើងលេខ ៩៥
ចូរ​យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!

សូម​អញ្ជើញ​មក យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!
ចូរ​ស្រែក​ច្រៀង​ដោយ​អំណរថ្វាយ​ព្រះ‌ជាម្ចាស់​ដែល​ជា​ថ្ម‌ដា​សង្គ្រោះ​យើង។
ចូរ​យើង​នាំ​គ្នា​ចូល​មក​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គទាំង​អរ​ព្រះ‌គុណ
និង​ស្មូត​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម
ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រដ៏​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា។
ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់ គឺ​ចាប់​តាំង​ពី​បាត​ដី​រហូត​ដល់​ចុង​កំពូល​ភ្នំ
សមុទ្រ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ
ព្រោះ​ព្រះ‌អង្គ​បាន​បង្កើត​សមុទ្រ​មក រីឯ​ផែន‌ដី​ក៏​ព្រះ‌អង្គ​បាន​បង្កើត​មក​ដែរ។
ចូរ​នាំ​គ្នា​មក យើង​នឹង​ឱន​កាយ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ
ចូរ​យើង​ក្រាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ដែល​បាន​បង្កើត​យើង​មក
ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង
យើង​ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌អង្គ​ថែ‌រក្សា ជា​ហ្វូង​ចៀម​ដែល​ព្រះ‌អង្គ​ដឹក​នាំ។
ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ
មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស ដូច​កាល​បះ‌បោរ​នៅ​មេរី‌បា
ដូច​ថ្ងៃ​ល្បង‌ល​នៅ​ម៉ាសា ក្នុង​វាល​រហោ‌ស្ថាន​នោះ​ឡើយ
គឺ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បង‌ល​យើង
គេ​សាក​មើល​យើង ទោះ​បី​គេ​បាន​ឃើញ​កិច្ច‌ការដែល​យើង​ធ្វើ​ក៏​ដោយ។
១០ ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ
មនុស្ស​នៅ​ជំនាន់​នោះបាន​ធ្វើ​ឱ្យ​យើង​ឆ្អែត​ចិត្ត​ជា​ខ្លាំង ហើយ​យើង​បាន​ពោល​ថា:
ពួក​នេះ​ជា​ប្រជាជន​ដែល​មាន​ចិត្ត​វង្វេង គេ​ពុំ​ស្គាល់​មាគ៌ា​របស់​យើង​ឡើយ។
១១ ហេតុ​នេះ យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា​ថា
មិន​ឱ្យ​ពួក​គេ​ចូល​មក​សម្រាកជា​មួយ​យើង​ជា​ដាច់​ខាត!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ១០០

មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​អើយ ចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់!
ចូរ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​រីក‌រាយ
ចូរ​នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌អង្គដោយ​ច្រៀង​យ៉ាង​សប្បាយ!
ចូរ​ដឹង​ថា ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ‌ជាម្ចាស់​មែន! ព្រះ‌អង្គ​បាន​បង្កើត​យើង​មក
យើង​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ហើយ​ជា​ប្រជាជន​ដែល​ព្រះ‌អង្គ​ថែ‌រក្សា។
ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ ដោយ​អរ​ព្រះ‌គុណ
ចូរ​នាំ​គ្នា​ចូល​មក​ក្នុង​ព្រះ‌វិហារ ដោយ​ពាក្យ​សរសើរ​តម្កើង!
ចូរ​លើក​តម្កើង​ព្រះ‌អង្គ ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ!
ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​ជា‌និច្ច
ហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៦៧

ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ប្រណី​សន្ដោស​យើង​ខ្ញុំ សូម​ប្រទាន​ពរ​ដល់​យើង​ខ្ញុំ
សូម​ទត​មក​យើង​ខ្ញុំដោយ​ព្រះ‌ហឫទ័យ​សប្បុរស​ផង!
ដូច្នេះ មនុស្ស​នៅ​លើ​ផែន‌ដីនឹង​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គ
ហើយ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ
គេ​នឹង​ស្គាល់​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ!
ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឱ្យ​ប្រជាជនទាំង‌ឡាយ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ
សូម​ឱ្យ​ប្រជាជន​ទាំង​អស់​រួម​គ្នាលើក​តម្កើង​ព្រះ‌អង្គ!
មហាជន​នាំ​គ្នា​សប្បាយ​រីករាយ នាំ​គ្នា​ស្រែក​ជយ‌ឃោស
ដ្បិត​ព្រះ‌អង្គ​គ្រប់‌គ្រង​ប្រជា‌រាស្ដ្រ​នានាដោយ​យុត្តិធម៌
ហើយ​ព្រះ‌អង្គ​ដឹក​នាំ​មហា‌ជន​ទាំង‌ឡាយនៅ​លើ​ផែន‌ដី។
ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឱ្យ​ប្រជាជន​ទាំង‌ឡាយនាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ
សូម​ឱ្យ​ប្រជាជន​ទាំង​អស់​រួម​គ្នាលើក​តម្កើង​ព្រះ‌អង្គ!
ផែន‌ដី​បាន​បង្កើត​ភោគ‌ផល
ព្រោះ​ព្រះ‌ជាម្ចាស់​ជា​ព្រះ​នៃ​យើង បាន​ប្រទាន​ពរ​ឱ្យ​យើង។
សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ឱ្យ​យើង សូម​ឱ្យ​ប្រជាជន​ទាំង​ប៉ុន្មាន
ដែល​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី គោរព​កោត​ខ្លាច​ព្រះ‌អង្គ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ២៤

ផែន‌ដី និង​អ្វីៗ​សព្វ​សារ​ពើ​នៅ​លើ​ផែន‌ដី សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អម្ចាស់
ពិភព‌លោក និង​អ្វីៗ​ទាំង​អស់​ដែល​រស់​នៅ​ក្នុងពិភព‌លោក
ក៏​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អង្គ​ដែរ!
គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ចាក់​គ្រឹះ​ផែន‌ដីពី​លើ​សមុទ្រ
ហើយ​ធ្វើ​ឱ្យ​វា​ស្ថិត​នៅ​យ៉ាង​រឹង‌ប៉ឹងពី​លើ​ទន្លេ​នានា។
តើ​នរណា​អាច​ឡើង​ទៅ​លើ​ភ្នំរបស់​ព្រះ‌អម្ចាស់​បាន?
តើ​នរណា​អាច​ឈរ​នៅ​ក្នុង​ព្រះ‌វិហារដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ​បាន?
មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ
និង​មាន​ចិត្ត​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​ឡើង​ទៅ​បាន
គឺ​អ្នក​ដែល​មិន​បណ្តោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំព្រះ​ក្លែង‌ក្លាយ
និង​និយាយ​ស្បថ‌ស្បែ​បំពាន។
ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ដល់​គេ
ហើយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ នឹង​ប្រោស​គេ​ឱ្យសុចរិត​ដែរ។
គឺ​អ្នក​ទាំង​នេះ​ហើយ​ដែល​ស្វែង​រក​ព្រះ‌អង្គ
ជា​អ្នក​ស្វែង​រក​ព្រះ​របស់​លោក​យ៉ាកុប។
ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឱ្យ​ធំ​ ដើម្បី​ឱ្យ​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយសិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ពូកែ
ព្រះ‌អម្ចាស់​ជា​អ្នក​ចម្បាំង​ដ៏​ជំនាញ។
ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឱ្យ​ធំ ដើម្បី​ឱ្យ​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
១០ តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយសិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល គឺ​ព្រះ‌អង្គ​ហើយ
ដែល​ជា​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

អ្នកណាស្រេក សុំអញ្ជើញមក! អ្នកណាចង់បាន សូមអញ្ជើញមកទទួលទឹកដែលផ្តល់ជីវិត ដោយមិនបាច់បង់ថ្លៃ! (វវ ២២,១៧)។

បន្ទរទី១៖ តើដល់ពេលណាទើបខ្ញុំអាចទៅនៅចំពោះព្រះភក្ត្រព្រះអង្គបាន?

បពិត្រព្រះជាម្ចាស់! ទូលបង្គំប្រាថ្នាចង់នៅជាមួយព្រះអង្គខ្លាំងណាស់។
ដូចក្តាន់ប្រាថ្នារកទឹកហូរដែរ។
ខ្ញុំស្រេកឃ្លានព្រះជាម្ចាស់ គឺព្រះដ៏មានព្រះជន្មគង់នៅ
តើដល់ពេលណាទើបខ្ញុំអាចទៅនៅចំពោះព្រះភក្ត្រព្រះអង្គបាន?
ខ្ញុំសម្រក់ទឹកភ្នែកទាំងយប់ទាំងថ្ងៃ ឥតមានល្ហែ។
គេចេះតែពោលមកខ្ញុំថា “តើព្រះរបស់អ្នកនៅឯណា?”។
ខ្ញុំស្រណោះស្រណោកយ៉ាងក្រៃលែង
នឹកឃើញពីគ្រាដែលខ្ញុំនាំមុខប្រជាជន
មួយចំនួនធំ ឆ្ពោះទៅកាន់ព្រះដំណាក់របស់ព្រះអង្គ
ពួកគេមានអំណរសប្បាយ ស្រែកហ៊ោរ និងអរព្រះគុណព្រះអង្គ។
ខ្ញុំនឹកគិតថា ៖ “តើខ្ញុំស្រយុតចិត្តធ្វើអ្វី ថ្ងូរលើខ្លួនឯងធ្វើអ្វ្វី
ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!”
ខ្ញុំមុខជានឹងសរសើតម្កើងព្រះអង្គតទៅមុខទៀត
ព្រះអង្គជាព្រះសង្គ្រោះ និងជាព្រះរបស់ខ្ញុំ។
បពិត្រព្រះនៃទូលបង្គំ! ទូលបង្គំស្រយុតចិត្តជាខ្លាំង
ហេតុនេះហើយ បានជាទូលបង្គំនឹកដល់ព្រះអង្គ
ពីភូមិទន្លេយ័រដាន់ ភ្នំហ៊ែរម៉ូន និងភ្នំមីតសារ។
ព្រះអង្គបានធ្វើឱ្យទុក្ខកង្វល់ ធ្លាក់មកលើទូលបង្គំផ្ទួនៗគ្នា
ដូចទឹកជ្រោះធ្លាក់ពីលើភ្នំ លាន់ឮគគ្រឹកគគ្រេង។
សូមព្រះអម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំនៅពេលថ្ងៃ
ដូច្នេះ ខ្ញុំច្រៀងបទតម្កើងព្រះអង្គ នៅពេលយប់
ខ្ញុំសូមអង្វរព្រះអង្គជាម្ចាស់នៃជីវិតខ្ញុំ។
១០ខ្ញុំទូលសូមព្រះជាម្ចាស់ ដែលជាថ្មដារបស់ខ្ញុំថា
“ហេតុអ្វីបានជាព្រះអង្គបំភ្លេចទូលបង្គំ?
ហេតុអ្វីបានជាទូលបង្គំត្រូវមុខស្រពោន
ដោយត្រូវខ្មាំងសង្កត់សង្កិនដូច្នេះ?”។
១១ខ្មាំងសត្រូវនាំគ្នាជេរប្រមាថទូលបង្គំ
រហូតដល់ធ្វើឱ្យទូលបង្គំឈឺចុកចាប់សព្វសាព៌ាង្គកាយ
គេចេះតែពោលមកទូលបង្គំ គ្រប់ពេលគ្រប់វេលាថា
“តើព្រះរបស់អ្នកនៅឯណា?”។
១២ខ្ញុំនឹកគិតថា ៖ “តើខ្ញុំស្រយុតចិត្តធ្វើអ្វី ថ្ងូរអំពីខ្លួនឯងធ្វើអ្វី
ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!”
ខ្ញុំមុខជាសរសើរតម្កើងព្រះអង្គតទៅមុខទៀត
ព្រះអង្គជាព្រះសង្គ្រោះ និងជាព្រះរបស់ខ្ញុំ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ តើដល់ពេលណាទើបខ្ញុំអាចទៅនៅចំពោះព្រះភក្ត្រព្រះអង្គបាន?

រីឯ​ជីវិត​អស់​កល្ប‌ជានិច្ច​នោះ គឺឱ្យគេ​ស្គាល់​ព្រះ‌អង្គ ដែល​ជា​ព្រះ‌ជាម្ចាស់​ដ៏​ពិត​តែ​មួយ​គត់ និងឱ្យគេ​ស្គាល់​ព្រះ‌យេស៊ូ‌គ្រីស្ដ ដែល​ព្រះ‌អង្គ​ចាត់​ឱ្យមក (យហ ១៧,៣)។

បន្ទរទី២៖ ឱព្រះ‌អម្ចាស់​អើយ ! សូម​សម្ដែង​ព្រះហឫទ័យ​មេត្តា ករុណាមក​លើ​យើង​ខ្ញុំ​ផង។

ឱព្រះជាម្ចាស់ដែលគ្រប់គ្រងលើលោកឥតហ្មងទាំងមូលអើយ
សូមអាណិតអាសូរយើងហើយទតកុំកន្តើយយើងខ្ញុំផង
សូមធ្វើឱ្យគ្រប់ជាតិទាំងឡាយរស់ទាំងខ្វល់ខ្វាយកុំបង្អង់
ឱ្យគេបានឃើញឫទ្ធិព្រះអង្គស្ញប់ស្ញែងខ្លាចផងអានុភាព
៣-សូមព្រះអង្គលើកព្រះហស្តវាយប្រជាជិតឆ្ងាយជាដរាប
ដើម្បីឱ្យគេស្គាល់អានុភាពឱ្យគេជ្រួតជ្រាបពីបារមី
៤-ដោយព្រះអង្គដាក់ទោសយើងខ្ញុំពិតជាសក្តិសមគ្មានទាស់អ្វី
តែសូមសម្តែងព្រះបារមីឱ្យជាតិដទៃឃើញច្បាស់ថា
ព្រះអង្គជាព្រះដ៏វិសុទ្ធវិសេសបំផុតលើលោកា
សូមសម្តែងឱ្យខ្ញុំដឹងថាព្រះអង្គផ្តន្ទាពួកគេដែរ
៥-សូមឱ្យមនុស្សគ្រប់ជាតិសាសន៍ទទួលស្គាល់ច្បាស់គ្មានកែប្រែ
ក្រៅពីព្រះអង្គគ្មានព្រះទេត្រូវចេះរិះរេស្គាល់ព្រះអង្គ
៧-សូមទ្រង់សម្តែងថ្លែងសិរីរុងរឿងម្ចាស់ថ្លៃកុំបង្អង់
បារមីខ្លាំងក្លានៃព្រះអង្គឱ្យមនុស្សទាំងពួងសរសើរកោត
១០-សូមពេលចុងក្រោយឆាប់មកដល់ព្រះអង្គកុំខ្វល់ភ្លេចសម្តែង
គេនឹងរៀបរាប់ដោយកោតក្រែងអស្ចារ្យជាក់ស្តែងទ្រង់ប្រព្រឹត្ត
១១-សូមឱ្យភ្លើងនៃព្រះពិរោធកំហឹងក្រេវក្រោធឆេះបំបាត់
ដុតកម្ទេចពួកអ្នកទុច្ចរិតកុំឱ្យវារត់រួចសោះឡើយ
១២-សូមទ្រង់បំបែកក្បាលសត្រូវកុំទុកឱ្យនៅពួកនោះហើយ
វាពោលក្តែងៗគ្មានគិតឡើយថាវានេះហើយសំខាន់ណាស់
១៣-សូមទ្រង់ប្រមូលកុលសម្ពន្ធឱ្យឆាប់រួសរាន់កុំក្រឡះ
ពូជពង្សយ៉ាកុបមានច្រើនណាស់រស់នៅដេរដាសឱ្យមកជុំំ
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ៖ ឱព្រះ‌អម្ចាស់​អើយ ! សូម​សម្ដែង​ព្រះហឫទ័យ​មេត្តា ករុណាមក​លើ​យើង​ខ្ញុំ​ផង។

បន្ទរទី៣៖ ផ្ទៃមេឃថ្លែងអំពីសិរីរុងរឿងរបស់ព្រះជាម្ចាស់។

ផ្ទៃមេឃថ្លែងអំពីសិរីរុងរឿងរបស់ព្រះជាម្ចាស់។
អាកាសវេហាស៍ ប្រកាសពីស្នាព្រះហស្តរបស់ព្រះអង្គ។
ថ្ងៃមួយតំណាលប្រាប់ថ្ងៃមួយទៀត
យប់មួយប្រាប់យប់មួយទៀតឱ្យបានដឹង។
ដោយមិនប្រើភាសា ឬពាក្យសំដីទេ ហើយក៏មិនឮសូរស័ព្ទអ្វីដែរ។
ប៉ុន្តែ សេចក្តីថ្លែងរបស់មេឃត្រេចចរលើផែនដីទាំងមូល
ហើយសំឡេងរបស់អាកាសវេហាស៍
លាន់ឮរហូតដល់ដាច់ស្រយាលនៃពិភពលោក
ជាកន្លែងដែលព្រះជាម្ចាស់ បានតម្លើងពន្លាសម្រាប់ព្រះអាទិត្យ។
ព្រះអាទិត្យរះឡើងប្រៀបបីដូចជាកូនកំលោះ ចេញមកសំពះផ្ទឹម
ដូចជាវីរបុរសដ៏ខ្លាំងពូកែមួយរូប
ចេញមករត់ប្រណាំងទាំងអរសប្បាយ។
ព្រះអាទិត្យចរយាត្រាពីជើងមេឃម្ខាង ឆ្ពោះទៅជើងមេឃម្ខាងទៀត
គ្មានអ្វីអាចបំបាំងកម្តៅរបស់ព្រះអាទិត្យបានឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ផ្ទៃមេឃថ្លែងអំពីសិរីរុងរឿងរបស់ព្រះជាម្ចាស់។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យរ ១៥,១៦)

ពេលទូលបង្គំឮព្រះបន្ទូលរបស់ព្រះអង្គ ទូលបង្គំត្រងត្រាប់ស្តាប់ដោយយកចិត្តទុកដាក់ ព្រះបន្ទូលរបស់ព្រះអង្គធ្វើឱ្យចិត្តទូលបង្គំពោរពេញដោយអំណរ និងសុភមង្គល ព្រះជាអម្ចាស់នៃពិភពទាំងមូលអើយ! ទូលបង្គំជាអ្នកបម្រើផ្ទាល់របស់ព្រះអង្គ។

បន្ទរ៖ ចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់​ដោយ​អំណរ ! *មាន​តែ​មនុស្ស​ទៀង​ត្រង់​ប៉ុណ្ណោះ ដែល​អាច​កោត​សរសើរព្រះ‌អង្គ។ បន្ទរឡើងវិញ៖…

  • ចូរ​ច្រៀង​បទ​ថ្មីថ្វាយ​ព្រះ‌អម្ចាស់!។ បន្ទរ៖ *…
  • សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ៖ សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យយាង​មករំដោះ​ប្រជា‌រាស្ដ្រ​របស់ព្រះ‌អង្គ។

៦៨”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។
៦៩ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ
ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ
ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។
៧០ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា
ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម
៧១គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ
និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង
៧២ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង
ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ
៧៣គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ
ជាបុព្វបុរសរបស់យើងថា
៧៤ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ
ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច
៧៥ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ
និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់
ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។
៧៦ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត
ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។
៧៧កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ
ដោយលើកលែងគេឱ្យរួចពីបាប។
៧៨ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់
ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង
៧៩និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត
ក្រោមអំណាចនៃសេចក្តីស្លាប់
ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៦៨-សូមលើកតម្កើងព្រះអម្ចាស់ប្រសើរពេកណាស់ព្រះរបស់
ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះយាងមករំដោះរាស្ត្រព្រះអង្គ
៦៩-ទ្រង់បានប្រទានព្រះសង្គ្រោះដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់
ពីក្នុងចំណោមព្រះញាតិវង្សនៃអង្គដាវីឌបម្រើជាក់
៧០-ព្រះម្ចាស់ប្រទានព្រះសង្គ្រោះយើងមិនដែលលោះមិនដែលអាក់
ដូចបានសន្យាតាមរយៈព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន
៧១-ព្រះអង្គសង្គ្រោះយើងឱ្យរួចចេញពីអំណាចខ្មាំងលើសលន់
និងផុតពីដៃពួកទុរជនដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង
៧២-ព្រះអង្គសម្ដែងព្រះហឫទ័យករុណាប្រណីមិនឆ្មៃឆ្មើង
ដល់បុព្វបុរសដែលតម្កើងសម្ពន្ធព្រះអង្គមិនភ្លេចសោះ
៧៣-គឺព្រះអង្គហើយបានសន្យាពាក្យពិតសត្យាមិនចន្លោះ
នឹងអប្រាហាំបុព្វបុរសដូនតាយើងនោះដូច្នេះថា
៧៤-ទ្រង់នឹងរំដោះយើងឱ្យរួចផុតពីអំណាចខ្មាំងឫស្យា
ដើម្បីយើងអាចក្រាបវន្ទាព្រះអង្គគ្រប់គ្រាគ្មានភ័យភិត
៧៥-ព្រមទាំងឱ្យយើងបានរស់នៅឥតមានអាស្រូវដោយសុចរិត
ជារៀងរាល់ថ្ងៃមួយជីវិតគាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ
៧៦-ចំណែកឯរូបរបស់កូននឹងក្លាយខ្លួនជាព្យាការី
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃរៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ
៧៧-កូននឹងធ្វើឱ្យអស់ប្រជារាស្ត្រទាំងអស់គ្នាគេបានដឹង
ថាព្រះសង្គ្រោះគឺព្រះអង្គទាំងលើកទោសផងរួចពីបាប
៧៨-ព្រះរបស់យើងមានព្រះទ័យករុណាប្រណីជាដរាប
ទ្រង់ប្រទានថ្ងៃរះរៀងរាបរំដោះរួចបាបយើងពិតៗ
៧៩-សម្រាប់បំភ្លឺដល់អស់អ្នកដែលបាននៅស្នាក់ទីងងឹត
ព្រមទាំងតម្រង់ផ្លូវជីវិតយើងឆ្ពោះទៅរកក្តីសុខសាន្ត
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ៖ សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យយាង​មករំដោះ​ប្រជា‌រាស្ដ្រ​របស់ព្រះ‌អង្គ។

ព្រះសង្គ្រោះរបស់យើងបានបង្កើតយើង ឱ្យទៅជាប្រជាជាតិនៃក្រុមបូជាចារ្យបម្រើព្រះអង្គ ដើម្បីថ្វាយសក្ការបូជាទៅកាន់ព្រះបិតា។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយចិត្តកតញ្ញូថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ! សូមព្រះអង្គរក្សាការពារយើងខ្ញុំ នៅក្នុង មុខងារជាអ្នកបម្រើរបស់ព្រះអង្គផង។

ព្រះគ្រីស្តជាបូជាចារ្យអស់កល្បជានិច្ច ព្រះអង្គប្រទានបូជាចារ្យដ៏វិសុទ្ធដល់ប្រជាជនរបស់ព្រះអង្គ
—សូមប្រោសប្រទានឱ្យយើងខ្ញុំអាចថ្វាយសក្ការបូជាខាងវិញ្ញាណទៅព្រះបិតាផង។ (បន្ទរ)

សូមព្រះអង្គចាក់បង្ហូរនូវផលផ្លែនៃព្រះវិញ្ញាណដ៏វិសុទ្ធឱ្យយើងខ្ញុំ
—មានចិត្តអត់ធ្មត់ សប្បុរស និងសុភាពរាបសារ។ (បន្ទរ)

សូមឱ្យយើងខ្ញុំចេះស្រឡាញ់ព្រះអង្គ ដ្បិតព្រះអង្គជាសេចក្តីស្រឡាញ់
—ហើយសូមឱ្យរាល់សកម្មភាពដែលយើងខ្ញុំប្រព្រឹត្ត និងការរស់នៅរបស់យើងខ្ញុំ លើកតម្កើងសិរីរុងរឿងព្រះអង្គផង។ (បន្ទរ)

សូមឱ្យយើងខ្ញុំស្វែងរកផលប្រយោជន៍សម្រាប់បងប្អូន ដោយមិនចង់បានកម្រៃអ្វីឡើយ
—ដើម្បីជួយពួកគេទៅកាន់ផ្លូវនៃការសង្រ្គោះ។ (បន្ទរ)

ឱព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ!
សូមសម្តែងព្រះបារមី ឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ
សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី
ដូចនៅស្ថានបរមសុខដែរ។
សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យ
អស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
សូមកុំបណ្តោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ
តែសូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច។

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ! ព្រះអង្គបានយកយើងខ្ញុំ មក​កាន់​ពន្លឺនៃថ្ងៃថ្មីនេះ
សូមព្រះអង្គថែរក្សាយើងខ្ញុំឱ្យមានសុវត្ថិភាពពេញ មួយថ្ងៃ ដោយវៀរចាកឆ្ងាយពីឱកាសប្រព្រឹត្តអំពើបាប។
សូមឱ្យរាល់ពាក្យសម្តី ចិត្តគំនិត និងសកម្មភាពរបស់យើងខ្ញុំបានគាប់ព្រះហឫទ័យព្រះអង្គផង។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។

សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!

8 Views

Theme: Overlay by Kaira