ថ្ងៃពុធ អាទិត្យទី០៩
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌ក្រហម
ថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២៦
បុណ្យរម្លឹក
សន្តឆាលល្វង់ហ្គា និងសហជីវិន
ជាមរណសាក្សី នៅហូហ្គាន់ដា
សូមចុចទីនេះ
នៅថ្ងៃ៣ ខែមិថុនា ១៨៨៦ ស្តេចត្រាញ់ម្នាក់នៅស្រុកយូហ្គាន់ដា (ទ្វីបអាហ្វ្រិក) ធ្វើទារុណកម្មគ្រីស្តបរិស័ជាតិយូហ្គាន់ដា ២២នាក់។ ពេលគេកំពុងដុតទាំងរស់ អ្នកទាំងនោះនៅតែអធិដ្ឋាន និងច្រៀងលើកតម្កើងព្រះជាម្ចាស់
សូមថ្លែងលិខិតទី ២ របស់គ្រីស្តទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ២ ធម ១,១-៣.៦-១២
ខ្ញុំប៉ូល ជាទូតរបស់ព្រះគ្រីស្តយេស៊ូ តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ខ្ញុំបានទទួលមុខងារប្រកាសអំពីជីវិតដែលយើងមានក្នុងអង្គព្រះគ្រីស្តយេស៊ូ ស្របតាមព្រះបន្ទូលសន្យា។ មកដល់ធីម៉ូថេ ជាកូនដ៏ជាទីស្រឡាញ់ សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះគ្រីស្តយេស៊ូ ជាព្រះអម្ចាស់នៃយើង ប្រណីសន្តោស មេត្តាករុណា និងប្រទានសេចក្តីសុខសាន្តដល់ប្អូន។ ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ដែលខ្ញុំគោរពបម្រើបន្តពីបុព្វបុរស ដោយមនសិការបរិសុទ្ធ។ រាល់ពេលខ្ញុំអធិដ្ឋាន ខ្ញុំតែងតែនឹកគិតដល់ប្អូនទាំងយប់ទាំងថ្ងៃឥតឈប់ឈរ។ហេតុនេះហើយ បានជាខ្ញុំសុំរំលឹកដាស់តឿនប្អូនថា ចូរធ្វើឱ្យព្រះអំណោយទានរបស់ព្រះជាម្ចាស់ដែលប្អូនបានទទួលដោយខ្ញុំដាក់ដៃលើនោះមានសកម្មភាពឡើង ដ្បិតព្រះជាម្ចាស់ពុំបានប្រទានឱ្យយើងមានវិញ្ញាណដែលនាំឱ្យខ្លាចទេ គឺព្រះអង្គប្រទានឱ្យយើងទទួលវិញ្ញាណដែលផ្តល់កម្លាំង សេចក្តីស្រឡាញ់ និងចិត្តធ្ងន់។ ដូច្នេះ មិនត្រូវខ្មាសនឹងផ្តល់សក្ខីភាពអំពីព្រះអម្ចាស់របស់យើង ឬខ្មាសនឹងខ្ញុំដែលជាប់ឃុំឃាំង ព្រោះតែព្រះអង្គនោះឡើយ។ ផ្ទុយទៅវិញ ប្អូនត្រូវតែរងទុក្ខវេទនារួមជាមួយខ្ញុំ សម្រាប់ដំណឹងល្អ ដោយពឹងផ្អែកលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ ព្រះអង្គហ្នឹងហើយដែលបានសង្គ្រោះយើង និងបានត្រាស់ហៅយើងឱ្យមកធ្វើជាប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះអង្គ។ ព្រះអង្គត្រាស់ហៅយើងដូច្នេះ មិនមែនមកពីអំពើដែលយើងបានប្រព្រឹត្តនោះទេ គឺស្របតាមគម្រោងការ និងស្របតាមព្រះហឫទ័យប្រណីសន្តោស ដែលទ្រង់បានប្រទានមកយើង ក្នុងអង្គព្រះគ្រីស្តយេស៊ូតាំងពីមុនកាលសម័យទាំងអស់មកម៉្លេះ។ ឥឡូវនេះ ព្រះអង្គបានសម្តែងឱ្យយើងស្គាល់ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ ដោយព្រះគ្រីស្តយេស៊ូជាព្រះសង្គ្រោះរបស់យើង យាងមកក្នុងលោកនេះ។ ព្រះគ្រីស្តបានបំបាត់សេចក្តីស្លាប់ ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតអមតៈ ដោយសារដំណឹងល្អ។ ព្រះជាម្ចាស់បានតែងតាំងខ្ញុំឱ្យប្រកាសដំណឹងល្អនេះក្នុងឋានៈជាគ្រីស្តទូត និងជាគ្រូអប់រំ។ ហេតុនេះហើយ បានជាខ្ញុំរកទុក្ខលំបាកទាំងនេះ ប៉ុន្តែ ខ្ញុំមិនខ្មាស់ឡើយ ដ្បិតខ្ញុំដឹងថា ខ្ញុំបានជឿលើព្រះអង្គណា ហើយខ្ញុំក៏ជឿជាក់ថា ព្រះអង្គនោះមានឫទ្ធានុភាពនឹងរក្សាអ្វីៗដែលព្រះអង្គផ្ញើទុកនឹងខ្ញុំ ឱ្យបានគង់វង្សរហូតដល់ថ្ងៃដែលព្រះអង្គយាងមក។
ទំនុកតម្កើងលេខ ១២៣ (១២២),១-២ បទព្រហ្មគីតិ
| ១ | ឱព្រះជាអម្ចាស់ | ទ្រង់គង់ខ្ពស់ស្ថានសុខអើយ | |
| ទូលបង្គំងើបមុខហើយ | ងើយសម្លឹងទៅព្រះអង្គ | ។ |
| ២ | យើងខ្ញុំសម្លឹងមើល | ព្រះម្ចាស់ដែលជាព្រះយើង | |
| ទន្ទឹងចាំព្រះអង្គ | ដូចបម្រើមើលដៃម្ចាស់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១១,២៥
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គពិតជាប្រោសមនុស្សឱ្យរស់ឡើងវិញមែន! ដោយព្រះអង្គបានសោយទិវង្គតព្រះអង្គបំផ្លាញសេចក្តីស្លាប់ហើយ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១២,១៨-២៧
នៅគ្រានោះ មានពួកខាងគណៈសាឌូស៊ីចូលមកគាល់ព្រះយេស៊ូ។ ពួកសាឌូស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖ «លោកគ្រូ! លោកម៉ូសេបានចែងច្បាប់ទុកឱ្យយើងថា បើបុរសណាមានភរិយា ហើយគាត់ស្លាប់ចោលប្រពន្ធទៅ តែគ្មានកូនសោះ ត្រូវឱ្យប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្តពូជឱ្យបងប្រុសរបស់ខ្លួន»។ ឧបមាថា មានបងប្អូនប្រុសៗប្រាំពីរនាក់។ បុរសបងបង្អស់បានរៀបការ ហើយស្លាប់ទៅ តែគ្មានកូនសោះ។ ប្អូនបន្ទាប់រៀបការនឹងបងថ្លៃមេម៉ាយ រួចស្លាប់ទៅទាំងឥតមានកូន រីឯប្អូនទីបីក៏ដូច្នោះដែរ។ បងប្អូនទាំងប្រាំពីរនាក់សុទ្ធតែគ្មានកូនដូចគ្នាទាំងអស់។ នៅទីបំផុតនាងក៏ស្លាប់ទៅដែរ។ លុះដល់ពេលមនុស្សស្លាប់នឹងទទួលជីវិតថ្មី តើនាងត្រូវជាប្រពន្ធរបស់អ្នកណា បើប្រាំពីរនាក់សុទ្ធតែបានយកនាងធ្វើជាប្រពន្ធដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ ដ្បិតអ្នករាល់គ្នាមិនស្គាល់គម្ពីរ ហើយក៏មិនស្គាល់ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ដែរ។ ពេលមនុស្សស្លាប់ទទួលជីវិតថ្មីដ៏រុងរឿង គេមិនរៀបការប្តីប្រពន្ធទៀតឡើយ គឺគេនឹងបានដូចទេវទូតនៅស្ថានបរមសុខ។ លោកម៉ូសេបានចែងអំពីមនុស្សស្លាប់នឹងទទួលជីវិតថ្មី នៅក្នុងអត្ថបទស្តីអំពីគុម្ពបន្លា តើអ្នករាល់គ្នាធ្លាប់អានឬទេ?។ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកថា៖ “យើងជាព្រះរបស់អប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប”។ ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត។ អ្នករាល់គ្នាយល់ខុសទាំងស្រុងហើយ!»។
588 Views
Post Views:
592