អត្ថបទព្រះគម្ពីរ
ថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣៣ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

ឬសន្តីអេលីសាបែត
នៅហុងគ្រី ជាបព្វជិតា

ព្រះនាងអេលីសាបិត (១២០៧-១២៣១) រៀបអភិសេកក្នុងជន្មាយុដប់បួនឆ្នាំ។ ព្រះនាងប្រសូតបានបុត្របីអង្គ រួចធ្លាក់ជាស្រ្ដីមេម៉ាយក្នុងជន្មាយុម្ភៃព្រះវស្សា ហើយត្រូវគេមើលងាយធ្វើបាបជាទម្ងន់ថែមទៀតផង ព្រះនាងសម្តែងធម៌មេត្តាករុណាចំពោះជនក្រីក្រ ដោយចិត្តស្រឡាញ់យ៉ាងខ្លាំង។ ព្រះនាងចូលទិវង្គតក្នុងជន្មាយុម្ភៃបួនព្រះវស្សា។ ដោយព្រះនាងមានឈ្មោះល្អយ៉ាងអស្ចារ្យ បានជាគ្រីស្តបរិស័ទប្រកាសព្រះនាងថា ជាសន្តីបុគ្គល តែបួនឆ្នាំក្រោយពីនាងចូលទិវង្គតប៉ុណ្ណោះ។

អត្ថបទទី
សូមថ្លែងព្រះគម្ពីរមរណសាក្សីនៃជនជាតិអ៊ីស្រាអែល ២មបា ៧,១.២០-៣១

នៅគ្រានោះគេចាប់ស្រ្ដីម្នាក់ និងកូនទាំងប្រាំពីរនាក់របស់គាត់។ ព្រះបាទអន់ចូគូសចេញព្រះរាជបញ្ជាឱ្យយកអ្នកទាំងនោះ ទៅវាយនឹងរំពាត់ខ្សែតី បង្ខំឱ្យបរិភោគសាច់​ជ្រូក ដែលធម្មវិន័យមិនអនុញ្ញាតឱ្យបរិភោគ។ គួរសរសើរម្ដាយយុវជនទាំងប្រាំពីរនាក់នោះ! គួរឱ្យមនុស្សម្នានឹកអ្នកស្រីនោះជានិច្ច! គាត់បានឃើញកូនទាំងប្រាំពីរនាក់​បាត់បង់ជីវិត ក្នុងរយៈពេលតែមួយថ្ងៃ ប៉ុន្ដែ គាត់ស៊ូទ្រាំទុក្ខលំបាកដោយចិត្តនឹងនរ ​ព្រោះគាត់មានចិត្តសង្ឃឹមលើព្រះអម្ចាស់។ គាត់លើកទឹកចិត្តកូនម្នាក់ៗនិយាយភាសា​ដូនតាដោយមានចិត្តគំនិតថ្លៃថ្នូរ និងមានចិត្តអង់អាចក្លាហានដូចមនុស្សប្រុស គាត់មាន​ប្រសាសន៍ទៅកូនទាំងអស់ថា៖«ម្ដាយមិនដឹងថា កូនបានចាប់ផ្ទៃដូចម្ដេចទេ ពុំមែន​ម្ដាយទេដែលបានផ្ដល់វិញ្ញាណ និងជីវិតឱ្យកូន! ពុំមែនម្ដាយទេ ដែលបានរៀបធាតុទាំង​ប៉ុន្មានក្នុងខ្លួនកូន! គឺព្រះជាម្ចាស់ដែលបង្កើតពិភពលោកឯណោះ ដែលបានសូនរូប​មនុស្ស ព្រះអង្គជាប្រភពនៃអ្វីៗទាំងអស់។ ព្រះអង្គមុខជានឹងប្រទានព្រះវិញ្ញាញ និង​ជីវិតឱ្យកូនវិញ តាមធម៌មេត្តាករុណារបស់ព្រះអង្គ ព្រោះឥឡូវនេះ កូនស៊ូស្លាប់ដើម្បី​ធម្មវិន័យរបស់ព្រះអង្គ»។ ព្រះបាទអន់ចូគូសចាត់ពាក្យទាំងនេះ ទុកជាពាក្យប្រមាថ​ព្រះអង្គផ្ទាល់ ហើយស្មានថា អ្នកស្រីនោះពោលពាក្យមើលងាយ។ ដូច្នេះ នៅពេល​កូនពៅមានជីវិតនៅឡើយ ទ្រង់មានព្រះរាជឱង្ការ លួងលោមវាទាំងសន្យាថា៖ ប្រសិន​បើវាលះបង់ចោលប្រពៃណីដូចតា ទ្រង់នឹងប្រទានទ្រព្យសម្បត្តិជាច្រើន ព្រមទាំងធ្វើឱ្យ​វាសប្បាយយ៉ាងខ្លាំង និងប្រោសឱ្យវាមានកិត្តិយស ជាមិត្តសម្លាញ់របស់ព្រះអង្គ ទ្រង់នឹង​ប្រទានមុខងារដ៏ខ្ពង់ខ្ពស់ថែមទៀតផង។ តែយុវជននោះមិនចាប់អារម្មណ៍នឹង​​ព្រះរាជ្យឱង្ការរបស់ព្រះមហាក្សត្រទាល់តែសោះ ទើបទ្រង់ហៅម្ដាយមក សូមឱ្យ​គាត់ដាស់តឿនកូនដើម្បីបានរួចជីវិត។ ព្រះរាជាមានព្រះរាជឱង្ការអង្វរអ្នកស្រីនោះ​យ៉ាងយូរ ទើបគាត់សុខចិត្តនិយាយដាស់តឿនកូន។ គាត់ឱនទៅរកកូន ហើយនិយាយ​ជាភាសាដូនតា បញ្ឆោតព្រះរាជាដ៏ឃោរឃៅ ផ្ដាច់ការនេះថា៖«អាណិតម៉ែ! កូនអើយ​! កូនបាននៅក្នុងពោះម៉ែប្រាំបួនខែហើយ! ម៉ែបានបំបៅកូនអស់បីឆ្នាំ ហើយចិញ្ចឹម និង​អប់រំកូន រហូតមកដល់សព្វថ្ងៃនេះ។ ម៉ែសូមអង្វរកូន! ចូរសម្លឹងមើលផ្ទៃមេឃ និង​ផែនដី ចូររំពៃមើលអ្វីៗទាំងអស់ដែលមាននៅលើផែនដី និងនៅលើផ្ទៃមេឃ ចូរទទួល​ស្គាល់ថា ព្រះជាម្ចាស់បានបង្កើតអ្វីៗទាំងអស់នោះ ដោយមិនប្រើអ្វីសោះ ឯមនុស្សក៏កើត​ដូច្នោះដែរ។ កុំខ្លាចពេជ្ឃឃាតនេះឱ្យសោះ! ចូរសុខចិត្តស្លាប់ដូចបងៗ! ដូច្នេះម្ដាយ​នឹងជួបកូនរួមជាមួយបងៗនៅពេលព្រះជាម្ចាស់មេត្តាករុណាដល់យើង»។

ម្ដាយទើបនឹងនិយាយចប់ យុវជននិយាយឡើងថា៖«តើអស់លោកចាំអ្វីទៀត? ខ្ញុំមិនព្រមធ្វើតាមបញ្ជារបស់ព្រះមហាក្សត្រទេ គឺខ្ញុំធ្វើតាមបញ្ជានៃធម្មវិន័យ ដែល​ព្រះជាម្ចាស់បានប្រទានឱ្យដូនតារបស់យើង តាមរយៈលោកម៉ូសេវិញ។ រី​ឯព្រះ​ករុណាដែលបានបង្កើតទុក្ខវេទនាដល់ជនជាតិហេប្រឺ ព្រះអង្គមិនអាចគេចរួចពីព្រះហស្ដ​ព្រះជាម្ចាស់បានឡើយ»។

ទំនុកតម្កើងលេខ ១៧,១-២.៥-៦.៨-១៥ បទពាក្យ ៧

១.ឱ!ព្រះអម្ចាស់សូមសណ្ដាប់ទូលបង្គំប្រាប់សំណូមពរ
ដ៏ល្អត្រឹមត្រូវស្រស់បវរសូមរកយុតិ្តធម៌ឱ្យរូបខ្ញុំ ។
សូមយកព្រះហប្ញទ័យវែកញែកនិងសូរសម្រែកទូលបង្គំ
សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យខ្ញុំដែលអង្វរសុំដោយត្រង់ស្មោះ ។
២.សូមរកយុត្តិធម៌ឱ្យខ្ញុំផងកុំបីសៅហ្មងឬបង់បោះ
សូមព្រះអង្គទតឱ្យច្បាស់ចុះអី្វទៅដែលខុសអ្វីត្រឹមត្រូវ ។
៥.ទូលបង្គំខំដើរតាមមាគ៌ានៃអង្គក្សត្រាខ្ជាប់ខ្ជួនហើយ
ក៏បោះជំហានដើរតាមក្រោយមិនឱ្យថ្លោះធ្លោយលំអៀងបែរ ។
៦.ឱព្រះអម្ចាស់នៃខ្ញុំអើយខ្ញុំស្រែកដង្ហោយមិនប្រួលប្រែ
ហៅរកព្រះម្ចាស់មិនបែកបែរសូមកុំងាករេផ្ទៀងព្រះកាណ៌ ។
៨.សូមថែរក្សាទូលបង្គំដូចកែវភ្នែកកុំឱ្យបង់បាត់
ការពារខ្ញុំដូចបក្សីសត្វក្រុងកូនកម្សត់របស់វា ។
៩.សូមកុំឱ្យពួកមនុស្សពាលចាក់រុកឆ្កិះឆ្កៀលខ្ញុំវេទនា
កុំឱ្យពួកខ្មាំងមកទាមទារក្រសោបប្រហាររូបខ្ញុំឡើយ ។
១០.ពួកគេគ្មានចិត្តត្រាប្រណីមាត់គេចេញស្ដីពាក្យជម្លើយ
អួតបំប៉ោងខ្លួនគ្មានកោះត្រើយព្រះអម្ចាស់អើយមិនអៀនខ្មាស ។
១១.ពេលដែលពួកគេដេញតាមទាន់គេនឹងដើរជាន់ខ្ញុំអាម៉ាស់
សំឡក់សម្លឹងខ្ញុំខ្លាំងណាស់បម្រុងព្រលះជីវិតបង់ ។
១២.ចិត្តរបស់គេសែនឃោរឃៅកំណាចអាស្រូវដូចសត្វសិង្ហ
ដែលតែងតែពួនចាំរំពឹងសំងំសម្លឹងចាប់រំពា ។
១៣.ឱព្រះម្ចាស់អើយសូមតើនឡើងឱ្យសត្រូវប៉ើងកុំរួញរា
សូមយកព្រះខ័នមកការពាររំដោះខ្ញុំពីជនទុរយស ។
១៤.សូមប្រើអំណាចប្ញទ្ធិចេស្ដាដេញតាមប្រហារដោយតេជះ
ដាក់ទោសពួកគេកុំស្រណោះឱ្យអន្ដរាយអស់ដល់កូនចៅ ។
១៥.ចំពោះខ្ញុំវិញគឺប្រព្រឹត្តតាមក្ដីសុចរិតមិនអាស្រូវ
ខ្ញុំឃើញព្រះភក្រ្តទ្រង់គង់នៅទើបផុតហ្មងសៅពេលភ្ញាក់ឡើង ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ,១១-២៨

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់យាងមកដល់ក្នុងពេលឆាប់ៗ ទាំងយក រង្វាន់មកចែកឱ្យម្នាក់ៗស្របតាមអំពើដែលខ្លួនបានប្រព្រឹត្ត។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដលូកា លក ១៩,១១-២៨

នៅគ្រានោះ ព្រះយេស៊ូយាងមកជិតដល់ក្រុងយេរូសាឡឹម ហើយព្រះអង្គមាន​ព្រះបន្ទូលជាប្រស្នាទៅកាន់អស់អ្នកដែលស្ដាប់ព្រះអង្គ ដ្បិតអ្នកទាំងនោះនឹកស្មានថា ព្រះរាជ្យព្រះជាម្ចាស់នឹងមកដល់ភ្លាមៗនេះជាមិនខាន។ ព្រះអង្គមានព្រះបន្ទូលថា៖​«មានបុរសម្នាក់ជាអ្នកមានត្រកូលខ្ពស់ ចេញដំណើរទៅស្រុកឆ្ងាយ ដើម្បីនឹងទទួល​រាជាភិសេក។ កាលណាទទួលរាជាភិសេកហើយ លោកនឹងត្រឡប់មកវិញ។ មុនពេល​ចេញដំណើរទៅ លោកហៅអ្នកបម្រើរបស់លោកដប់នាក់មកប្រគល់ប្រាក់ឱ្យគេ​​មួយណែនម្នាក់ៗទាំងផ្ដាំថា៖«ចូរយកប្រាក់នេះទៅរកស៊ីរហូតដល់ខ្ញុំត្រឡប់មកវិញ»។ រីឯអ្នកស្រុកនោះស្អប់លោក បានជាគេចាត់អ្នកតំណាងឱ្យទៅតាមក្រោយ នាំពាក្យថា៖​«យើងខ្ញុំមិនចង់ឱ្យលោកនេះធ្វើជាស្ដេចលើយើងខ្ញុំជាដាច់ខាត់»។
លុះបានទទួលរាជាភិសេកហើយ ព្រះរាជាក៏យាងត្រឡប់មកវិញ។ ទ្រង់កោះហៅ​អ្នកបម្រើទាំងដប់នាក់ ដែលទ្រង់បានប្រគល់ប្រាក់ណែនឱ្យនោះ មកសួរឱ្យដឹងថា ម្នាក់ៗ​រកស៊ីចំណេញបានប៉ុន្មាន។ អ្នកបម្រើទីមួយចូលមកគាល់ ហើយទូលថា៖«បពិត្រ​ព្រះអម្ចាស់! ប្រាក់ដែលព្រះអង្គប្រទានមកទូលបង្គំចំណេញបានដប់ណែន»។ ព្រះរាជា​មានរាជឱង្ការទៅអ្នកនោះថា៖«ល្អហើយ! អ្នកបម្រើដ៏ប្រសើរអើយ! យើងតែងតាំងអ្នកឱ្យគ្រប់គ្រងលើក្រុងដប់ ដ្បិតអ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូតនេះ»។ អ្នក​បម្រើទីពីរចូលមក ហើយទូលថា៖«បពិត្រព្រះអម្ចាស់! ប្រាក់ដែលព្រះអង្គប្រទានមក​ទូលបង្គំចំណេញបានប្រាំណែន»។ ព្រះរាជាមានរាជឱង្ការទៅគាត់ថា៖«យើងតែងតាំងអ្នកឱ្យគ្រប់គ្រងលើក្រុងប្រាំ»។ អ្នកបម្រើម្នាក់ទៀតចូលមក ហើយទូលថា៖«បពិត្រ​ព្រះអម្ចាស់! នេះនែ៎! ប្រាក់របស់ព្រះអង្គ ទូលបង្គំបានវេចទុកក្នុងកន្សែង។ ទូលបង្គំនឹក​ខ្លាចព្រះអង្គ ដ្បិតទ្រង់ប្រិតប្រៀងណាស់។ ព្រះអង្គតែងប្រមូលយកអ្វីៗដែលមិនមែន​ជារបស់ព្រះអង្គ ហើយទ្រង់តែងច្រូតយកផលពីស្រែដែលទ្រង់មិនបានសាបព្រោះ»។ ព្រះរាជាមានរាជឱង្ការទៅអ្នកបម្រើនោះថា៖« នែ៎ អ្នកបម្រើអាក្រក់!យើងនឹងកាត់​ទោសអ្នកឱ្យស្របតាមពាក្យសម្ដីរបស់អ្នក។ អ្នកដឹងស្រាប់ហើយថា យើងជាមនុស្ស​ប្រិតប្រៀង យើងប្រមូលយកអ្វីៗដែលមិនមែនជារបស់យើង ហើយច្រូតយកផលពីស្រែ​ដែលយើងមិនបានសាបព្រោះ ចុះហេតុដូចម្ដេចបានជាអ្នកមិនយកប្រាក់របស់យើងទៅ​ចងការ ដើម្បីនៅពេលយើងត្រឡប់មកវិញ យើងអាច​ទទួលទាំងដើមទាំងការ?»។​ បន្ទាប់មក ព្រះរាជាក៏បញ្ជាទៅអ្នកដែលនៅទីនោះថា៖«ចូរយកប្រាក់ពីអ្នកនេះ ​​ប្រគល់​ឱ្យអ្នកដែលមានដប់ណែនទៅ»។ អ្នកទាំងនោះទូលស្ដេចថា៖«បពិត្រព្រះអម្ចាស់!​ គាត់មានប្រាក់ដប់ណែនហើយ»។ ព្រះរាជាមានរាជឱង្ការតបថា៖ «យើងសុំប្រាប់​អ្នករាល់គ្នាថា អ្នកណាមានហើយ អ្នកនោះនឹងទទួលថែមទៀត។ រីឯអ្នកដែលគ្មានវិញ​គេនឹងដកហូតនូវអ្វីៗដែលអ្នកនោះមាន សូម្បីតែបន្ដិចបន្តួចក៏មិនសល់ផង។ ម្យ៉ាងទៀត ពួកខ្មាំងសត្រូវដែលមិនចង់ឱ្យយើងគ្រងរាជ្យលើគេនោះ ចូរនាំគេមក ហើយសម្លាប់​ចោលនៅមុខយើងចុះ។ កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គក៏យាង​នាំមុខបណ្ដាជន ឡើងទៅក្រុងយេរូសាឡឹម។

673 Views

Posted in មិន​មាន​ចំណាត់​ក្រុមTagged ,
Theme: Overlay by Kaira