ថ្ងៃពុធ អាទិត្យទី៣៣
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃពុធ ទី១៩ ខែវិច្ឆិការ ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរមរណសាក្សីនៃជនជាតិអ៊ីស្រាអែល ២មបា ៧,១.២០-៣១
មានគ្រាមួយនោះ គេចាប់ស្ត្រីម្នាក់ និងកូនទាំងប្រាំពីរនាក់របស់គាត់។ ព្រះបាទអន់ចូគូសបញ្ជាឱ្យគេយកអ្នកទាំងនោះទៅវាយនឹងរំពាត់ខ្សែតី បង្ខំឱ្យបរិភោគសាច់ជ្រូក ដែលវិន័យហាមបរិភោគ។ សូមសរសើរម្តាយរបស់យុវបុរសទាំងប្រាំពីរនាក់នោះណាស់! មនុស្សម្នាទាំងអស់គួរគិតនឹកនាដល់គាត់ជានិច្ច។ គាត់ឃើញកូនទាំងប្រាំពីរនាក់បាត់បង់ជីវិតក្នុងរយៈពេលតែមួយថ្ងៃ ប៉ុន្តែ គាត់ស៊ូទ្រាំនឹងទុក្ខលំបាកដោយចិត្តនឹងនរ ព្រោះគាត់មានចិត្តជឿសង្ឃឹមលើព្រះអម្ចាស់។ គាត់លើកទឹកចិត្តកូនម្នាក់ៗ តាមភាសាដូនតារបស់គាត់។ គាត់មានចិត្តគំនិតថ្លែថ្នូរ និងមានចិត្តអង់អាចក្លាហានដូចបុរស។ គាត់មានប្រសាសន៍ទៅកូនទាំងអស់ថា៖ «ម៉ែមិនដឹងថា កូនបានមកចាប់ផ្ទៃម្តាយដូចម្តេចទេ ពុំមែនម៉ែទេ ដែលផ្ដល់វិញ្ញាណ និងជីវិតឱ្យកូន! ពុំមែនម៉ែទេ ដែលរៀបធាតុទាំងប៉ុន្មានក្នុងខ្លួនកូន! ដូចព្រះជាម្ចាស់បានបង្កើតពិភពលោក ព្រះអង្គក៏បានសូនរូបមនុស្សក្នុងផ្ទៃ ព្រះអង្គជាប្រភពនៃអ្វីៗទាំងអស់។ ព្រះអង្គនឹងប្រទានវិញ្ញាណ ព្រមទាំងជីវិតឱ្យកូន តាមព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ព្រោះឥឡូវនេះ កូនសុខចិត្តបូជាជីវិតដោយស្រឡាញ់វិន័យរបស់ព្រះអង្គ»។ ព្រះបាទអន់ទីយ៉ូគូសស្មានថា នាងមើលងាយ និងជេរប្រមាថខ្លួន។ ដូច្នេះ ពេលកូនពៅមានជីវិតនៅឡើយ ស្តេចមិនគ្រាន់តែមានរាជឱង្ការលួងលោមគាត់ប៉ុណ្ណោះទេ គឺសន្យាយ៉ាងម៉ឺងម៉ាត់ថា ប្រសិនបើគាត់លះបង់ចោលប្រពៃណីដូនតា ព្រះអង្គនឹងប្រទានទ្រព្យសម្បត្តិយ៉ាងច្រើន និងឱ្យរស់នៅយ៉ាងសប្បាយ ព្រមទាំងឱ្យធ្វើជា “មិត្តសម្លាញ់របស់ស្តេច” ហើយប្រទានមុខងារដ៏ខ្ពង់ខ្ពស់ទៀតផង។ ប៉ុន្តែ យុវបុរសនោះមិនចាប់អារម្មណ៍នឹងរាជឱង្ការរបស់ស្តេចទាល់តែសោះ ទើបព្រះអង្គហៅស្ត្រីជាម្តាយមក សូមឱ្យគាត់ជួយដាស់តឿនកូន ដើម្បីឱ្យកូនបានរួចជីវិត។ ព្រះរាជាមានរាជឱង្ការទទូចអង្វរស្រ្តីនោះយ៉ាងយូរ ទើបគាត់សុខចិត្តនិយាយដាស់តឿនកូន។ គាត់ឱនទៅរកកូន ដើម្បីបញ្ឆោតព្រះរាជាដ៏ឃោរឃៅនេះ ហើយនិយាយភាសាដូនតាថា៖ «កូនអើយ អាណិតម៉ែផង! ម៉ែបានពរពោះកូនចំនួនប្រាំបួនខែ! ម៉ែបានបំបៅកូនអស់រយៈពេលបីឆ្នាំ ម៉ែចិញ្ចឹមបីបាច់ និងអប់រំកូនរហូតមកដល់សព្វថ្ងៃ!។ ម៉ែអង្វរកូន ចូរសម្លឹងមើលផ្ទៃមេឃ និងផែនដី ចូររំពៃមើលអ្វីៗដែលមាននៅលើផែនដី និងផ្ទៃមេឃ! ចូរទទួលស្គាល់ថា ព្រះជាម្ចាស់បានបង្កើតអ្វីៗទាំងនោះ ដោយមិនប្រើអ្វីសោះ រីឯមនុស្សវិញ ព្រះអង្គបានបង្កើតតាមរបៀបដូច្នោះដែរ។ កុំខ្លាចពេជ្ឈឃាដនេះឱ្យសោះ! ចូរមានចិត្តអង់អាច! សុខចិត្តស្លាប់ដូចបងៗកូន ម៉ែនឹងជួបកូនរួមជាមួយបងៗ នៅពេលព្រះជាម្ចាស់សម្ដែងព្រះហឫទ័យមេត្តាករុណាដល់យើង»។ នាងនិយាយមិនទាន់ចប់ផង យុវបុរសជាកូនពៅពោលឡើងថា៖ «តើអស់លោកនៅចាំអ្វីទៀត? ខ្ញុំមិនគោរពតាមបញ្ជារបស់ព្រះរាជាទេ! គឺខ្ញុំគោរពតាមបញ្ជានៃវិន័យ ដែលព្រះជាម្ចាស់បានប្រទានឱ្យដូនតារបស់យើង តាមរយៈលោកម៉ូសេវិញ។ រីឯព្រះករុណាដែលបានបង្កទុក្ខវេទនាទាំងអស់ដល់ជនជាតិហេប្រឺ ព្រះករុណាមិនអាចគេចរួចផុតពីព្រះហស្តរបស់ព្រះជាម្ចាស់ឡើយ!។
ទំនុកតម្កើងលេខ ១៧(១៦),១-២.៥-៦.៨.១៥ បទពាក្យ៧
| ១ | ឱ!ព្រះអម្ចាស់សូមសណ្ដាប់ | ទូលបង្គំប្រាប់សំណូមពរ | |
| ដ៏ល្អត្រឹមត្រូវស្រស់បវរ | សូមរកយុតិ្តធម៌ឱ្យរូបខ្ញុំ | ។ | |
| សូមយកព្រះហប្ញទ័យវែកញែក | និងសូរសម្រែកទូលបង្គំ | ||
| សូមផ្ទឲងព្រះកាណ៌ស្ដាប់ពាក្យខ្ញុំ | ដែលអង្វរសុំដោយត្រង់ស្មោះ | ។ | |
| ២ | សូមរកយុត្តិធម៌ឱ្យខ្ញុំផង | កុំបីសៅហ្មងឬបង់បោះ | |
| សូមព្រះអង្គទតឱ្យច្បាស់ចុះ | អី្វទៅដែលខុសអ្វីត្រឹមត្រូវ | ។ | |
| ៥ | ទូលបង្គំខំដើរតាមមាគ៌ា | នៃអង្គក្សត្រាខ្ជាប់ខ្ជួនហើយ | |
| ក៏បោះជំហានដើរតាមក្រោយ | មិនឱ្យថ្លោះធ្លោយលំអៀងបែរ | ។ | |
| ៦ | ឱព្រះអម្ចាស់នៃខ្ញុំអើយ | ខ្ញុំស្រែកដង្ហោយមិនប្រួលប្រែ | |
| ហៅរកព្រះម្ចាស់មិនបែកបែរ | សូមកុំងាករេផ្ទៀងព្រះកាណ៌ | ។ | |
| ៨ | សូមថែរក្សាទូលបង្គំ | ដូចកែវភ្នែកកុំឱ្យបង់បាត់ | |
| ការពារខ្ញុំដូចបក្សីសត្វ | ក្រុងកូនកម្សត់របស់វា | ។ | |
| ៩ | សូមកុំឱ្យពួកមនុស្សពាល | ចាក់រុកឆ្កិះឆ្កៀលខ្ញុំវេទនា | |
| កុំឱ្យពួកខ្មាំងមកទាមទារ | ក្រុងកូនកម្សត់របស់វា | ។ | |
| ១០ | ពួកគេគ្មានចិត្តត្រាប្រណី | មាត់គេចេញស្ដីពាក្យជម្លើយ | |
| អួតបំប៉ោងខ្លួនគ្មានកោះត្រើយ | ព្រះអម្ចាស់អើយមិនអៀនខ្មាស់ | ។ | |
| ១១ | ពេលពួកគេដេញតាមទាន់ | គេនឹងដើរជាន់ខ្ញុំអាម៉ាស់ | |
| សំឡាក់សម្លឹងខ្ញុំខ្លាំងណាស់ | បម្រុងព្រឡះជីវិតបង់ | ។ | |
| ១២ | ចិត្តរបស់គេសែនឃោរឃៅ | កំណាចអាស្រូវដូចសត្វសិង្ហ | |
| ដែលតែងតែពួនចាំរំពឹង | សំងំសម្លឹងចាប់រំពា | ។ | |
| ១៣ | ឱព្រះម្ចាស់អើយសូមតើនឡើង | ឱ្យសត្រូវប៉ើងកុំរួញរា | |
| សូមយកព្រះខ័នមកការពារ | រំដោះខ្ញុំពីជនទុរយស | ។ | |
| ១៤ | សូមប្រើអំណាចប្ញទ្ធិចេស្ដា | ដេញតាមប្រហារដោយតេជះ | |
| ដាក់ទោសពួកគេកុំស្រណោះ | ឱ្យអន្ដរាយអស់ដល់កូនចៅ | ។ | |
| ១៥ | ចំពោះខ្ញុំវិញគឺប្រព្រឹត្ត | តាមក្ដីសុចរិតមិនអាស្រូវ | |
| ខ្ញុំឃើញព្រះភ័ក្រ្តទ្រង់គង់នៅ | ទើបផុតហ្មងសៅពេញភ្ញាកឡើង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ,១១-២៨
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់យាងមកដល់ក្នុងពេលឆាប់ៗ ទាំងយករង្វាន់មកចែកឱ្យម្នាក់ៗស្របតាមអំពើដែលខ្លួនបានប្រព្រឹត្ត។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៩,១១-២៨
កាលព្រះយេស៊ូយាងមកជិតដល់ក្រុងយេរូសាឡឹមហើយ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាមួយទៀតទៅកាន់អស់អ្នកដែលស្ដាប់ព្រះអង្គ ដ្បិតអ្នកទាំងនោះនឹកស្មានថា ព្រះរាជ្យព្រះជាម្ចាស់នឹងមកដល់ភ្លាមៗនេះជាមិនខាន។ ព្រះអង្គមានព្រះបន្ទូលថា៖ «មានបុរសម្នាក់ជាអ្នកមានត្រកូលខ្ពស់ចេញដំណើរទៅស្រុកឆ្ងាយ ដើម្បីនឹងទទួលរាជាភិសេក។ កាលណាទទួលរាជាភិសេកហើយ លោកនឹងត្រឡប់មកវិញ។ មុនពេលចេញដំណើរទៅ លោកបានហៅអ្នកបម្រើរបស់លោកដប់នាក់មក ប្រគល់ប្រាក់ឱ្យគេមួយណែនម្នាក់ៗ ទាំងផ្ដាំថា “ចូរយកប្រាក់នេះទៅរកស៊ី រហូតដល់ខ្ញុំត្រឡប់មកវិញ”។ រីឯអ្នកស្រុកនោះស្អប់លោក បានជាគេចាត់អ្នកតំណាងឱ្យទៅតាមក្រោយ នាំពាក្យថា “យើងខ្ញុំមិនចង់ឱ្យលោកនេះធ្វើស្ដេចលើយើងខ្ញុំជាដាច់ខាត”។ លុះបានទទួលរាជាភិសេកហើយ ព្រះរាជាក៏យាងត្រឡប់មកវិញ។ ព្រះរាជាកោះហៅអ្នកបម្រើទាំងដប់នាក់ ដែលស្ដេចបានប្រគល់ប្រាក់ណែននោះមកសួរ ដើម្បីឱ្យដឹងថា ម្នាក់ៗរកស៊ីចំណេញបានប៉ុន្មាន។ អ្នកបម្រើទីមួយចូលមកគាល់ ទូលថា “បពិត្រព្រះអម្ចាស់! ប្រាក់ដែលព្រះអង្គប្រទានមក ទូលបង្គំចំណេញបានដប់ណែន”។ ព្រះរាជាមានរាជឱង្ការទៅអ្នកនោះថា “ល្អហើយ! អ្នកបម្រើដ៏ប្រសើរអើយ យើងតែងតាំងអ្នកឱ្យគ្រប់គ្រងលើក្រុងដប់ ដ្បិតអ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ”។ អ្នកបម្រើទីពីរចូលមក ទូលថា “បពិត្រព្រះអម្ចាស់! ប្រាក់ដែលព្រះអង្គប្រទានមក ទូលបង្គំចំណេញបានប្រាំណែន”។ ព្រះរាជាមានរាជឱង្ការទៅគាត់ថា “យើងតែងតាំងអ្នកឱ្យគ្រប់គ្រងលើក្រុងប្រាំ”។ អ្នកបម្រើម្នាក់ទៀតចូលមក ទូលថា “បពិត្រព្រះអម្ចាស់ នេះនែ៎ប្រាក់របស់ព្រះអង្គ ទូលបង្គំបានវេចទុកក្នុងកន្សែង។ ទូលបង្គំនឹកខ្លាចព្រះអង្គ ដ្បិតព្រះអង្គប្រិតប្រៀងណាស់។ ព្រះអង្គតែងប្រមូលយកអ្វីៗដែលមិនមែនជារបស់ព្រះអង្គ ហើយតែងច្រូតយកផលពីស្រែដែលព្រះអង្គមិនបានសាបព្រោះ”។ ព្រះរាជាមានរាជឱង្ការទៅអ្នកបម្រើនោះថា “នែ៎អ្នកបម្រើអាក្រក់! យើងនឹងកាត់ទោសអ្នកឲ្យស្របតាមពាក្យសម្ដីរបស់អ្នក។ អ្នកដឹងស្រាប់ហើយថា យើងជាមនុស្សប្រិតប្រៀង យើងប្រមូលយកអ្វីៗដែលមិនមែនជារបស់យើង ហើយច្រូតយកផលពីស្រែដែលយើងមិនបានសាបព្រោះ ហេតុដូចម្ដេចបានជាអ្នកមិនយកប្រាក់របស់យើងទៅចងការ ដើម្បីឱ្យយើងអាចទទួលទាំងដើម ទាំងការ នៅពេលយើងត្រឡប់មកវិញ?”។ បន្ទាប់មក ព្រះរាជាបញ្ជាទៅអ្នកដែលនៅទីនោះថា “ចូរយកប្រាក់ពីអ្នកនេះ ប្រគល់ឱ្យអ្នកដែលមានដប់ណែនទៅ”។ អ្នកទាំងនោះទូលស្ដេចថា “បពិត្រព្រះអម្ចាស់! គាត់មានប្រាក់ដប់ណែនហើយ”។ព្រះរាជាមានរាជឱង្ការតបថា “យើងសុំប្រាប់អ្នករាល់គ្នាថា អ្នកណាមានហើយ អ្នកនោះនឹងទទួលថែមទៀត។ រីឯអ្នកដែលគ្មានវិញ គេនឹងដកហូតនូវអ្វីៗដែលអ្នកនោះមាន សូម្បីតែបន្ដិចបន្តួចក៏មិនសល់ផង។ ម្យ៉ាងទៀត ពួកខ្មាំងសត្រូវដែលមិនចង់ឱ្យយើងគ្រងរាជ្យលើគេទេនោះ ចូរនាំគេមក ហើយសម្លាប់ចោលនៅមុខយើងចុះ”»។ កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គក៏យាងនាំមុខបណ្ដាជន ឡើងទៅក្រុងយេរូសាឡឹម។
