អត្ថបទព្រះគម្ពីរ
ថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣២ រដូវធម្មតា
ពណ៌ស
បុណ្យរម្លឹក

សន្តឡេអូ ជាជនដ៏ប្រសើរឧត្តម
ជា​សម្តេ​ច​ប៉ាប និងជាគ្រូបាធ្យាយ
នៃ​ព្រះ​សហគមន៍

លោកឡេអូ (ប្រ. ៣៩៥-៤៦១) ទទួលមុខងារធ្វើជាអភិបាលក្រុងរ៉ូមនៅ គ.ស ៤៤០។ លោកពូកែពន្យល់គម្ពីរយ៉ាងច្បាស់ ជាពិសេសលោកបញ្ជាក់លទ្ធិគ្រីស្តសាសនា អំពីឋានៈរបស់ព្រះយេស៊ូដែលពិតជាមនុស្សផង និងពិតជាព្រះជាម្ចាស់ផង។ អស់លោកអភិបាលដែលជួបជុំគ្នាជាមហាសន្និបាទក្រុងកាលសេដូន នៅឆ្នាំ ៤៥១ ទទួលស្គាល់សេចក្តីដែលលោកតែងបង្រៀននោះទុកជំនឿរបស់ព្រះសហគមន៍។ លោកចាត់ចែងក្បួនពិធីជាច្រើនសម្រាប់ព្រះសហគមន៍អនុវត្តន៍។ លោកក៏មានចិត្ដក្លាហានធ្វើអន្តរាគមន៍ការពារក្រុងរ៉ូមឱ្យរួចពីខ្មាំងដែលបម្រុងវាយសម្រុកក្រុងយកនោះ។ ឈ្មោះ “ឡេអូ” ប្រែថា “តោ”។

អត្ថបទទី
សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញាណ ប្រាញ ៦,១-១១

ស្ដេចទាំងឡាយសូមស្ដាប់ និងយល់! អស់អ្នកដែលគ្រប់គ្រងផែនដីអើយ សូម​អញ្ជើញមកសិក្សា! អស់អ្នកដែលមានអំណាចលើមហាជនទាំងឡាយ ហើយអួតអាងថា​ខ្លួនត្រួតត្រាលើប្រជាជាតិដ៏ច្រើនឥតគណនាអើយ សូមផ្ទៀងត្រចៀកស្ដាប់! សូម​ជ្រាបថា អស់លោកបានទទួលអំណាចគ្រប់គ្រងពីព្រះអម្ចាស់ ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះអង្គនឹងពិនិត្យមើលកិច្ចការដែលអស់លោកធ្វើ ព្រះអង្គតាមសង្កេតមើលគោល​បំណងរបស់អស់លោក។ អស់លោកកាន់អំណាចក្នុងនាមព្រះអម្ចាស់ ដែលជាព្រះមហា​ក្សត្រ។ ប្រសិនបើអស់លោកមិនគ្រប់គ្រងដោយយុត្តិធម៌ មិនគោរពច្បាប់ ហើយមិនធ្វើតាមព្រះហប្ញទ័យរបស់ព្រះជាម្ចាស់ទេ នោះព្រះអង្គនឹងដាក់ទោសអស់លោកយ៉ាង​ទាន់ហន់ គួរឱ្យភ័យខ្លាច ដ្បិតព្រះអង្គវិនិច្ឆ័យទោសអ្នកកាន់អំណាច ដោយឥតត្រា​ប្រណី។ ព្រះអង្គតែងតែលើកលែងទោស និងអាណិតមេត្តាអ្នកតូចតាច តែព្រះអង្គ​វិនិច្ឆ័យទោសយ៉ាងតឹងរ៉ឹង ចំពោះអ្នកកាន់អំណាច។ ព្រះដែលជាម្ចាស់នៃមនុស្សទាំង​អស់ មិនយោគយល់នរណាឡើយ ហើយព្រះអង្គក៏មិនគិតពីឋានៈរបស់គេដែរ ព្រោះព្រះ​អង្គបង្កើតមនុស្សទាំងតូច ទាំងធំ ហើយថែរក្សាមនុស្សទាំងអស់ តាមរបៀបតែមួយ។ ប៉ុន្ដែ ព្រះអង្គពិនិត្យពិច័យមើលអ្នកមានអំណាចយ៉ាងហ្មត់ចត់។ អ្នកកាន់អំណាចទាំង​ឡាយអើយ! ខ្ញុំសូមជម្រាបសេចក្ដីទាំងនេះជូន ដើម្បីឱ្យអស់លោករៀនមានប្រាជ្ញា និង​ចៀសវាងការវង្វេង។ អស់អ្នកដែលកាន់តាមវិន័យដ៏វិសុទ្ធឥតខ្ចោះ ព្រះជាម្ចាស់នឹងរាប់គេទុកជាមនុស្សដ៏វិសុទ្ធ ហើយអស់អ្នកដែលសុខចិត្តទទួលការអប់រំពីវិន័យទាំងនោះនឹងអាចដោះសារការពារខ្លួន នៅពេលព្រះអង្គវិនិច្ឆ័យទោស។ ហេតុនេះសូមយកចិត្ត​ទុកដាក់ស្ដាប់ពាក្យរបស់ខ្ញុំ! សូមស្វះស្វែងប្រាថ្នាចង់បានពាក្យនេះ ហើយទទួលការ​អប់រំ​ផង។

ទំនុកតម្កើងលេខ ៨២,៣-៤.៦-៧ បទពាក្យ ៧

៣.ព្រះម្ចាស់មានព្រះបន្ទូលថាចូររកយុត្តិធម៌កុំរវាត
ឱ្យអ្នកក្រីក្រខ្សត់គ្មានញាតិកូនកំព្រាអត់មានឪម៉ែ ។
៤.ចូរកុំនៅស្ងៀមចេញរំដោះអ្នកទន់ខ្សោយខ្សោះគ្មានអ្នកថែ
ឱ្យគ្នារួចខ្លួនបានល្ហើយល្ហែជនពាលតែងតែតាមធ្វើបាប ។
៦.យើងនឹងប្រកាសថាអស់អ្នករាល់គ្នាពិតជាក់ជាបុត្រី
បុត្រារបស់ម្ចាស់ផែនដីជាព្រះស្កឹមស្កៃដ៏ខ្ពង់ខ្ពស់ ។
៧.តែអ្នកត្រូវស្លាប់ដូចមនុស្សលោកដែលដួលដេកស្កូកពុំអាចរស់
ស្លាប់ដូចជាមនុស្សទូទាំងអស់ដូចអ្នកធំខ្ពស់បាត់តំណែង ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ​តាម ទន ១០៧,៨

អលេលូយ៉ា! អាលេលូយ៉ា!
ចូរអរព្រះគុណព្រះអម្ចាស់ ព្រះអង្គមានធម៌មេត្តាករុណា និងប្រព្រឹត្តស្នាព្រះហស្ដដ៏អស្ចារ្យចំពោះមនុស្សលោ​ក។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៧,១១-១៩

នៅពេលនោះ ព្រះយេស៊ូយាងឆ្ពោះទៅក្រុងយេរូសាឡឹម។ ព្រះអង្គយាងកាត់តាម​ស្រុកសាម៉ារី និងស្រុកកាលីឡេ។ ពេលព្រះអង្គយាងចូលក្នុងភូមិមួយ មានមនុស្សឃ្លង់​ដប់នាក់មករកព្រះអង្គ។ គេឈរពីចម្ងាយ ហើយស្រែកឡើងថា៖«លោកគ្រូយេស៊ូ​អើយ! សូមអាណិតមេត្តាយើងខ្ញុំផង»។ ព្រះយេស៊ូទតមើលគេ ហើយមានព្រះបន្ទូល​ថា៖«ចូរអ្នករាល់គ្នាទៅបង្ហាញខ្លួន ឱ្យពួកបូជាចារ្យឃើញចុះ»។ ពេលអ្នកទាំងនោះ​ចេញដំណើរទៅ គេក៏បានជាស្អាតបរិសុទ្ធទាំងអស់គ្នា។ ពេលឃើញខ្លួនបានជាសះ​ស្បើយដូច្នេះ មានម្នាក់ក្នុងចំណោមអ្នកទាំងនោះត្រឡប់មកវិញ ទាំងលើកតម្កើត​សិរីរុងរឿងរបស់ព្រះជាម្ចាស់ដោយបន្លឺសំឡេងខ្លាំងៗផង។ គាត់ក្រាបទៀបព្រះបាទា​ព្រះយេស៊ូ ឱនក្បាលដល់ដី ហើយអរព្រះគុណព្រះអង្គ។ អ្នកនោះជាអ្នកស្រុកសាម៉ារី។ ព្រះយេស៊ូមានព្រះបន្ទូលថា៖«តើទាំងដប់នាក់មិនបានជាស្អាតបរិសុទ្ធគ្រប់ៗគ្នាទេឬ? ចុះប្រាំបួននាក់ទៀតនៅឯណា?។ មានតែជនបរទេសម្នាក់នោះវិលត្រឡប់មកវិញ ដើម្បីលើតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ទៀតថា៖«ចូរក្រោកឡើង! អញ្ជើញទៅចុះ! ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ»។

370 Views

Posted in មិន​មាន​ចំណាត់​ក្រុមTagged ,
Theme: Overlay by Kaira