ថ្ងៃពុធ អាទិត្យទី៣២
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃង
ថ្ងៃពុធ ទី១២ ខែវិច្ឆិការ ឆ្នាំ២០២៥
សន្តយ៉ូសាផាត ជាអភិបាល
ព្រះសហគមន៍ និងជាមរណសាក្សី
ពណ៌ក្រហម
លោកយ៉ូហាន គុនសេវិស (ប្រ.១៥៨០-១៦២៣) ជាគ្រីស្តបរិស័ទអ័រទូដុសម្នាក់។ លោកចូលព្រះសហគមន៍កាតូលិក ហើយបួសនៅក្រុងវិលណា រួចលោកបង្កើតអារាមជាច្រើនដែលត្រឡប់ទៅជាកន្លែងដែលគ្រីស្តបរិស័ទអ័រទូដុស និងកាតូលិកមានទំនាក់ទំនងជាមួយគ្នា។ បន្ទាប់មក លោកទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងប៉ូឡូញ។ ដោយលោកខិតខំយកចិត្តទុកដាក់បង្រួមគ្រីស្តបរិស័ទដែលបែកបាក់គ្នា មានគេស្អប់លោកជាខ្លាំងរហូតដល់ប្រហារជីវិតលោក។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញាណ ប្រាញ ៦,១-១១
ស្តេចទាំងឡាយ សូមស្តាប់ និងយល់! អស់អ្នកដែលគ្រប់គ្រងផែនដីអើយ សូមអញ្ជើញមកសិក្សា! អស់អ្នកដែលមានអំណាចលើមហាជនទាំងឡាយ ហើយអួតអាងថា ខ្លួនត្រួតត្រាលើប្រជាជាតិដ៏ច្រើនឥតគណនាអើយ សូមផ្ទៀងត្រចៀកស្តាប់! សូមជ្រាបថា អស់លោកបានទទួលអំណាចគ្រប់គ្រងពីព្រះអម្ចាស់ ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះអង្គនឹងពិនិត្យមើលកិច្ចការដែលអស់លោកធ្វើ ព្រះអង្គតាមសង្កេតមើលគោលបំណងរបស់អស់លោក។ អស់លោកកាន់អំណាចក្នុងនាមព្រះអម្ចាស់ ដែលជាព្រះមហាក្សត្រ។ ប្រសិនបើអស់លោកមិនគ្រប់គ្រងដោយយុត្តិធម៌ មិនគោរពច្បាប់ ហើយមិនធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ។ នោះព្រះអង្គនឹងដាក់ទោសអស់លោកយ៉ាងទាន់ហន់ គួរឱ្យភ័យខ្លាច ដ្បិតព្រះអង្គវិនិច្ឆ័យទោសអ្នកកាន់អំណាចដោយឥតត្រាប្រណី។ ព្រះអង្គតែងតែលើកលែងទោស និងអាណិតមេត្តាអ្នកតូចតាច តែព្រះអង្គវិនិច្ឆ័យទោសយ៉ាងតឹងរ៉ឹងចំពោះអ្នកកាន់អំណាច។ ព្រះដែលជាម្ចាស់នៃមនុស្សទាំងអស់មិនយោគយល់នរណាឡើយ ហើយព្រះអង្គក៏មិនគិតពីឋានៈរបស់គេដែរ ព្រោះព្រះអង្គបង្កើតមនុស្សទាំងតូច ទាំងធំ ហើយថែរក្សាមនុស្សទាំងអស់តាមរបៀបតែមួយ។ ប៉ុន្តែ ព្រះអង្គពិនិត្យពិច័យមើលអ្នកមានអំណាចយ៉ាងហ្មត់ចត់។ អ្នកកាន់អំណាចទាំងឡាយអើយ! ខ្ញុំសូមជម្រាបសេចក្តីទាំងនេះជូន ដើម្បីឱ្យអស់លោករៀនមានប្រាជ្ញា និងចៀសវាងការវង្វេង។ អស់អ្នកដែលកាន់តាមវិន័យដ៏វិសុទ្ធឥតខ្ចោះ ព្រះជាម្ចាស់នឹងរាប់គេទុកជាមនុស្សដ៏វិសុទ្ធ ហើយអស់អ្នកដែលសុខចិត្តទទួលការអប់រំពីវិន័យទាំងនោះ នឹងអាចដោះសារការពារខ្លួន នៅពេលព្រះអង្គវិនិច្ឆ័យទោស។ ហេតុនេះ សូមយកចិត្តទុកដាក់ស្តាប់ពាក្យរបស់ខ្ញុំ! សូមស្វះស្វែងប្រាថ្នាចង់បានពាក្យនេះ ហើយទទួលការអប់រំផង។
ទំនុកតម្កើងលេខ ៨២(៨១) ,៣-៤.៦-៧ បទពាក្យ៧
៣ | ព្រះម្ចាស់មានព្រះបន្ទូលថា | ចូររកយុត្តិធម៌រវាត់ | |
ឱ្យអ្នកក្រីក្រខ្សត់គ្មានញាតិ | កូនកំព្រាអត់មានឪម៉ែ | ។ | |
៤ | ចូរកុំនៅស្ងៀមចេញរំដោះ | អ្នកទន់ខ្សោយគ្មានអ្នកថែ | |
ឱ្យគ្នារួចខ្លួនបានល្ហើយល្ហែ | ជនពាលតែងតែតាមធ្វើបាប | ។ | |
៦ | យើងនឹងប្រកាសថាអស់អ្នក | រាល់គ្នាពិតជាជាក់ជាបុត្រី | |
បុត្រារបស់ម្ចាស់ផែនដី | ជាព្រះស្កឹមស្កៃដ៏ខ្ពង់ខ្ពស់ | ។ | |
៧ | តែអ្នកត្រូវស្លាប់ដូចមនុស្សលោក | ដែលដួលដេកស្តូកពុំអាចរស់ | |
ស្លាប់ដូចជាមនុស្សទូទាំងអស់ | ដូចអ្នកធំខ្ពស់បាត់តំណែង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១០៧,៨
អាលេលូយ៉ា! អាលេលូយ៉ា!
ចូរអរព្រះគុណព្រះអម្ចាស់ ព្រះអង្គមានធម៌មេត្តាករុណា និងប្រព្រឹត្តស្នាព្រះហស្ដដ៏អស្ចារ្យចំពោះមនុស្សលោក។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៧,១១-១៩
កាលព្រះយេស៊ូកំពុងយាងឆ្ពោះទៅក្រុងយេរូសាឡឹម ព្រះអង្គយាងកាត់តាមស្រុកសាម៉ារី និងស្រុកកាលីឡេ។ ពេលព្រះអង្គយាងចូលក្នុងភូមិមួយ មានមនុស្សឃ្លង់ដប់នាក់មករកព្រះអង្គ។ គេឈរពីចម្ងាយ ស្រែកឡើងថា៖ «លោកគ្រូយេស៊ូអើយ! សូមអាណិតមេត្តាយើងខ្ញុំផង»។ ព្រះយេស៊ូទតមើលគេ ហើយមានព្រះបន្ទូលថា៖ «ចូរអ្នករាល់គ្នាទៅបង្ហាញខ្លួនឱ្យពួកបូជាចារ្យឃើញចុះ»។ ពេលអ្នកទាំងនោះចេញដំណើរទៅ គេក៏បានជាស្អាតបរិសុទ្ធទាំងអស់គ្នា។ ពេលឃើញខ្លួនបានជាសះស្បើយដូច្នេះ មានម្នាក់ក្នុងចំណោមអ្នកទាំងនោះត្រឡប់មកវិញ ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយបន្លឺសំឡេងខ្លាំងៗផង។ គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ ឱនក្បាលដល់ដី ហើយអរព្រះគុណព្រះអង្គ អ្នកនោះជាអ្នកស្រុកសាម៉ារី។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «តើទាំងដប់នាក់មិនបានជាស្អាតបរិសុទ្ធគ្រប់ៗគ្នាទេឬ ចុះប្រាំបួននាក់ទៀតនៅឯណា? មានតែជនបរទេសម្នាក់វិលត្រឡប់មកវិញ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ទៀតថា៖ «ចូរក្រោកឡើង អញ្ជើញទៅចុះ ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ»។