ថ្ងៃពុធ អាទិត្យទី៣១
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌ស
ថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
បុណ្យរម្លឹក
សន្តហ្សាល បូរ៉ូមេជាអភិបាល
សូមចុចទីនេះ
កាលលោកក័រឡូ (១៥៣៨-១៥៨៤) អាយុម្ភៃពីរឆ្នាំ សម្តេចប៉ាបពីយូទី ៤ ហៅលោកឱ្យធ្វើជាទីប្រឹក្សា។ លោកខ្នះខ្នែងបង្រួមអភិបាលព្រះសហគមន៍ទាំងឡាយ ដើម្បីបង្ហើយមហាសន្និបាតក្រុងត្រែនតូ (១៥៦៣)។ លោកទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងមីឡង់ (ប្រទេសអ៊ីតាលី) ហើយយកចិត្តទុកដាក់កែទម្រង់ព្រះសហគមន៍ជាច្រើននាក់យកតម្រាប់តាមលោក។ លោកក៏ប្រថុយជិវិតសុខចិត្តបម្រើអ្នកជំងឺ ដែរ។
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងភីលីព ភីល ២,១២-១៨
បងប្អូនជាទីស្រឡាញ់!
បងប្អូនធ្លាប់តែស្ដាប់បង្គាប់ជារៀងដរាបមកហើយនោះ ចូរស្ដាប់បង្គាប់តទៅមុខទៀតទៅ គឺមិនត្រឹមតែពេលខ្ញុំនៅជាមួយប៉ុណ្ណោះទេ ជាពិសេស ពេលខ្ញុំនៅឆ្ងាយ សូមបងប្អូនខំប្រឹងធ្វើការ ទាំងគោរពកោតខ្លាច និងញាប់ញ័រ ស្របតាមការសង្គ្រោះដែលបងប្អូនបានទទួល ដ្បិតព្រះជាម្ចាស់ទេតើ ដែលធ្វើឲ្យបងប្អូនមានទាំងបំណង មានទាំងសមត្ថភាពអាចនឹងប្រព្រឹត្តតាមព្រះបំណងដ៏សប្បុរសរបស់ព្រះអង្គ។ចូរធ្វើកិច្ចការទាំងអស់ ដោយឥតរអ៊ូរទាំ ឬជជែកតវ៉ាឡើយ ដើម្បីឱ្យបងប្អូនបានល្អឥតខ្ចោះ ឥតសៅហ្មង ជាបុត្ររបស់ព្រះជាម្ចាស់ដែលឥតមានកំហុស ក្នុងចំណោមមនុស្សវៀចវេរ និងខិលខូចនៅជំនាន់នេះ។ បងប្អូនភ្លឺក្នុងចំណោមពួកគេ ដូចពន្លឺដែលបំភ្លឺពិភពលោក ទាំងនាំព្រះបន្ទូលដែលផ្ដល់ជីវិតមកឱ្យពួកគេ។ បើបងប្អូនធ្វើដូច្នេះ ខ្ញុំនឹងបានខ្ពស់មុខនៅថ្ងៃព្រះគ្រីស្តយាងមកព្រោះកិច្ចការដែលខ្ញុំបានខំប្រឹងធ្វើ ទាំងនឿយហត់នោះ មិនមែនអសារឥតការទេ។ ទោះបីខ្ញុំត្រូវបង្ហូរឈាមទុកជាសក្ការបូជាបន្ថែមពីលើយញ្ញបូជា និងពីលើតង្វាយនៃជំនឿរបស់បងប្អូន ខ្ញុំមានអំណរសប្បាយពីការនេះ ហើយខ្ញុំក៏សប្បាយចិត្តរួមជាមួយបងប្អូនទាំងអស់គ្នាដែរ។ រីឯបងប្អូនវិញ សូមឱ្យបងប្អូនមានអំណរ ហើយសប្បាយចិត្តរួមជាមួយខ្ញុំផង។
ទំនុកតម្កើងលេខ ២៧(២៦),១.៤.១៣-១៤ បទពាក្យ៧
| ១ | ព្រះអម្ចាស់ទ្រង់ជាពន្លឺ | នាមល្បីរន្ទឺព្រះសង្គ្រោះ | |
| មិនឱ្យខ្ញុំខ្លាចនរណាសោះ | ជាកំពែងខ្ពស់ជួយជីវិត | ។ |
| ៤ | ខ្ញុំទូលព្រះម្ចាស់នូវសេចក្ដី | តែមួយគត់ខ្លីឱ្យបានច្បាស់ | |
| គឺចង់ស្នាក់នៅដំណាក់ព្រះ | ឥតមានក្រឡះមួយជីវិត | ។ |
| ដើម្បីខ្ញុំបានកោតស្ញែងស្ញប់ | ប្ញទា្ធនុភាពថ្កុំថ្កើងពិត | |
| នឹងថ្វាយបង្គំម្ចាស់ជីវិត | ព្រះអង្គគង់ស្ថិតក្នុងវិហារ | ។ |
| ១៣ | ខ្ញុំជឿជាក់ថាខ្ញុំនឹងបាន | ឃើញសុខក្សេមក្សាន្ដមិនអាស្រូវ | |
| មង្គលកើតពីព្រះជាម្ចាស់នៅ | ក្នុងលោកតទៅជាមិនខាន | ។ |
| ១៤ | ចូរទុកចិត្តលើព្រះអម្ចាស់ | ព្រះអង្គជាព្រះដ៏ថ្កើងថ្កាន | |
| ចូរមានកម្លាំងចិត្តក្លាហាន | នោះអ្នកនឹងមានសុខមង្គល | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១សល១៤
អាលេលូយ៉ា! អាលេលូយ៉ា!
ប្រសិនបើមានគេត្មះតិះដៀលបងប្អូន ព្រោះតែព្រះនាមរបស់ព្រះយេស៊ូគ្រីស្ដនោះ បងប្អូនមានសុភមង្គលហើយ! ដ្បិតព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ស្ថិតនៅលើបងប្អូន។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៤,២៥-៣៣
នៅគ្រានោះ មហាជនជាច្រើនធ្វើដំណើរជាមួយព្រះយេស៊ូ។ ព្រះអង្គបែរព្រះភក្ត្រទៅរកគេ ហើយមានព្រះបន្ទូលថា៖«បើអ្នកណាចង់មកតាមខ្ញុំ តែមិនស្រឡាញ់ខ្ញុំខ្លាំងជាងឪពុកម្ដាយ ប្រពន្ធ កូន បងប្អូនប្រុសស្រី និងជីវិតខ្លួនទេ អ្នកនោះពុំអាចធ្វើជាសាវ័ករបស់ខ្ញុំឡើយ។ អ្នកណាមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំទេ អ្នកនោះក៏ពុំអាចធ្វើជាសាវ័ករបស់ខ្ញុំដែរ។ ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើនរណាម្នាក់ចង់សង់ផ្ទះថ្មធំមួយ អ្នកនោះត្រូវអង្គុយគិតគូរមើលថ្លៃសង់ជាមុនសិន ដើម្បីឱ្យដឹងថា តើខ្លួនមានប្រាក់ល្មមនឹងបង្ហើយសំណង់ឬយ៉ាងណា ក្រែងលោចាក់គ្រឹះហើយ តែមិនអាចបង្ហើយបាន មនុស្សម្នាឃើញមុខជាសើចចំអកឱ្យមិនខាន។ គេនឹងពោលថា “មើលបុរសនេះសង់ផ្ទះ តែមិនអាចបង្ហើយបានទេ!”។ ម្យ៉ាងទៀត ប្រសិនបើមានស្ដេចមួយអង្គចេញទៅធ្វើសឹកសង្គ្រាម តទល់នឹងស្ដេចមួយអង្គទៀត ស្ដេចត្រូវគង់គិតគូរជាមុនសិនថា បើស្ដេចមានទ័ពមួយម៉ឺននាក់ តើស្ដេចអាចតទល់នឹងបច្ចាមិត្តដែលមានគ្នាពីរម៉ឺននាក់បានឬយ៉ាងណា បើឃើញថាមិនអាចតទល់បានទេ នោះស្ដេចនឹងចាត់រាជទូតឱ្យទៅសុំចរចារកសន្តិភាព ក្នុងពេលដែលស្ដេចមួយអង្គទៀតនៅឆ្ងាយនៅឡើយ។ ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមិនលះបង់អ្វីៗទាំងអស់ដែលខ្លួនមានទេ អ្នកនោះមិនអាចធ្វើជាសាវ័ករបស់ខ្ញុំបានឡើយ»។
747 Views
Post Views:
753