ថ្ងៃពុធ អាទិត្យទី៣០
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៨,២៦-៣០
បងប្អូនជាទីស្រឡាញ់!
ព្រះវិញ្ញាណក៏យាងមកជួយយើងដែលទន់ខ្សោយនេះដែរ ដ្បិតយើងពុំដឹងអធិស្ឋានដូចម្ដេច ដើម្បីឱ្យបានសមនោះឡើយ តែព្រះវិញ្ញាណផ្ទាល់ព្រះអង្គទូលអង្វរឱ្យយើង ដោយព្រះសូរសៀងដែលគ្មាននរណាអាចថ្លែងបាន។ រីឯព្រះជាម្ចាស់ដែលឈ្វេងយល់ចិត្តមនុស្ស ព្រះអង្គជ្រាបព្រះបំណងរបស់ព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណទូលអង្វរឱ្យប្រជាជនដ៏វិសុទ្ធ ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ យើងដឹងទៀតថា អ្វីៗទាំងអស់ផ្សំគ្នាឡើង ដើម្បីឱ្យអស់អ្នកស្រឡាញ់ព្រះជាម្ចាស់បានទទួលផលល្អ គឺអ្នកដែលព្រះអង្គបានត្រាស់ហៅមក ស្របតាមគម្រោងការរបស់ព្រះអង្គ ដ្បិតអស់អ្នកដែលព្រះអង្គបានជ្រើសរើស ព្រះអង្គក៏បានតម្រូវគេទុកជាមុន ឱ្យមានលក្ខណៈដូចព្រះបុត្រារបស់ព្រះអង្គដែរ ដើម្បីឱ្យព្រះបុត្រាបានទៅជារៀមច្បងក្នុងបណ្ដាបងប្អូនជាច្រើន។ អស់អ្នកដែលព្រះអង្គបានតម្រូវទុកជាមុននោះ ព្រះអង្គក៏បានត្រាស់ហៅ ហើយអ្នកដែលព្រះអង្គបានត្រាស់ហៅនោះ ព្រះអង្គក៏ប្រោសឱ្យគេសុចរិត រីឯអស់អ្នកដែលព្រះអង្គប្រោសឱ្យសុចរិត ព្រះអង្គក៏ប្រទានឱ្យគេមានសិរីរុងរឿងដែរ។
ទំនុកតម្កើងលេខ ១៣(១២),៤-៦ បទពំនោល
| ៤ | ឱ! ព្រះជាអម្ចាស់អើយ | សូមទតហើយឆ្លើយ | ចម្លើយមកទូលបង្គំ | ។ |
| សូមមេត្តាប្រោសឱ្យខ្ញុំ | ឃើញពន្លឺចំ | សូមកុំទុកខ្ញុំឱ្យស្លាប់ | ។ |
| ៥ | ក្រែងខ្មាំងសត្រូវបង្អាប់ | ថា៖«អញសម្លាប់ | អញចាប់បានឈ្នះវាហើយ» | ។ |
| ពួកសត្រូវឥតកន្តើយ | ត្រេកអរសប្បាយ | ព្រោះតែខ្ញុំបរាជ័យ | ។ |
| ៦ | ចំពោះរូបខ្ញុំឃ្មៀតខ្មី | ទុកចិត្តហឫទ័យ | ប្រណីរបស់ព្រះអង្គ | ។ |
| សូមឱ្យខ្ញុំត្រេកអរផង | ពីព្រោះព្រះអង្គ | បានសង្គ្រោះទូលបង្គំ | ។ |
| សូមឱ្យខ្ញុំច្រៀងរងំ | សរសើរឧត្តម | ដល់ខ្ញុំព្រះអង្គប្រណី | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ១៣,២៩
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ត្រាស់ហៅយើងជាមនុស្សមកពីទិសទាំងបួន ឱ្យចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យព្រះជាម្ចាស់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៣,២២-៣០
ព្រះយេស៊ូធ្វើដំណើរឆ្ពោះទៅក្រុងយេរូសាឡឹមកាត់តាមក្រុង តាមភូមិនានា ព្រមទាំងប្រៀនប្រដៅអ្នកស្រុកផង។ មានបុរសម្នាក់ទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! អ្នកដែលព្រះជាម្ចាស់សង្គ្រោះ មានចំនួនតិចទេឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ចូរខំប្រឹងចូលតាមទ្វារចង្អៀត។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា មានមនុស្សជាច្រើនខំចូលដែរ ក៏ប៉ុន្តែ គេមិនអាចចូលបានឡើយ។ កាលណាម្ចាស់ផ្ទះក្រោកទៅបិទទ្វារជិតហើយ អ្នករាល់គ្នានឹងឈរនៅខាងក្រៅ គោះទ្វារផ្ទះទាំងអង្វរថា “ឱព្រះអម្ចាស់អើយ សូមបើកទ្វារឱ្យយើងខ្ញុំផង”។ ម្ចាស់ផ្ទះនឹងតបមកអ្នករាល់គ្នាថា “យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ!”។ អ្នករាល់គ្នាមុខជាជម្រាបលោកថា “យើងខ្ញុំធ្លាប់បរិភោគជាមួយព្រះអង្គ ហើយព្រះអង្គក៏ធ្លាប់ប្រៀនប្រដៅយើងខ្ញុំនៅតាមភូមិដែរ”។ លោកនឹងប្រាប់អ្នករាល់គ្នាវិញថា “ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ! ចូរថយចេញឱ្យឆ្ងាយពីយើងទៅ យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ!”។ កាលអ្នករាល់គ្នាឃើញលោកអប្រាហាំ លោកអ៊ីសាក លោកយ៉ាកុប និងព្យាការីទាំងឡាយ ស្ថិតនៅក្នុងព្រះរាជ្យព្រះជាម្ចាស់ តែព្រះអង្គចោលអ្នករាល់គ្នាឱ្យនៅខាងក្រៅ អ្នករាល់គ្នានឹងយំសោកខឹងសង្កៀតធ្មេញ។ មានមនុស្សមកពីទិសទាំងបួន ចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យព្រះជាម្ចាស់។ ពេលនោះ អ្នកខ្លះដែលនៅខាងក្រោយនឹងត្រឡប់ទៅនៅខាងមុខ រីឯអ្នកខ្លះដែលនៅខាងមុខ នឹងត្រឡប់ទៅនៅខាងក្រោយវិញ»។
395 Views
Post Views:
410