អត្ថបទព្រះគម្ពីរ
ថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១
អាទិត្យទី៣០ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

អត្ថបទទី១
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៨,២៦-៣០

បងប្អូនជាទីស្រឡាញ់!
ព្រះវិញ្ញាណយាងមកជួយយើងដែលទន់ខ្សោយនេះដែរ​ ដ្បិតយើងពុំដឹងអធិដ្ឋានដូចម្ដេចដើម្បីឱ្យបានសមនោះ តែព្រះវិញ្ញាណផ្ទាល់ទ្រង់​ទូលអង្វរឱ្យយើង ដោយព្រះសូរសៀងដែលគ្មាននរណាអាចថ្លែងបាន។ រីឯព្រះជាម្ចាស់ដែលឈ្វេងយល់ចិត្តមនុស្ស ទ្រង់ជ្រាប់ព្រះបំណងរបស់ព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណទូលអង្វរឱ្យប្រជាជនដ៏វិសុទ្ធ ស្របតាមព្រះហប្ញទ័យរបស់ព្រះជាម្ចាស់។ យើងដឹងទៀត​ថា អ្វីៗទាំងអស់ផ្សំគ្នាឡើង ដើម្បីឱ្យអស់អ្នកស្រឡាញ់ព្រះជាម្ចាស់ បានទទួលផលល្អ​គឺជាអ្នកដែលព្រះអង្គបានត្រាស់ហៅមក ស្របតាមគម្រោងការណ៍របស់ព្រះអង្គ ដ្បិតអស់អ្នកដែលព្រះអង្គបានជ្រើសរើស ទ្រង់ក៏បានតម្រូវគេទុកជាមុន ឱ្យមានលក្ខណៈដូច​ព្រះបុត្រារបស់ព្រះអង្គដែរ ដើម្បីឱ្យព្រះបុត្រាបានទៅជារៀមច្បងក្នុងបណ្ដាបងប្អូន​ជាច្រើន។ អស់អ្នកដែលព្រះអង្គបានតម្រូវទុកជាមុននោះ ទ្រង់ក៏បានត្រាស់ហៅ ហើយ​អ្នកដែលព្រះអង្គបានត្រាស់ហៅនោះ ទ្រង់ក៏ប្រោសឱ្យគេបានសុចរិត រីឯអស់អ្នកដែល​ព្រះអង្គប្រោសឱ្យបានសុចរិត ទ្រង់ក៏ប្រទានឱ្យគេមានសិរីរុងរឿងដែរ។

ទំនុកតម្កើងលេខ ១៣,៤-៦ បទពំនោល

៤.ឱ!ព្រះជាអម្ចាស់អើយសូមទតហើយឆ្លើយចម្លើយមកទូលបង្គំ ។
សូមមេត្តាប្រោសឱ្យខ្ញុំឃើញពន្លឺចំសូមកុំទុកខ្ញុំឱ្យស្លាប់ ។
៥.ក្រែងខ្មាំងសត្រូវបង្អាប់ថា៖«អញសម្លាប់អាញចាប់បានឈ្នះវាហើយ» ។
ពួកសត្រូវឥតកន្ដើយត្រេកអរសប្បាយព្រោះតែខ្ញុំបរាជ័យ ។
៦.ចំពោះរូបខ្ញុំឃ្មៀតខ្មីទុកចិត្តហប្ញទ័យប្រណីរបស់ព្រះអង្គ ។
សូមឱ្យខ្ញុំត្រេកអរផងពីព្រោះព្រះអង្គបានសង្គ្រោះទូលបង្គំ ។
សូមឱ្យខ្ញុំច្រៀងរងំសរសើរឧត្តមដល់ខ្ញុំព្រះអង្គប្រណី ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ១៣,២៩

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ត្រាស់ហៅយើងជាមនុស្សមកពីទិសទាំងបួន ឱ្យចូលរួមពិធីជប់លៀង ក្នុងព្រះរាជ្យព្រះជាម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៣,២២-៣០

ព្រះយេស៊ូធ្វើដំណើរឆ្ពោះទៅក្រុងយេរូសាឡឹម កាត់តាមក្រុង តាមភូមិនានា ព្រម​​ទាំងប្រៀនប្រដៅអ្នកស្រុកផង។ មានបុរសម្នាក់ទូលសួរព្រះអង្គថា​៖ «បពិត្រព្រះ​អម្ចាស់! អ្នកដែលព្រះជាម្ចាស់សង្គ្រោះមានចំនួនតិចទេឬ?»។ ព្រះយេស៊ូមានព្រះ​បន្ទូលតបថា៖ «ចូរខំប្រឹងចូលតាមទ្វារចង្អៀត។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា មានមនុស្ស​ជាច្រើនខំចូលដែរ ក៏ប៉ុន្ដែ គេមិនអាចចូលបានឡើយ។ កាលណាម្ចាស់ផ្ទះក្រោក​ទៅបិទទ្វារជិតហើយ អ្នករាល់គ្នានឹងឈរនៅខាងក្រៅ គោះទ្វារផ្ទះទាំងអង្វរថា៖ «ឱព្រះអម្ចាស់អើយ! សូមបើទ្វារឱ្យយើងខ្ញុំផង»។ ម្ចាស់ផ្ទះនឹងតបមកអ្នករាល់់គ្នាថា៖ «យើងមិនដឹងថា អ្នករាល់គ្នាមកពីណាទេ!»។ អ្នករាល់គ្នាមុខជានឹងជម្រាប​លោកថា៖ «យើងខ្ញុំធ្លាប់បរិភោគជាមួយព្រះអង្គ ហើយព្រះអង្គធ្លាប់ប្រៀនប្រដៅយើងខ្ញុំនៅតាមភូមិដែរ»។ លោកនឹងប្រាប់អ្នករាល់គ្នាវិញថា៖ «ពួកអ្នកប្រព្រឹត្ត​អំពើទុច្ចរិតអើយ! ចូរថយចេញឱ្យឆ្ងាយពីយើងទៅ យើងមិនដឹងថា អ្នករាល់គ្នាមក​ពីណាទេ!»។ កាលអ្នករាល់គ្នាឃើញលោកអប្រាហាំ លោកអ៊ីសាក លោកយ៉ាកុប និង​ព្យាការីទាំងឡាយស្ថិតនៅក្នុងព្រះរាជ្យព្រះជាម្ចាស់ តែព្រះអង្គចោលអ្នករាល់គ្នាឱ្យ​នៅខាងក្រៅ អ្នករាល់គ្នានិងយំសោកខឹងសង្កៀតធ្មេញ។ មានមនុស្សមកពីទិស​ទាំងបួន ចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យព្រះជាម្ចាស់។ ពេលនោះ អ្នកខ្លះដែលនៅ​ខាងក្រោយ នឹងត្រឡប់ទៅនៅខាងមុខ រីឯអ្នកខ្លះដែលនៅខាងមុខ នឹងបែរជាទៅ​នៅខាងក្រោយវិញ»។

211 Views

Theme: Overlay by Kaira