ថ្ងៃពុធ អាទិត្យទី២៩
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៦,១២-១៨

បងប្អូនជាទីស្រឡាញ់!
មិនត្រូវទុកឱ្យបាបសោយរាជ្យលើខ្លួនបងប្អូនដែលរមែង​តែងតែស្លាប់ ដើម្បីស្ដាប់តា​មតណ្ហារបស់ខ្លួននោះឡើយ ហើយក៏មិនត្រូវប្រគល់​សរីរាង្គកាយរបស់បងប្អូនឱ្យទៅបម្រើបាប និងធ្វើជាឧបករណ៍សម្រាប់ប្រព្រឹត្ដអំពើ​ទុច្ចរិតដែរ គឺត្រូវថ្វាយខ្លួនទៅព្រះជាម្ចាស់ ដូចជាមនុស្សដែលបានរស់ឡើងវិញ ហើយប្រគល់សិរីរាង្គកាយរបស់បងប្អូនទៅបម្រើព្រះជាម្ចាស់ និងធ្វើជាឧបករណ៍សម្រាប់​ប្រព្រឹត្តអំពើសុចរិត។ បាបនឹងលែងត្រួតត្រាលើបងប្អូនទៀតហើយ ព្រោះបងប្អូនមិន​នៅក្រោមអំណាចរបស់ធម្មវិន័យទេ គឺនៅក្រោមព្រះហប្ញទ័យប្រណីសន្ដោសរបស់ព្រះ​ជាម្ចាស់វិញ។ បើដូច្នេះ ដោយយើងមិននៅក្រោមអំណាចរបស់ធម្មវិន័យ គឺនៅក្រោមព្រះ​ហប្ញទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ តើយើងត្រូវតែប្រព្រឹត្តអំពើបាបឬ? ទេ! មិន​កើតទេ!។ បងប្អូនមិនដឹងទេឬ? បើបងប្អូនប្រគល់ខ្លួនទៅបម្រើ និងស្ដាប់បង្គាប់​ម្ចាស់ណា បងប្អូននឹងក្លាយទៅជាខ្ញុំបម្រើរបស់អ្នកដែលបងប្អូនស្ដាប់បង្គាប់នោះហើយ ឬមួយបងប្អូននឹងទៅជាខ្ញុំបម្រើរបស់បាបដែលនាំឱ្យបងប្អូនស្លាប់ ឬមួយបងប្អូនស្ដាប់​បង្គាប់ព្រះជាម្ចាស់ ដែលនាំបងប្អូនឱ្យបានសុចរិត។ សូម​អរព្រះគុណព្រះជាម្ចាស់! ពីដើម បងប្អូនជាខ្ញុំបម្រើរបស់បាបមែន តែងដោយបងប្អូនបានស្ដាប់បង្គាប់យ៉ាងស្មោះ​អស់​ពីចិត្ត តាមគោលការណ៍នៃសេចក្ដីបង្រៀនដែលបងប្អូនបានទទួល បងប្អូនក៏បាន​រួចពីអំណាចបាប មកបម្រើសេចក្ដីសុចរិតវិញ។

ទំនុកតម្កើងលេខ ១២៤ (១២៣) ,២-៥.៧ បទពាក្យ ៧

ប្រសិនបើគ្មានព្រះអម្ចាស់នៅខាងយើងនោះគ្រប់វេលា
ពេលណាសត្រូវលើកគ្នីគ្នាសម្រុកពុះពារវាយលើយើង
ពេលណាគេមានកំហឹងខ្លាំងគេមកប្រឆាំងយើងនឹងបើុង
គេនឹងត្របាក់លេបដូចភ្លើងមិនឱ្យពួកយើងសុខសាន្ដឡើយ
យើងនឹងលិចលង់ក្នុងសមុទ្រភិតភ័យតក់ស្លុតឥតមានស្បើយ
ទឹកហូរនាំយើងគ្មានកោះត្រើយទៅកាន់ទីឆ្ងាយគ្មានគោលដៅ
ពេលយើងកំពុងអស់កម្លាំងមានទឹកកួចខ្លាំងពនិ្លចទៅ
ដល់បាតជលសាដ៏សែនជ្រៅជិវិតយើងត្រូវលង់ក្សិណក្ស័យ
យើងរួចជីវិតដូចបក្សីគេចផុតពីដៃព្រានព្រៃហើយ
គឺលប់ធ្លុះធ្លាយគ្មានសល់ឡើយយើងបានធូរស្បើយរស់ជីវ៉ា

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២១,៣៦

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកដែលប្រុងស្មារតី អធិដ្ឋានគ្រប់ពេលវេលាពិតជាមានសុភមង្គល ដ្បិតគេអាចឈរនៅមុខបុត្រមនុស្ស។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,៣៩-៤៨

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា បើ​ម្ចាស់​ផ្ទះ​ដឹង​ចោរ​ចូល​មក​ប្លន់​ថ្មើរ​ណា គាត់​នឹង​មិន​បណ្ដោយ​ឱ្យ​វា​ចូល​មក​ក្នុង​ផ្ទះ​គាត់​ឡើយ។ រីឯ​អ្នក​រាល់​គ្នា​វិញ ចូរ​ត្រៀម​ខ្លួន​ជា‌និច្ច ដ្បិត​បុត្រ​មនុស្ស​នឹង​មក​ដល់នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​គិត»។ លោក​សិលា​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! តើ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​នេះ សម្រាប់​ប្រៀន‌ប្រដៅ​យើង​ខ្ញុំ​តែ​ប៉ុណ្ណោះ ឬ​មួយ​សម្រាប់​ប្រៀន‌ប្រដៅ​មនុស្ស​គ្រប់ៗ​រូប​ដែរ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​ថា៖ «បើ​អ្នក​បម្រើ​ណា​មាន​ចិត្ត​ស្មោះ‌ត្រង់ ហើយ​ប៉ិន‌ប្រសប់ ម្ចាស់​មុខ​ជា​ផ្ទុក‌ផ្ដាក់​ឱ្យ​គាត់​មើល​ខុស​ត្រូវ​លើ​អ្នក​បម្រើ​ឯ​ទៀតៗ ក្នុង​ការ​ចែក​ម្ហូប​អាហារ​ឱ្យ​គេតាម​ពេល​កំណត់​ជា​មិន​ខាន។ ពេល​ម្ចាស់​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ឃើញ​អ្នក​បម្រើ​កំពុង​បំពេញ​កិច្ច‌ការ​របស់​ខ្លួន​ដូច្នេះ អ្នក​បម្រើ​នោះ​ប្រាកដ​ជា​មាន​សុភមង្គល។ ខ្ញុំ​សុំ​ប្រាប់​ឱ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ម្ចាស់​មុខ​ជា​ផ្ទុក‌ផ្ដាក់​ឱ្យគាត់​មើល​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​លោក​ថែម​ទៀត​ផង។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​បម្រើ​នឹក​ក្នុង​ចិត្ត​ថា “ម្ចាស់​អញ​ក្រ​មក​ដល់​ណាស់” គាត់​ក៏​វាយ​អ្នក​បម្រើ​ទាំង​ប្រុស​ទាំង​ស្រី​ឯ​ទៀតៗ ហើយ​ស៊ី​ផឹក​ស្រវឹង។ ពេល​ម្ចាស់​វិល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ នៅ​ថ្ងៃ​ដែល​អ្នក​បម្រើ​នោះ​មិន​បាន​រង់‌ចាំ ឬ​នៅ​ពេល​ដែល​គាត់​មិន​ដឹង លោក​នឹង​ធ្វើ​ទោស​គាត់​ជា​ទម្ងន់ ហើយ​ឱ្យ​គាត់​ទទួល​ទោស​រួម​ជា​មួយ​ពួក​អ្នក​មិន​ជឿ​ដែរ។ អ្នក​បម្រើ​ណា​ស្គាល់​ចិត្ត​ម្ចាស់ តែ​មិន​បាន​ត្រៀម​ខ្លួន ហើយ​មិន​ធ្វើ​តាម​ចិត្ត​លោក អ្នក​បម្រើ​នោះ​នឹង​ត្រូវ​រំពាត់​យ៉ាង​ច្រើន។ ផ្ទុយ​ទៅ​វិញ អ្នក​បម្រើ​ណា​មិន​ស្គាល់​ចិត្ត​ម្ចាស់​របស់​ខ្លួន ហើយ​ប្រព្រឹត្ត​ខុស​ឆ្គង​សម​នឹង​ទទួល​ទោស អ្នក​បម្រើ​នោះ​នឹង​ត្រូវ​រំពាត់​តែ​បន្ដិច​ទេ។ បើ​គេ​ឱ្យ​អ្វី​ច្រើន​ទៅ​អ្នក​ណា គេ​នឹង​ទារ​ពី​អ្នក​នោះ​វិញ​ច្រើន​ដែរ។ បើ​គេ​ផ្ទុក‌ផ្ដាក់​កិច្ច‌ការ​ច្រើន​ដល់​អ្នក​ណា គេ​នឹង​ទារ​ពី​អ្នក​នោះ​វិញ​រឹង‌រឹត​តែ​ច្រើន​ថែម​ទៀត»។

321 Views

Theme: Overlay by Kaira