អត្ថបទព្រះគម្ពីរ
ថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៨ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

អត្ថបទទី១
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ២,១-១១

អ្នកឯងដែលថ្កោលទោសគេ ទោះបីអ្នកជានរណាក៏ដោយ ក៏អ្នកពុំអាចដោះសាខ្លួន​បានដែរ។ ពេលណាអ្នកថ្កោលទោសគេ អ្នកក៏ដាក់ទោសខ្លួនឯង ព្រោះអ្នកថ្កោលទោស​គេ តែអ្នកប្រព្រឹត្តដូចគេដែរ។ យើងដឹងថា ព្រះជាម្ចាស់ទ្រង់វិនិច្ឆ័យទោសអ្នកដែល​ប្រព្រឹត្តដូច្នេះ គឺព្រះអង្គវិនិច្ឆ័យស្របតាមសេចក្ដីពិត។ រីឯអ្នក អ្នកថ្កោលទោសគេដែលប្រព្រឹត្តដូច្នេះ តែអ្នកប្រព្រឹត្តដូចគេដែរ តើអ្នកនឹងស្មានថា នឹងបានរួចខ្លួនពីការ​វិនិច្ឆ័យទោសរបស់ព្រះជាម្ចាស់ឬ? ឬមួយអ្នកមើលងាយព្រះហប្ញទ័យសប្បុរស ព្រះ​ហប្ញទ័យយោគយល់ និងព្រះហប្ញទ័យអត់ធ្មត់ដ៏ទូលំទូលាយរបស់ព្រះអង្គឬ? តើអ្នក​មិនទទួលស្គាល់ថា ព្រះជាម្ចាស់មានព្រះហប្ញទ័យសប្បុរសដូច្នេះ ដើម្បីជំរុញអ្នកឱ្យកែប្រែចិត្តគំនិតទេឬ?។ ក៏ប៉ុន្ដែ ដោយអ្នកមានចិត្តរឹងរូស មិនព្រមកែប្រែចិត្តគំនិតទេនោះ អ្នកកំពុងតែសន្សំទោស ទុកសម្រាប់ថ្ងៃព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ជាថ្ងៃដែល​ព្រះអង្គនឹងសម្ដែងការវិនិច្ឆ័យទោសដោយយុត្តិធម៌ គឺព្រះជាម្ចាស់នឹងប្រទានផល​​ឱ្យម្នាក់ៗតាមអំពើដែលខ្លួនបានប្រព្រឹត្ដ ព្រះអង្គនឹងប្រទានជីវិតអស់កល្បជានិច្ច ដល់​អស់អ្នកដែលព្យាយាមប្រព្រឹត្តអំពើល្អ ហើយស្វែងរកសិរីរុងរឿង កិត្តិយស និងអ្វីៗដែល​មិនចេះសាបសូន្យ តែព្រះអង្គនឹងព្រះពិរោធ និងដាក់ទោសយ៉ាងធ្ងន់ចំពោះអស់អ្នក​ដែលគិតតែឈ្លោះប្រកែក មិនព្រមស្ដាប់តាមសេចក្ដីពិត គឺបែរទៅស្ដាប់តាមសេចក្ដីទុច្ច​រិតវិញ។ ទុក្ខលំបាក ការតប់ប្រមល់ អន្ទះអន្ទែងនឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្ត​អំពើអាក្រក់ជាមិនខាន គឺមុនដំបូងដល់សាសន៍យូដាបន្ទាប់មកសាសន៍ក្រិក!។ រីឯ​សិរីរុងរឿង កិត្តិយស និងសេចក្ដីសុខសាន្ដនឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្តអំពើល្អ​​វិញ មុនដំបូងដល់សាសន៍យូដា បន្ទាប់មកសាសន៍ក្រិក ដ្បិតព្រះជាម្ចាស់មិនរើសមុខនរណាឡើយ។

ទំនុកតម្កើងលេខ ៦២,៦-៩ បទពាក្យ ៧

៦.មែនហើយខ្ញុំនឹងបានស្ងប់ចិត្តពេលបាននៅជិតព្រះអម្ចាស់
ខ្ញុំតែងសង្ឃឹមគ្មានក្រឡះលើព្រះអម្ចាស់របស់ខ្ញុំ ។
៧.ព្រះអង្គតែមួយជាថ្មដាសង្គ្រោះពាំងពារខ្មាំងជិតជុំ
ទ្រង់ជាកំពែងដ៏រឹងមាំខ្ញុំផុតទុក្ខធំគ្មានសៅហ្មង ។
៨.ឯការសង្រ្គោះនិងសិរីរុងរឿងថ្លាថ្លៃខ្ញុំតែម្ដង
ស្ថិតលើព្រះអម្ចាស់ទាំងស្រុងព្រោះតែព្រះអង្គជាថ្មដា ។
៩.ឱប្រជាជនទាំងអស់អើយចូរកុំកន្ដើយនាំគ្នីគ្នា
ផ្ញើកាយផ្ញើចិត្ដទាំងជន្មាលើព្រះគ្រប់គ្រាតរៀងទៅ ។
ចូរទូលទុក្ខសោកក្ដីកង្វល់សព្វអស់អំពល់កុំទុកនៅ
ទ្រង់ជាជម្រកមិនអាស្រូវដរាបរៀងទៅជាប់ជានិច្ច ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៩,៩

អលេលូយ៉ា! អាលេលូយ៉ា!
ធម្មវិន័យរបស់ព្រះអម្ចាស់ធ្វើឱ្យចិត្តមនុស្សមានអំណរសប្បាយ ធម្មវិន័យរបស់ព្រះអង្គបំភ្លឺចិត្តគំនិតគេឱ្យយល់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,៤២-៤៦

ព្រះយេស៊ូមានព្រះបន្ទូលថា៖«ពួកផារីស៊ីអើយ! អ្នករាល់គ្នានឹងត្រូវវេទនាជាមិនខាន ព្រោះ​អ្នករាល់គ្នាយកជីរអង្កាម ជីរនាងល័ក្ខ និងបន្លែគ្រប់មុខមួយភាពដប់មក​ថ្វាយព្រះជាម្ចាស់ ប៉ុន្ដែ អ្នករាល់គ្នាធ្វេសប្រហែស មិនបានប្រព្រឹត្តតាមសេចក្ដីសុចរិត ហើយមិនបានស្រឡាញ់ព្រះអង្គឡើយ គឺការនេះហើយ ដែលអ្នករាល់គ្នាត្រូវប្រព្រឹត្ត ឯការដ៏ទៃទៀតក៏អ្នករាល់គ្នាមិនត្រូវបំភ្លេចចោលដែរ។ ពួកផារីស៊ីអើយ! អ្នករាល់​គ្នាត្រូវវេទនាជាមិនខាន ព្រោះអ្នករាល់គ្នាចូលចិត្តអង្គុយនៅកន្លែងកិត្តិយស ក្នុងធម្ម​សាលា ហើយចូលចិត្ត​ឱ្យគេឱនកាយគោរពអ្នករាល់គ្នានៅតាមផ្សារ។ អ្នករាល់គ្នា​ត្រូវវេទនាជាពំខាន ព្រោះអ្នករាល់គ្នា ប្រៀបបាននឹងផ្នូរខ្មោចដែលគេមើលមិនឃើញ ហើយត្រូវគេដើរជាន់ដោយមិនដឹងខ្លួន»។ មានធម្មាចារ្យម្នាក់ទូលព្រះអង្គថា៖«លោកគ្រូ! លោកមានប្រសាសន៍ដូច្នេះ បានសេចក្ដីថា លោកត្មះតិះដៀលយើងខ្ញុំ»។​ព្រះយេស៊ូមានព្រះបន្ទូលតបថា៖«ពួកធម្មាចារ្យអើយ! អ្នករាល់គ្នាក៏នឹងត្រូវវេទនា​ដែរ! ព្រោះអ្នករាល់គ្នាបានបង្កើតវិន័យតឹងរ៉ឹងយកមកផ្ទុកលើមនុស្ស ហើយអ្នករាល់គ្នា​មិនជួយគេទេ សូម្បីតែបន្ដិចក៏មិនជួយផង»។

158 Views

Theme: Overlay by Kaira