អត្ថបទព្រះគម្ពីរ
ថ្ងៃពុធ ទី៦ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៧ រដូវធម្មតា
ពណ៌ស្វាយ
បុណ្យឱឡារិក
បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ
នៅថ្ងៃនេះ គ្រីស្តបរិស័ទនាំគ្នានឹកដល់វិញ្ញាណក្ខន្ធរបស់អស់អ្នកដែលចែកឋានទៅហើយ សូអង្វរព្រះជាម្ចាស់ សូមទ្រង់ព្រះមេត្តាអាណិតអាសូរដល់មរណបុគ្គលទាំងនោះ សូមលើកលែងទោសឱ្យគេ និងទទួលគេនៅស្ថានបរមសុខផង។
អ្នកចូលទៅកាន់ជិវិតដ៏ពេញលក្ខណៈ ត្រូវតែរួមស្លាប់ជាមួយព្រះយេស៊ូគ្រីស្ត។ នៅថ្ងៃនេះ គ្រីស្តបរិស័ទប្រកាសជំនឿ និងសេចក្តីសង្ឈឹមរបស់ខ្លួនទៅលើព្រះគ្រីស្ត ដែលមានព្រះបន្ទូលថា៖ «ខ្ញុំនឹងផ្តល់ឱ្យអ្នករស់ឡើយវិញ និងឱ្យគេមានជិវិតផង អ្នកជឿសង្ឈឹមលើខ្ញុំ ទោះបីស្លាប់ទៅហើយក្តី ក៏នឹងមានជិវិតមិនខានដែរ»។
អត្ថបទទី១
សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ២៥,៦-៩
ព្រះជាម្ចាស់នៃពិភពលោកទាំងមូល នឹងជប់លៀងប្រជាជនទាំងអស់នៅលើភ្នំស៊ីយ៉ូន គឺមានម្ហូបដ៏ឆ្ងាញ់ពិសា និងស្រាទំពាំងបាយជូរដ៏មានឧិជារសបំផុត មានសាច់ចំឡក និងស្រាទំពាំងបាយជូរដែលគេសម្រាំងយ៉ាងល្អ។ នៅលើភ្នំនោះ ព្រះអង្គនឹងដកសម្លៀកបំពាក់កាន់ទុក្ខចេញពីប្រជាជនទាំងប៉ុន្មាន ហើយក៏ដកទុក្ខព្រួយចេញពីប្រជាជាតិទាំងអស់ដែរ។ ព្រះអង្គនឹងបំបាត់សេចក្តីស្លាប់រហូតតទៅ ព្រះជាម្ចាស់នឹងជូតទឹកភ្នែកចេញពីមុខរបស់មនុស្សទាំងអស់ ហើយព្រះអង្គក៏ដកការអាម៉ាស់នៃប្រជារាស្ត្ររបស់ព្រះអង្គចេញពីទឹកដីទាំងមូលដែរ។ នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅថ្ងៃនោះ គេនឹងពោថា៖ «ព្រះជាម្ចាស់ជាព្រះបិតានៃយើង! យើងបានផ្ញើជិវិតលើព្រះអង្គហើយ ព្រះអង្គសង្គ្រោះយើង យើងបានផ្ញើជិវិតលើព្រះអង្គម្ចាស់មែន! ចូរយើងសប្បាយរីករាយ និងមានអំណរឡើង ដ្បិតព្រះអង្គជាព្រះសង្គ្រោះរបស់យើង!”។
ទំនុកតម្កើងលេខ ៣១ (៣០),២.៦.៨-៩,១៥-១៧.២៣ បទកាកគតិ
២. | ឱព្រះអម្ចាស់ | ខ្ញុំសូមប្រកាស | សូមជ្រកក្រោមម្លប់ |
ជារៀងរហូត | ឥតមានឈរឈប់ | ទាំងថ្ងៃទាំងយប់ | |
សូមរំដោះផង ។ | |||
៦. | ខ្ញុំសូមប្រគល់ | វិញ្ញាណនិមល | ថ្វាយអង្គក្សត្រា |
ទៅក្នុងព្រះហស្ត | ព្រះម្ចាស់ហើយណា | ព្រោះព្រះអង្គជា | |
ព្រះទុកចិត្តបាន ។ | |||
៨. | ចិត្តខ្ញុំស្រស់ថ្លា | អរឥតឧបមា | រីករាយសប្បាយ |
ដោយសារព្រះអង្គ | ទ្រង់មានព្រះទ័យ | ករុណាប្រណី | |
ពេលខ្ញុំវេទនា ។ | |||
៩. | ទ្រង់មិនបណ្តោយ | ឱ្យរូបខ្ញុំធ្លោយ | ខ្លោចផ្សាគ្រាំគ្រា |
ធ្លាក់ទៅក្នុងដៃ | របស់បច្ចា | សូមទ្រង់ករុណា | |
មេត្តាប្រណី ។ | |||
១៦. | អាយុជីវិត | របស់ខ្ញុំស្ថិត | ដោយក្តីសុខដុម |
នៅក្នុងព្រះហស្ត | ព្រះម្ចាស់ឧត្តម | សូមរំដោះខ្ញុំ | |
ផុតពីដៃខ្មាំង ។ | |||
១៧. | សូមបែរព្រះភក្ត្រ | ទតមកមើលអ្នក | បម្រើព្រះអង្គ |
មេត្តាសង្គ្រោះ | ទូលបង្គំផង | ដោយហឫទ័យទ្រង់ | |
ប្រណីករុណា ។ | |||
២៣. | ពេលខ្ញុំខ្វល់ចិត្ត | វិលវល់គំនិត | ជួបទុក្ខគ្រោះភ័យ |
ខ្ញុំនឹកស្មានថា | ទ្រង់លែងប្រណី | តែពេលខ្ញុំស្តី | |
ទ្រង់ស្តាប់ពាក្យខ្ញុំ ។ |
អត្ថបទទី២
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ១៤,៧-១២
បងប្អូនជាទីស្រឡាញ់!
ក្នុងចំណោមបងប្អូន គ្មាននរណាម្នាក់រស់ ឬស្លាប់សម្រាប់ខ្លួនឯងឡើយ។ ដ្បិតបើយើងរស់ យើងរស់សម្រាប់ព្រះអម្ចាស់ ហើយបើយើងស្លាប់ ក៏ស្លាប់សម្រាប់ព្រះអម្ចាស់ដែរ។ ទោះបីយើងរស់ក្តី ស្លាប់ក្តី យើងថ្វាយខ្លួនទៅព្រះអម្ចាស់ជានិច្ច ដ្បិតព្រះគ្រីស្ដបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញដើម្បីធ្វើជាព្រះអម្ចាស់ ទាំងលើមនុស្សស្លាប់ ទាំងលើមនុស្សរស់។ រីឯអ្នក ហេតុដូចម្ដេចបានជាអ្នកថ្កោលទោសបងប្អូនរបស់អ្នក? ហេតុដូចម្ដេចបានជាអ្នកមើលងាយបងប្អូនរបស់អ្នក?។ យើងទាំងអស់គ្នានឹងទៅឈរនៅមុខតុលាការរបស់ព្រះជាម្ចាស់ ដ្បិតមានចែងទុកមកថា៖ព្រះអម្ចាស់មានព្រះបន្ទូលថា ពិតដូចយើងមានជីវិតរស់យ៉ាងណាមនុស្សទាំងអស់ពិតជាលុតជង្គង់ថ្វាយបង្គំយើង ហើយប្រកាសទទួលស្គាល់ព្រះជាម្ចាស់យ៉ាងនោះដែរ។ ដូច្នេះ យើងត្រូវរៀបរាប់ទូលព្រះជាម្ចាស់នូវអំពើដែលខ្លួនយើងម្នាក់ៗបានប្រព្រឹត្ត។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២១,៣៦
អលេលូយ៉ា! អាលេលូយ៉ា!
ចូរប្រុងស្មារតី និងទូលអង្វរគ្រប់ពេលវេលា ដើម្បីឱ្យអ្នករាល់គ្នាអាចឈរនៅមុខបុត្រមនុស្ស។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,៣៥-៤០
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«ចូរប្រុងប្រៀបខ្លួន ហើយទុកឱ្យចង្កៀងរបស់អ្នករាល់គ្នានៅឆេះ។ ចូរប្រព្រឹត្តឱ្យបានដូចពួកអ្នកបម្រើដែលរង់ចាំម្ចាស់វិលត្រឡប់មកពីជប់លៀងវិញ គឺនៅពេលមកដល់ លោកគោះទ្វារ អ្នកបម្រើទៅបើកជូនភ្លាម។ ពេលម្ចាស់ត្រឡប់មកដល់ ឃើញអ្នកបម្រើណានៅរង់ចាំលោក អ្នកបម្រើនោះមានសុភមង្គលហើយ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា លោកនឹងឱ្យអ្នកបម្រើអង្គុយបរិភោគ ហើយលោករៀបចំខ្លួនបម្រើគេវិញ។ បើលោកវិលមកវិញនៅពាក់កណ្ដាលអធ្រាត្រ ឬជិតភ្លឺ ហើយឃើញអ្នកបម្រើទាំងនោះនៅរង់ចាំដូច្នេះ ពួកគេប្រាកដជាមានសុភមង្គល។ អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងចោរចូលមកប្លន់ថ្មើរណា គាត់នឹងមិនបណ្ដោយឱ្យវាចូលមកក្នុងផ្ទះគាត់ឡើយ។ រីឯអ្នករាល់គ្នាវិញ ចូរត្រៀមខ្លួនជានិច្ច ដ្បិតបុត្រមនុស្សនឹងមកដល់នៅវេលាដែលអ្នករាល់គ្នាពុំបានគិត»។