អត្ថបទព្រះគម្ពីរ
ថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៥ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

អត្ថបទទី១
សូមថ្លែងព្រះគម្ពីរលោកអែសរ៉ា អរ ៩,៥-៩

ខ្ញុំអែសរ៉ា នៅពេលថ្វាយតង្វាយល្ងាច ខ្ញុំក៏ងើបពីភាពសោកសៅ។ ខ្ញុំនៅតែ​ស្លៀកសម្លៀកបំពាក់ និងពាក់អាវធំរហែកដដែលនោះ ខ្ញុំលុតជង្គង់ចុះ ហើយលើកដៃ​ឆ្ពោះទៅរកព្រះអម្ចាស់ជាព្រះនៃខ្ញុំ ដោយទូលអង្វរថា៖
«បពិត្រព្រះនៃទូលបង្គំ! ទូលបង្គំអាម៉ាស់មុខខ្លាំងណាស់! ព្រះនៃទូលបង្គំអើយ​ទូលបង្គំខ្មាស មិនហ៊ានសម្លឹងទៅរកព្រះអង្គទេ ដ្បិតកំហុសរបស់យើងខ្ញុំកើនកាន់តែច្រើនឡើង ខ្ពស់ជាងក្បាលយើងខ្ញុំទៅទៀត។ រីឯអំពើបាបរបស់យើងខ្ញុំ ក៏គរឡើង​ជាច្រើន រហូតដល់ផ្ទៃមេឃដែរ។ តាំងពីជំនាន់ដូនតារបស់យើងខ្ញុំ រហូតដល់សព្វថ្ងៃយើងខ្ញុំមានកំហុសធ្ងន់ណាស់។ ដោយសារតែអំពើអាក្រក់នេះហើយ បានជាព្រះអង្គ​ប្រគល់យើងខ្ញុំ ស្ដេចរបស់យើងខ្ញុំ និងបូជាចារ្យរបស់យើងខ្ញុំ ទៅក្នុងកណ្ដាប់ដៃស្ដេច​របស់ប្រជាជាតិនានា។ ពួកគេកាប់សម្លាប់យើងខ្ញុំដោយមុខដាវ កៀរយើងខ្ញុំយក​ទៅជាឈ្លើយ រឹបអូសយកទ្រព្យសម្បត្តិរបស់យើងខ្ញុំ ហើយធើ្វឱ្យយើងខ្ញុំត្រូវអាម៉ាស់​ដូចសព្វថ្ងៃ។ ក៏ប៉ុន្ដែ មិនយូរប៉ុន្មាន ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ បានសម្ដែងព្រះ​ហប្ញទ័យប្រណីសន្ដោសមកលើយើងខ្ញុំ ដោយប្រោសប្រទានឱ្យប្រជាជនមួយចំនួននៅសេសសល់ ហើយមករស់នៅក្នុងទឹកដីដ៏វិសុទ្ធរបស់ព្រះអង្គ។ ទោះបីយើងធ្លាក់ខ្លួន​ជាទាសករក្ដី ក៏ព្រះនៃយើងខ្ញុំប្រោសឱ្យយើងខ្ញុំបានភ្លឺភ្នែក និងឱ្យយើងខ្ញុំមានជីវិត​ធូរស្រាលឡើងវិញ។ យើងខ្ញុំជាទាសករមែន ប៉ុន្ដែ ព្រះនៃយើងខ្ញុំ ពុំបានបោះបង់ចោល​យើងខ្ញុំឡើយ។ ព្រះអង្គសម្ដែងព្រះហប្ញទ័យសប្បុរសដល់យើងខ្ញុំ នៅចំពោះព្រះភក្រ្ត​សេ្ដចទាំងប៉ុន្មាននៃស្រុកពែរ្ស គឺព្រះអង្គប្រទានជីវិតថ្មីដល់យើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំសង់ព្រះដំណាក់របស់ព្រះនៃយើងខ្ញុំឡើងវិញ ជួសជុលកន្លែងបាក់បែក ព្រមទាំងឱ្យយើងខ្ញុំមានទីជម្រកដ៏រឹងមាំនៅស្រុកយូដា និងក្រុងយេរូសាឡឹម។

ទំនុកតម្កើងរបស់លោកតូប៊ីត ១៣,២-៥.៧ បទកាកគតិ

២.សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះម្ចាស់
ដែលមានព្រះជន្មគង់នៅយ៉ាងច្បាស់កោតសរសើរណាស់
អស់កល្បជានិច្ច ។
ព្រះអង្គធើ្វ​ឱ្យមនុស្សស្លាប់ទៅហើយចុះស្ថានមច្ចុរាជ
ក្រោយមកព្រះអង្គប្រោសឱ្យបានរួចគ្មានអ្វីដែលអាច
គេចពីបារមី ។
៣.អ៊ីស្រាអែលអើយកុំនៅកន្ដើយតម្កើងរាល់ថ្ងៃ
នៅមុខជនជាតិផ្សេងៗទាំងឡាយដែលទ្រង់កម្ចាយ
ឱ្យអ្នកទៅនៅ ។
៤.នៅទីនោះឯងព្រះអង្គសម្ដែងមិនមានអាស្រូវ
ប្ញទ្ធាបារមីមានច្រើនពេកកូវទ្រង់សម្ដែងនៅ
មុខអស់សត្វលោក។
ព្រះអង្គពិតជាព្រះយើងរាល់គ្នាអង្វែងរៀងមក
ជាព្រះបិតាតែមួយលើលោកពីនេះទៅមុខ​
អស់កល្បតទៅ ។
៥.ព្រះអង្គបានដាក់ទោសដល់ពួកអ្នកជារឿងត្រឹមត្រូវ
ព្រោះអ្នករាល់គ្នាបានប្រព្រឹត្តនូវអំពើអាស្រូវ
អាក្រក់អប្រិយ ។
ប៉ុន្ដែព្រះអង្គទ្រង់មិនបោះបង់តែងតែប្រណី
អាណិតអាសូរប្រជាប្រុសស្រីនាំអ្នកវិលវៃ
ឥតបីខ្ចាត់ខ្ចាយ ។
ឥឡូវពេលនេះចូរគិតត្រិរិះអំពីកិច្ចការ
ព្រះអង្គប្រព្រឹត្តដល់គ្រប់អាត្មាតម្កើងក្សត្រា
ឱ្យពេញទំហឹង ។
សូមលើកតម្កើងកុំធើ្វឆ្មៃឆ្មើងថ្កើងទាំងរំពឹង
ដែលទ្រង់ប្រព្រឹត្តយុត្តិធម៌លំនឹងចូរកោតព្រះអង្គ
អស់កល្បវែងឆ្ងាយ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១,១៥

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះរាជ្យរបស់ព្រះជាម្ចាស់ក៏មកជិតបង្កើយហើយ។
ចូរនាំគ្នាជឿដំណឹងល្អចុះ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,១-៦

ព្រះយេស៊ូត្រាស់ហៅសាវ័កដប់ពីរនាក់មកជួបជុំគ្នា ហើយព្រះអង្គប្រទានប្ញទ្ធានុភាព និងអំណាចឱ្យគេបណ្ដេញអារក្សទាំងអស់ ព្រមទាំងមើលជំងឺផ្សេងៗឱ្យបានជា។ ព្រះអង្គចាត់គេឱ្យចេញទៅប្រកាសអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ ព្រមទាំងមើលអ្នក​ជំងឺឱ្យបានជាផង។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖«ពេលអ្នករាល់គ្នាចេញដំណើរទៅ កុំយកអ្វីទៅជាមួយឡើយ ទោះបីដំបងក្ដី ថង់យាមក្ដី​ ចំណីអាហារ ឬប្រាក់កាសក្ដី​ ហើយក៏មិនត្រូវយកអាវបន្លាស់ទៅដែរ។ បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះ​នោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។ បើភូមណាគេមិនព្រមទទួល​អ្នករាល់គ្នា ចូរចេញពីភូមិនោះទៅ ទាំងរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុក​ជាសញ្ញាព្រមានគេ »។ សាវ័កនាំគ្នាចេញទៅ ធើ្វដំណើរពីភូមិមួយទៅភូមិមួយ ទាំង​ប្រកាសដំណឹងល្អ និងមើលអ្នកជំងឺគ្រប់កន្លែងឱ្យយបានជាផង។

224 Views

Theme: Overlay by Kaira