អត្ថបទព្រះគម្ពីរ
ថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៤ រដូវធម្មតា
ពណ៌ស
បុណ្យរម្លឹក
ព្រះនាងព្រហ្មចារិនីម៉ារីរងទុក្ខលំបាក
ពេលព្រះយេស៊ូបង្ហាញព្រះហឫទ័យមេត្តាករុណារបស់ព្រះបិតា ព្រះអង្គដូចជាសូមឱ្យមនុស្សជ្រើសរើសផ្លូវមួយ ឬម្យ៉ាងទៀតទទួលស្គាល់ធម៌មេត្តាករុណានេះ ហើយប្រព្រឹត្តតាម ឬម្យ៉ាងបដិសេធ មិនអើពើនឹងធម៌មេត្តាករុណានេះ។ ព្រះយេស៊ូសង្គ្រោះអស់អ្នកដែលជឿសង្ឃឹមលើព្រះអង្គ។ ព្រះនាងម៉ារីហាក់ “ឈឺចុកចាប់យ៉ាងខ្លាំង ដូចជាមានដាវមួយមកចាក់ទម្លុះដួងចិត្តរបស់នាង” ដោយឃើញព្រះយេស៊ូរងទុក្ខលំបាក និងឃើញមនុស្សបែកបាក់យ៉ាងនេះ មិនព្រមទទួលស្គាល់ព្រះហឫទ័យស្រឡាញ់របស់ព្រះបុត្រារបស់ព្រះនាងដែរ។
អត្ថបទទី១ (ឆ្នាំសស)
សូមថ្លែងលិខិតទី១របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ១ធម ៣,១៤-១៦
ប្អូនជាទីស្រឡាញ់! ខ្ញុំសរសេរសេចក្ដីទាំងនេះ ដោយសង្ឃឹមថា នឹងមកជួបប្អូនក្នុងពេលឆាប់ៗ ក៏ប៉ុន្ដែ បើខ្ញុំក្រមកដល់ សេចក្ដីទាំងនេះនឹងជួយប្អូនឱ្យដឹងរបៀបដែលត្រូវប្រព្រឹត្តក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ គឺក្នុងព្រះសហគមន៍របស់ព្រះដ៏មានព្រះជន្មគង់នៅ។ ព្រះសហគមន៍នេះជាសសរ និងជាគ្រឹះទ្រទ្រង់សេចក្ដីពិត។ គម្រោងការដ៏លាក់កំបាំងដែលយើងបង្ហាញក្នុងការគោរពប្រណិប័តន៍ព្រះជាម្ចាស់នោះ ពិតជាប្រសើរឧត្ដមណាស់ គឺថា៖ ព្រះគ្រីស្ដយាងមកក្នុងឋានៈជាមនុស្ស ព្រះអង្គបានសុចរិតដោយសារព្រះវិញ្ញាណ ព្រះអង្គបានបង្ហាញខ្លួនឱ្យពួកទេវទូតឃើញ គេបានប្រកាសអំពីព្រះអង្គនៅក្នុងចំណោមជាតិសាសន៍នានា គេបានជឿលើព្រះអង្គក្នុងពិភពលោក ព្រះជាម្ចាស់បានលើកព្រះអង្គឡើងក្នុងសិរីរុងរឿង។
ទំនុកតម្កើងលេខ ៧៨ (៧៧), ៣-៤.៣៤-៣៩ បទព្រហ្មគីតិ
១. | ចូរលើកតម្កើងព្រះជាម្ចាស់ | ប្រសើរពេកណាស់លើលោកា |
ខ្ញុំថ្កើងព្រះអង្គហួសសិរសា | ក្នុងហ្វូងមនុស្សណាដែលទៀងត្រង់។ | |
២. | គ្រប់ស្នាព្រះហស្ដព្រះអម្ចាស់ | ប្រសើរពេកណាស់ខ្ពស់ឧត្តុង |
អ្នកពេញចិត្តស្នាព្រះហស្ដទ្រង់ | ស្វះស្វែងយល់ផងកុំរារែក។ | |
៣. | គ្រប់ស្នាព្រះហស្ដបានបញ្ចេញ | រស្មីចិញ្ចែងភ្លឺអនេក |
សេចក្ដីសុចរិតល្អពន់ពេក | មិនប្រេះបាក់បែកនៅរហូត។ | |
៤. | ព្រះអង្គទ្រង់សព្វព្រះហប្ញទ័យ | ឱ្យយយើងស្រមៃមិនរលត់ |
ដល់ការអស្ចារ្យខ្ពស់បំផុត | ហប្ញទ័យអាណិតចិត្តអាសូរ។ | |
៥. | ព្រះអង្គប្រទានទាំងអាហារ | ដល់អ្នកវេទនាស្រែកទ្រហោរ |
អ្នកដែលកោតខ្លាចទ្រង់អាសូរ | សម្ពន្ធមានយូរធ្លាប់មេត្រី។ | |
៦. | ព្រះអង្គសម្ដែងអានុភាព | ឱ្យរាស្រ្ដជ្រួតជ្រាបឥតសង្ស័យ |
គឺព្រះអង្គបានឱ្យទឹកដី | ប្រជាដទៃមកពួកគេ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៦,៦៣.៦៨
អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់ ព្រះបន្ទូលរបស់ព្រះអង្គសុទ្ធតែចេញមកពីព្រះវិញ្ញាណ
ដែលផ្ដល់ជីវិតឱ្យយើងខ្ញុំ។ ព្រះបន្ទូលរបស់ព្រះអង្គ ផ្ដល់ជីវិតអស់កល្បជានិច្ច។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៩,២៥-២៧
មាតាព្រះយេស៊ូ ប្អូនស្រីមាតាព្រះអង្គ នាងម៉ារីជាភរិយាលោកក្លូប៉ាស និងនាងម៉ារីជាអ្នកស្រុកម៉ាដាឡា ឈរក្បែរឈើឆ្កាងរបស់ព្រះអង្គ។ ព្រះយេស៊ូឃើញមាតា ព្រមទាំងសាវ័កដែលព្រះអង្គស្រឡាញ់នោះឈរនៅជិត ព្រះអង្គមានព្រះបន្ទូលទៅមាតាថា៖ «អ្នកអើយ! នេះហើយកូនរបស់អ្នក»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅសាវ័កថា៖ «នេះហើយម្ដាយរបស់អ្នក»។ តាំងពីពេលនោះមក សាវ័កនោះយកគាត់មកនៅជាមួយ។
ឬសូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២,៣៣-៣៥
មាតាបិតារបស់ព្រះយេស៊ូងឿងឆ្ងល់នឹងសេចក្ដីដែលលោកតាស៊ីម៉ូនមានប្រសាសន៍អំពីព្រះឱរសណាស់។ លោកតាស៊ីម៉ូនជូនពរអ្នកទាំងពីរ ហើយនិយាយទៅកាន់នាងម៉ារីជាមាតាថា៖ «ព្រះជាម្ចាស់បានចាត់បុត្រនេះមក ដើម្បីឱ្យជនជាតិអ៊ីស្រាអែលច្រើននាក់ដួល ឬងើបឡើងវិញ។ បុត្រនេះជាទីសម្គាល់មួយបង្ហាញអំពីការសង្គ្រោះរបស់ព្រះជាម្ចាស់ តែមានមនុស្សជាច្រើននឹងជំទាស់ប្រឆាំង។ បុត្រនេះធ្វើឱ្យគំនិតលាក់កំបាំងរបស់មនុស្សជាច្រើន លេចច្បាស់ឡើង រីឯនាងវិញ នាងនឹងឈឺចុកចាប់យ៉ាងខ្លាំង ដូចមានដាវមួយមកចាក់ទម្លុះដួងចិត្តរបស់នាង»។