អត្ថបទព្រះគម្ពីរ
ថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៤ រដូវធម្មតា
ពណ៌ស
បុណ្យរម្លឹក

ព្រះនាងព្រហ្មចារិនីម៉ារីរងទុក្ខលំបាក

ពេលព្រះយេស៊ូបង្ហាញព្រះហឫទ័យមេត្តាករុណារបស់ព្រះបិតា ព្រះអង្គដូចជាសូមឱ្យមនុស្សជ្រើសរើសផ្លូវមួយ ឬម្យ៉ាងទៀតទទួលស្គាល់ធម៌មេត្តាករុណានេះ ហើយប្រព្រឹត្តតាម ឬម្យ៉ាងបដិសេធ មិនអើពើនឹងធម៌មេត្តាករុណានេះ។ ព្រះយេស៊ូសង្គ្រោះអស់អ្នកដែលជឿសង្ឃឹមលើព្រះអង្គ។ ព្រះនាងម៉ារីហាក់ “ឈឺចុកចាប់យ៉ាងខ្លាំង ដូចជាមានដាវមួយមកចាក់ទម្លុះ​​ដួងចិត្ត​របស់នាង” ដោយឃើញព្រះយេស៊ូរងទុក្ខលំបាក និងឃើញមនុស្សបែកបាក់យ៉ាងនេះ មិនព្រមទទួលស្គាល់ព្រះហឫទ័យស្រឡាញ់របស់ព្រះបុត្រារបស់ព្រះនាងដែរ។

អត្ថបទទី១​ (ឆ្នាំសស)
សូមថ្លែងលិខិតទី១របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ១ធម ៣,១៤-១៦

ប្អូនជាទីស្រឡាញ់! ខ្ញុំសរសេរសេចក្ដីទាំងនេះ ដោយសង្ឃឹមថា នឹងមកជួបប្អូនក្នុង​ពេលឆាប់ៗ ក៏ប៉ុន្ដែ បើខ្ញុំក្រមកដល់ សេចក្ដីទាំងនេះនឹងជួយប្អូនឱ្យដឹងរបៀបដែល​ត្រូវប្រព្រឹត្តក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ គឺក្នុងព្រះសហគមន៍របស់ព្រះដ៏មានព្រះជន្មគង់នៅ។ ព្រះសហគមន៍នេះជាសសរ និងជាគ្រឹះទ្រទ្រង់សេចក្ដីពិត។ គម្រោងការ​ដ៏លាក់កំបាំងដែលយើងបង្ហាញក្នុងការគោរពប្រណិប័តន៍ព្រះជាម្ចាស់នោះ ពិតជា​ប្រសើរឧត្ដមណាស់ គឺថា៖ ព្រះគ្រីស្ដយាងមកក្នុងឋានៈជាមនុស្ស ព្រះអង្គបានសុចរិត​ដោយសារព្រះវិញ្ញាណ ព្រះអង្គបានបង្ហាញខ្លួនឱ្យពួកទេវទូតឃើញ គេបានប្រកាសអំពីព្រះអង្គនៅក្នុងចំណោមជាតិសាសន៍នានា គេបានជឿលើព្រះអង្គក្នុងពិភពលោក ព្រះជាម្ចាស់បានលើកព្រះអង្គឡើងក្នុងសិរីរុងរឿង។

ទំនុកតម្កើងលេខ ៧៨​ (៧៧), ៣-៤.៣៤-៣៩ បទព្រហ្មគីតិ

១.ចូរលើកតម្កើងព្រះជាម្ចាស់ប្រសើរពេកណាស់លើលោកា
ខ្ញុំថ្កើងព្រះអង្គហួសសិរសាក្នុងហ្វូងមនុស្សណាដែលទៀងត្រង់។
២.គ្រប់ស្នាព្រះហស្ដព្រះអម្ចាស់ប្រសើរពេកណាស់ខ្ពស់ឧត្តុង
អ្នកពេញចិត្តស្នាព្រះហស្ដទ្រង់ស្វះស្វែងយល់ផងកុំរារែក។
៣. គ្រប់ស្នាព្រះហស្ដបានបញ្ចេញរស្មីចិញ្ចែងភ្លឺអនេក
សេចក្ដីសុចរិតល្អពន់ពេកមិនប្រេះបាក់បែកនៅរហូត។
៤.ព្រះអង្គទ្រង់សព្វព្រះហប្ញទ័យឱ្យយយើងស្រមៃមិនរលត់
ដល់ការអស្ចារ្យខ្ពស់បំផុតហប្ញទ័យអាណិតចិត្តអាសូរ។
៥.ព្រះអង្គប្រទានទាំងអាហារដល់អ្នកវេទនាស្រែកទ្រហោរ
អ្នកដែលកោតខ្លាចទ្រង់អាសូរសម្ពន្ធមានយូរធ្លាប់មេត្រី។
៦.ព្រះអង្គសម្ដែងអានុភាពឱ្យរាស្រ្ដជ្រួតជ្រាបឥតសង្ស័យ
គឺព្រះអង្គបានឱ្យទឹកដីប្រជាដទៃមកពួកគេ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៦,៦៣.៦៨

អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់ ព្រះបន្ទូលរបស់ព្រះអង្គសុទ្ធតែចេញមកពីព្រះវិញ្ញាណ
ដែលផ្ដល់ជីវិតឱ្យយើងខ្ញុំ។ ព្រះបន្ទូលរបស់ព្រះអង្គ ផ្ដល់ជីវិតអស់កល្បជានិច្ច។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៩,២៥-២៧

មាតា​ព្រះ‌យេស៊ូ ប្អូន​ស្រី​មាតា​ព្រះ‌អង្គ នាង​ម៉ារី​ជា​ភរិយា​លោក​ក្លូប៉ាស និង​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា ឈរ​ក្បែរ​ឈើ​ឆ្កាង​របស់​ព្រះ‌អង្គ។ ព្រះ‌យេស៊ូ​ឃើញ​មាតា ព្រម​ទាំង​សាវ័ក​ដែល​ព្រះ‌អង្គ​ស្រឡាញ់​នោះ​ឈរ​នៅ​ជិត ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​មាតា​ថា៖ «អ្នក​អើយ! នេះ​ហើយ​កូន​របស់​អ្នក»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​សាវ័ក​ថា៖ «នេះ​ហើយ​ម្ដាយ​របស់​អ្នក»។ តាំង​ពី​ពេល​នោះ​មក សាវ័ក​នោះ​យក​គាត់​មក​នៅ​ជា​មួយ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២,៣៣-៣៥

មាតា‌បិតា​របស់​ព្រះ‌យេស៊ូ​ងឿង‌ឆ្ងល់​នឹង​សេចក្ដី​ដែល​លោក​តា​ស៊ីម៉ូន​មាន​ប្រសាសន៍​អំពី​ព្រះ‌ឱរស​ណាស់។ លោក​តា​ស៊ីម៉ូន​ជូន​ពរ​អ្នក​ទាំង​ពីរ ហើយ​និយាយ​ទៅ​កាន់​នាង​ម៉ារីជា​មាតា​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ចាត់​បុត្រ​នេះ​មក ដើម្បី​ឱ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ច្រើន​នាក់​ដួល ឬ​ងើប​ឡើង​វិញ។ បុត្រ​នេះ​ជា​ទី​សម្គាល់​មួយ​បង្ហាញ​អំពី​ការ​សង្គ្រោះ​របស់​ព្រះ‌ជាម្ចាស់ តែ​មាន​មនុស្ស​ជា​ច្រើន​នឹង​ជំទាស់​ប្រឆាំង។ បុត្រ​នេះ​ធ្វើ​ឱ្យ​គំនិត​លាក់​កំបាំង​របស់​មនុស្ស​ជា​ច្រើន លេច​ច្បាស់​ឡើង រីឯ​នាង​វិញ នាង​នឹង​ឈឺ​ចុក‌ចាប់​យ៉ាង​ខ្លាំង ដូច​មាន​ដាវ​មួយ​មក​ចាក់​ទម្លុះ​ដួង​ចិត្ត​របស់​នាង»។

212 Views

Posted in មិន​មាន​ចំណាត់​ក្រុមTagged ,
Theme: Overlay by Kaira