អត្ថបទថ្ងៃពុធ អាទិត្យទី២២ រដូវធម្មតា

ថ្ងៃពុធ ទី១ ខែកញ្ញា ឆ្នាំ២០២១ ព័ណបៃតង

អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូឡូស កូឡ ១,១-៨

ខ្ញុំប៉ូល ដែលព្រះជាម្ចាស់សព្វព្រះហប្ញទ័យតែងតាំងជាទូតរបស់ព្រះយេស៊ូគ្រីស្ដ និង​លោកធីម៉ូថេ សូមជម្រាបមកប្រជារាស្រ្ដដ៏វិសុទ្ធ និងបងប្អូនដែលជឿលើព្រះគ្រីស្ដនៅក្រុង​កូឡូស ។ សូមព្រះជាម្ចាស់ ជាព្រះបិតារបស់យើងប្រណីសន្ដោស និងប្រទានសេចក្ដីសុខ​​សាន្ដដល់បងប្អូន  ។
យើងសូមអរព្រះគុណព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើង​​ គ្រប់ពេលដែលយើងអធិដ្ឋានឲ្យបងប្អូន ដ្បិតយើងបានឮគេនិយាយអំពីជំនឿរបស់បងប្អូនលើ​ព្រះយេស៊ូគ្រីស្ដ និងអំពីសេចក្ដីស្រឡាញ់របស់បងប្អូនចំពោះជនដ៏វិសុទ្ធទាំងអស់ ព្រោះតែ​សេចក្ដីសង្ឃឹមដែលព្រះអង្គបម្រុងទុកសម្រាប់បងប្អូននៅស្ថានបរមសុខ ។ បងប្អូនបានស្គាល់​សេចក្ដីសង្ឃឹមនេះ ដោយសារព្រះបន្ទូលនៃសេចក្ដីពិត  គឺដំណឹងល្អដែលបានមកដល់បង​ប្អូន។ ចាប់តាំងពីថ្ងៃដែលបងប្អូនបានទទួល និងបានស្គាល់ព្រះហប្ញទ័យប្រណីសន្ដោសរបស់​ព្រះជាម្ចាស់ឲ្យបានសព្វគ្រប់មក ដំណឹងល្អនេះបានបង្កើតផល និងចម្រើនឡើងក្នុងចំណោម​បងប្អូន ដូចនៅក្នុងពិភពលោកទាំងមូលដែរ ។ បងប្អូនបានទទួលការអប់រំនេះពីសំណាក់​លោកអេប៉ាប្រាស ជាសហការីដ៏ជាទីស្រឡាញ់ដែលរួមការងារជាមួយយើង  ។ គាត់ជាអ្នក​បម្រើដ៏ស្មោះត្រង់របស់ព្រះគ្រីស្ដសម្រាប់បងប្អូន ។ គាត់បានប្រាប់ឲ្យយើងដឹងច្បាស់អំពី​សេចក្ដីស្រឡាញ់ ដែលព្រះវិញ្ញាណប្រទានមកបងប្អូន ។    

ទំនុកតម្កើងលេខ​ ៥២ (៥១),១០-១១         បទកាកគតិ

១០.រីឯខ្ញុំវិញ ចិត្តខ្ញុំពោរពេញ គ្មានគេចកែប្រែនៅក្នុងដំណាក់
ព្រះម្ចាស់ឥតបែររៀងរាល់ថ្ងៃខែនៅក្បែរព្រះអង្គ ។
ដូចដើមខៀវខ្ចី អូលីវស្រស់ថ្មីល្អល្អះផូរផង់ដោយពឹងផ្អែកលើ
បារមីព្រះអង្គត្រចះត្រចង់រៀងទៅឥតភ្លេច ។
១១. ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គជានិច្ចចំពោះគ្រប់កិច្ច
ការទ្រង់ប្រព្រឹត្តទូលបង្គំទុកចិត្តព្រះនាមព្រះអង្គ ។
នៅមុខអស់អ្នកគោរពស្មោះស្ម័គ្រប្រណិប័តន៍ទ្រង់ព្រោះព្រះហឫទ័យ
សប្បុរសទៀងត្រង់យើងខ្ញុំផ្ចិតផ្ចង់តាមទ្រង់ទៅអើយ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ លក ៤,១៨-១៩

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានចាត់ខ្ញុំឲ្យមកនាំដំណឹងល្អទៅប្រាប់ប្រជាជនក្រីក្រ ឲ្យមកប្រកាសប្រាប់ជនជាប់ជាឈ្លើយថា គេនឹងមានសេរីភាព។​ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក​ ៤, ៣៨-៤៤

ព្រះយេស៊ូយាងចេញពីធម្មសាលាទៅផ្ទះលោកស៊ីម៉ូន ។ ពេលនោះ ម្ដាយក្មេកលោក​ស៊ីម៉ូនគ្រុនយ៉ាងខ្លាំង ។ គេទូលព្រះអង្គមេត្តាប្រោសឲ្យគាត់បានជា ។ ព្រះយេស៊ូឧិនទៅលើ​អ្នកជំងឺ  ព្រះអង្គគំរាមជំងឺគ្រុន ជំងឺគ្រុនក៏ចេញបាត់ទៅ ។ រំពេចនោះ គាត់ក្រោកឡើង ហើយ​បម្រើភ្ញៀវ ។
នៅពេលថ្ងៃលិច អ្នកសុ្រកទាំងអស់នាំបងប្អូនដែលមានជំងឺផ្សេងៗ មករកព្រះយេស៊ូ​។​ ព្រះអង្គដាក់ព្រះហស្ដលើអ្នកទាំងនោះ ហើយប្រោសគេឲ្យជាសះស្បើយគ្រប់ៗគ្នា ។ មានខ្មោចចេញពីមនុស្សជាច្រើនទាំងស្រែកថា៖« ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់»។​ ប៉ុន្ដែ ព្រះយេស៊ូគំរាមខ្មោចទាំងនោះ មិនឲ្យនិយាយជាដាច់ខាត ព្រោះវាដឹងថាព្រះអង្គជាព្រះ​គ្រីស្ដ ។
ព្រលឹមឡើង ព្រះយេស៊ូយាងចេញពីក្រុងទៅកន្លែងស្ងាត់ ។ ​បណ្ដាជននាំគ្នាដើររកព្រះ​អង្គ ។ លុះជួបហើយ គេឃាត់ព្រះអង្គឲ្យនៅជាមួយ មិនចង់ឲ្យយាងចាកចោលគេឡើយ ប៉ុន្ដែ​ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖« ខ្ញុំត្រូវនាំដំណឹងល្អពីព្រះរាជ្យរបស់ព្រះជាម្ចាស់ ទៅ​ក្រុងឯទៀតៗដែរ ដ្បិតព្រះអង្គបានចាត់ខ្ញុំឲ្យមកបំពេញការនេះឯង » ។ បន្ទាប់មក ព្រះយេស៊ូ​ប្រកាសដំណឹងល្អតាមធម្មសាលានានានៅក្នុងស្រុកកាលីឡេ ។


ខែ​តុលា 2024
ព្រ សុ អា
 123456
78910111213
14151617181920
21222324252627
28293031  
130 Views

Theme: Overlay by Kaira