អត្ថបទថ្ងៃពុធ អាទិត្យទី២១ រដូវធម្មតា
ថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១ ព័ណបៃតង
ថ្ងៃបុណ្យសន្តៈ លុយ
ជាព្រះមហាក្សត្រប្រទេសបារាំង
ព្រះបាទលុយទី៩ (១២១៥-១២៧០) គ្រងរាជ្យនៅប្រទេសបារាំងប្រកបដោយយុត្តិធម៌យ៉ាងលើសលប់។ ទ្រង់យកព្រះទ័យទុកដាក់នឹងជនក្រីក្រកំសត់ទុគ៌ត។ ទ្រង់សព្វព្រះហឫទ័យថយក្រោយ និងចាញ់គេ ដើម្បីប្រទានសន្តិភាពដល់ប្រទេសរបស់ព្រះអង្គ ព្រមទាំងប្រថុយព្រះជន្មដើម្បីដណ្តើមស្រុកដែលមានផ្នូររបស់ព្រះគ្រីស្តមកគ្រប់គ្រងវិញ។ ដូច្នេះ ទ្រង់ជាគំរូរបស់ព្រះមហាក្សត្រទាំងឡាយ។ ព្រះអង្គបានចូលជាសមាជិកនៃក្រុមគ្រួសារសន្តៈហ្វ្រង់ស្វ័រដើម្បីថែទាំមនុស្សឃ្លង់។ ទ្រង់បានអប់រំបុត្រធីតារបស់ព្រះអង្គទាំងដប់បួននាក់។ ទ្រង់មានព្រះទ័យស្មោះត្រង់ ស្រឡាញ់ព្រះមហេសី។ ទ្រង់មានជំនឿយ៉ាងមាំមួនដោយអធិដ្ឋានជាញឹកញាប់ក្នុងឋានៈជាបុត្ររបស់ព្រះបិតា។
អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេសាឡូនិក ១ថស ២, ៩-១៣
បងប្អូនអើយ! បងប្អូនពិតជានឹកចំានៅកិច្ចការដែលយើងបានធើ្វទំាងនឿយហត់នោះជាមិនខានឡើយ គឺនៅពេលយើងប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ដល់បងប្អូន។ យើងខំធើ្វការទំាងយប់ទំាងថ្ងៃ ដើម្បីកុំឲ្យនរណាម្នាក់ក្នុងចំណោមបងប្អូនពិបាកនឹងផ្គត់ផ្គង់ដល់យើង។ យើងបានរស់នៅជាមួយបងប្អូនជាអ្នកជឿ ដោយឥរិយាបថដ៏ល្អវិសុទ្ធ សុចរិតឥតកំហុសដូចមានបងប្អូន និងព្រះជាម្ចាស់ជាសាក្សីស្រាប់។ បងប្អូនក៏ជ្រាបថា យើងបានប្រព្រឹត្តចំពោះបងប្អូនម្នាក់ៗដូចឪពុកប្រព្រឹត្តចំពោះកូនដែរ គឺយើងបានទូន្មាន និងលើកទឹកចិត្តបងប្អូនហើយ យើងក៏បានអង្វររកបងប្អូនឲ្យរស់នៅយ៉ាងសមរម្យ ស្របតាមព្រះហប្ញទ័យរបស់ព្រះជាម្ចាស់ ដែលបានត្រាស់ហៅបងប្អូនឲ្យមកចូលរួមក្នុងព្រះរាជ្យ និងសិរីរុងរឿងរបស់ព្រះអង្គ ។
ហេតុនេះហើយ បានជាយើងតែងតែអរព្រះគុណព្រះជាម្ចាស់ជានិច្ច ព្រោះនៅពេលយើងនំាដំណឹងល្អមកជូនបងប្អូនស្ដាប់ បងប្អូនទទួលយក ដោយពុំចាត់ទុកថាជាពាក្យសម្ដីរបស់មនុស្សទេ គឺបងប្អូនចាត់ទុកពាក្យសម្ដីរបស់ខ្ញុំនេះ ដូចជាព្រះបន្ទូលនេះកំពុងតែបង្កើតផលក្នុងបងប្អូនជាអ្នកជឿ ។
ទំនុកតម្កើងលេខ ១៣៩ (១៣៨),៧-១២ បទពាក្យ ៧
៧. | តើទូលបង្គំអាចទៅណា | ឆ្ងាយពីព្រះភ័ត្រា្តព្រះអង្គនោះ |
គេចទៅទីណាមិនផុតសោះ | ព្រះអង្គជ្រាបអស់សព្វទិសា ។ | |
៨. | បើខ្ញុំនឹងឡើងទៅលើមេឃ | ក៏មិនផុតភ្នែកផុតនេត្រា |
បើទៅនៅស្ថានមនុស្សមរណា | ក៏ជួបព្រះភ័ក្រា្តទ្រង់ជានិច្ច ។ | |
៩. | ទោះបីជាខ្ញុំពាក់ស្លាបហោះ | ទៅកន្លែងរះព្រះអាទិត្យ |
ឬទោះបីខ្ញុំចង់រត់គេច | ទៅរស់នៅឯលិចនាយសមុទ្រ ។ | |
១០. | ក៏ព្រះអង្គគង់នៅទីនោះ | ឥតមានចន្លោះឬគេចផុត |
ជួយដឹកនំាខ្ញុំលែងតក់ស្លុត | ដោយបារមីប្ញទិ្ធដ៏ឧត្ដម ។ | |
១១. | ប្រសិនបើខ្ញុំពោលឡើងថា | សូមឲ្យអន្ធិការគ្របលើខ្ញុំ |
ពន្លឺថ្ងៃដែលនៅជិតជុំ | ប្រែក្លាយជាយប់ឥតពន្លឺ ។ | |
១២. | ទោះបីងងឹតយ៉ាងណាក្ដី | ព្រះអម្ចាស់ថ្លៃនៅតែភ្លឺ |
ពេលយប់ដូចថ្ងៃជះរន្ទឺ | ងងឹតប្រែភ្លឺមានរស្មី ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ ទន ៩៥,៨
អាលេលូយ៉ា! អាលេលូយ៉ា! ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិឫទ្ធិ។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅក្នុងឆន្ទៈ និងគំនិត ក្នុងជម្រៅចិត្តរបស់យើង។ អាលេលូយ៉ា! |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៣, ២៧-៣២
ព្រះយេស៊ូមានព្រះបន្ទូលថា៖ « ពួកធម្មាចារ្យ និងពួកផារីស៊ីមានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបៀបបាននឹងផ្នូរដែលគេលាបកំបោរស មើលពីក្រៅឃើញហាក់ដូចជាស្អាត តែខាងក្នុងពោរពេញទៅដោយឆ្អឹងសាកសព និងធាតុរលួយសព្វបែបយ៉ាង។ អ្នករាល់គ្នាសម្ដែងឬកពារខាងក្រៅឲ្យមនុស្សលោកឃើញថា អ្នករាល់គ្នាជាមនុស្សសុចរិត តែចិត្តអ្នករាល់គ្នាពោរពេញដោយគំនិតលាក់់ពុត និងគំនិតទុច្ចរិតទៅវិញ។
ពួកធម្មាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន! ព្រោះអ្នករាល់គ្នាបានសង់ផ្នូរឲ្យពួកព្យាការី ព្រមទំាងតុបតែងផ្នូររបស់មនុស្សសុចរិតដោយពោលថា ប្រសិនបើយើងបានរស់នៅជំនាន់បុព្វបុរស នោះយើងមុខជាមិនសមគំនិតជាមួយគេ ក្នុងការសម្លាប់ពួកព្យាការីឡើយ។ អ្នករាល់គ្នាពោលដូច្នេះ បានសេចក្ដីថាអ្នករាល់គ្នាចោទខ្លួនឯងថា ជាពូជពង្សរបស់ពួកអ្នកដែលបានសម្លាប់ព្យាការី។ ដូច្នេះ ចូរនំាគ្នាបន្ដកិច្ចការរបស់បុព្វបុរសអ្នករាល់គ្នាឲ្យបានសម្រេចទៅ! »។