ថ្ងៃពុធ អាទិត្យទី០១
រដូវអបអរសាទរ
ពណ៌ស្វាយ
ថ្ងៃពុធ ទី០៣ ខែធ្នូ ឆ្នាំ២០២៥
បុណ្យរម្លឹក
សន្តហ្រ្វង់ស្វ័រ សាវីយេជាបូជាចារ្យ
ពណ៌ស
លោកហ្វ្រង់ស្វ័រ កើតនៅគ.ស ១៥០៦ ក្នុងភូមិសាវីយេ នៅប្រទេសអេស្ប៉ាញ។ លោកទៅរៀនសូតនៅមហាវិទ្យាល័យក្រុងប៉ារីស។ នៅទីនោះ លោកជួបនិស្សិតម្នាក់ដូចគាត់ឈ្មោះ អ៊ីញ៉ាស ជាអ្នកភូមិឡូយ៉ូឡា។ នៅឆ្នាំ១៥៣៤ លោកអ៊ីញ៉ាស លោកហ្វ្រង់ស្វ័រ ព្រមទាំងមិត្តសម្លាញ់ខ្លះទៀតនាំគ្នាធ្វើសច្ចាប្រណិធានបម្រើព្រះយេស៊ូអស់មួយជីវិត។ លោកទាំងនោះបង្កើតក្រុមគ្រួសារបព្វជិតមួយដែលមានឈ្មោះថា “សហជីវិនព្រះយេស៊ូ”។ លោកហ្វ្រង់ស្វ័រទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យនៅឆ្នាំ១៥៣៧ រួចហើយលោកចេញដំណើរទៅប្រកាសដំណឹងល្អនៅទ្វីបអាស៊ី។ លោកប្រកាសដំណឹងល្អនៅប្រទេសឥណ្ឌា ម៉ាឡាយូ ឥណ្ធូណេស៊ី ជប៉ុន។ លោកទទួលមរណភាពក្នុងជន្មាយុ៤៦ឆ្នាំ នៅពេលលោកមានបំណងចង់ចូលប្រទេសចិន។ លោកប្រកាសដំណឹងល្អនៅកោះម៉ូលូក (ឥណ្ឌូនេស៊ីសព្វថ្ងៃ) ជាកន្លែង ដែលគ្រីស្តបរិស័ទចេញមកនៅកម្ពុជានាឆ្នាំ១៦៦០។ សន្តហ្វ្រង់ស្វ័រ ជាឧបការីសាសនទូត ដែលចេញប្រកាសដំណឹងល្អនៅប្រទេសមិនទាន់មានព្រះសហគមន៍។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយព្រះហឫទ័យសប្បុរសយ៉ាងក្រៃលែង! ព្រះអង្គត្រាស់ហៅយើងខ្ញុំឱ្យមកជួបជុំគ្នានៅទីនេះ នៅពេលយើងខ្ញុំរង់ចាំព្រះបុត្រាយាងមក។ សូមទ្រង់ព្រះមេត្តាតម្រែតម្រង់ចិត្តគំនិតយើងខ្ញុំឱ្យបានបរិសុទ្ធ។ ដូច្នេះ នៅពេលព្រះគ្រីស្តយាងមកនោះ ទ្រង់នឹងអាណិតអាសូរយើងខ្ញុំ ហើយទទួលយើងខ្ញុំឱ្យចូលរួមជាមួយព្រះអង្គដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។
សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ២៥,៦-៩
នៅថ្ងៃនោះ ព្រះអម្ចាស់ដ៏មានតេជានុភាពសព្វប្រការនឹងជប់លៀងប្រជាជនទាំងឡាយនៅលើភ្នំរបស់ព្រះអង្គ ដោយមានម្ហូបឈ្ងុយឈ្ងប់ និងស្រាដ៏ឆ្ងាញ់។ ព្រះអង្គនឹងដកផ្ទាំងសំពត់មរណទុក្ខដែលបាំងមុខមនុស្សគ្រប់ជាតិសាសន៍ចេញ ទ្រង់ក៏នឹងទាញសំពត់គ្របសពដែលគ្របលើប្រជាជាតិនានាឱ្យបាត់ទៅផង។ ព្រះអង្គនឹងបំបាត់សេចក្តីស្លាប់ លែងឱ្យមានតទៅទៀត រហូតដល់អស់កល្បជានិច្ច។ ព្រះជាម្ចាស់នឹងជូតទឹកភ្នែកឱ្យមនុស្សទាំងអស់។ ព្រះអង្គនឹងប្រោសឱ្យប្រជារាស្ត្ររបស់ព្រះអង្គលែងអៀនខ្មាសនៅក្នុងស្រុករបស់ខ្លួន។ ព្រះអម្ចាស់មានព្រះបន្ទូលសន្យាដូច្នេះឯង។ នៅថ្ងៃនោះ ប្រជាជនទាំងអស់នឹងបន្លឺសម្លេងថា៖ «ព្រះអម្ចាស់ពិតជាព្រះរបស់យើង។ យើងជឿសង្ឃឹមលើព្រះអង្គ ព្រះអង្គក៏បានរំដោះយើង។ យើងជឿសង្ឃឹមលើព្រះអម្ចាស់តែមួយព្រះអង្គគត់។ ចូរនាំគ្នាត្រេកអរសប្បាយរីករាយឡើង ដ្បិតព្រះអង្គបានសង្គ្រោះយើងហើយ! ព្រះបារមី និងធម៌មេត្តាករុណារបស់ព្រះអម្ចាស់នឹងស្ថិនៅលើភ្នំនេះ»។
ទំនុកតម្កើងលេខ ២៣ (២២), ១-៦ បទពាក្យ ៧
| ១ | ឱ!ព្រះអម្ចាស់ជាគង្វាល | មើលឥតរយាលណែនាំខ្ញុំ | |
| ឱ្យដើរតាមផ្លូវដែលសក្តិសម | ភោគផលជិតជុំឥតខ្វះឡើយ | ។ |
| ២ | ព្រះអង្គឱ្យខ្ញុំសម្រាកនៅ | លើវាលមានស្មៅបានធូរស្បើយ | |
| នាំខ្ញុំទៅក្បែរមាត់ទឹកហើយ | ប្រទានឱ្យកាយមានកម្លាំង | ។ |
| ៣ | ទ្រង់នាំខ្ញុំតាមផ្លូវសុចរិត | ល្អល្អះប្រណីតភ្លឺចែងចាំង | |
| ព្រះកិត្តិនាមល្បីក្លាខ្លាំង | គ្មានអ្វីរារាំងព្រះអង្គឡើយ | ។ |
| ៤ | ទោះបីរូបខ្ញុំដើរកាត់ភ្នំ | ជ្រលងតូចធំស្លាប់ក៏ដោយ | |
| ក៏ខ្ញុំមិនភ័យខ្លាចអ្វីឡើយ | ទ្រង់គង់ជាមួយតាមការពារ | ។ |
| ៥ | ព្រះអង្គរៀបចំឱ្យបរិភោគ | អាហារគរគោកមុខបច្ចា | |
| រួចទ្រង់ចាក់ប្រេងលើសិរសា | បំពេញពែងស្រាខ្ញុំហៀរហូរ | ។ |
| ៦ | ព្រះអង្គប្រទានសុភមង្គល | ហឫទ័យខ្វាយខ្វល់ដោយអាសូរ | |
| មកទូលបង្គំជាហែហូរ | ឥតមានឈប់ឈរមួយជីវិត | ។ |
| ដរាបណាជីវិតនៅមាន | ខ្ញុំសែនសុខសាន្តឥតមានគិត | |
| ក្នុងព្រះដំណាក់ល្អប្រណីត | ព្រះអម្ចាស់ស្ថិតស្ថេរជានិច្ច | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់នឹងយាងមកសង្គ្រោះប្រជារាស្ត្រព្រះអង្គ ។ អស់អ្នកដែលត្រៀមខ្លួនចេញទៅទទួលព្រះអង្គ ពិតជាមានសុភមង្គលមែន!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៥,២៩-៣៧
ព្រះយេស៊ូយាងទៅកាន់ឆ្នេរសមុទ្រកាលីឡេ។ បន្ទាប់មក ព្រះអង្គយាងឡើងទៅលើភ្នំ។ លុះយាងដល់ហើយ ព្រះអង្គគង់ចុះ។ មានមហាជនច្រើនកុះករនាំគ្នាចូលមករកព្រះអង្គ ទាំងនាំមនុស្សខ្វិន មនុស្សខ្វាក់ មនុស្សពិការជើង មនុស្សគថ្លង់ និងអ្នកមានជំងឺឯទៀតៗ មកជាមួយ។ គេដាក់អ្នកទាំងនោះនៅទៀបព្រះបាទាព្រះអង្គ ហើយព្រះអង្គប្រោសគេឱ្យបានជាទាំងអស់គ្នា។ ពេលឃើញមនុស្សគនិយាយបាន មនុស្សពិការជើងជាដូចធម្មតា មនុស្សខ្វិនដើរបាន និងមនុស្សខ្វាក់មើលឃើញ មហាជននាំគ្នាកោតស្ញប់ស្ញែងក្រៃលែង ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលផង។ ព្រះយេស៊ូត្រាស់ហៅក្រុមសាវ័កមក ហើយមានព្រះបន្ទូលថា៖ «ខ្ញុំអាណិតអាសូរបណ្តាជននេះពន់ពេកណាស់ ដ្បិតគេនៅជាមួយខ្ញុំអស់រយៈពេលបីថ្ងៃមកហើយ ហើយគ្មានអ្វីបរិភោគសោះ។ ខ្ញុំមិនចង់ឱ្យគេត្រឡប់ទៅវិញទាំងពោះទទេឡើយ ក្រែងគេអស់កម្លាំង ដួលតាមផ្លូវ»។ ក្រុមសាវ័កទូលព្រះអង្គថា៖ «ទីនេះស្ងាត់ណាស់ តើយើងនឹងបានម្ហូបអាហារឯណាឱ្យបណ្តាជនច្រើនយ៉ាងនេះបរិភោគគ្រាន់?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មានដុំ?» ពួកគេទូលថា៖ «មានប្រាំពីរដុំ និងមានត្រីតូចៗខ្លះដែរ»។ ព្រះអង្គក៏ប្រាប់បណ្តាជនឱ្យអង្គុយផ្ទាល់នឹងដី ទ្រង់យកនំបុ័ងទាំងប្រាំពីរដុំ និងត្រីមកកាន់ អរព្រះគុណព្រះជាម្ចាស់ ហើយកាច់ប្រទានឱ្យក្រុមសាវ័ក ក្រុមសាវ័កក៏យកទៅចែកបណ្តាជន។ គេបរិភោគឆ្អែតគ្រប់គ្នា ហើយប្រមូលនំបុ័ង និងត្រីដែលនៅសល់បានប្រាំពីរជាល។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះសហគមន៍ អាចថ្វាយសក្ការបូជានេះជានិច្ច ដ្បិតនៅពេលយើងថ្វាយអភិបូជា យើងខ្ញុំចូលរួមជាមួយព្រះយេស៊ូដែលសង្គ្រោះយើងខ្ញុំ គឺព្រះគ្រីស្តដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះអង្គ អស់កល្បអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតាយើងខ្ញុំ! យើងខ្ញុំសូមអរព្រះគុណដែលបានប្រោសប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំក្នុងអភិបូជានេះ។ សូមទ្រង់ព្រះមេត្តាកុំបណ្តោយឱ្យយើងខ្ញុំទៅតាមកិលេសតណ្ហាឡើយ។ សូមព្រះអង្គរៀបចំចិត្តគំនិតយើងខ្ញុំ ឱ្យទទួលព្រះគ្រីស្តដែលយាងមកផង។ ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
316 Views
Post Views:
318