ថ្ងៃពុធ អាទិត្យទី១៧
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌ស
ថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦
បុណ្យរម្លឹក
សន្តីម៉ាថា សន្តីម៉ារី និងសន្ដឡាសា
សូមចុចទីនេះ
នាងម៉ាថារស់នៅភូមិបេថានីជាមួយនាងម៉ារី និងលោកឡាសា។ ព្រះយេស៊ូស្រឡាញ់រាប់អានអ្នកទាំងបីនោះ។ ពេលព្រះអង្គយាងទៅផ្ទះ នាងម៉ាថាយកចិត្តទុកដាក់ទទួលព្រះយេស៊ូ ដោយយល់ថា ព្រះអង្គជាព្រះគ្រីស្ត។ តែព្រះយេស៊ូបង្រៀនឱ្យនាងដឹងថា សាវ័ករបស់ព្រះអង្គមិនត្រឹមតែបម្រើអ្នកដ៏ទៃដោយចិត្តស្រឡាញ់ប៉ុណ្ណោះទេ គឺត្រូវស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទាំងនឹកសញ្ជឹងគិតដូចនាងម៉ារីជាប្អូន ដើម្បីឱ្យស្គាល់ព្រះហឫទ័យមេត្តាករុណាដ៏ទូលំទូលាយរបស់ព្រះអង្គ។ ប្រសិនបើសាវ័កធ្លាប់អធិដ្ឋាន ទាំងនឹកសញ្ជឹងគិតព្រះបន្ទូលរបស់ព្រះជាម្ចាស់ កិច្ចការដែលខ្លួនប្រព្រឹត្តនោះរឹតតែប្រសើរឡើង។
សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ១៥,១០.១៦-២១
អ្នកម្តាយអើយ! តើបង្កើតខ្ញុំមកធ្វើអ្វី? បើខ្ញុំវេទនាបែបនេះ! អ្នកស្រុកទាំងអស់នាំគ្នាជំទាស់ ហើយរករឿងឈ្លោះជាមួយនឹងខ្ញុំ។ ខ្ញុំពុំបានជំពាក់ប្រាក់គេ ហើយក៏គ្មាននរណាជំពាក់ប្រាក់ខ្ញុំដែរ តែពួកគេជេរប្រទេចផ្តាសាខ្ញុំគ្រប់ៗគ្នា។ ពេលទូលបង្គំឮព្រះបន្ទូលរបស់ព្រះអង្គ ទូលបង្គំត្រងត្រាប់ស្តាប់ដោយយកចិត្តទុកដាក់។ ព្រះបន្ទូលរបស់ព្រះអង្គធ្វើឱ្យចិត្តទូលបង្គំពោរពេញទៅដោយអំណរ និងសុភមង្គល។ ព្រះជាអម្ចាស់នៃពិភពទាំងមូលអើយ! ទូលបង្គំជាអ្នកបម្រើផ្ទាល់របស់ព្រះអង្គ ទូលបង្គំពុំបានអង្គុយសប្បាយរួមជាមួយពួកលេងសើចឡើយ គឺព្រះអង្គជំរុញទូលបង្គំឱ្យនៅដោយឡែកពីគេ ដ្បិតទូលបង្គំពោរពេញទៅដោយកំហឹងរួមជាមួយព្រះអង្គដែរ។ ហេតុអ្វីបានជាទូលបង្គំចេះតែឈឺចុកចាប់ជានិច្ចបែបនេះ? ហេតុអ្វីបានជាមុខរបួសទូលបង្គំមិនព្រមជាសះដូច្នេះ? តើព្រះអង្គពិតជាធ្វើឱ្យទូលបង្គំខកចិត្ត ដូចប្រភពទឹកដែលហូរមិនទៀងទាត់ឬ?។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំវិញថា៖«ប្រសិនបើអ្នកវិលត្រឡប់មករកយើង នោះយើងនឹងប្រគល់មុខងារឱ្យអ្នកនៅបម្រើយើងដូចដើមឡើងវិញ។ ប្រសិនបើអ្នកពោលពាក្យមានខ្លឹមសារជាជាងពោលពាក្យឥតបានការ យើងនឹងប្រើអ្នកឱ្យនាំពាក្យរបស់យើង។ ពេលនោះជនជាតិយូដានឹងវិលមករកអ្នក គឺមិនមែនអ្នកទេដែលនឹងទៅរកពួកគេ។ យើងនឹងធ្វើឱ្យអ្នកប្រៀបបីដូចជាកំពែងលង្ហិនដ៏មាំនៅចំពោះមុខប្រជាជននេះ ពួកគេនឹងនាំគ្នាវាយប្រហារអ្នកតែពុំអាចឈ្នះអ្នកបានឡើយ ដ្បិតយើងនៅជាមួយអ្នក ដើម្បីសង្គ្រោះ និងរំដោះអ្នក។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងរំដោះអ្នកឱ្យរួចផុតពីកណ្តាប់ដៃរបស់មនុស្សអាក្រក់ យើងនឹងដោះលែងអ្នកពីអំណាចរបស់មនុស្សឃោរឃៅ»។
ទំនុកតម្កើងលេខ ៥៩ (៥៨),២-៥.១០-១១.១៧-១៨ បទកាកគតិ
| ២ | ឱព្រះម្ចាស់អើយ | សូមកុំកន្តើយ | ជួយរំដោះខ្ញុំ |
| ឱ្យរួចពីខ្មាំង | សត្រូវតូចធំ | វាមានគំនុំ |
| | ចង់ចាប់ធ្វើបាប | ។ |
| ៣ | សូមជួយរំដោះ | ជីវិតឱ្យរស់ | ជារៀងដរាប |
| ផុតពីពួកពាល | ពីអ្នកសាងបាប | អាក្រក់ឆ្អេះឆ្អាប |
| | ពួកមនុស្សស្រេកឈាម | ។ |
| ៤ | ឱព្រះអម្ចាស់ | ទោះខ្ញុំពុំខុស | ក៏គេព្យាយាម |
| ចាំស្ទាក់ប្រហារ | ជីវិតខ្ញុំភ្លាម | ពួកគេព្យាយាម |
| | ប្រឆាំងជានិច្ច | ។ |
| ៥ | ទោះខ្ញុំមិនខុស | ក៏ពួកទាំងនោះ | នៅតែមានល្បិច |
| ពួនចាំស្ទាក់ចាប់ | រូបខ្ញុំមិនភ្លេច | សូមកុំកែគេច |
| | បែរភក្ត្រមើលផង | ។ |
| ១០ | ទូលបង្គំខំប្រឹង | មើលទៅព្រះអង្គ | មិនឱ្យខានខក |
| ទ្រង់ជាកម្លាំង | កំពែងជម្រក | មិនឱ្យខ្មាំងមក |
| | ពាធាបំភ័យ | ។ |
| ១១ | ព្រះរបស់ខ្ញុំ | ហឫទ័យទូលំ | ទូលាយឥតបី |
| មេត្តាករុណា | សន្តោសប្រណី | ឱ្យខ្ញុំសប្បាយ |
| | ដោយខ្មាំងចាញ់ដៃ | ។ |
| ១៧ | រីឯខ្ញុំវិញ | ក្នុងចិត្តពោរពេញ | សរសើរមិនឈប់ |
| ច្រៀងលើកតម្កើង | ព្រះម្ចាស់ជាម្លប់ | ថ្លែងមិនឈរឈប់ |
| | ហឫទ័យមេត្តា | ។ |
| ពេលព្រឹកព្រលឹម | ថ្លែងទាំងញញឹម | ពីក្តីករុណា |
| របស់ព្រះអង្គ | ជាកំពែងការ | ជួយខ្ញុំនេះណា |
| | ពេលអាសន្នភ័យ | ។ |
| ១៨ | បពិត្រព្រះម្ចាស់ | ព្រះអង្គជាព្រះ | មានឫទិ្ធបារមី |
| ទូលបង្គំនឹងស្មូត | បទតម្កើងថ្វាយ | ព្រះអង្គនេះហើយ |
| | ជាកំពែងមាំ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ១១,២៥
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្តែងការអស្ចារ្យនៃព្រះរាជ្យ ឱ្យមនុស្សតូចតាចយល់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ១៣,៤៤-៤៦
ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទៅកាន់បណ្តាជនថា៖«ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបីដូចជាកំណប់ដែលគេកប់ទុកនៅក្នុងស្រែមួយ។ មានបុរសម្នាក់រកកំណប់នោះឃើញ ហើយកប់ទុកវិញ។ គាត់មានចិត្តត្រេកអរជាខ្លាំង ក៏ចេញទៅលក់អ្វីៗទាំងប៉ុន្មានដែលគាត់មាន យកប្រាក់ទិញដីស្រែនោះ។ ម្យ៉ាងទៀត ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបីដូចជាអ្នកជំនួញម្នាក់ដែលស្វែងរកទិញពេជ្រល្អៗ។ កាលបានឃើញពេជ្រមួយគ្រាប់ដ៏មានតម្លៃលើសលប់ហើយ គាត់ក៏ទៅលក់អ្វីៗទាំងប៉ុន្មានដែលគាត់មាន យកប្រាក់មកទិញពេជ្រនោះ»។
ឬសូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ១១,១៩-២៧
មានជនជាតិយូដាជាច្រើននាំគ្នាមកជួយរំលែកទុក្ខនាងម៉ាថា និងនាងម៉ារីក្នុងពេលប្អូនស្លាប់។ កាលនាងម៉ាថាដឹងថា ព្រះយេស៊ូយាងមក ដល់ នាងក៏ចេញទៅទទួលព្រះអង្គ រីឯនាងម៉ារីវិញ នាងអង្គុយនៅក្នុងផ្ទះ។ នាងម៉ាថាទូលព្រះយេស៊ូថា៖ “លោកម្ចាស់! ប្រសិនបើលោកបាននៅទីនេះ ប្អូននាងខ្ញុំមិនស្លាប់ទេ។ ប៉ុន្តែ ឥឡូវនេះ នាងខ្ញុំដឹងថា បើលោកសុំអ្វីពីព្រះជាម្ចាស់ក៏ដោយ ព្រះអង្គមុខជាប្រទានឱ្យមិនខាន”។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖«ប្អូននាងនឹងរស់ឡើងវិញ»។ នាងទូលទៅព្រះអង្គវិញថា៖ “នាងខ្ញុំដឹងហើយ នៅថ្ងៃចុងក្រោយបំផុត កាលណាមនុស្សស្លាប់នឹងរស់ឡើងវិញ ប្អូននាងខ្ញុំក៏នឹងរស់ឡើងវិញដែរ”។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់នាងវិញថា៖ «ខ្ញុំហ្នឹងហើយដែលប្រោសមនុស្សរស់ឡើងវិញ ខ្ញុំនឹងផ្តល់ឱ្យគេមានជីវិត។ អ្នកណាជឿលើខ្ញុំ ទោះបីស្លាប់ទៅហើយក៏ដោយក៏នឹងរស់ជាមិនខាន។ រីឯអស់អ្នកដែលកំពុងតែមានជីវិតនៅរស់ ហើយជឿលើខ្ញុំ មិនស្លាប់នោះឡើយ តើនាងជឿសេចក្តីនេះឬទេ?»។ នាងម៉ារីទូលព្រះអង្គថា៖ “បពិត្រព្រះអម្ចាស់! ខ្ញុំម្ចាស់ជឿថា ព្រះអង្គពិតជាព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយពិតជាព្រះអង្គ ដែលត្រូវយាងមកក្នុងពិភពលោកនេះមែន!”។
583 Views
Post Views:
590