ថ្ងៃពុធ អាទិត្យទី១៤
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃពុធ ទី០៨ ខែកក្ដដា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ៤១,៥៥-៥៧; ៤២,៥-៧.១៧-២៥
នៅគ្រានោះ ទុរ្ភិក្សកើតក្នុងស្រុកអេស៊ីបទាំងមូល។ ប្រជាជននាំគ្នាទាមទារសុំស្បៀងអាហារពីព្រះបាទផារ៉ោន។ ព្រះបាទផារ៉ោនក៏មានរាជឱង្ការទៅកាន់ជនជាតិអេស៊ីបទាំងអស់ថា៖ «ចូរទៅជួបលោកយ៉ូសែបវិញទៅ! បើលោកប្រាប់ឱ្យធ្វើអ្វី ចូរធ្វើតាមពាក្យលោកទៅ!»។ ពេលនោះ ទុរ្ភិក្សបានរាលដាលពាសពេញទូទាំងស្រុកអេស៊ីប។ លោកយ៉ូសែបអនុញ្ញាតឱ្យគេបើកឃ្លាំងទាំងប៉ុន្មានតាមក្រុងនានា យក ស្រូវលក់ឱ្យជនជាតិអេស៊ីប។ ក៏ប៉ុន្តែ ទុរ្ភិក្សនៅតែកើតមានកាន់តែខ្លាំងឡើងៗ នៅក្នុងស្រុកអេស៊ីបដដែល។ មនុស្សម្នាពីគ្រប់ប្រទេស នាំគ្នាធ្វើដំណើរមកស្រុកអេស៊ីប ដើម្បីរកទិញស្រូវពីលោកយ៉ូសែប ដ្បិតទុរ្ភិក្សរាលដាលកាន់តែខ្លាំងឡើងៗគ្រប់ប្រទេសនៅលើផែនដីទាំងមូល។ កូនទាំងប៉ុន្មានរបស់លោកយ៉ាកុប ក៏នាំគ្នាធ្វើដំណើរទៅរកទិញស្រូវនៅស្រុកអេស៊ីប ដូចអ្នកឯទៀតៗដែរ ដ្បិតនៅស្រុកកាណានក៏កើតទុរ្ភិក្សដែរ។ នៅគ្រានោះ លោកយ៉ូសែបមានអំណាចគ្រប់គ្រងលើស្រុកអេស៊ីប ហើយលោកចាត់ចែងលក់ស្រូវឱ្យអ្នកស្រុកនោះទាំងអស់។ បងៗរបស់លោកនាំគ្នាមកក្រាបថ្វាយបង្គំលោក ឱនមុខចុះដល់ដី។ កាលលោកយ៉ូសែបឃើញបងៗ លោកស្គាល់គេភ្លាម តែលោកមិនធ្វើឱ្យគេស្គាល់លោកវិញទេ។ លោកក៏មានប្រសាសន៍យ៉ាងតឹងរ៉ឹងទៅកាន់ពួកគេ។ លោកបញ្ជាឱ្យគេ ចាប់បងៗយកទៅឃុំឃាំងអស់រយៈពេលបីថ្ងៃ។ លុះដល់ថ្ងៃទីបី លោកយ៉ូសែបមានប្រសាសន៍ទៅបងៗថា៖ «ខ្ញុំជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ បើអ្នករាល់គ្នាចងរួចជីវិតត្រូវធ្វើដូចតទៅ ប្រសិនបើអ្នករាល់គ្នាពិតជាមនុស្សទៀងត្រង់មែន ត្រូវទុកម្នាក់ក្នុងចំណោមអ្នករាល់គ្នាឱ្យនៅជាប់ឃុំឃាំងនៅទីនេះសិន។ រីអ្នកឯទៀតៗត្រូវវិលត្រឡប់ទៅស្រុកវិញ ដោយយកស្បៀងអាហារទៅឱ្យក្រុមគ្រួសារដែលកំពុងតែអត់ឃ្លាននោះទៅ។ បន្ទាប់មក ត្រូវនាំប្អូនពៅមកជួបខ្ញុំ ដើម្បីបញ្ជាក់ថា ពាក្យដែលអ្នករាល់គ្នានិយាយពិតមែនហើយ។ ដូច្នេះ អ្នករាល់គ្នាមិនត្រូវបាត់បង់ជីវិតឡើយ»។ ពួកគេក៏យល់ព្រមធ្វើតាមទាំងនិយាយគ្នាទៅវិញទៅមកថា៖ «ឃើញទេ! យើងបានប្រព្រឹត្ដខុសចំពោះប្អូនយើងហើយ! យើងបានឃើញទុក្ខលំបាករបស់វានៅពេលវាទទូចអង្វរយើង តែយើងពុំបានស្តាប់វាទេ។ ហេតុនេះហើយ បានជាយើងត្រូវកើតទុក្ខលំបាកដូច្នេះ»។ លោករូបេនពោលថា៖ «បងបានប្រាប់ប្អូនៗហើយថា កុំសម្លាប់ប្អូនយើងឱ្យសោះ! តែអ្នករាល់គ្នាពុំព្រមស្តាប់ទេ។ ឥឡូវនេះ យើងត្រូវតែរងទុក្ខទោសព្រោះតែយើងបានបង្ហូរឈាមប្អូនយើង»។ ពួកគេពុំដឹងថា លោកយ៉ូសែបស្តាប់ឮទាំងអស់ទេ ដ្បិតពេលលោកនិយាយជាមួយពួកគេមានអ្នកបកប្រែ។ លោកយ៉ូសែបចេញពីពួកគេបន្តិច ដើម្បីទៅពួនយំ។
ទំនុកតម្កើងលេខ ៣៣ (៣២),២-៣.១០-១១.១៨-១៩ បទព្រហ្មគីតិ
| ២ | ដេញពិណលើកតម្កើង | ព្រះនៃយើងគ្មានអ្វីស្មើ | |
| លេងចាប៉ីបណ្តើរ | ដេញបង្ហើរខ្សែដប់ថ្វាយ | ។ |
| ៣ | ចូរច្រៀងទំនុកថ្មី | ទាំងតន្រ្តីកុំជិនណាយ | |
| សូរសៀងពិរោះក្រៃ | ពេលសប្បាយអបអរទ្រង់ | ។ |
| ១០ | ទ្រង់បំបែកផែនការ | នៃប្រជាអសប្បុរស | |
| គម្រោងការរបស់ | ជនទាំងនោះត្រូវរលាយ | ។ |
| ១១ | ឯផែនការព្រះអង្គ | ស្ថិតនៅគង់មិនអន្តរាយ | |
| គម្រោងការទាំងឡាយ | មិនរលាយនៅស្ថិតស្ថេរ | ។ |
| ១៨ | ព្រះអង្គតាមរក្សា | អស់អ្នកណាដែលខ្លាចព្រះ | |
| អ្នកពឹងលើអម្ចាស់ | ដ៏សប្បុរសមានមេត្តា | ។ |
| ១៩ | ព្រះអង្គបានសង្គ្រោះ | ឱ្យគេរស់មានសង្ខារ | |
| ផុតពីក្តីមរណា | នៅក្នុងគ្រាដែលអត់ឃ្លាន | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១,១៥
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ! ចូរនាំគ្នាជឿដំណឹងល្អចុះ!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១០,១-៧
ព្រះយេស៊ូត្រាស់ហៅក្រុមសាវ័កទាំងដប់ពីរនាក់មក ហើយប្រទានឱ្យគេមានអំណាចដេញខ្មោច ព្រមទាំងមានអំណាចប្រោសអ្នកជំងឺគ្រប់យ៉ាង និងអ្នកពិការគ្រប់ប្រភេទឱ្យបានជាផង។ ទូតរបស់ព្រះអង្គទាំងដប់ពីរមាននាមដូចតទៅ អ្នកទីមួយគឺស៊ីម៉ូន ហៅសិលានិងអន់ដ្រេ ជាប្អូនរបស់គាត់។ យ៉ាកុប និងយ៉ូហាន ជាប្អូនរបស់គាត់ ដែលត្រូវជាកូនរបស់លោកសេបេដេ។ ភីលីព និងបារថូឡូមេ ថូម៉ាស់ និងម៉ាថាយជាអ្នកទារពន្ធ។ យ៉ាកុប ជាកូនរបស់លោកអាល់ផាយ និងថាដេ ស៊ីម៉ូនជាអ្នកជាតិនិយម និងយូដាសអ៊ីស្ការីយ៉ុត ជាអ្នកក្បត់ព្រះអង្គ។ ព្រះយេស៊ូចាត់ក្រុមសាវ័កទាំងដប់ពីរនាក់នេះឱ្យទៅ ដោយផ្ដែផ្ដាំថា៖ «កុំទៅរកសាសន៍ដទៃឡើយ ហើយក៏កុំចូលទៅក្នុងភូមិរបស់ជនជាតិសាម៉ារីដែរ គឺត្រូវទៅស្វែងរកអស់អ្នកដែលវង្វេងក្នុងចំណោមជនជាតិអ៊ីស្រាអែលនោះវិញ។ ពេលធ្វើដំណើរទៅ ចូរប្រកាសថា ព្រះរាជ្យនៃស្ថានបរមសុខមកជិតបង្កើយហើយ!»។
853 Views
Post Views:
866