ថ្ងៃពុធ អាទិត្យទី១២
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ១៥,១-១២.១៧-១៨
ព្រះអម្ចាស់បានបង្ហាញព្រះអង្គឱ្យលោកអប្រាហាំឃើញក្នុងសុបិននិមិ្មត។ ព្រះអង្គមានព្រះបន្ទូលមកគាត់ថា៖ «កុំខ្លាចអ្វីអប្រាហាំអើយ! គឺយើងនេះហើយដែលការពារអ្នក។ អ្នកនឹងបានរង្វាន់ធំក្រៃលែង»។ លោកអប្រាហាំឆ្លើយតបថា៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គប្រទានអ្វីមកខ្ញុំក៏ឥតប្រយោជន៍ដែរ បើខ្ញុំលាចាកលោកនេះទាំងគ្មានកូនដូច្នេះ! ព្រះអង្គពុំបានប្រទានឱ្យខ្ញុំមានកូនបន្តពូជសោះ! ដល់ពេលខ្ញុំលាចាកលោកនេះទៅ មានតែអ្នកបម្រើនៅក្នុងក្រុមគ្រួសារខ្ញុំប៉ុណ្ណោះទេដែលត្រូវទទួលកេរមត៌កពីខ្ញុំ?»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «ទេ! ពុំមែនអ្នកបម្រើទេ គឺកូនដែលកើតចេញពីអ្នកវិញឯណោះ ដែលនឹងទទួលទ្រព្យសម្បត្តិទាំងនោះទុកជាមត៌ក»។ រួចព្រះអង្គនាំលោកអប្រាហាំចេញទៅក្រៅជំរំ ហើយមានព្រះបន្ទូលថា៖ «ចូរងើយមើលទៅលើមេឃ ហើយរាប់ចំនួនផ្កាយមើល៍! តើអ្នកអាចរាប់អស់បានឬទេ? ផ្កាយនៅលើមេឃមានចំនួនច្រើនយ៉ាងណា ពូជពង្សអ្នកក៏នឹងមានចំនួនច្រើនយ៉ាងនោះដែរ»។ លោកអប្រាហាំជឿលើព្រះអម្ចាស់ ហើយព្រះអង្គប្រោសលោកឱ្យបានសុចរិត ដោយយល់ដល់ជំនឿនេះ។ ព្រះអង្គមានព្រះបន្ទូលមកលោកទៀតថា៖ «យើងនេះហើយជាព្រះអម្ចាស់ដែលបាននាំអ្នកចេញពីក្រុងអួរ នៅស្រុកខាល់ដេមក ដើម្បីប្រគល់ស្រុកនេះឱ្យអ្នកធ្វើជាកម្មសិទ្ធិ»។ លោកអប្រាហាំឆ្លើយតបថា «បពិត្រព្រះអម្ចាស់! តើធ្វើម្តេចឱ្យខ្ញុំដឹងថា ខ្ញុំពិតជានឹងបានស្រុកនេះធ្វើជាកម្មសិទ្ធិមែន?»។ ព្រះអង្គមានព្រះបន្ទូលមកលោកថា៖ «ចូរយកគោញីជំទង់មួយអាយុបីខួប ពពែញីមួយអាយុបីខួប ចៀមឈ្មោលមួយអាយុបីខួប លលកមួយ និងកូនព្រាបមួយមកឱ្យយើង»។ លោកអប្រាហាំក៏យកសត្វទាំងនោះមកពុះជាពីរ រួចដាក់ដុំសាច់ដែលពុះជាពីរនោះទន្ទឹមគ្នា តែលោកមិនបានពុះសត្វស្លាបទេ។ ពេលនោះ មានត្មាតមកឆក់សាច់សត្វទាំងនោះ តែលោកអប្រាហាំដេញវា។ នៅពេលថ្ងៃជិតលិច លោកអប្រាហាំលង់លក់ដូចត្រូវសណ្តំ ហើយព្រឺខ្លាចជាខ្លាំង ដោយមានភាពងងឹតមកគ្របដណ្តប់ពីលើគាត់។ លុះដល់ថ្ងៃលិចផុតទៅ មេឃងងឹតសូន្យសុង ស្រាប់តែមានគប់ភ្លើងមួយហុយផ្សែងឡើង និងចន្លុះមួយកំពុងឆេះកាត់តាមចន្លោះដុំសាច់សត្វដែលពុះជាពីរនោះ។ នៅថ្ងៃនោះ ព្រះអម្ចាស់ចង់សម្ពន្ធមេត្រីជាមួយលោកអប្រាហាំ ដោយមានព្រះបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះឱ្យពូជពង្សអ្នក»។
ទំនុកតម្កើងលេខ ១០៥ (១០៤),១-៤.៦-៩ បទកាកគតិ
| ១ | ចូរយើងតម្កើង | លើកព្រះខ្ពស់ឡើង | ព្រមទាំងប្រកាស |
| ព្រះនាមព្រះអង្គ | ឱ្យបានឮច្បាស់ | ពីស្នាព្រះហស្ត |
| | ប្រាប់ជាតិនានា | ។ |
| ២ | ចូរច្រៀងបទថ្វាយ | តម្កើងកុំណាយ | រៀងរាល់វេលា |
| រៀបរាប់អំពី | សព្វអស់កិច្ចការ | សុទ្ធតែអស្ចារ្យ |
| | ដែលទ្រង់ប្រព្រឹត្ត | ។ |
| ៣ | ចូរខ្ពស់មុខឡើង | ព្រោះតែព្រះយើង | ជាព្រះវិសុទ្ធ |
| អ្នកស្វែងរកទ្រង់ | ខ្ពង់ខ្ពស់បំផុត | ចូរសប្បាយចិត្ត |
| | កុំបីសៅហ្មង | ។ |
| ៤ | ចូរស្វែងរកព្រះ | ដែលមានតេជះ | បារមីត្រចង់ |
| ស្វែងរកព្រះភក្រ្ត | របស់ព្រះអង្គ | កុំនៅរេរង់ |
| | ឈប់ឈរសោះឡើយ | ។ |
| ៦ | ពូជពង្សរបស់ | អប្រាហាំទាំងអស់ | នៅបម្រើស្រេច |
| កូនចៅយ៉ាកុប | ដ៏ល្អបណ្តាច់ | ព្រះអង្គសម្រេច |
| | ជ្រើសយកយូរហើយ | ។ |
| ៧ | ព្រះជាអម្ចាស់ | ទ្រង់គឺជាព្រះ | របស់យើងអើយ |
| កុំនៅបង្អង់ | រេរង់តោះតើយ | គឺព្រះនោះហើយ |
| | គ្រប់គ្រងផែនដី | ។ |
| ៨ | ព្រះអង្គតែងខ្វល់ | នឹកគិតទៅដល់ | សម្ពន្ធមេត្រី |
| ជាព្រះបន្ទូល | សន្យាថ្លាថ្លៃ | ស្ថិតស្ថេរយូរក្រៃ |
| | មួយពាន់តំណ | ។ |
| ៩ | សម្ពន្ធមេត្រី | ដែលទ្រង់លកលៃ | ដោយស្ម័គ្រស្មោះសរ |
| នឹងអប្រាហាំ | ជាបន្ទូលល្អ | សន្យាស្មោះសរ |
| | នឹងលោកអ៊ីសាក | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១,២-៣
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកចូលចិត្ដធម្មវិន័យរបស់ព្រះអម្ចាស់ អ្នកនោះពិតជាមានសុភមង្គលហើយ! អ្នកនោះក៏បង្កើតមគ្គផលតាមរដូវកាល។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៧,១៥-២០
ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «ចូរប្រយ័ត្ននឹងពួកព្យាការីក្លែងក្លាយ គេក្លែងខ្លួនមករកអ្នករាល់គ្នាដោយពាក់ស្បែកចៀម តែគេមានចិត្ដសាហាវដូចចចក។ អ្នករាល់គ្នាអាចស្គាល់គេបានតាមអំពើដែលគេប្រព្រឹត្ត។ ពុំដែលមាននរណាបេះផ្លែទំពាំងបាយជូរ និងផ្លែស្វាយពីគុម្ពបន្លាឡើយ។ ដើមឈើល្អតែងតែឱ្យផ្លែល្អ រីឯដើមឈើអាក្រក់ តែងតែឱ្យផ្លែអាក្រក់។ ដើមឈើល្អមិនអាចឱ្យផ្លែអាក្រក់ទេ រីឯដើមឈើអាក្រក់ ក៏មិនអាចឱ្យផ្លែល្អបានដែរ។ ដើមឈើណាមិនឱ្យផ្លែល្អ គេនឹងកាប់យកទៅដុត។ រីឯពួកព្យាការីក្លែងក្លាយក៏ដូច្នោះដែរ អ្នករាល់គ្នាអាចស្គាល់គេបាន តាមអំពើដែលគេប្រព្រឹត្ត»។
658 Views
Post Views:
677