ថ្ងៃពុធ អាទិត្យទី១១
រដូវធម្មតា «ឆ្នាំសេស»
ពណ៌ស
ថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងលិខិតទី២ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ២ ករ ៩,៦-១១
បងប្អូនជាទីស្រឡាញ់!
សូមចងចាំសុភាសិតនេះថា «អ្នកណាព្រោះតិច អ្នកនោះក៏ច្រូតបានផលតិចដែរ រីឯអ្នកដែលព្រោះច្រើនបរិបូរណ៍ ក៏ច្រូតបានផលច្រើនបរិបូរណ៍ដែរ»។ ហេតុនេះ ម្នាក់ៗត្រូវតែចូលប្រាក់តាមតែខ្លួនសម្រេចចិត្ដ ដោយមិននឹកស្ដាយឬទើសទាល់ឡើយ ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្នកដែលធ្វើអំណោយដោយចិត្ដរីករាយ។ ព្រះអង្គអាចប្រទានពរដ៏ហូរហៀរគ្រប់យ៉ាងដល់បងប្អូន ដើម្បីឱ្យបងប្អូនមានអ្វីៗទាំងអស់ដែលបងប្អូនត្រូវការដ៏ចាំបាច់នោះជានិច្ច ហើយថែមទាំងនៅសល់បរិបូរណ៍សម្រាប់ចែកទានផង ដូចមានចែងទុកមកថា «មនុស្សល្អចែកទានឱ្យអ្នកក្រ សេចក្ដីសុចរិតរបស់គាត់នៅស្ថិតស្ថេររហូតតទៅ»។ ព្រះអង្គដែលប្រទានគ្រាប់ពូជឱ្យបងប្អូន និងឱ្យគ្រាប់ពូជនោះកើនចំនួនឡើងដែរ ហើយព្រះអង្គនឹងធ្វើឱ្យសេចក្ដីសុចរិតរបស់បងប្អូនបង្កើតផលបានច្រើនឡើយថែមទៀត។ ព្រះអង្គនឹងធ្វើឱ្យបងប្អូនទៅជាអ្នកមានគ្រប់វិស័យទាំងអស់ ដើម្បីឱ្យបងប្អូនមានចិត្ដសទ្ធាជ្រះថ្លាគ្រប់ជំពូក និងឱ្យអ្នកឯទៀតៗអរព្រះគុណព្រះជាម្ចាស់ ដោយយើងជួយគេ។
ទំនុកតម្កើងលេខ ១១២ (១១១),១-៥.៩ បទពាក្យ ៧
| ១ | អ្នកឱនកោតខ្លាចព្រះអម្ចាស់ | ប្រតិបត្ដិច្បាស់តាមព្រះទ័យ | |
| ស្មោះស្ម័គ្រគោរពតាមវិន័យ | បានសុខពេកក្រៃមានមង្គល | ។ |
| ២ | ពូជរបស់គេមានអំណាច | ចិត្ដក្លាអង់អាចគ្មានកង្វល់ | |
| ដ្បិតព្រះជាម្ចាស់ប្រទានផល | ព្រះពរពិតដល់អ្នកសុចរិត | ។ |
| ៣ | ក្នុងផ្ទះមនុស្សដែលមានចិត្ដធម៌ | មានទ្រព្យបវរល្អប្រណីត | |
| សេចក្ដីសុចរិតនៅស្ថេរស្ថិត | ព្រះអង្គអាណិតឱ្យពរជាប់ | ។ |
| ៤ | ក្នុងទីងងឹតមានពន្លឺ | លេចឡើងបំភ្លឺមិនស្រអាប់ | |
| ចិត្ដគាត់ប្រណីល្អគួរគាប់ | សន្ដោសលើសព្វមនុស្សប្រុសស្រី | ។ |
| ៥ | មនុស្សណាដែលមានចិត្ដទូលាយ | យកអ្វីទៅឱ្យអ្នកផងខ្ចី | |
| ព្រមទាំងរកស៊ីមិនកេងគៃ | អ្នកនោះប្រពៃល្អបំផុត | ។ |
| ៩ | គាត់តែងចែកទានដល់អ្នកក្រ | ដោយចិត្ដស្មោះសរស្ម័គ្រពិតៗ | |
| ចិត្ដគាត់ទូលាយត្រង់សុចរិត | កម្លាំងគាត់ស្ថិតមិនបាត់បង់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១,២, ៣,៤
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាចូលចិត្តធម៌វិន័យរបស់ព្រះអម្ចាស់ជាមនុស្សសុចរិត មានចិត្តស្រឡាញ់អាណិតមេត្តាដល់គេ អ្នកនោះពិតជាមានសុភមង្គលហើយ! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៦,១.៦.១៦-១៨
ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «កុំធ្វើបុណ្យទាននៅមុខមនុស្សម្នា ដើម្បីឱ្យគេឃើញនោះឡើយ។ ធ្វើបែបនេះ អ្នករាល់គ្នាពុំទទួលរង្វាន់អ្វីពីព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខទេ។ ពេលណាអ្នកធ្វើទានដល់ជនក្រីក្រ កុំស្រែកប្រកាសក្តែងៗ ដូចពួកមានពុតតែងធ្វើនៅក្នុងធម្មសាលា ឬនៅតាមដងផ្លូវ ដើម្បីឱ្យមនុស្សម្នាកោត សរសើរនោះឡើយ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ! រីឯអ្នកវិញ កាលណាដៃស្តាំអ្នកធ្វើទាន មិនបាច់ឱ្យដៃឆ្វេងដឹងឡើយ ដើម្បីឱ្យទានរបស់អ្នកនៅស្ងាត់កំបាំង ហើយព្រះបិតារបស់អ្នកទតឃើញអំពើដែលអ្នកធ្វើ នៅក្នុងទីស្ងាត់កំបាំង ទ្រង់ប្រទានរង្វាន់មកអ្នកវិញ។ កាលណាអ្នករាល់គ្នាអធិដ្ឋាន កុំធ្វើដូចពួកអ្នកមានពុត ដែលចូលចិត្តឈរអធិដ្ឋាននៅក្នុងធម្មសាលា និងនៅត្រង់ថ្នល់កែង ដើម្បីឱ្យមនុស្សម្នាឃើញនោះឡើយ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ពួកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ រីឯអ្នកវិញ កាលណាអ្នកអធិដ្ឋាន ត្រូវចូលទៅក្នុងបន្ទប់បិទទ្វារឱ្យជិត ហើយទូលទៅកាន់ព្រះបិតារបស់អ្នកដែលគង់នៅក្នុងទីស្ងាត់កំបាំង។ ព្រះបិតារបស់អ្នកដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់មកអ្នកជាពុំខាន។ កាលណាអ្នករាល់គ្នាតមអាហារ កុំធ្វើមុខក្រៀមដូចពួកអ្នកមានពុតនោះឡើយ។ ពួកគេបង្ហាញទឹកមុខឱ្យអ្នកដទៃឃើញថា ខ្លួនតមអាហារ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ រីឯអ្នកវិញ កាលណាអ្នកតមអាហារ ត្រូវលាបទឹកអប់លើក្បាល ហើយលុបមុខផង កុំឱ្យមនុស្សម្នាឃើញថា អ្នកតមឡើយ ឱ្យតែព្រះបិតារបស់អ្នកដែលគង់នៅក្នុងទីស្ងាត់កំបាំងទតឃើញប៉ុណ្ណោះ។ ពេលនោះព្រះបិតារបស់អ្នកដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់មកអ្នកជាមិនខាន»។
681 Views
Post Views:
688