ថ្ងៃពុធ អាទិត្យទី១០
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣
អត្ថបទទី១៖ សូមថ្លែងលិខិតទី២ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ២ករ ៣,៤-១១
បងប្អូនជាទីស្រឡាញ់!
យើងមានសេចក្តីទុកចិត្តដ៏មុតមាំនៅចំពោះព្រះជាម្ចាស់ ព្រោះតែព្រះគ្រីស្ត យើងមិនអាចចាត់ទុកថា ខ្លួនយើងមានសមត្ថភាពនឹងធ្វើកិច្ចការអ្វីមួយបានដោយខ្លួនយើងផ្ទាល់ឡើយ គឺព្រះជាម្ចាស់ឯណោះ ដែលប្រទានឱ្យយើងមានសមត្ថភាពអាចនឹងធ្វើបាន។ ព្រះអង្គក៏ប្រទានឱ្យយើងមានសមត្ថភាពធ្វើជាអ្នកបម្រើសម្ពន្ធមេត្រីថ្មីដែរ ជាសម្ពន្ធមេត្រីដែលមិនមែនចងក្រងឡើងដោយសរសេរជាលាយ លក្ខណ៍អក្សរនោះទេ គឺចងក្រងឡើងដោយព្រះវិញ្ញាណវិញ ដ្បិតវិន័យដែលសរសេរជាលាយលក្ខណ៍អក្សរបណ្តាលឱ្យស្លាប់ រីឯព្រះវិញ្ញាណទ្រង់ប្រទានជីវិត។ វិន័យដែលចារឹកលើផ្ទាំងសិលា មានសិរីរុងរឿងយ៉ាងខ្លាំង រហូតដល់ទៅជនជាតិអ៊ីស្រាអែលមិនអាចសម្លឹងមើលមុខលោកម៉ូសេបាន ព្រោះតែសិរីរុងរឿងភ្លឺចាំងពីផ្ទៃមុខលោកនោះ ជាសិរីរុងរឿងស្ថិតនៅតែមួយរយៈក៏ដោយ។ ប្រសិនបើមុខងារបម្រើធម្មវិន័យដែលបណ្តាលឱ្យស្លាប់នេះ មានសិរីរុងរឿងយ៉ាងហ្នឹងទៅហើយ ចុះទម្រាំបើមុខងារបម្រើព្រះវិញ្ញាណវិញ តើនឹងមានសិរីរុងរឿងលើសនេះយ៉ាងណាទៅទៀត?។ ប្រសិនបើមុខងារដែលធ្វើឱ្យមនុស្សទទួលទោស មានសិរីរុងរឿងយ៉ាងហ្នឹងទៅហើយ ចុះទម្រាំបើមុខងារដែលធ្វើឱ្យមនុស្សបានសុចរិតវិញ តើនឹងរឹងរឹតតែមានសិរីរុងរឿងប្រសើរលើសលប់យ៉ាងណាទៅទៀត?។ ប្រសិនបើយើងប្រៀបធៀបសិរីរុងរឿងពីសម័យដើម និងសិរីរុងរឿងដ៏ខ្ពង់ខ្ពស់បំផុតនាបច្ចុប្បន្នកាលនេះ យើងនឹងឃើញថា សិរីរុងរឿងពីដើម ដូចជាមិនរុងរឿងទាល់តែសោះ។ ដូច្នេះ ប្រសិនបើអ្វីៗដែលមិនស្ថិតស្ថេរមានសិរីរុងរឿងទៅហើយ ចុះទម្រាំបើអ្វីៗដែលនៅស្ថិតស្ថេរវិញ តើនឹងរឹតតែមានសិរីរុងរឿងយ៉ាងណាទៅ?។
ទំនុកតម្កើងលោកតូប៊ីត ៩៩ (៩៨),៥-៩ បទពាក្យ ៧
៥ | ចូរលើកតម្កើងព្រះអម្ចាស់ | ព្រះអង្គជាព្រះយើងមិនដែល | |
ស្គាល់ទុក្ខលំបាកដ៏ក្រាស់ក្រែល | ព្រះអ៊ីស្រាអែលព្រះវិសុទ្ធ | ។ | |
៦ | លោកម៉ូសេជាបូជាចារ្យ | ដែលមកត្រៀបត្រាពេញជុំជិត | |
អរ៉ុនជាបូជាចារ្យពិត | ចំណោមអ្នកសិ្នទ្ធនឹងព្រះអង្គ | ។ | |
លោកសាម៉ូអែលជាមនុស្សម្នាក់ | ក្នុងចំណោមអ្នកអង្វរទ្រង់ | ||
ទាំងអស់គ្នាទូលថ្វាយព្រះអង្គ | នោះទ្រង់តែងឆ្លើយមិនរារែក | ។ | |
៧ | ព្រះអង្គមានព្រះបន្ទូលមក | ពីក្នុងពពកខ្មៅអនេក | |
លោកក៏កាន់តាមមិនអល់អែក | ឥតមានប្រកែកច្បាប់ព្រះអង្គ | ។ | |
៨ | បពិត្រព្រះម្ចាស់ព្រះរបស់ | យើងខ្ញុំទាំងអស់ខ្ពស់ឧត្តុង្គ | |
ព្រះអង្គតបឆ្លើយមិនបង្អង់ | ទោះបីជាទ្រង់ដាក់ទោសក្តី | ។ | |
ព្រោះតែកំហុសលោកប្រព្រឹត្ត | មានពីអតីតមិនថាអី | ||
ព្រះអង្គតែងមានព្រះហឫទ័យ | អត់ធ្មត់ខន្តីលោកជានិច្ច | ។ | |
៩ | ចូរលើកតម្កើងព្រះអម្ចាស់ | ជាព្រះរបស់យើងកុំភ្លេច | |
ចូរក្រាបបង្គំកុំកែគេច | តម្រង់ជានិច្ចភ្នំវិសុទ្ធ | ។ | |
ដ្បិតព្រះអម្ចាស់គឺជាព្រះ | នៃយើងទាំងអស់ខ្ពស់បំផុត | ||
ជាម្ចាស់ផែនដីមេឃសមុទ្រ | អស់ទាំងសព្វសត្វលើលោកា | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១១៩,៣
អាលេលូយ៉ា! អាលេលូយ៉ា!
ឱ! ព្រះម្ចាស់អើយ! សូមបង្ហាញឱ្យខ្ញុំចេះកាន់ធម្មវិន័យរបស់ព្រះអង្គ សូមឱ្យខ្ញុំកាន់តាមដោយចិត្តស្មោះផង!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,១៧-១៩
ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «សុំកុំនឹកស្មានថា ខ្ញុំមកលុបបំបាត់ធម្មវិន័យ ឬសេចក្តីប្រៀនប្រដៅរបស់ព្យាការីចោលឡើយ។ ខ្ញុំមិនមែនមកលុបបំបាត់ទេ គឺខ្ញុំមកធ្វើឱ្យគម្ពីរមានអត្ថន័យពេញលក្ខណៈទៅវិញ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា៖«ដរាបណាផ្ទៃមេឃ និងផែនដីនៅស្ថិតស្ថេរ ដរាបនោះគ្មានក្បៀស ឬបន្តក់ណាមួយក្នុងធម្មវិន័យត្រូវរលុបបាត់ឡើយ គឺគម្ពីរទាំងមូលនឹងនៅស្ថិតស្ថេររហូតដល់ទីបំផុត។ អ្នកណាល្មើសបញ្ញតិតូចមួយ ហើយបង្រៀនអ្នកផ្សេងឱ្យធ្វើតាម អ្នកនោះនឹងមានឋានៈតូចជាងគេក្នុងព្រះរាជ្យនៃស្ថានបរមសុខ ផ្ទុយទៅវិញ អ្នកណាប្រតិបត្តិតាមវិន័យ ហើយបង្រៀនអ្នកផ្សេងឱ្យប្រតិបត្តិតាម អ្នកនោះនឹងមានឋានៈធំក្នុងព្រះរាជ្យនៃស្ថានបរមសុខ»។