ថ្ងៃពុធ អាទិត្យទី០៧
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បសរ ៤,១១-១៩
ព្រះប្រាជ្ញាញាណផ្តល់កិត្តិយសឱ្យកូនចៅរបស់ព្រះអង្គ ព្រះអង្គតាមថែរក្សាអស់អ្នកដែលស្វែងរកព្រះអង្គ។ អ្នកណាស្រឡាញ់ព្រះប្រាជ្ញាញាណ អ្នកនោះស្រឡាញ់ជីវិត។ អស់អ្នកដែលក្រោកតាំងពីព្រលឹមស្វែងរកព្រះប្រាជ្ញញាណ មុខជាបានពោរពេញដោយអំណរ។ អ្នកណាកាន់ព្រះប្រាជ្ញាញាណជាប់ អ្នកនោះនឹងទទួលសិរីរុងរឿងទុកជាមត៌ក គេទៅកន្លែងណា ព្រះអម្ចាស់ប្រទានពរឱ្យគេនៅកន្លែងនោះ។ អ្នកណាបម្រើព្រះប្រាជ្ញាញាណ អ្នកនោះគោរពបម្រើព្រះដ៏វិសុទ្ធ។ អ្នកណាស្រឡាញ់ព្រះប្រាជ្ញាញាណ ព្រះអម្ចាស់ក៏ស្រឡាញ់អ្នកនោះដែរ។ អ្នកដែលស្ដាប់តាមព្រះប្រាជ្ញាញាណនឹងកាត់ក្តីដោយយុត្តិធម៌ អ្នកជាប់ចិត្តនឹងព្រះប្រាជ្ញាញាណនឹងរស់នៅយ៉ាងសុខសាន្ត។ អ្នកផ្ញើជីវិតលើព្រះប្រាជ្ញាញាណ នឹងទទួលព្រះប្រាជ្ញាញាណទុកជាមត៌ក ហើយពូជពង្សរបស់គេក៏ទទួលមត៌កនេះដែរ។ មុនដំបូង ព្រះប្រាជ្ញាញាណណែនាំគេឱ្យដើរតាមផ្លូវដ៏ពិបាក ទាំងធ្វើឱ្យគេភ័យខ្លាច និងតក់ស្លុត។ ព្រះអង្គប្រដៅគេដោយលត់ដំគេ រហូតដល់អាចទុកចិត្តលើគេបាន។ ព្រះអង្គល្បងលមើលចិត្តគេដោយសារបទបញ្ជារបស់ព្រះអង្គ។ បន្ទាប់មក ព្រះប្រាជ្ញាញាណណែនាំគេតាមសម្រួល ហើយធ្វើឱ្យគេមានអំណរសប្បាយ។ ព្រះអង្គនឹងសម្តែងការអាថ៌កំបាំងរបស់ព្រះអង្គឱ្យគេស្គាល់ផង។ ប្រសិនបើគេវង្វេងឆ្ងាយពីព្រះប្រាជ្ញញាណ ព្រះអង្គនឹងបោះបង់គេចោល ហើយបណ្តោយឱ្យគេវិនាស។
ទំនុកតម្កើងលេខ ១១៩ (១១៨),១៦៥.១៦៨.១៧១-១៧២.១៧៤-១៧៥ បទពាក្យ ៧
| ១៦៥ | អ្នកណាស្រឡាញ់វិន័យធម៌ | នឹងមានជោគល្អហើយទទួល | |
| បានក្តីសុខសាន្តរស់នៅស្រួល | មិនជួបភ័យជ្រួលបានថ្កើងថ្កាន | ។ |
| ១៦៨ | ទូលបង្គំប្រព្រឹត្តទៅតាមច្បាប់ | បញ្ជាបង្គាប់មិនមានភ្លេច | |
| អ្វីដែលខ្ញុំធ្វើទ្រង់ជ្រាបខ្ទេច | ឥតមានស្រពេចស្រពិលឡើយ | ។
|
សូមដូរទៅជាបទកាកគតិ
| ១៧១ | សូមឱ្យរូបខ្ញុំ | ពោលពាក្យឧត្តម | សរសើរព្រះអង្គ |
| ដ្បិតទ្រង់បង្រៀន | វិន័យថ្កុំថ្កើង | របស់ព្រះអង្គ |
| | ខ្ញុំបានយល់ច្បាស់ | ។ |
| ១៧២ | ទូលបង្គំនឹងច្រៀង | បន្លឺសំនៀង | សរសើរដល់ព្រះ |
| បន្ទូលសន្យា | សក្តិសមឥតខ្ចោះ | ធម្មវិន័យនោះ |
| | សុចរិតកន្លង | ។ |
| ១៧៤ | បពិត្រព្រះម្ចាស់ | ខ្ញុំចង់ឱ្យព្រះ | សង្រ្គោះផុតក្ស័យ |
| ទូលបង្គំពេញចិត្ត | នឹងធម្មវិន័យ | ជារៀងរាល់ថ្ងៃ |
| | ពុំមានស្រាកស្រាន្ត | ។ |
| ១៧៥ | សូមឱ្យជីវិត | ខ្ញុំនៅរស់ពិត | ដើម្បីនឹងបាន |
| សរសើរតម្កើង | ព្រះខ្ពស់ហួសស្ថាន | សេចក្តីប៉ុន្មាន |
| | ជួយលើកទឹកចិត្ត | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៤,៦-៩
អាលេលូយ៉ា! អាលេលូយ៉ា!
ខ្ញុំហ្នឹងហើយជាសេចក្តីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅគាល់ព្រះបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ។អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៩,៣៨-៤០
លោកយ៉ូហានទូលព្រះយេស៊ូថា៖ «ព្រះគ្រូ! យើងខ្ញុំបានឃើញបុរសម្នាក់ដេញខ្មោចក្នុងនាមព្រះគ្រូ។ យើងខ្ញុំបានឃាត់គេ តែគេមិនមកតាមយើងខ្ញុំទេ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំឃាត់គេអី ពុំដែលមាននរណាអាចធ្វើការអស្ចារ្យក្នុងនាមខ្ញុំ រួចបែរជានិយាយអាក្រក់អំពីខ្ញុំភ្លាមនោះឡើយ ដ្បិតអ្នកណាមិនជំទាស់នឹងយើង អ្នកនោះជាគ្នាយើងហើយ»។
208 Views
Post Views:
212