ថ្ងៃពុធ អាទិត្យទី០៧
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង
ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤
ឬសន្ដីរីតា នៅកាស៊ីយ៉ាជាបព្វជិតា
សូមថ្លែងលិខិតគ្រីស្តទូតយ៉ាកុប យក ៤,១៣-១៧
បងប្អូនជាទីស្រឡាញ់!
សូមស្តាប់ខ្ញុំសិន! បងប្អូនតែងពោលថា “ថ្ងៃនេះ ឬស្អែកយើងនឹងធ្វើដំណើរទៅក្រុងមួយ ហើយស្នាក់នៅក្រុងនោះមួយឆ្នាំ ដើម្បីរកស៊ីនឹងបានចំណេញ!។ ខ្ញុំសូមជម្រាបថា បងប្អូនពុំដឹងថា ថ្ងៃស្អែក ជីវិតបងប្អូននឹងទៅជាយ៉ាងណាឡើយ! បងប្អូនប្រៀបបីដូចជាចំហាយទឹកដែលមានតែមួយភ្លែត រួចក៏រសាត់បាត់ទៅ។ បងប្អូនគួរតែពោលថា បើព្រះអម្ចាស់សព្វព្រះហប្ញទ័យ យើងនឹងមានជីវិត ហើយយើងធ្វើការនេះ ឬធ្វើការនោះ។ តែឥឡូវនេះ បងប្អូនបែរជាក្អេងក្អាង អួតបំប៉ោងទៅវិញ។ ការអួតក្អេងក្អាងបែបនេះអាក្រក់ណាស់។ ប្រសិនបើអ្នកណាចេះធ្វើអំពើល្អ តែមិនព្រមធ្វើ អ្នកនោះប្រព្រឹត្តអំពើបាបហើយ”។
ទំនុកតម្កើងលេខ ៤៩ (៤៨),២-៣.៦-១១ បទកាកគតិ
| ២ | ឱជនទាំងឡាយ | ចូរកុំខ្វល់ខ្វាយ | នាំគ្នាត្រងត្រាប់ |
| មនុស្សរស់លើដី | ណែនណាន់តាន់តាប់ | ត្រូវតែប្រុងស្តាប់ |
| | ដោយចិត្តទុកដាក់ | ។ |
| ៣ | គឺទូទាំងអស់ | មនុស្សទាំងស្រីប្រុស | កុំបីអន់អាក់ |
| ទាំងអ្នកតូចទាប | អ្នកធំហួសថ្នាក់ | អ្នកសំបូរប្រាក់ |
| | អ្នកក្រវេទនា | ។ |
| ៦ | ពេលមានទុក្ខភ័យ | ជួបគ្រោះចង្រៃ | ឬភ័យអាសន្ន |
| សត្រូវឡោមព័ទ្ធ | ក៏ខ្ញុំមិនស្លន់ | វង្វេងវង្វាន់ |
| | ភ័យមិនបានការ | ។ |
| ៧ | មនុស្សទុច្ចរិត | តែងតែទុកចិត្ត | លើទ្រព្យមហិមា |
| គេអួតគេអាង | ព្រោះខ្លួនគេជា | អ្នកមានទ្រព្យា |
| | មហាសេដ្ឋី | ។ |
| ៨ | គ្មាននរណាម្នាក់ | អាចនឹងបង់ប្រាក់ | លោះអ្នកដទៃ |
| ហើយមិនអាចបង់ | ថ្វាយព្រះម្ចាស់ថ្លៃ | កុំឱ្យខ្លួនក្ស័យ |
| | ជីវិតនោះដែរ | ។ |
| ៩ | ថ្លៃលោះជីវិត | មនុស្សយើងពិតៗ | កាត់មិនបានទេ |
| ទោះជាខំបង់ | មួយកើនជាទ្វេ | ក៏មិនគ្រប់ដែរ |
| | ជៀសស្លាប់មិនបាន | ។ |
| ១០ | តើមនុស្សនេះណា | អាចមានជីវ៉ា | រស់បានប៉ុន្មាន |
| ផុតពីរណ្តៅ | អាចនៅសុខសាន្ត | ឬអាចរស់បាន |
| | រហូតមិនស្លាប់ | ។ |
| ១១ | យើងឃើញច្បាស់ថា | អ្នកមានប្រាជ្ញា | ក៏ដូចអ្នកអាប់ |
| អ្នកល្ងង់ឥតប្រាជ្ញ | ក៏គង់តែស្លាប់ | ទុកទ្រព្យច្រើនគាប់ |
| | ឱ្យអ្នកដទៃ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៤,៦-៩
អាលេលូយ៉ា! អាលេលូយ៉ា!
ខ្ញុំហ្នឹងហើយជាសេចក្តីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅគាល់ព្រះបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ត ម៉ាកុស មក ៩,៣៨-៤០
លោកយ៉ូហានទូលព្រះយេស៊ូថា៖ «ព្រះគ្រូ! យើងខ្ញុំបានឃើញបុរសម្នាក់ដេញខ្មោចក្នុងនាមព្រះគ្រូ។ យើងខ្ញុំបានឃាត់គេ តែគេមិនមកតាមយើងខ្ញុំទេ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំឃាត់គេអី ពុំដែលមាននរណាអាចធ្វើការអស្ចារ្យក្នុងនាមខ្ញុំ រួចបែរជានិយាយអាក្រក់អំពីខ្ញុំភ្លាមនោះឡើយ ដ្បិតអ្នកណាមិនជំទាស់នឹងយើង អ្នកនោះជាគ្នាយើងហើយ»។
578 Views
Post Views:
565