ថ្ងៃពុធ អាទិត្យទី០៥
រដូវបុណ្យចម្លង
ពណ៌ស
ថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២៦
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានបង្កើតមនុស្សឱ្យមានលក្ខណៈដ៏ប្រសើរ ដូចព្រះអង្គ។ ដោយព្រះអង្គប្រោសព្រះយេស៊ូឱ្យមានសិរីរុងរឿង ព្រះអង្គក៏បើកផ្លូវយើងខ្ញុំអាចស្គាល់ព្រះអង្គបាន។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំ និងចិត្តគំនិតមនុស្សគ្រប់ជាតិសាសន៍ឱ្យស្គាល់ព្រះអង្គ និងនាំគ្នាគោរពថ្វាយបង្គំព្រះអង្គតាមប្រពៃណីរៀងៗខ្លួនផង។
សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១៥,១-៦
នៅគ្រានោះ មានអ្នកខ្លះមកពីស្រុកយូដា នាំគ្នាប្រៀនប្រដៅបងប្អូនគ្រីស្តបរិស័ទនៅក្រុងអន់ទីយ៉ូកថា៖ «ប្រសិនបើបងប្អូនមិនទទួលពិធីកាត់ស្បែកតាមទំនៀមទម្លាប់របស់លោកម៉ូសេទេនោះ បងប្អូនមិនអាចទទួលការសង្គ្រោះបានឡើយ»។ លោកប៉ូល និងលោកបារណាបាសប្រកែកជំទាស់នឹងអ្នកទាំងនោះ ព្រមទាំងជជែកវែកញែកជាមួយពួកគេយ៉ាងខ្លាំង។ បងប្អូនសម្រេចចិត្តចាត់លោកប៉ូល និងលោកបារណាបាសឱ្យទៅក្រុងយេរូសាឡឹម ដោយមានបងប្អូនខ្លះទៀតទៅជាមួយផង ដើម្បីឱ្យទៅជម្រាបក្រុមគ្រីស្តទូត និងក្រុមព្រឹទ្ធាចារ្យអំពីរឿងនេះ។ ព្រះសហគមន៍បានជួយឧបត្ថម្ភពួកលោកក្នុងការធ្វើដំណើរ។ លោកនាំគ្នាឆ្លងកាត់ស្រុកភេនីស៊ី ស្រុកសាម៉ារី ទាំងរៀបរាប់ប្រាប់ពួកបងប្អូនយ៉ាងក្បោះក្បាយថា សាសន៍ដទៃបានបែរចិត្តមករកព្រះជាម្ចាស់។ ដំណឹងនេះ ធ្វើឱ្យបងប្អូនមានអំណរសប្បាយយ៉ាងខ្លាំងគ្រប់ៗគ្នា។ កាលមកដល់ក្រុងយេរូសាឡឹមហើយ ព្រះសហគមន៍ ក្រុមគ្រីស្តទូត និងក្រុមព្រឹទ្ធាចារ្យនាំគ្នាទទួលពួកលោក។ ពួកលោកក៏ជម្រាបអំពីកិច្ចការទាំងប៉ុន្មានដែលព្រះជាម្ចាស់បានធ្វើជាមួយពួកលោក។ ពេលនោះ មានបងប្អូនខ្លះខាងគណៈផារីស៊ីដែលជាអ្នកជឿ នាំគ្នាក្រោកឈរឡើងពោលថា៖ «ត្រូវតែធ្វើពិធីកាត់ស្បែកឱ្យសាសន៍ដទៃ ហើយត្រូវបង្គាប់គេឱ្យប្រតិបត្តិតាមធម្មវិន័យរបស់លោកម៉ូសេដែរ»។ ក្រុមគ្រីស្តទូត និងក្រុមព្រឹទ្ធាចារ្យក៏ប្រជុំគ្នា ដើម្បីពិនិត្យពិច័យមើលសំណុំរឿងនេះ។
ទំនុកតម្កើងលេខ ១២២ (១២១),១-៥ បទកាកគតិ
| ១ | គេប្រាប់ខ្ញុំថា | យើងនាំគ្នីគ្នា | ទៅព្រះដំណាក់ |
| ទីដែលព្រះជា | អម្ចាស់គង់ស្នាក់ | ល្អឥតមានអាក់ |
| | ខ្ញុំសប្បាយក្រៃ | ។ |
| ២ | យេរូសាឡឹម | ភ័ក្រ្តអ្នកប៉ប្រិម | ឥតមានទើសទាស់ |
| យើងនាំគ្នាឈាន | ជើងចូលដល់ដី | ដល់ទ្វារបុរី |
| | នៃអ្នកហើយណា | ។ |
| ៣ | យេរូសាឡឹម | ជាក្រុងមួយធំ | សែនស្រស់សង្ហា |
| ដែលសង់ឡើងបាន | រឹងមាំអស្ចារ្យ | កំពែងពាំងការ |
| | ល្អព័ទ្ធជុំជិត | ។ |
| ៤ | គ្រប់កុលសម្ព័ន្ធ | នានារួសរាន់ | នាំគ្នាមកស្ថិត |
| ច្រៀងលើកតម្កើង | ព្រះម្ចាស់មានឫទ្ធិ | តាមច្បាប់នៃជាតិ |
| | ជនអ៊ីស្រាអែល | ។ |
| ៥ | ទីនេះក៏មាន | បល្ល័ង្កថ្កើងថ្កាន | នៃរាជវង្សដែល |
| ជាស្តេចដាវីឌ | បារមីក្រាស់ក្រែល | គ្រប់គ្រងក្រវែល |
| | រាស្រ្តដោយយុត្តិធម៌ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម រម ៧,៤
អាលេលូយ៉ា! អាលេលូយ៉ា!
យើងស្ថិតជាប់ ស្ថិតនៅជាមួយព្រះគ្រីស្តដែលមានព្រះជន្មរស់ឡើងវិញ ដើម្បីបង្កើតផលថ្វាយសិរីរុងរឿងព្រះជាម្ចាស់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៥,១-៨
នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «ខ្ញុំហ្នឹងហើយជាដើមទំពាំងបាយជូរដ៏ពិតប្រាកដ រីឯព្រះបិតាខ្ញុំជាម្ចាស់ចំការ។ មែកណានៅជាប់នឹងខ្ញុំ តែឥតមានផ្លែ ព្រះបិតាកាត់មែកនោះចោល។ រីឯមែកណាមានផ្លែ ព្រះអង្គលួសមែកនោះ ដើម្បីឱ្យមានផ្លែកាន់តែច្រើនឡើងទៀត។ ពាក្យដែលខ្ញុំបានប្រាប់ ធ្វើឱ្យអ្នករាល់គ្នាបរិសុទ្ធរួចទៅហើយ។ ចូរស្ថិតនៅជាប់នឹងខ្ញុំ ដូចខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នាដែរ។ ប្រសិនបើមែកមិនស្ថិតនៅជាប់នឹងដើមទេ វាពុំអាចបង្កើតផលដោយឯកឯងបានឡើយ។ រីឯអ្នករាល់គ្នាក៏ដូច្នោះដែរ បើមិនស្ថិតនៅជាប់នឹងខ្ញុំទេ អ្នករាល់គ្នាពុំអាចបង្កើតផលបានទាល់តែសោះ។ ខ្ញុំនេះហើយជាដើមទំពាំងបាយជូរ អ្នករាល់គ្នាជាមែក។ អ្នកណាស្ថិតនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលបានច្រើន។ បើដាច់ពីខ្ញុំ អ្នករាល់គ្នាពុំអាចធ្វើអ្វីកើតឡើយ។ អ្នកណាមិនស្ថិតនៅជាប់នឹងខ្ញុំ អ្នកនោះប្រៀបបាននឹងមែកដែលគេបោះចោលទៅខាងក្រៅ ហើយស្វិតក្រៀម។ បន្ទាប់មក គេរើសមែកទាំងនោះបោះទៅក្នុងភ្លើងឆេះអស់ទៅ។ បើអ្នករាល់គ្នាស្ថិតនៅជាប់នឹងខ្ញុំ ហើយបើពាក្យខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នា ចូរទូលសុំអ្វីៗតាមតែអ្នករាល់គ្នាប្រាថ្នាចង់បានចុះ នោះអ្នករាល់គ្នាមុខតែបានទទួលជាមិនខាន។ ព្រះបិតារបស់ខ្ញុំសម្តែងសិរីរុងរឿងដោយអ្នករាល់គ្នាបង្កើតផលផ្លែបានច្រើន និងដោយអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ក្នុងអភិបូជានេះ យើងខ្ញុំនាំគ្នាចូលរួមជាមួយព្រះបុត្រាព្រះអង្គ ដែលបានបូជាព្រះជន្មថ្វាយព្រះអង្គ សូមទ្រង់ព្រះមេត្តាលើកទឹកចិត្តយើងខ្ញុំ ក្នុងពេលព្រះអង្គជម្រះយើងខ្ញុំឱ្យបានបរិសុទ្ធ។ សូមឱ្យយើងខ្ញុំភ្ជាប់ចិត្តជាមួយព្រះយេស៊ូជានិច្ចផង គឺព្រះយេស៊ូមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានទាំងព្រះបន្ទូល ទាំងព្រះកាយរបស់ព្រះគ្រីស្តឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំស្ថិតនៅជាប់នឹងព្រះគ្រីស្ត និងឱ្យព្រះគ្រីស្តស្ថិតនៅជាប់ជាមួយយើងខ្ញុំដែរ។ សូមឱ្យយើងខ្ញុំអាចបង្កើតផល ដែលសម្តែងសិរីរុងរឿងរបស់ព្រះអង្គសព្វថ្ងៃនេះផង។
679 Views
Post Views:
661