ថ្ងៃអង្គារ អាទិត្យទី១៨
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃអង្គារ ទី០៥ ខែសីហា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរជំរឿនប្រជាជន ជរ ១២,១-១៣
លោកម៉ូសេបានយកស្ត្រីជាតិអាហ្រ្វិកម្នាក់ធ្វើជាភរិយា ហេតុនេះហើយបានជាអ្នកស្រីមៀរីយ៉ាម និងលោកអរ៉ុនជាបងរបស់លោកមានប្រសាសន៍ជំទាស់នឹងលោក។ អ្នកទាំងពីរមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ពុំមែនមានព្រះបន្ទូលមកម៉ូសេតែប៉ុណ្ណោះទេ គឺព្រះអង្គមានព្រះបន្ទូលមកពួកយើងដែរ!»។ ពេលនោះព្រះអម្ចាស់ទ្រង់ព្រះសណ្តាប់ឮពាក្យនេះ។ លោកម៉ូសេសុភាពរាបសាជាងគេបំផុត ក្នុងចំណោមមនុស្សនៅលើផែនដីនេះ។ រំពេចនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ លោកអរ៉ុន និងអ្នកស្រីមៀរីយ៉ាមថា៖«ចូរអ្នកទាំងបីនាំគ្នាចេញទៅពន្លាជួបព្រះអម្ចាស់ទៅ!»។ អ្នកទាំងបីក៏ចេញទៅទាំងអស់គ្នា។ ព្រះអម្ចាស់យាងចុះមកក្នុងដុំពពក ហើយគង់នៅមាត់ទ្វារពន្លា។ ព្រះអង្គហៅលោកអរ៉ុន និងអ្នកស្រីមៀរីយ៉ាម អ្នកទាំងពីរក៏ចូលទៅជិតព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរស្តាប់ពាក្យយើងឱ្យបានជាក់ច្បាស់! ក្នុងចំណោមអ្នករាល់គ្នា ពេលណាមានព្យាការីម្នាក់ យើងជាព្រះអម្ចាស់សម្តែងឱ្យព្យាការីនោះស្គាល់យើងតាមរយៈនិមិត្តហេតុ យើងនិយាយទៅកាន់គេតាមរយៈសុបិននិមិត្ត។ ចំណែកឯម៉ូសេដែលជាអ្នកបម្រើរបស់យើងវិញ មិនដូច្នោះទេ ម៉ូសេមានចិត្តស្មោះត្រង់ចំពោះកិច្ចការក្នុងដំណាក់របស់យើងទាំងមូល។ យើងនិយាយទៅកាន់ម៉ូសេដោយផ្ទាល់មាត់ យើងសម្តែងឱ្យម៉ូសេឃើញយ៉ាងច្បាស់ ដោយឥតប្រើប្រស្នា ហើយម៉ូសេអាចសំឡឹងមើលមកយើងបាន។ ហេតុអ្វីបានជាអ្នកទាំងពីរមិនកោតក្រែង និយាយប្រឆាំងនឹងម៉ូសេជាអ្នកបម្រើរបស់យើងដូច្នេះ?»។ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងអ្នកទាំងពីរ ហើយព្រះអង្គក៏យាងចាកចេញទៅ។ ពពកក៏រសាត់ឡើងចាកចេញពីពន្លាដែរ។ ពេលនោះ លោកស្រីមៀរីយ៉ាមក៏កើតឃ្លង់ពេញខ្លួន មានពណ៌សដូចកប្បាស។ លោកអរ៉ុនបែរទៅរកលោកស្រីមៀរីយ៉ាម ឃើញគាត់កើតឃ្លង់។ លោកក៏ពោលទៅកាន់លោកម៉ូសេថា៖«សូមលោកប្អូនជាម្ចាស់ មេត្តាយល់អធ្យាស្រ័យដល់យើងទាំងពីរផង។ យើងទាំងពីរបានប្រព្រឹត្តលេលា និងបានប្រព្រឹត្តអំពើបាប!។ សូមកុំឱ្យនាងមៀរីយ៉ាម ដូចកូនដែលកើតមកស្លាប់ មានស្បែករយីករយាកដូច្នេះឡើយ!»។ លោកម៉ូសេស្រែកអង្វរព្រះអម្ចាស់ថា៖ «ឱ ព្រះជាម្ចាស់អើយ! សូមមេត្តាប្រោសបងមៀរីយ៉ាមឱ្យបានជាឡើងវិញផង!»។
ទំនុកតម្កើងលេខ ៥១ (៥០),៣-៦ក ខ.១២-១៣ បទពាក្យ ៧
| ៣ | ឱព្រះជាម្ចាស់ទូលបង្គំ | សូមលើកទោសខ្ញុំហើយមេត្តា | |
| តាមព្រះហឫទ័យករុណា | លើសលប់អស្ចារ្យព្រះអង្គផង | ។ |
| សូមលើកទោសឱ្យទូលបង្គំ | ផុតទុក្ខក្រៀមក្រំគ្រានេះម្តង | |
| ព្រះទ័យអាណិតអាសូរផង | ព្រោះតែព្រះអង្គឥតមានខ្ចោះ | ។ |
| ៤ | សូមជួយលុបលាងខ្ញុំឱ្យជ្រះ | ឱ្យស្អាតស្រឡះពីកំហុស | |
| ជួយជម្រះខ្ញុំស្អាតផងចុះ | ឱ្យបរិសុទ្ធអស់អំពើបាប | ។ |
| ៥ | ទូលបង្គំដាក់ខ្លួនសុំទទួល | ឥតមានប្រែប្រួលសុំសារភាព | |
| រូបទូលបង្គំបានសាងបាប | ដិតដក់នៅជាប់ក្នុងអារម្មណ៍ | ។ |
| ៦ | ទូលបង្គំប្រព្រឹត្តអំពើទាស់ | ព្រះហឫទ័យស្មោះព្រះនៃខ្ញុំ | |
| ហើយបានប្រព្រឹត្តរឿងមិនសម | ក្បត់ព្រះឧត្តមធ្វើពាលា | ។ |
| ទោះជាព្រះអង្គដាក់ទុក្ខទោស | ទៅតាមកំហុសខ្ញុំយ៉ាងណា | |
| ទ្រង់នៅសុចរិតបរិសុទ្ធថ្លា | ទោះជាម្តេចម្តាទ្រង់គ្មានខុស | ។ |
| ១២ | ឱព្រះជាអម្ចាស់ខ្ញុំអើយ | សូមជួយប្រោសឱ្យបរិសុទ្ធ | |
| បង្កើតចិត្តថ្មីមាំមោះមុត | រឹងប៉ឹងបំផុតដល់ខ្ញុំផង | ។ |
| ១៣ | សូមកុំបោះបង់រូបខ្ញុំចោល | ឱ្យនៅតែលតោលឆ្ងាយព្រះអង្គ | |
| កុំដកវិញ្ញាណដ៏ត្រចង់ | វិសុទ្ធព្រះអង្គពីខ្ញុំឡើយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យក ១,១៨
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះជាម្ចាស់ ព្រះអង្គប្រទានជីវិតឱ្យយើងខ្ញុំ ដោយសារព្រះបន្ទូលនៃសេចក្តីពិត។ ព្រះអង្គត្រាស់ហៅយើងខ្ញុំមុនសត្វលោកទាំងឡាយដែលព្រះអង្គបង្កើតមក។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៤,២២-៣៦
ក្រោយពីព្រះយេស៊ូប្រទាននំប័ុងឱ្យបណ្តាជនមក ព្រះអង្គបង្ខំក្រុមសាវ័កឱ្យចុះទូកឆ្លងទៅត្រើយម្ខាងមុនព្រះអង្គភ្លាម ព្រះអង្គក៏ប្រាប់មហាជនឱ្យវិលត្រឡប់ទៅវិញដែរ។ កាលមហាជនទៅផុតអស់ហើយ ព្រះអង្គយាងឡើងទៅលើភ្នំដាច់ឡែកពីគេដើម្បីអដិ្ឋដ្ឋាន។ លុះដល់យប់ ទ្រង់គង់នៅទីនោះតែមួយព្រះអង្គឯង។ ពេលនោះ ទូកចេញឆ្ងាយពីច្រាំង ហើយក៏ត្រូវរលកបក់បោកព្រោះបញ្ច្រាសខ្យល់។ ដល់ពេលជិតភ្លឺ ព្រះអង្គយាងលើទឹកឆ្ពោះទៅរកក្រុមសាវ័ក។ កាលពួកគេឃើញព្រះអង្គយាងលើទឹកសមុទ្រដូច្នេះ គេភ័យរន្ធត់ ហើយស្រែកឡើងថា «ខ្មោចលង!» ព្រោះគេភ័យពេក។ រំពេកនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់គេថា៖ «ចូរតាំងចិត្តក្លាហានឡើង! ខ្ញុំទេតើ! កុំខ្លាចអី!»។ លោកសិលាទូលព្រះអង្គថា៖ «ព្រះអម្ចាស់! ប្រសិនបើពិតជាព្រះអង្គមែន សូមបញ្ជាឱ្យខ្ញុំអាចដើរលើទឹកទៅរកព្រះអង្គផង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អញ្ជើញមក!»។ លោកសិលាក៏ចុះពីទូកដើរលើទឹកឆ្ពោះទៅរកព្រះយេស៊ូ។ ប៉ុន្តែ កាលលោកឃើញខ្យល់បក់ខ្លាំង លោកភ័យណាស់ ហើយចាប់ផ្តើមលិចទៅក្នុងទឹក។ លោកស្រែកឡើងថា៖ «ព្រះអម្ចាស់អើយ! សូម ជួយខ្ញុំផង!»។ ព្រះយេស៊ូលូកព្រះហស្តទាញគាត់ឡើងភ្លាម ទាំងមានព្រះបន្ទូលថា៖ «មនុស្សមានជំនឿតិចអើយ! ហេតុដូចម្តេចបាន ជាអ្នកមិនទុកចិត្តដូច្នេះ?»។ បន្ទាប់មក ព្រះអង្គ និងលោកសិលាចូលមកក្នុងទូក ហើយខ្យល់ក៏ស្ងប់។ អ្នកនៅក្នុងទូកនាំគ្នាក្រាបថ្វាយ បង្គំព្រះអង្គ ទាំងពោលថា៖ «ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។ ព្រះយេស៊ូ និងក្រុមសាវ័កឆ្លងទៅដល់ត្រើយម្ខាង ត្រង់ស្រុកកេនេសារ៉ែត។ អ្នកស្រុកនោះស្គាល់ព្រះអង្គភ្លាម ហើយយកដំណឹងទៅផ្សព្វផ្សាយពាសពេញតំបន់ទាំងមូល។ គេនាំអ្នកជំងឺទាំងអស់មករកព្រះអង្គ ដើម្បីអង្វរសូមគ្រាន់តែពាល់ជាយព្រះពស្ត្ររបស់ព្រះអង្គប៉ុណ្ណោះ អស់អ្នកដែលបានពាល់ជាយព្រះពស្ត្របានជា សះស្បើយគ្រប់ៗគ្នា។
498 Views
Post Views:
525