ថ្ងៃអង្គារ អាទិត្យទី៣៤
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃអង្គារ ទី២៥ ខែវិច្ឆិការ ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យការីដានីអែល ដន ២,៣១-៤៥
លោកដានីអែលកាត់សុបិននិមិត្តព្រះបាទណាប៊ូកានេសារដូចតទៅ៖ បពិត្រព្រះរាជា ក្នុងសុបិននិមិត្ត ព្រះអង្គឃើញរូបបដិមាមួយ ដែលមានទំហំយ៉ាងធំពន់ពេកក្រៃ ហើយថ្កុំថ្កើងរុងរឿងអស្ចារ្យណាស់។ រូបនោះឈរនៅមុខព្រះករុណា និងមានសភាពគួរឱ្យស្ញែងខ្លាច។ ក្បាលរបស់រូបនោះធ្វើពីមាសសុទ្ធ ទ្រូង និងដៃធ្វើពីប្រាក់ ពោះ និងភ្លៅធ្វើពីលង្ហិន ជើងទាំងពីរធ្វើពីដែក ហើយប្រអប់ជើងទាំងពីរមានមួយផ្នែកធ្វើពីដែក និងមួយផ្នែកទៀតធ្វើពីដីឥដ្ឋ។ ពេលព្រះករុណាកំពុងតែទតមើលនោះ ស្រាប់តែមានថ្មមួយដុំធ្លាក់ចុះមកដោយឯកឯង ហើយទង្គិចនឹងប្រអប់ជើងដែលធ្វើពីដែក និងដីឥដ្ឋ ធ្វើឱ្យប្រអប់ជើងរបស់រូបបដិមាបាក់បែកខ្ទេចខ្ទីអស់។ ពេលនោះ ដែក ដីឥដ្ឋ លង្ហិន ប្រាក់ និងមាស ក៏បាក់បែកខ្ទេចខ្ទីក្លាយទៅជាធូលីដែលត្រូវខ្យល់ផាត់បាត់ទៅ ដូចសម្ដីនៅក្នុងលានបោកបែនស្រូវដែរ គឺឥតទុកស្នាមអ្វីសោះឡើយ។ រីឯដុំថ្មដែលទង្គិចនឹងរូបបដិមានោះ បានក្លាយទៅជាភ្នំមួយយ៉ាងធំពេញផែនដីទាំងមូល។ នេះហើយសុបិនរបស់ព្រះករុណា ដែលយើងខ្ញុំសូមកាត់ស្រាយថ្វាយដូចតទៅ: បពិត្រព្រះរាជា ព្រះអង្គជាព្រះមហាក្សត្រលើព្រះមហាក្សត្រនានា ដ្បិតព្រះជាម្ចាស់នៃស្ថានបរមសុខបានប្រទានរាជសម្បត្តិ ឫទ្ធានុភាព ចេស្ដា និងសិរីរុងរឿងមកព្រះករុណា។ ព្រះអង្គបានប្រទានមនុស្សលោក សត្វព្រៃ និងបក្សាបក្សីនៅលើមេឃ មកក្នុងព្រះហស្ដព្រះករុណា ឱ្យព្រះករុណាគ្រប់គ្រងលើទាំងអស់ ទោះបីនៅទីណាក៏ដោយ។ ព្រះករុណានេះហើយជាក្បាលរូបបដិមាធ្វើពីមាស។ បន្ទាប់ពីព្រះករុណានឹងមានរាជាណាចក្រមួយទៀតកើតឡើង ប៉ុន្តែ ខ្សោយជាងរាជាណាចក្ររបស់ព្រះករុណា។ ក្រោយមក មានរាជាណាចក្រទីបី គឺលង្ហិនគ្រប់គ្រងលើពិភពលោកទាំងមូល។ លុះក្រោយមកទៀត មានរាជាណាចក្រទីបួនរឹងមាំដូចដែក។ ដែកកម្ទេច ហើយបំបាក់អ្វីៗទាំងអស់យ៉ាងណា រាជាណាចក្រនោះនឹងកម្ទេច ហើយបំបែកអ្វីៗទាំងអស់យ៉ាងនោះដែរ។ ព្រះករុណាបានទតឃើញប្រអប់ជើង និងម្រាមជើង ដែលមួយផ្នែកធ្វើអំពីដីឥដ្ឋរបស់ជាងស្មូន និងមួយផ្នែកទៀតធ្វើអំពីដែក គឺសំដៅទៅលើរាជាណាចក្រនោះដែលនឹងត្រូវបែងចែកជាពីរ ប៉ុន្តែ រាជាណាចក្រនោះមានមួយផ្នែករឹងមាំដូចដែក ដ្បិតព្រះករុណាបានឃើញដែកជាប់ជាមួយដីឥដ្ឋ។ ម្រាមជើងរបស់រូបបដិមាមានមួយផ្នែកធ្វើពីដែក និងមួយផ្នែកទៀតធ្វើពីដីឥដ្ឋ បានសេចក្ដីថា រាជាណាចក្រនោះនឹងមានឫទ្ធិអំណាចមួយផ្នែក ហើយក៏ខ្សោយមួយផ្នែកដែរ។ ព្រះករុណាទតឃើញដែកជាប់ជាមួយដីឥដ្ឋ ព្រោះរាជាណាចក្រនោះតភ្ជាប់គ្នា ដោយសារចំណងស្ពានមេត្រីរបស់មនុស្ស តែគេមិនរលាយចូលគ្នាទេ គឺដូចដែក និងដីឥដ្ឋ ពុំអាចរលាយចូលគ្នាបានឡើយ។ ក្នុងរជ្ជកាលរបស់ស្តេចទាំងនោះ ព្រះជាម្ចាស់នៃស្ថានបរមសុខនឹងធ្វើឱ្យរាជាណាចក្រមួយទៀតកើតឡើង ដែលមិនរលាយ ហើយក៏មិនធ្លាក់ទៅក្រោមអំណាចគ្រប់គ្រងរបស់ប្រជាជាតិណាមួយឡើយ។ រាជាណាចក្រមួយនេះនឹងកម្ទេចរាជាណាចក្រឯទៀតៗទាំងប៉ុន្មាន ដែលមានពីមុនឱ្យវិនាសសូន្យ ហើយរាជាណាចក្រនេះនឹងនៅស្ថិតស្ថេររហូតតទៅ ដូចព្រះករុណាបានឃើញថ្មធ្លាក់ចុះពីលើភ្នំដោយឯកឯង កម្ទេចដែក លង្ហិន ដីឥដ្ឋ និងមាសដែរ។ ព្រះជាម្ចាស់ដ៏ឧត្ដមបានបង្ហាញឱ្យព្រះករុណាជ្រាបអំពីហេតុការណ៍ដែលនឹងកើតមាននៅពេលខាងមុខ។ សុបិនរបស់ព្រះករុណាជាការពិត និងមានអត្ថន័យគួរឱ្យជឿទុកចិត្ត»។
ទំនុកតម្កើងព្យការីដានីអែល ៣,៥៧-៦១ បទកាកគតិ
| ៥៧ | គ្រប់ស្នាព្រះហស្ត | ព្រះម្ចាស់ទាំងអស់ | នៅមិនរបូត |
| ជារៀងដរាប | សូមនាំគ្នាស្មូត្រ | តម្កើងរហូត |
| | អស់កល្បអន្លាយ | ។ |
| ៥៨ | ឱផ្ទៃមេឃអើយ | កុំនៅកន្តើយ | ហាក់ដូចជិនណាយ |
| ស្មូត្របទតម្កើង | ដោយចិត្តសប្បាយ | អស់កល្បអន្លាយ |
| | តទៅកុំឈប់ | ។ |
| ៥៩ | សូមឱ្យទេវទូត | តម្កើងរហូត | ទាំងថ្ងៃទាំងយប់ |
| ព្រះម្ចាស់ថ្កុំថ្កើង | អស់កល្បអស់កប្ប | តម្កើងកុំឈប់ |
| | តទៅរាល់ថ្ងៃ | ។ |
| ៦០ | ចូរទឹកទាំងឡាយ | អបអរសប្បាយ | លើនភាល័យ |
| នាំគ្នាសរសើរ | តម្កើងម្ចាស់ថ្លៃ | កុំបង្អង់អី |
| | អស់កល្បអង្វែង | ។ |
| ៦១ | ហ្វូងតារារះ | នៃព្រះអម្ចាស់ | នាំគ្នាសម្តែង |
| តម្កើងព្រះអង្គ | សរសើរស្ញប់ស្ញែង | គ្រប់ទីកន្លែង |
| | តទៅឥតដាច់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៥០,១-៦
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះបន្ទូលកោះហៅផែនដីទាំងមូល។ ផ្ទៃមេឃប្រកាសសេចក្ដីសុចរិតរបស់ព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២១,៥-១១
អ្នកខ្លះកំពុងនិយាយសរសើរលំអរបស់ព្រះវិហារ ដែលតាក់តែងឡើងដោយថ្មយ៉ាងល្អប្រណីត និងមានតាំងវត្ថុផ្សេងៗដែលគេយកមកថ្វាយព្រះជាម្ចាស់។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «នៅពេលខាងមុខ អ្វីៗដែលអ្នករាល់គ្នាឃើញនៅពេលនេះ នឹងត្រូវរលំបាក់បែកអស់ជាមិនខាន លែងមានថ្មត្រួតពីលើថ្មទៀតហើយ»។ គេទូលសួរព្រះអង្គថា៖ «ព្រះគ្រូអើយ! ហេតុការណ៍ទាំងនោះនឹងកើតមាននៅពេលណា? តើមានទីសម្គាល់អ្វីឱ្យយើងដឹងថា ព្រឹត្តិការណ៍ទាំងនោះជិតមកដល់?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាបញ្ឆោតអ្នករាល់គ្នាឱ្យវង្វេងឡើយ ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកប្រើ ដោយពោលថា “ខ្ញុំនេះហើយជាព្រះគ្រីស្ដ” ឬថា “ពេលកំណត់មកដល់ហើយ” កុំតាមអ្នកទាំងនោះឱ្យសោះ។ កាលណាអ្នករាល់គ្នាឮគេនិយាយអំពីសង្គ្រាម ឬអំពីការបះបោរ មិនត្រូវភ័យតក់ស្លុតឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើងជាមុន ប៉ុន្តែ មិនទាន់ដល់អវសានកាលនៃពិភពលោកភ្លាមៗទេ»។ ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖ «ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត នឹងមានរញ្ជួយផែនដីជាខ្លាំងនៅតាមតំបន់ផ្សេងៗ ហើយនឹងមានកើតទុរ្ភិក្ស ជំងឺរាតត្បាត ព្រមទាំងមានអព្ភូតហេតុផ្សេងៗបណ្ដាលឱ្យភ័យតក់ស្លុត និងមានទីសម្គាល់យ៉ាងធំនៅលើមេឃផង។
476 Views
Post Views:
481