អត្ថបទព្រះគម្ពីរ
ថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣៤ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

ឬសន្តក្លេម៉ង់ទី១ ជាសម្តេចប៉ាប
និងជាមរណសាក្សី
ឬសន្តកូឡូមបង់ ជាចៅអធិការ

លោកក្លេម៉ង់ជាអភិបាលព្រះសហគមន៍ក្រុងរ៉ូម ប្រហែលនៅ គ.ស.៩៥ តពីលោកលីណូ ដែលបន្តមុខតំណែងពីគ្រីស្តទូតសិលាមក។ លោកសរសេរលិខិតមួយច្បាប់ ផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស។ លិខិតនេះបង្ហាញបញ្ជាក់បន្ទុក និងអំណាចរបស់អភិបាលព្រះសហគមន៍ក្រុងរ៉ូម តាំងពីសម័យដើម ក្នុងការបង្រួបបង្រួមគ្រីស្តបរិស័ទគ្រប់ព្រះសហគមន៍ ឱ្យរួបរួមគ្នាជាធ្លុងតែមួយ ដោយសេចក្តីស្រឡាញ់ និងដោយមានជំនឿតែមួយដដែល។

លោកកូឡុមបង់ (ប្រ.៥៣០-៦១៥) បួសជាសង្ឈកាតូលិកជាតិអៀរឡង់។ ដោយលោកស្រឡាញ់ព្រះគ្រីស្តជាខ្លាំង លោកចេញពីអារាមទៅប្រកាសដំណឹងល្អរបស់ព្រះអង្គនៅខាងជើងស្រុកបារាំង។ លោកបង្កើតអារាម ហើយចែងវិន័យដ៏តឹងរឹងសម្រាប់អនុវត្តក្នុងអារាមនេះ។ អ្នកដឹកនាំស្រុកមិនពេញចិត្តនឹងលោក ព្រោះលោកតែងតែស្តីបន្ទោសកិរិយាមារយាទរបស់គេ ដូច្នេះលោកចេញទៅស្រុកអ៊ីតាលី ហើយសុគតនៅស្រុកនោះ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីដានីអែល ដន ២,៣១-៤៥

លោកដានីអែល កាត់សុបិននិមិត្តព្រះបាទណាប៊ូកានេសារដូចតទៅ៖“បពិត្រព្រះ​រាជា! ក្នុងសុបិននិមិត្ត ទ្រង់ឃើញរូបបដិមាករមួយ ដែលមានទំហំយ៉ាងធំពន់ពេកក្រៃ​ ហើយថ្កុំថ្កើងរុងរឿងអស្ចារ្យណាស់។ រូបនោះឈរនៅមុខព្រះករុណ និងមានសភាព​គួរឱ្យស្ញែងខ្លាច។ ក្បាលរបស់រូបនោះធ្វើពីមាសសុទ្ធ ទ្រូង និងដៃធ្វើពីប្រាក់ ពោះ និង​ភ្លៅធ្វើពីលង្ហិន ជើងទាំងពីរធ្វើពីដែក ហើយប្រអប់ជើងទាំងពីរមានមួយផ្នែកធ្វើពីដែក​ និងមួយផ្នែកទៀតធ្វើពីដីឥដ្ឋ។ ពេលព្រះករុណាកំពុងតែទតមើលនោះ ស្រាប់តែមានថ្ម​មួយដុំធ្លាក់ចុះមកដោយឯកឯង ហើយទង្គិចនឹងប្រអប់ជើងដែលធ្វើពីដែក និងដីឥដ្ឋ ធ្វើឱ្យប្រអប់ជើងរបស់រូបបដិមាករបាក់បែកខ្ទីចខ្ទីអស់។ ពេលនោះ ដែក ដីឥដ្ឋ លង្ហិន ប្រាក់ និងមាស ក៏បាក់បែកខ្ទេចខ្ទី ក្លាយទៅជាធូលី ដែលត្រូខ្យល់ផាត់បាត់ទៅ ដូចសម្ដី​​នៅក្នុងលានបោកបែនស្រូវដែរ គឺឥតទុកស្នាមអ្វីសោះឡើយ។ រីឯដុំថ្មដែលទង្គិចនឹង​រូបបដិមាករនោះ បានក្លាយទៅជាភ្នំមួយយ៉ាងធំពេញផែនដីទាំងមូល។ នេះហើយព្រះ​សុបិនរបស់ព្រះករុណា ដែលយើងខ្ញុំសូមកាត់ស្រាយថ្វាយដូចតទៅ៖”បពិត្រព្រះរាជា​ទ្រង់ជាព្រះមហាក្សត្រលើព្រះមហាក្សត្រនានា ដ្បិតព្រះជាម្ចាស់នៃស្ថានបរមសុខបាន​ប្រទានរាជ្យសម្បត្តិ ប្ញទ្ធានុភាព ចេស្ដា និងសិរីរុងរឿងមកព្រះករុណា។ ព្រះអង្គបាន​ប្រទានមនុស្សលោក សត្វព្រៃ និងបក្សាបក្សី ដែលហើរនៅលើមេឃ មកក្នុងព្រះហស្ដ​របស់ព្រះករុណា ឱ្យព្រះករុណាគ្រប់គ្រងលើទាំងអស់ ទោះបីនៅទីណាក៏ដោយ។​ ព្រះ​ករុណានេះហើយ ជាក្បាលរូបបដិមាករធ្វើពីមាស។ បន្ទាប់ពីព្រះករុណា នឹងមានរាជា​ណាចក្រមួយទៀតកើតឡើង តែខ្សោយជាងរាជាណាចក្ររបស់ព្រះករុណា ហើយ​ក្រោយមក មានរាជាណាចក្រទីបី គឺលង្ហិន គ្រប់គ្រងលើពិភពលោកទាំងមូល។ លុះ​​ ក្រោយមកទៀត មានរាជាណាចក្រទីបួនរឹងមាំដូចដែក។ ដែកកម្ទេច ហើយបំបាក់អ្វីៗ​ទាំងអស់យ៉ាងណា រាជាណាចក្រនោះនឹងកម្ទេច ហើយបំបែកអ្វីៗទាំងអស់យ៉ាងនោះ​ដែរ។ ព្រះករុណាបានទតឃើញប្រអប់ជើង និងម្រាមជើង ដែលមួយផ្នែកធ្វើអំពីដីឥដ្ឋរបស់ជាងស្មូន និងមួយផ្នែកទៀតធ្វើអំពីដែក គឺសំដៅទៅលើរាជាណាចក្រនោះ ដែល​នឹងត្រូវបែងចែកជាពីរ ប៉ុន្ដែ រាជាណាចក្រនោះមានមួយផ្នែករឹងមាំដូចដែក ដ្បិតព្រះ​ករុណាបានឃើញដែកជាប់ជាមួយដីឥដ្ឋ។ ម្រាមជើងរបស់រូបបដិមាករ មានមួយផ្នែក​ធ្វើពីដែក និងមួយផ្នែកទៀតធ្វើពីដីឥដ្ឋ បានសេចក្ដីថា រាជាណាចក្រនោះនឹងមានប្ញទ្ធិ​អំណាចមួយផ្នែក ហើយក៏ខ្សោយមួយផ្នែកដែរ។ ព្រះករុណាទតឃើញដែកជាប់ជាមួយដីឥដ្ឋ ព្រោះរាជាណាចក្រនោះតភ្ជាប់គ្នា ដោយសារចំណង់សម្ពន្ធមេត្រីរបស់មនុស្ស តែគេមិនរលាយចូលគ្នាទេ គឺដូចដែកនិងដីឥដ្ឋពុំអាចរលាយចូលគ្នាបានឡើយ។
ក្នុងរជ្ជកាលរបស់ស្ដេចទាំងនោះ ព្រះជាម្ចាស់នៃស្ថានបរមសុខនឹងធ្វើឱ្យរាជាណាចក្រមួយទៀតកើតឡើង ដែលមិនរលាយ ហើយក៏មិនធ្លាក់ទៅក្រោមអំណាចគ្រប់គ្រង​របស់ប្រជាជាតិណាមួយឡើយ។ រាជាណាចក្រមួយនេះ នឹងកម្ទេចរាជាណាចក្រ​ឯទៀតៗទាំងប៉ុន្មាន ដែលមានពីមុនឱ្យវិនាសសូន្យ ហើយរាជាណាចក្រនេះនឹងនៅស្ថិត​ស្ថេររហូតតទៅ ដូចព្រះករុណាបានឃើញថ្ម ធ្លាក់ចុះពីលើភ្នំដោយឯកឯង កម្ទេចដែក លង្ហិន ដីឥដ្ឋ និងមាសដែរ។ ព្រះជាម្ចាស់ដ៏ឧត្តម បានបង្ហាញឱ្យព្រះករុណាជ្រាបអំពី​ហេតុការណ៍ ដែលនឹងកើតមាននៅពេលខាងមុខ។ សុបិនរបស់ព្រះករុណាជាការពិត​និងមានអត្ថន័យគួរឱ្យជឿទុកចិត្ត»។

ទំនុកតម្កើងរបស់ព្យាការីដានីអែល ៣, ៥៧-៦១ បទកាកគតិ

៥៧.គ្រប់ស្នាព្រះហស្ដព្រះម្ចាស់ទាំងអស់នៅមិនរបូត
ជារៀងដរាបសូមនាំគ្នាស្មូត្រតម្កើងរហូត
អស់កល្បអន្លាយ ។
៥៨.ឱផ្ទៃមេឃអើយកុំនៅកន្ដើយហាក់ដូចជិនណាយ
ស្មូត្របទតម្កើងដោយចិត្តសប្បាយអស់កល្បអន្លាយ
តទៅកុំឈប់ ។
៥៩.សូមឱ្យទេវទូតតម្កើងរហូតទាំងថ្ងៃទាំងយប់
ព្រះម្ចាស់ថ្កុំថ្កើងអស់កល្បអស់កប្បតម្កើងកុំឈប់
តទៅរាល់ថ្ងៃ ។
៦០.ចូរទឹកទាំងឡាយអបអរសប្បាយលើនភាល័យ
នាំគ្នាសរសើរតម្កើងម្ចាស់ថ្លៃកុំបង្អង់អី
អស់កល្បអង្វែង ។
៦១.ហ្វូងតារារះនៃព្រះអម្ចាស់នាំគ្នាសម្ដែង
តម្កើងព្រះអង្គសរសើរស្ញប់ស្ញែងគ្រប់ទីកន្លែង
តទៅឥតដាច់ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៥០,១-៦

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះបន្ទូលកោះហៅផែនដីទាំងមូល។ ផ្ទៃមេឃប្រកាសសេចក្ដីសុចរិតរបស់ព្រះអង្គ។អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដលូកា លក ២១,៥-១១

នៅពេលនោះ សាវ័កខ្លះនិយាយសរសើរលំអររបស់ព្រះវិហារ ដែលតាក់តែងឡើង​ដោថ្មយ៉ាងល្អប្រណីត និងមានតាំងវត្ថុផ្សេងៗ ដែលគេយកមកថ្វាយព្រះជាម្ចាស់។ ព្រះយេស៊ូមានព្រះបន្ទូលថា៖«នៅពេលខាងមុខ អ្វីៗដែលអ្នករាល់គ្នាឃើញនៅពេលនេះនឹងត្រូវរលំបាកបែកអស់ជាមិនខាន លែងមានថ្មត្រួតពីលើថ្មទៀតហើយ»។

គេទូលសួរព្រះអង្គថា៖«ព្រះគ្រូអើយ! ហេតុការណ៍ទាំងនោះនឹងកើតមាននៅពេល​ណា? តើមានទីសម្គាល់អ្វីឱ្យយើងដឹងថា ព្រឹត្តិការណ៍ទាំងនោះនឹងជិតមកដល់?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖«ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាបញ្ឆោតអ្នក​រាល់គ្នាឱ្យវង្វេងឡើយ ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកប្រើដោយពោលថា​ “ខ្ញុំនេះហើយជាព្រះគ្រីស្ដ” ឬថា៖“ ពេលកំណត់មកដល់ហើយ” កុំតាមអ្នកទាំងនោះ​ឱ្យសោះ។ កាលណាអ្នករាល់គ្នាឮគេនិយាយអំពីសង្គ្រោម ឬអំពីការបះបោរ មិនត្រូវភ័យ​តក់ស្លុតឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើងជាមុន ប៉ុន្ដែ នៅមិនទាន់ដល់អវសានកាលនៃពិភពលោកភ្លាមៗទេ»។ ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖​“ ប្រជាជាតិមួយនឹងធ្វើសង្គ្រោមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹង​ប្រទេសមួយទៀត នឹងមានរញ្ជួយផែនដីជាខ្លាំង នៅតាមតំបន់ផ្សេងៗ ហើយនឹងមានកើតទុរ្ភិក្ស ជំងឺរាតត្បាត ព្រមទាំងមានអព្ភូតហេតុផ្សេងៗបណ្ដាលឱ្យភ័យតក់ស្លុត និងមានទីសម្គាល់យ៉ាងធំនៅលើមេឃផង”។

209 Views

Theme: Overlay by Kaira