អត្ថបទព្រះគម្ពីរ
ថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣២ រដូវធម្មតា
ពណ៌ស
បុណ្យគោរព
បុណ្យរំឭកថ្ងៃឆ្លងព្រះវិហារ
បាស៊ីលីកា ឡាតេរ៉ង់
នៅគ.ស ៣២០ ព្រះចៅអធិរាជរ៉ូម៉ាំងព្រះនាម កុងស្តង់តាំង សាងព្រះវិហារមួយនៅភ្នំតូចហៅថា “ភ្នំឡាតេរ៉ង់” ដែលនៅក្រុងរ៉ូម លោកអភិបាលព្រះសហគមន៍ក្រុងនោះឈ្មោះស៊ីលវ៉េស្ត្រ។ បន្ទាប់មកអភិបាលព្រះសហគមន៍ក្រុងរ៉ូមទាំងប៉ុន្មានដែលបន្តមុខតំណែងរៀងមក បានស្នាក់នៅក្នុងវិមាននោះ។ គ្រីស្តបរិស័ទតែងរាប់ព្រះវិហារនេះទុកថា “ព្រះវិហារទី ១” ក្នុងចំណោមព្រះវិហារទាំងឡាយ។ អស់លោកអភិបាល ព្រះសហគមន៍ក្នុងសកលលោកបានជួបជុំគ្នាជាមហាសន្និបាតសកលក្នុងព្រះវិហារនេះអស់ប្រាំដង។
អត្ថបទទី១
សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល អគ ៤៧,១-២.៨-៩.១២
នៅពេលយប់សុបិន្តនិមិត្ត ខ្ញុំឃើញបុរសម្នាក់នាំខ្ញុំឆ្ពោះទៅកាន់ទ្វារព្រះដំណាក់។ នៅទីនោះខ្ញុំឃើញទឹកផុតចេញពីក្រោមមាត់ទ្វារហូរទៅទិសខាងកើត ព្រោះព្រះដំណាក់បែរមុខទៅខាងកើង។ ទឹកហូរចុះទៅខាងស្តាំព្រះដំណាក់ កាត់តាមខាងត្បូងអាសនៈ។ បុរសនោះនាំខ្ញុំចេញពីទីលានតាមខ្លោងទ្វារខាងជើង ហើយនាំខ្ញុំដើរវាងព្រះដំណាក់រហូតដល់ខាងក្រៅទ្វារខាងកើត។ នៅទីនោះ ទឹកក៏ហូរចេញពីខាងស្តាំមកដែរ។ លោកប្រាប់ខ្ញុំថា៖ “ទឹកនេះហូរទៅស្រុកខាងកើតចុះទៅដល់តំបន់ទន្លេយ័រដាន់ រួចហូរចាក់ទៅសមុទ្រ ធ្វើឱ្យទឹកសមុទ្រប្រែជាទឹកសាប។ ស្ទឹកនេះហូរកាត់កន្លែងណា កន្លែងនោះមានសត្វគ្រប់ប្រភេទរស់នៅរវើករវ័ណ្ឌ ហើយមានត្រីដ៏ច្រើនឥតគណនា ដ្បិតទឹកនេះហូរចូលសមុទ្រធ្វើឱ្យទឹកសមុទ្រនោះប្រែទៅជាទឹកសាប។ ទឹកនេះ ហូរទៅកន្លែងណា ជិវិតនឹងកើតមាននៅកន្លែងនោះ។ នៅតាមមាត់ស្ទឹងទាំងសងខាង មានដើមឈើស៊ីផ្លែ គ្រប់មុខដុះស្លឹក វាមិនចេះស្រពោនឡើយ ហើយផ្លែក៏មិនចេះអស់ដែរ។ ជារៀងរាល់ខែដើមឈើទាំងនោះផ្តល់ផ្លែថ្មីមិនដាច់ ដ្បិតវាទទួលទឹកដែលហូរចេញពីទីសក្ការៈមក។ គេបេះផ្លែឈើនេះធ្វើជាអាហារ ហើយយកស្លឹកវាធ្វើជាថ្នាំសង្កូវសម្រាប់កែរោគផង”។
ឬសូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ករ ៣,៩-១១.១៦-១៧
បងប្អូនជាទីស្រឡាញ់!
បងប្អូនជាសំណង់ដែលព្រះជាម្ចាស់កំពុងសង់។ ខ្ញុំបានចាក់គ្រឹះដូចជាមេជាងម្នាក់ដ៏ជំនាញ តាមព្រះអំណោយទានដែលព្រះជាម្ចាស់ប្រោសប្រទានឱ្យខ្ញុំ បើមានអ្នកផ្សេងទៀតបានសង់ពីលើ។ ប៉ុន្តែ ម្នាក់ៗត្រូវប្រយ័ត្នអំពីរបៀបដែលខ្លួនសង់ពីលើនោះ ដ្បិតគ្មាននណាអាចចាក់គ្រឹះមួយផ្សេង ក្រៅពីគ្រឹះដែលបានចាក់រួចមកហើយនោះទេ ពោលគឺព្រះយេស៊ូគ្រីស្ដ។ បងប្អូនជ្រាបច្បាស់ថា បងប្អូនរួមគ្នាធ្វើជាព្រះវិហាររបស់ព្រះជាម្ចាស់ ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ សណ្ឋិតនៅក្នុងបងប្អូន!។ បើនរណាម្នាក់កំទេចព្រះវិហាររបស់ព្រះជាម្ចាស់ ព្រះអង្គនឹងកំទេចអ្នកនោះវិញ ដ្បិតព្រះវិហាររបស់ព្រះជាម្ចាស់ ជាព្រះវិហារដ៏វិសុទ្ធ គឺបងប្អូនហ្នឹងហើយជាព្រះវិហារនោះ។
ទំនុកតម្កើងលេខ ៤៦, ២-៣.៥-៦.៨-១០ បទពាក្យ ៧
២. | ព្រះអម្ចាស់ជាទីជម្រក | ឱ្យយើងចូលជ្រករាល់ខែឆ្នាំ |
ព្រះអង្គតែងតែប្រុងប្រៀបចាំ | មិនមើលបំណាំពេលអាសន្ន ។ | |
៣. | ទោះបីផែនដីប្រះរញ្ជួយ | ភ្នំប្រែរលួយដោយទាន់ហន់ |
ទោះធ្លាក់សមុទ្រជ្រៅរាប់ពាន់ | ជាច្រើនរយជាន់ខ្ញុំមិនភ័យ ។ | |
៥. | មានទន្លេមួយនាំអំណរ | សិរីបវរស្រោចបាចសាច |
បុរីព្រះម្ចាស់មានអំណាច | វិសុទ្ធក្រៃពេកព្រះដំណាក់ ។ | |
៦. | ព្រះម្ចាស់មានអំណាច | បានក្តីសុខាមិនអន់អាក់ |
ព្រោះទ្រង់សង្គ្រោះមិនថ្នាំងថ្នាក់ | តាំងពីថ្ងៃរះព្រឹកព្រលឹម ។ | |
៨. | ព្រះជាអម្ចាស់នៃពិភព | ទ្រង់គង់ប្រសព្វមិនឃ្លាតឆ្ងាយ |
ព្រះលោកយ៉ាកុបមិនទន់ជ្រាយ | កំពែងមាំក្រៃនៃយើងខ្ញុំ ។ | |
៩. | ចូរនាំគ្នាមើលស្នាព្រះហស្ត | របស់ព្រះម្ចាស់ដ៏ឧត្តម |
កិច្ចការអស្ចារ្យទាំងតូចធំ | ដែលទ្រង់ខិតខំលើផែនដី ។ | |
១០ | ទ្រង់បានប្រមូលធ្នូលំពែង | ខែលដាវខ្លីវែងគ្មានសល់អ្វី |
រទេះគ្រឿងក្រោះបោះទៅដី | ដុតខ្ទេចគ្មានស្តាយមិនស្រណោះ ។ |
អត្ថបទទី២
សូមថ្លែងលិខិតទី១ របស់សន្ដយ៉ូហាន យហ ៣,១-៣
បងប្អូនជាទីស្រឡាញ់!
សូមគិតមើល៍ ព្រះបិតាមានព្រះហឫទ័យស្រឡាញ់យើងខ្លាំងដល់កម្រិតណា គឺព្រះអង្គស្រឡាញ់យើង រហូតដល់ទៅហៅយើងថា ជាបុត្រធីតារបស់ព្រះអង្គ ហើយយើងពិតជាបុត្រធីតារបស់ព្រះអង្គមែន! ហេតុនេះហើយបានជាមនុស្សលោកមិនស្គាល់យើង មកពីគេមិនបានស្គាល់ព្រះអង្គ។ កូនចៅជាទីស្រឡាញ់អើយ! ពេលនេះ យើងទាំងអស់គ្នាជាបុត្រធីតារបស់ព្រះជាម្ចាស់ ហើយដែលយើងនឹងទៅជាយ៉ាងណាៗនោះ ព្រះអង្គពុំទាន់សម្ដែងឱ្យយើងដឹងនៅឡើយទេ។ ប៉ុន្តែ នៅពេលព្រះគ្រីស្តយាងមកដល់ យើងនឹងបានដូចព្រះអង្គដែរ ដ្បិតព្រះអង្គមានភាពយ៉ាងណា យើងនឹងឃើញព្រះអង្គយ៉ាងនោះ។ អ្នកណាមានសេចក្ដីសង្ឃឹមលើព្រះអង្គបែបនេះ អ្នកនោះបានជម្រះខ្លួនឱ្យបរិសុទ្ធដូចព្រះអង្គបរិសុទ្ធដែរ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២របា ៧,១៦
អលេលូយ៉ា! អាលេលូយ៉ា!
ព្រះម្ចាស់មានព្រះបន្ទូលថា៖ «យើងបានជ្រើសរើសដំណាក់នេះ ហើយញែ៉កផ្ទះនេះឱ្យបានវិសុទ្ធ។
យើងនឹងស្នាក់នៅដំណាក់នេះរហូតតរៀងទៅ»។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ២,១៣-២២
បុណ្យចម្លងរបស់ជនជាតិយូដាជិតមកដល់ហើយ ព្រះយេស៊ូក៏យាងឡើងទៅក្រុងយេរូសាឡឹម។ នៅក្នុងបរិវេណព្រះវិហារ ព្រះអង្គឃើញអ្នកលក់គោ លក់ចៀម លក់ព្រាប និងអ្នកអង្គុយដូរប្រាក់។ ព្រះអង្គយកខ្សែធ្វើរំពាត់ដេញអ្នកទាំងនោះ ព្រមទាំងចៀម និងគោរបស់គេចេញពីបរិវេណព្រះវិហារ ព្រះអង្គបាចប្រាក់អ្នកដូរប្រាក់ចោល ហើយផ្កាប់តុរបស់គេផង។ ព្រះអង្គមានព្រះបន្ទូលទៅអ្នកលក់ព្រាបថា៖ «ចូរយករបស់ទាំងអស់នេះចេញទៅ កុំយកដំណាក់ព្រះបិតាខ្ញុំ ធ្វើជាកន្លែងលក់ដូរដូច្នេះឡើយ»។ ពួកសាវ័កនឹកឃើញសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា៖«មកពីទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គបានជាគេប្រហារជីវិតទូលបង្គំ»។
ពេលនោះ ជនជាតិយូដាទូលសួរព្រះអង្គថា៖ «តើលោកមានទីសម្គាល់អ្វីបង្ហាញឱ្យយើងដឹងថា លោកមានសិទ្ធិធ្វើការទាំងនេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ចូររុះព្រះវិហារនេះចោលទៅ ខ្ញុំនឹងសង់ឡើងវិញក្នុងរវាងបីថ្ងៃ»។ ជនជាតិយូដាតបថា៖ «គេបានចំណាយពេលសែសិបប្រាំមួយឆ្នាំ ដើម្បីសង់ព្រះវិហារនេះ រីឯលោក លោកនឹងសង់ឡើងវិញក្នុងរវាងតែបីថ្ងៃប៉ុណ្ណោះឬ?»។ តាមពិត ព្រះយេស៊ូមានព្រះបន្ទូលសំដៅទៅលើព្រះវិហារ ដែលជារូបកាយរបស់ព្រះអង្គវិញឯណោះទេ។ ពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ ពួកសាវ័កនឹកឃើញថា ព្រះអង្គមានព្រះបន្ទូលដូច្នេះ គេក៏ជឿព្រះគម្ពីរ ព្រមទាំងជឿព្រះបន្ទូលរបស់ព្រះយេស៊ូដែរ។