ថ្ងៃអង្គារ អាទិត្យទី៣២
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃង

ថ្ងៃអង្គារ ទី១១ ខែវិច្ឆិការ ឆ្នាំ២០២៥

សន្តម៉ាតាំង ជាអភិបាលនៅក្រុងទួរ

លោកម៉ាតាំង (ប្រ.៣១៧-៣៩៧) កើតនៅស្រុកហុងគ្រី។ កាលអាយុ ១៦ លោកធ្វើទាហាន។ ពេលនោះ គាត់នៅតែទទួលការអប់រំខាងជំនឿនៅឡើយ។ ដោយឃើញអ្នកក្រីក្រម្នាក់គ្មានអ្វីស្លៀក គាត់យកដាវកាត់អាវធំរបស់ខ្លួនចែកឱ្យគេ។ កាលលោកអាយុម្ភៃពីរឆ្នាំ គាត់ទទួលអគ្គសញ្ញាជ្រមុជទឹក ហើយលែងបម្រើកងទ័ព និងចាប់ផ្តើមរៀនទេវវិទ្យាពីសន្ត ហ៊ីឡែរ នៅក្រុងប៉ុយទីយេ។ លោកបង្កើតអារាមនៅលីគូសេ (ប្រទេសបារាំង) ហើយខិតខំនាំដំណឹងល្អរបស់ព្រះយេស៊ូដល់អ្នកស្រុកនោះ។ ពេលលោកហៀបនឹងទទួលមរណភាព លោកអង្វរព្រះជាម្ចាស់ថា៖ “បពិត្រព្រះអម្ចាស់ ប្រសិនបើប្រជារាស្ត្រព្រះអង្គត្រូវការខ្ញុំទៀត ខ្ញុំមិនបដិសេធនឹងធ្វើការទេ! សូមឱ្យបានសម្រេចតាមព្រះហឫទ័យព្រះអង្គ”។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញាណ ប្រាញ ២,២៣-៣.៩

ព្រះ‌ជាម្ចាស់​បង្កើត​មនុស្ស​លោក​មក ដើម្បី​ឱ្យ​មាន​ជីវិត​មិន​ចេះ​សាប​សូន្យ គឺ​ព្រះ‌អង្គ​បង្កើត​មនុស្ស​ឱ្យ​មាន​លក្ខណៈ​ដូច​ព្រះ‌អង្គ​ផ្ទាល់។សេចក្តី​ស្លាប់​ចូល​មក​ក្នុង​ពិភព‌លោក ព្រោះ​តែ​ការ​ច្រណែន​ឈ្នា​នីស​របស់​មារ ហើយ​អស់​អ្នក​ដែល​ចូល​រួម​ជា​មួយ​មារ មុខ​ជា​ត្រូវ​ស្លាប់​ពុំ​ខាន។ មនុស្ស​សុចរិត​ស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌ជាម្ចាស់ គេ​នឹង​មិន​ជួប​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ អ្នក​ឆោត​ល្ងង់​ស្មាន​ថា មនុស្ស​សុចរិត​បាត់​បង់​ជីវិត ហើយ​យល់​ថា ​ការ​លា​ចាក​លោក​នេះ ជា​មហន្ត‌រាយ​របស់​មនុស្ស​សុចរិត។ គេ​ស្មាន​ទៀត​ថា ពេល​ឃ្លាត​ឆ្ងាយ​ពី​លោក​យើង​នេះ មនុស្ស​សុចរិត​វិនាស​សាប​សូន្យ។ ប៉ុន្តែ តាម​ពិត​មនុស្ស​សុចរិត​ស្ថិត​នៅ​ក្នុង​សេចក្តី​សុខ​សាន្ត។ តាម​ការ​យល់​ឃើញ​របស់​មនុស្ស​ធម្មតា អ្នក​សុចរិត​ទាំង​នោះ​បាន​រង​ទុក្ខ​ទោស​មែន តែ​ពួក​គេ​មាន​សង្ឃឹម​យ៉ាង​មោះ​មុត​ថា នឹង​ទទួល​ជីវិត​អមតៈ។ព្រះ‌ជាម្ចាស់​វាយ​ប្រដៅ​ពួក​គេ​តែ​បន្តិច​ទេ តែ​ពួក​គេ​នឹង​ទទួល​សុភមង្គល​ដ៏​បរិបូណ៌។ ព្រះ‌ជាម្ចាស់​ល្បង​ល​ពួក​គេ ហើយ​ឈ្វេង​យល់​ថា​ពួក​គេ​ពិត​ជា​សម​នៅ​ជា​មួយ​ព្រះ‌អង្គ។ ព្រះ‌អង្គ​បន្សុទ្ធ​ពួក​គេ​ដូច​ជាង​បន្សុទ្ធ​មាស​ក្នុង​ឡ ព្រះ‌អង្គ​ទទួល​ពួក​គេ ដូច​ទទួល​តង្វាយ​ដុត​ទាំង​មូល។ លុះ​ដល់​ពេល​កំណត់ដែល​ព្រះ‌អង្គ​យាង​មក​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ពួក​គេ​នឹង​ភ្លឺ​ដូច​អណ្តាត​ភ្លើង​ឆាប​ឆេះ​ជញ្រ្ជាំង។ ពួក​គេ​នឹង​វិនិច្ឆ័យ​ទោស​ប្រជា‌ជាតិ​នានា ហើយ​គ្រប់​គ្រង​លើ​ជាតិ​សាសន៍​ជា​ច្រើន។ ព្រះ‌អម្ចាស់​នឹង​គ្រង​រាជ្យ​លើ​ពួក​គេ​អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ព្រះ‌អម្ចាស់​នឹង​យល់​ថា គម្រោង‌ការ​របស់​ព្រះ‌អង្គ​ពិត​ជា​ត្រឹម​ត្រូវ ហើយ​អស់​អ្នក​ដែល​ជឿ​ព្រះ‌អង្គ​នឹង​រួម​រស់​ជា​មួយ​ព្រះ‌អង្គ​ក្នុង​សេចក្តី​ស្រឡាញ់។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ​ប្រណី​សន្តោស និង​មេត្តា​ករុណា ចំពោះ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស។

ទំនុកតម្កើងលេខ ៣៤(៣៣),២-៣.១៦-១៩ បទកាកគតិ

ខ្ញុំអរព្រះគុណអម្ចាស់ពេកពន់គ្រប់ពេលវេលា
សូមលើកតម្កើងព្រះអង្គគ្រប់គ្រាឥតមានរួញរា
ឈប់ឈរសោះឡើយ
ខ្ញុំខ្ពស់មុខព្រោះព្រះម្ចាស់សង្គ្រោះខ្ញុំមិនកន្តើយ
ចូរអ្នកទន់ទាបស្តាប់កុំព្រងើយនឹងបានធូរស្បើយ
អំណរខ្លាំងក្លា
១៦ព្រះម្ចាស់តែងតែរំពៃមើលថែអស់មនុស្សសុចរិត
ទ្រង់យកព្រះទ័យទុកដាក់ពិតៗថែទាំនៅជិត
រាល់ទិនទិវា
១៧ព្រះជាអម្ចាស់តែងតែប្រកាសប្រឆាំងគ្រប់គ្រា
នឹងមនុស្សអាក្រក់ទុច្ចរិតពាលាកុំមាននរណា
នឹកនាដល់ឡើយ
១៨ពេលអ្នកទៀងត្រង់ស្រែករកព្រះអង្គទ្រង់មិនកន្តើយ
ព្រះអង្គសណ្តាប់ពាក្យគេរួចហើយរំដោះគេឱ្យ
ផុតគ្រោះទាំងឡាយ
១៩ព្រះម្ចាស់គង់ស្ថិតក្បែរអ្នកគ្រាំចិត្តមានទុក្ខខ្វល់ខ្វាយ
ព្រះអង្គសង្គ្រោះអស់អ្នកទាំងឡាយបានសុខសប្បាយ
ផុតទុក្ខរីងរៃ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១២៨,១

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកដែលកោតខ្លាចព្រះជាម្ចាស់ និងដើរតាមមាគ៌ារបស់ព្រះអង្គ ពិតជាមានសុភមង្គលមែន ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៧,៧-១០

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា ឧបមា​ថា នរណា​ម្នាក់​មាន​អ្នក​បម្រើ​ទៅ​ភ្ជួរ​ស្រែ ឬ​ឃ្វាល​ហ្វូង​សត្វ។ ពេល​អ្នក​បម្រើ​នោះ​វិល​ត្រឡប់​មក​ពី​ស្រែ​វិញ ម្ចាស់​មិន​ដែល​និយាយ​ថា “សូម​អញ្ជើញ​មក​ពិសា​បាយ” ទេ។ ផ្ទុយ​ទៅ​វិញ ម្ចាស់​តែង‌តែ​និយាយ​ទៅ​កាន់​អ្នក​បម្រើ​ថា “ចូរ​រៀប‌ចំ​បាយ​ទឹក​ឲ្យ​ខ្ញុំ រួច​ទៅ​ផ្លាស់​ខោ‌អាវ​មក​បម្រើ​ខ្ញុំ ពេល​ខ្ញុំ​បរិភោគ ចាំ​ខ្ញុំ​បរិភោគ​រួច សឹម​អ្នក​បរិភោគ​តាម​ក្រោយ”។ ម្ចាស់​មិន​ដែល​អរ‌គុណ​អ្នក​បម្រើដែល​បាន​ធ្វើ​តាម​បង្គាប់​ខ្លួន​នោះ​ឡើយ។ រីឯ​អ្នក​រាល់​គ្នា​វិញ​ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​បាន​បំពេញ​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌ជាម្ចាស់​សព្វ​គ្រប់​ហើយ ចូរ​ពោល​ថា “យើង​ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​បម្រើ​ធម្មតា​ប៉ុណ្ណោះ គឺ​យើង​ខ្ញុំ​បាន​បំពេញ​កិច្ច‌ការ​ដែល​យើង​ខ្ញុំ​ត្រូវ​ធ្វើ”»។

324 Views

Theme: Overlay by Kaira