ថ្ងៃអង្គារ អាទិត្យទី៣១
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃអង្គារ ទី០៤ ខែវិច្ឆិការ ឆ្នាំ២០២៥
កាលលោកក័រឡូ (១៥៣៨-១៥៨៤) អាយុម្ភៃពីរឆ្នាំ សម្តេចប៉ាបពីយូទី ៤ ហៅលោកឱ្យធ្វើជាទីប្រឹក្សា។ លោកខ្នះខ្នែងបង្រួមអភិបាលព្រះសហគមន៍ទាំងឡាយ ដើម្បីបង្ហើយមហាសន្និបាតក្រុងត្រែនតូ (១៥៦៣)។ លោកទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងមីឡង់ (ប្រទេសអ៊ីតាលី) ហើយយកចិត្តទុកដាក់កែទម្រង់ព្រះសហគមន៍ជាច្រើននាក់យកតម្រាប់តាមលោក។ លោកក៏ប្រថុយជិវិតសុខចិត្តបម្រើអ្នកជំងឺ ដែរ។
អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ១២,៥-១៦
បងប្អូនជាទីស្រឡាញ់!
យើងមានគ្នាច្រើនរួមជាព្រះកាយតែមួយក្នុងអង្គព្រះគ្រីស្ដ ហើយម្នាក់ៗជាសរីរាង្គរបស់គ្នាទៅវិញទៅមក។ យើងមានព្រះអំណោយទានប្លែកៗពីគ្នា ស្របតាមព្រះហឫទ័យប្រណីសន្ដោសដែលព្រះជាម្ចាស់ប្រទានមកយើង។ ប្រសិនបើបងប្អូនណាទទួលព្រះអំណោយទានខាងថ្លែងព្រះបន្ទូល ត្រូវថ្លែងឱ្យស្របតាមជំនឿ អ្នកណាទទួលព្រះអំណោយទានខាងបម្រើ ចូរបម្រើទៅ អ្នកណាទទួលព្រះអំណោយទានខាងបង្រៀន ចូរបង្រៀនទៅ អ្នកដែលលើកទឹកចិត្តបងប្អូន ចូរលើកទឹកចិត្តគេទៅ អ្នកដែលចែកទ្រព្យរបស់ខ្លួន ចូរចែកដោយចិត្តស្មោះសរ អ្នកដែលដឹកនាំ ចូរដឹកនាំដោយចិត្តខ្នះខ្នែង អ្នកដែលចែកទានដល់ជនក្រីក្រ ចូរចែកឱ្យគេដោយចិត្តត្រេកអរ។ ចូរមានចិត្តស្រឡាញ់ ដោយឥតលាក់ពុតឡើយ។ ចូរស្អប់ខ្ពើមអ្វីៗដែលអាក្រក់ ហើយជាប់ចិត្តតែនឹងអ្វីៗដែលល្អវិញ។ ចូរស្រឡាញ់រាប់អានគ្នាទៅវិញទៅមកទុកដូចជាបងប្អូនបង្កើត។ ត្រូវលើកកិត្តិយសគ្នាទៅវិញទៅមកដោយចិត្តគោរព។ ត្រូវឧស្សាហ៍ខ្នះខ្នែង កុំខ្ជិលច្រអូសឡើយ។ ត្រូវបម្រើព្រះអម្ចាស់ដោយចិត្តក្លៀវក្លា។ ចូរសប្បាយរីករាយដោយចិត្តសង្ឃឹម។ ចូរកាន់ចិត្តអត់ធ្មត់ក្នុងពេលមានទុក្ខលំបាក។ ចូរព្យាយាមអធិស្ឋាន។ ត្រូវជួយទំនុកបម្រុងប្រជាជនដ៏វិសុទ្ធដែលខ្វះខាត ព្រមទាំងទទួលភ្ញៀវដោយរាក់ទាក់ផង។ ត្រូវជូនពរអស់អ្នកដែលបៀតបៀនបងប្អូន ត្រូវជូនពរគេ កុំដាក់បណ្ដាសាគេឡើយ។ ចូរអរសប្បាយជាមួយអស់អ្នកដែលអរសប្បាយ ចូរយំសោកជាមួយអស់អ្នកដែលយំសោក។ ត្រូវមានចិត្តគំនិតចុះសំរុងគ្នាទៅវិញទៅមក។ មិនត្រូវមានគំនិតលើកខ្លួនឡើយ តែត្រូវចាប់ចិត្តនឹងអ្វីៗដែលទន់ទាបវិញ។ មិនត្រូវអួតខ្លួនថាជាអ្នកមានប្រាជ្ញាឡើយ។
ទំនុកតម្កើងលេខ ១៣១(១៣០),១-៣ បទកាកគតិ
| ១ | បពិត្រព្រះម្ចាស់ | ខ្ញុំជាមនុស្ស | ដែលមិនអំនួត |
| មិនវាយប្ញកខ្ពស់ | មិនអាងមិនអួត | មិនចង់ប្រកួត |
| | អ្នកតូចអ្នកទាប | ។ |
| ខ្ញុំមិនលោភលន់ | ចង់បានទ្រព្យធន | គេជារៀងរាប |
| មិនចង់បានអ្វី | ដែលធំហួសប្រៀប | លើសសម្ថភាព |
| | របស់ខ្ញុំឡើយ | ។ |
| ២ | តែផ្ទុយទៅវិញ | ចិត្តខ្ញុំពោរពេញ | ស្ងៀមស្ងាត់ព្រងើយ |
| ដូចជាកូនក្មេង | ជាប់ទ្រូងម្ដាយហើយ | វាធ្វើកន្ដើយ |
| | នឹងអ្វីទាំងអស់ | ។ |
| ៣ | អ៊ីស្រាអែលអើយ | កុំបង្អង់ឡើយ | ទុកចិត្តលើព្រះ |
| តាំងពីឥឡូវ | តទៅឥតខ្ចោះ | រហូតដល់អស់ |
| | កប្បកល្បជានិច្ច | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ១៣,២៩
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ត្រាស់ហៅយើងជាមនុស្សមកពីទិសទាំងបួន ឱ្យចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យព្រះជាម្ចាស់ ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៤,១៥-២៤
ពេលនោះ ព្រះយេស៊ូកំពុងសោយព្រះស្ងោយនៅផ្ទះរបស់មេដឹកនាំខាងគណៈផារីស៊ីម្នាក់។ បុរសម្នាក់ដែលអង្គុយរួមតុជាមួយព្រះយេស៊ូបានឮព្រះបន្ទូល ហើយទូលព្រះអង្គថា៖ «អ្នកណាបានចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ អ្នកនោះប្រាកដជាមានសុភមង្គលហើយ! ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «មានបុរសម្នាក់រៀបពិធីជប់លៀងមួយយ៉ាងធំ ហើយលោកអញ្ជើញភ្ញៀវថា “ម្ហូបអាហារបានរៀបចំស្រេចហើយ សូមអញ្ជើញមក!”»។ ប៉ុន្ដែ ភ្ញៀវទាំងនោះដោះសាបន្ដបន្ទាប់គ្នា ម្នាក់និយាយទៅកាន់អ្នកបម្រើថា៖ «ខ្ញុំទើបនឹងទិញដីចម្ការមួយកន្លែង ខ្ញុំត្រូវចេញទៅមើលឥឡូវនេះ សូមមេត្តាអភ័យទោសឱ្យខ្ញុំផង»។ ម្នាក់និយាយថា៖ «ខ្ញុំទើបនឹងទិញគោប្រាំនឹម ខ្ញុំត្រូវតែទៅទឹមវាសាកមើល សូមមេត្តាអភ័យទោសឱ្យខ្ញុំផង»។ ម្នាក់ទៀតនិយាយថា៖ «ខ្ញុំទើបនឹងរៀបការប្រពន្ធ ខ្ញុំពុំអាចទៅចូលរួមក្នុងពិធីជប់លៀងបានឡើយ»។ អ្នកបម្រើវិលទៅជួបម្ចាស់របស់ខ្លួនវិញ ហើយជម្រាបលោកតាមដំណើររឿង។ ម្ចាស់ផ្ទះប្រាប់ទៅអ្នកបម្រើទៀតថា៖ «ចូរទៅតាមផ្លូវស្រុកស្រែ តាមកៀនរបង ហើយបង្ខំមនុស្សឱ្យចូលមកពេញផ្ទះខ្ញុំ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមអស់អ្នកដែលខ្ញុំបានអញ្ជើញកាលពីមុននោះ គ្មាននរណាម្នាក់បរិភោគក្នុងពិធីជប់លៀងរបស់ខ្ញុំឡើយ!»។
439 Views
Post Views:
460