ថ្ងៃអង្គារ អាទិត្យទី២៩
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៥,១២,១៥.១៧-១៩.២០-២១
បងប្អូនជាទីស្រឡាញ់!
ដោយសារតែមនុស្សតែម្នាក់ បាបបានចូលមកក្នុងពិភពលោក ហើយដោយសារបាប សេចក្ដីស្លាប់ក៏ចូលមកដែរ។ ហេតុនេះហើយ បានជាសេចក្ដីស្លាប់រាលដាលដល់មនុស្សគ្រប់ៗរូប ព្រោះគ្រប់គ្នាសុទ្ធតែបានប្រព្រឹត្ដអំពើបាប។ មនុស្សទូទៅត្រូវស្លាប់ព្រោះតែកំហុសរបស់មនុស្សម្នាក់យ៉ាងណា ព្រះហប្ញទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ និងព្រះអំណោយរទាននៃការប្រណីសន្ដោសក៏បានហូរមកលើមនុស្សទាំងអស់រឹតតែបរិបូណ៌ ដោយសារមនុស្សម្នាក់យ៉ាងនោះដែរ គឺព្រះយេស៊ូគ្រីស្ដ។ បើលោកអដាំតែម្នាក់បានប្រព្រឹត្តខុស មច្ចុរាជបានសោយរាជ្យប៉ុណ្ណឹងទៅហើយ ចំណង់បើអស់អ្នកដែលបានទទួលការប្រណីសន្ដោសដ៏បរិបូណ៌លើសលប់ ដែលប្រោសគេឱ្យបានសុចរិតតាមព្រះអំណោយទាន នឹងរឹតតែបានសោយរាជ្យនៅក្នុងជីវិតថែមទៀត ដោយសារព្រះយេស៊ូគ្រីស្ដតែមួយព្រះអង្គវិញជាពុំខាន។ សរុបមក ដោយសារកំហុសរបស់មនុស្សតែម្នាក់ មនុស្សទាំងអស់ត្រូវជាប់ទោសយ៉ាងណា ដោយសារអំពើសុចរិតរបស់មនុស្សតែម្នាក់ មនុស្សទាំងអស់ក៏បានសុចរិត និងទទួលជីវិតយ៉ាងនោះដែរ ហើយមនុស្សទាំងអស់ក៏ជាប់បាបដោយសារតែមនុស្សម្នាក់មិនស្ដាប់បង្គាប់យ៉ាងណា ព្រះជាម្ចាស់ក៏នឹងប្រោសមនុស្សទាំងអស់ឱ្យបានសុចរិត ដោយសារមនុស្សតែម្នាក់បានស្ដាប់បង្គាប់យ៉ាងនោះដែរ។ នៅទីណាដែលមានបាបកាន់ច្រើន នៅទីនោះ ព្រះហប្ញទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ ក៏រឹតតែមានច្រើនលើសលប់ថែមទៀត។ ដូចបាបសោយរាជ្យបណ្ដាលឱ្យមានសេចក្ដីស្លាប់យ៉ាងណា ព្រះហប្ញទ័យប្រណីសន្ដោសដែលប្រោសមនុស្សឱ្យបានសុចរិត ក៏សោយរាជ្យយ៉ាងនោះដែរ ដើម្បីឱ្យមនុស្សលោកមានជីវិតអស់កល្បជានិច្ច ដោយសារព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើង។
ទំនុកតម្កើងលេខ ៤០ (៣៩) ,៧-១០.១៧ បទពាក្យ ៧
| ៧ | ព្រះអង្គមិនចង់បានតង្វាយ | យញ្ញបូជាថ្វាយអ្វីទាល់សោះ | |
| ទ្រង់បើកត្រចៀកខ្ញុំទាំងអស់ | ស្ដាប់ព្រះតម្រិះនៃព្រះអង្គ | ។ |
| ៨ | ដូច្នេះរូបខ្ញុំសូមពោលថា | បពិត្រករុណាដ៏ឧត្តុង | |
| ខ្ញុំប្រព្រឹត្តតាមឥតរេរង់ | តាមសេចក្ដីក្នុងព្រះគម្ពីរ | ។ |
| ៩ | ខ្ញុំសែនពេញចិត្តធ្វើតាមព្រះ | ហប្ញទ័យអម្ចាស់គ្រប់ទិសទី | |
| វិន័យទ្រង់ដិតជាប់ជីវី | ក្នុងចិត្តគិតពីទ្រង់ជានិច្ច | ។ |
| ១០ | ខ្ញុំនឹងប្រកាសធម៌មេត្តា | ធម៌ករុណាធម៌សុចរិត | |
| ព្រះអង្គជ្រាបហើយទ្រង់អាណិត | ខ្ញុំថ្លាថ្លែងឥតឈរឈប់សោះ | ។ |
| ១៧ | រីឯអស់អ្នកដែលស្វែងស្វះ | រកព្រះអម្ចាស់បានរីករាយ | |
| ថ្លែងឥតឈប់ឈរអរក្អាកក្អាយ | យើងខ្ញុំឱនកាយថ្កើងព្រះអង្គ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២១,៣៦
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកដែលប្រុងស្មារតី អធិដ្ឋានគ្រប់ពេលវេលាពិតជាមានសុភមង្គល ដ្បិតគេអាចឈរនៅមុខបុត្រមនុស្ស។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,៣៥-៣៨
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «ចូរប្រុងប្រៀបខ្លួន ហើយទុកឱ្យចង្កៀងរបស់អ្នករាល់គ្នានៅឆេះ។ ចូរប្រព្រឹត្តឱ្យបានដូចពួកអ្នកបម្រើ ដែលរងចាំម្ចាស់វិលត្រឡប់មកពីជប់លៀងវិញ គឺនៅពេលមកដល់ លោកគោះទ្វារ អ្នកបម្រើទៅបើកជូនភ្លាម។ ពេលម្ចាស់ត្រឡប់មកដល់ ឃើញអ្នកបម្រើណានៅរងចាំលោក អ្នកបម្រើនោះមានសុភមង្គលហើយ! ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា លោកនឹងឱ្យអ្នកបម្រើនោះអង្គុយបរិភោគ ហើយលោករៀបចំខ្លួនបម្រើគេវិញ។ បើលោកវិលមកវិញនៅពាក់កណ្ដាលអធ្រាត្រ ឬជិតភ្លឺ ហើយឃើញអ្នកបម្រើទាំងនោះនៅរងចាំដូច្នេះ ពួកគេប្រាកដជាមានសុភមង្គលហើយ»។
665 Views
Post Views:
679