អត្ថបទព្រះគម្ពីរ
ថ្ងៃអង្គារ ទី៥ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៧ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា
អត្ថបទទី១
សូមថ្លែងព្រះគម្ពីរព្យាការីយ៉ូណាស យណ ៣,១-១០
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយ៉ូណាសម្តងទៀតថា៖«ចូរក្រោកឡើងចេញដំណើរទៅក្រុងនីនីវេមហានគរជាបន្ទាន់ ហើយប្រកាសប្រាប់អ្នកក្រុងនោះឱ្យបានដឹងអំពីសេចក្តីដែលយើងនឹងប្រាប់អ្នក!»។ លើកនេះ លោកយ៉ូណាសធ្វើតាមព្រះបញ្ជារបស់ព្រះអម្ចាស់ គឺលោកក្រោកឡើង ចេញដំណើរឆ្ពោះទៅកាន់ក្រុងនីនីវេ។ ក្រុងនីនីវេជាក្រុងមួយដ៏ធំសម្បើមអស្ចារ្យ ដើម្បីដើរកាត់ក្រុងនេះត្រូវចំណាយពេលអស់បីថ្ងៃទើបបាន។ លោកយ៉ូណាសដើរកាត់ទីក្រុងអស់មួយថ្ងៃ ទាំងប្រកាសថា៖ «សែសិបថ្ងៃទៀតព្រះអម្ចាស់នឹងបំផ្លាញក្រុងនេះហើយ!»។ ពេលនោះ អ្នកក្រុងនីនីវេនាំគ្នាជឿលើព្រះជាម្ចាស់។ ពួកគេប្រកាសឱ្យមនុស្សគ្រប់ៗរូប ចាប់ពីនាម៉ឺនមន្រ្តី រហូតដល់ប្រជាជនអ្នកតូចតាច តមអាហារ និងស្លៀកពាក់កាន់ទុក្ខ។ ពេលព្រះមហាក្សត្រក្រុងនីនីវេជ្រាបដំណឹងនេះ ទ្រង់ក៏យាងចុះពីព្រះរាជបល្ល័ង្ក ដោះព្រះភូសាចេញ ហើយស្លៀកបាវកាន់ទុក្ខ ព្រមទាំងគង់នៅក្នុងផេះទៀតផង។ ព្រះរាជាចេញព្រះរាជបញ្ជាឱ្យប្រកាសប្រាប់ប្រជារាស្រ្តក្នុងក្រុងនីនីវេថា៖ «យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ និងអស់លោកសព្វមុខមន្រ្តី សូមហាមទាំងមនុស្ស ទាំងហ្វូងសត្វតូចធំមិនឱ្យបរិភោគ ឬផឹកអ្វីឡើយ។ ទាំងមនុស្ស ទាំងសត្វត្រូវស្លៀកបាវកាន់ទុក្ខ ហើយត្រូវអង្វរព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្ត។ ម្នាក់ៗត្រូវតែបោះបង់ចោលកិរិយាមារយាទអាក្រក់ នឹងអំពើឃោរឃៅដែលខ្លួនធ្លាប់ប្រព្រឹត្ត ក្រែងលោព្រះជាម្ចាស់ប្រែព្រះហប្ញទ័យលែងព្រះពិរោធទាស់នឹងយើងទៀត! ដូច្នេះ យើងនឹងមិនត្រូវវិនាសអន្តរាយឡើយ»។ ពេលព្រះជាម្ចាស់ទតឃើញអំពើដែលពួកគេនាំគ្នាប្រព្រឹត្ត គឺគេប្រែចិត្តគំនិត លះបង់កិរិយាមារយាទអាក្រក់របស់ខ្លួនចោល ព្រះអង្គប្រែព្រះហប្ញទ័យមិនដាក់ទោសពួកគេ ដូចព្រះអង្គបានសម្រេចដាក់កាលពីមុននោះទេ គឺព្រះអង្គមិនបំផ្លាញពួកគេចោលឡើយ។
ទំនុកតម្កើងលេខ ១៣០,១-៤.៧-៨ បទពាក្យ ៧
១. | បពិត្រព្រះជាអម្ចាស់អើយ | ខ្ញុំស្រែកដង្ហើយរកព្រះអង្គ |
ពីក្នុងរណ្តៅជ្រៅកន្លង | មេត្តាជួយផងផុតពីស្លាប់ ។ | |
២. | សំឡេងខ្ញុំឮដូចចម្រៀង | សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់ |
ពាក្យខ្ញុំអង្វរទទូចប្រាប់ | រៀបរាប់រ៉ាយរ៉ាប់សូមសន្តោស ។ | |
៣. | បពិត្រព្រះម្ចាស់ដ៏ឧត្តម | បើព្រះអង្គចាំពីកំហុស |
អំពើបាបកម្មជនស្រីប្រុស | គ្មានម្នាក់ណាសោះរួចខ្លួនឡើយ ។ | |
៤. | ប៉ុន្តែព្រះអង្គតែងអត់ទោស | ប្រណីសន្តោសខ្ញុំធូរស្បើយ |
រួចផុតទុក្ខទោសបានល្ហែល្ហើយ | គឺព្រះអង្គហើយខ្ញុំគោរព ។ | |
៧. | ឱ! អ៊ីស្រាអែលសូមទុកចិត្ត | ព្រះល្អវិសុទ្ធដោយព្រះទ័យ |
មេត្តាករុណាត្រាប្រណី | ទ្រង់សព្វព្រះទ័យជួយជានិច្ច ។ | |
៨. | ព្រះអង្គរំដោះអ៊ីស្រាអែល | ពីកំហុសដែលមានច្រើនតិច |
គេបានប្រព្រឹត្តជាប់ជានិច្ច | ព្រះអង្គសម្រេចបានសុខសាន្ដ ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ៣,២០
អលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាឮព្រះសូរសៀងរបស់ព្រះអម្ចាស់ ហើយបើកទ្វារថ្វាយព្រះអង្គ អ្នកនោះពិតជាមានសុភមង្គលហើយ! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,១៨-២២
ព្រះយេស៊ូធ្វើដំណើរជាមួយក្រុមសាវ័ក ហើយយាងចូលក្នុងភូមិមួយ។ ស្រ្ដីម្នាក់ឈ្មោះម៉ាថា ទទួលព្រះអង្គឱ្យស្នាក់ក្នុងផ្ទះនាង។ នាងមានប្អូនស្រីម្នាក់ ឈ្មោះម៉ារីអង្គុយនៅទាបព្រះបាទាព្រះអម្ចាស់ ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។ រីឯនាងម៉ាថាវិញនាងមានកិច្ចការរវល់ជាច្រើន ដើម្បីបម្រើព្រះអង្គ។ នាងចូលមកទូលថា៖ «បពិត្រព្រះអម្ចាស់! ប្អូនខ្ញុំម្ចាស់ទុកឱ្យខ្ញុំម្ចាស់បម្រើព្រះអង្គតែម្នាក់ឯង តើព្រះអង្គមិនអើពើទេឬ? សូមទ្រង់ប្រាប់ឱ្យនាងមកជួយខ្ញុំម្ចាស់ផង»។ ព្រះអម្ចាស់មានព្រះបន្ទូលទៅនាងថា៖ «ម៉ាថា! ម៉ាថា! នាងមានកង្វល់ ហើយរវល់នឹងកិច្ចការច្រើនណាស់ ប៉ុន្ដែ មានកិច្ចការតែមួយគត់ ដែលចាំបាច់ នាងម៉ារីបានជ្រើសយកចំណែកដ៏ល្អវិសេសនោះ ហើយមិនត្រូវយកចេញពីនាងទេ»។