ថ្ងៃអង្គារ អាទិត្យទី២៥
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃអង្គារ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥
សន្តពីយ៉ូ ឈ្មោះដើម ហ្វ្រង់ស៊ីស្កូ ហ្វរជិអុនិ កើតនៅឆ្នាំ ១៨៨៧ នៅភូមិ ពិអេត្រេស៊ីណា ប្រទេសអ៊ីតាលីខាងត្បូង ។ ឪពុកម្តាយរបស់លោកជាកសិករ មានកូនទាំងអស់ ៨នាក់ ។ ទោះបីជាសុខភាពរបស់ហ្វ្រង់ស៊ីស្កូមិនសូវល្អក៏ដោយ ក៏លោកសម្រេចចិត្តចូលជាសាមណេក្នុងក្រុមគ្រួសារបព្វជិតកាពូសាំង នៅពេលលោកជាយុវជននៅឡើយ ។ ពេលនោះ លោកទទួលឈ្មោះថ្មីថា “ពីយ៉ូ” (សំដៅទៅលើសម្ដេច ប៉ាប ពីយ៉ូទី៥ ) ហើយទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យនៅទីក្រុង បេណេវេនតូ នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ១៩១០ ក្នុងអាយុ ២៣ ឆ្នាំ ។ នៅឆ្នាំ ១៩១៦ គេជូនលោកទៅស្នាក់នៅវត្តអារាមកាពូសាំង នៅក្រុង សាន់-ជីអូវ៉ានី រ៉ូទន់ដូ។ ពេលនោះ លោកពីយ៉ូចាប់ផ្តើមមានឈ្មោះល្បីសុសសាយកាន់តែខ្លាំងឡើងៗ ក្រោយពីលោកបានទទួលស្នាមរបួសដ៏វិសុទ្ធរបស់ព្រះគ្រីស្ត ដៅក្នុងរូបកាយរបស់លោក នៅពេលលោកកំពុងតែអធិដ្ឋានមុខឈើឆ្កាង (ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ១៩១៨)។ លោកខិតខំប្រារព្ធអគ្គសញ្ញាលើកលែងទោសជាច្រើនម៉ោងរាល់ថ្ងៃ ហើយមានគ្នាជាច្រើនទៅជួបលោកដើម្បីស្រាយបាប ព្រោះលោកបានទទួលអំណោយទានមួយដ៏ពិសេសពីព្រះវិញ្ញាណដ៏វិសុទ្ធ គឺលោកឈ្វេងយល់នូវចិត្តគំនិតដ៏លាក់កំបាំងរបស់គេ ហេតុនេះហើយបានជាលោកអាចជួយគេខាងផ្លូវវិញ្ញាណជាច្រើន។ លោកដេញខ្មោច និងប្រោសអ្នកជំងឺឱ្យបានជា ក្នុងព្រះនាមព្រះជាម្ចាស់ ហើយក៏មានទីសម្គាល់ដ៏អស្ចារ្យជាច្រើនផ្សេងទៀត ដែលកើតឡើងដោយសារលោក ។ មានបណ្តាជនច្រើនកុះករមកមើលចង់ជួបលោក ចង់ដឹងចង់ឃើញ និងចាប់អារម្មណ៍ច្រើនពេកអំពីការអស្ចារ្យដែលកើតមាននោះ។ ពេលដំបូង មេដឹកនាំបព្វជិតកាពូសាំង និងមេដឹកនាំព្រះសហគមន៍សង្ស័យថា លោកជាអ្នកបោកប្រាស់ចង់បញ្ឆោតពួកគេ ដូច្នេះ អស់លោកក៏ធ្វើការស៊ើបអង្កេតជាច្រើន ចង់ដឹងថា តើសញ្ញាសម្គាល់ទាំងប៉ុន្មានដែលលោកសម្តែង ពិតជាមកពីព្រះជាម្ចាស់មែនឬទេ ? កំឡុងពេលនោះ លោកត្រូវគេរិះគន់ និងហាមឃាត់មិនឱ្យបណ្តាជនមកជួបលោកជាច្រើនដង ហើយលោកក៏មិនបះបោរនឹងព្រះសហគមន៍នោះផងដែរ ដោយសារតែលោកចង់ស្តាប់បង្គាប់ និងទុកចិត្តលើព្រះសហគមន៍។ ជាចុងក្រោយ នៅឆ្នាំ១៩៦៤ សម្តេចប៉ាបប៉ូលទី៦ ទទួលស្គាល់ជាផ្លូវការថា លោកពីយ៉ូ ពិតជាឧបករណ៍ដ៏ពិសេសរបស់ព្រះជាម្ចាស់សម្រាប់ព្រះសហគមន៍។ ក្នុងអំឡុងពេលហាសិបឆ្នាំដែលលោកពីយ៉ូបានបំពេញបេសកកម្មរបស់ខ្លួនជាបព្វជិត និងជាបូជាចារ្យ មានមនុស្សប្រមាណ ២០លាននាក់ ដែលបានចូលរួមអភិបូជាជាមួយលោក ក៏មានគ្រីស្តបរិស័ទប្រមាណ៥លាននាក់ ដែលបានទទួលអគ្គសញ្ញាលើកលែងទោសពីលោកផងដែរ។ នៅឆ្នាំ ១៩៥៦ លោកបានបង្កើត “មជ្ឈមណ្ឌលនៃការធូរស្បើយពីទុក្ខលំបាក” នៅក្បែរវត្តអារាម ជាមន្ទីរពេទ្យសម្រាប់ការបន្ធូរបន្ថយភាពឈឺចុកចាប់របស់អ្នកជំងឺ ដោយមានមនុស្សប្រមាណ ៦០,០០០ នាក់ក្នុងមួយឆ្នាំបានចូលមន្ទីរពេទ្យ ។ លោកពុកពីយ៉ូទទួលមរណភាពនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ១៩៦៨ ក្នុងអាយុ ៨១ ឆ្នាំ ។ ប៉ុន្មានថ្ងៃមុននឹងស្លាប់ លោកមានប្រសាសន៍ថា៖«៥០ឆ្នាំមកហើយដែលខ្ញុំជាបព្វជិត… ៥០ឆ្នាំមកហើយ ដែលខ្ញុំជាប់លើឈើឆ្កាង… ហាសិបឆ្នាំមកហើយដែលចិត្តខ្ញុំមានភ្លើងឆេះសន្ធោសន្ធៅនៅចំពោះព្រះអម្ចាស់ និងចំពោះមនុស្សលោកដែលព្រះអង្គបានសង្គ្រោះ…»។ សន្តពីយ៉ូបានទទួលឋានៈជាសន្តបុគ្គលរបស់ព្រះសហគមន៍នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០០២ ដោយមានសម្តេចប៉ាប យ៉ូហាន-ប៉ូលទី២ បានប្រកាសជាផ្លូវការ និងជាសាធារណៈដ៏ឱឡារិក ក្នុងវិសាលវិហារបាស៊ីលីកា សន្តសិលា នៅបុរីវ៉ាទីកង់ ទីក្រុងរ៉ូម ។ ម្យ៉ាងទៀត ក្រោយពីបានលើកសាកសពរបស់លោកចេញពីផ្នូរ មានវេជ្ជបណ្ឌិត និងអ្នកវិទ្យាសាស្ត្រជាច្រើនបានត្រួតពិនិត្យ ហើយមើលឃើញថា រូបកាយរបស់លោកមិនដែលរលួយនោះទេ នេះជាការអស្ចារ្យរបស់ព្រះជាម្ចាស់។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកអែសរ៉ា អរ ៦,៧-៨.១២.១៤-២០
ព្រះបាទដារីយ៉ូស ជាព្រះមហាក្សត្រស្រុកពែរ្ស សរសេរព្រះរាជចុតហ្មាយ បញ្ជាក់ដល់ព្រះរាជប្រតិភូដែលត្រួតត្រាផែនដីទាំងប៉ុន្មាន នៅខាងនាយទន្លេអឺប្រាតថា៖ «ចូរទុកឱ្យអភិបាល និងពួកព្រឹទ្ធាចារ្យរបស់ជនជាតិយូដាសង់ព្រះដំណាក់របស់ព្រះជាម្ចាស់នៅកន្លែងដើម។ សុំអស់លោកជួយពួកព្រឹទ្ធាចារ្យរបស់ជនជាតិយូដាក្នុងការសាងសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើងវិញផង ។ ចំពោះចំណាយក្នុងការសង់ ត្រូវយកពីឃ្លាំងរាជទ្រព្យ គឺប្រាក់នៃពន្ធអាករដែលទារពីតំបន់ខាងលិចទន្លេអឺប្រាតមកបើកឱ្យពួកគេគ្រប់ចំនួនកុំបីអាក់ខានឡើយ។ យើងដារីយ៉ូសចេញបញ្ជានេះ ដូច្នេះ ត្រូវតែអនុវត្តតាមជាកំហិត»។ ពួកព្រឹទ្ធាចារ្យនៃជនជាតិយូដាបន្ដការសាងសង់ព្រះវិហារដោយជោគជ័យ ស្របតាមសេចក្ដីដែលព្យាការីហាកាយ និងព្យាការីសាការីជាកូនរបស់លោកអ៊ីដូបានថ្លែង។ ពួកគេបង្ហើយការសាងសង់ព្រះវិហារ ស្របតាមបញ្ជារបស់ព្រះនៃអ៊ីស្រាអែល និងស្របតាមរាជក្រឹត្យរបស់ព្រះចៅស៊ីរូស និងព្រះចៅដារីយ៉ូស។ គេសង់ព្រះដំណាក់ចប់សព្វគ្រប់នៅថ្ងៃទីបី ខែផល្គុន ក្នុងឆ្នាំទីប្រាំមួយ នៃរជ្ជកាលព្រះបាទដារីយ៉ូស។ ជនជាតិអ៊ីស្រាអែល ក្រុមបូជាចារ្យ ក្រុមលេវី និងប្រជាជននៅសេសសល់ដែលត្រូវគេកៀរទៅជាឈ្លើយ ហើយវិញត្រលប់មកវិញនោះ នាំគ្នាប្រារព្ធពិធីបុណ្យឆ្លងព្រះដំណាក់របស់ព្រះជាម្ចាស់ ដោយអំណរ។ ក្នុងឱកាសពិធីបុណ្យឆ្លងព្រះដំណាក់របស់ព្រះជាម្ចាស់នេះ ពួកគេយកគោបាមួយរយក្បាល ចៀមឈ្មោលពីររយក្បាល និងកូនចៀមចំនួនបួនរយក្បាលមកថ្វាយជាយញ្ញបូជារំដោះបាបសម្រាប់ប្រជាជនអ៊ីស្រាអែលទាំងមូល។ គេក៏បានថ្វាយពពែឈ្មោលដប់ពីរក្បាល តាមចំនួនកុលសម្ព័ន្ធរបស់ជនជាតិអ៊ីស្រាអែលដែរ។ បន្ទាប់មក គេតែងតាំងក្រុមបូជាចារ្យតាមឋានៈរបស់ពួកគេ ព្រមទាំងតែងតាំងពួកលេវីជាក្រុមៗ តាមមុខងារដែលពួកគេបំពេញថ្វាយព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម ដូចមានចែងទុកក្នុងគម្ពីររបស់លោកម៉ូសេ។ អស់អ្នកដែលគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះ នាំគ្នាប្រារព្ធពិធីបុណ្យចម្លងនៅថ្ងៃទីដប់បួន ក្នុងខែទីមួយ។ ក្រុមបូជាចារ្យ និងក្រុមលេវីនាំគ្នាធើ្វពិធីជម្រះកាយឱ្យបានបរិសុទ្ធ ហើយពួកគេក៏បានបរិសុទ្ធទាំងអស់គ្នា។ ពួកគេអារកកូនចៀមនៃពិធីបុណ្យចម្លងសម្រាប់ប្រជាជនទាំងអស់ដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញ សម្រាប់ក្រុមបូជាចារ្យជាបងប្អូន និងសម្រាប់ខ្លួនឯងផ្ទាល់។
ទំនុកតម្កើងលេខ ១២២ (១២១) ,១-៥ បទកាកគតិ
| ១ | គេប្រាប់ខ្ញុំថា | យើងគ្រប់កាយា | ទៅព្រះដំណាក់ |
| ទីដែលព្រះជា | អម្ចាស់គង់ស្នាក់ | ល្អស្អាតត្រជាក់ |
| | ខ្ញុំសប្បាយក្រៃ | ។ |
| ២ | យេរូសាឡឹម | ភក្រ្តអ្នប៉ប្រិម | ឥតមានទាស់អ្វី |
| យើងនាំគ្នាឈាន | ជើងចូលដល់ដី | ដល់ទ្វារបុរី |
| | នៃអ្នកហើយណា | ។ |
| ៣ | យេរូសាឡឹម | ជាក្រុងមួយធំ | សែនស្រស់សង្ហា |
| ដែលសង់ឡើងបាន | រឹងមាំក្រៃណា | កំពែងអស្ចារ្យ |
| | ល្អព័ទ្ធជុំជិត | ។ |
| ៤ | គ្រប់កុលសម្ព័ន្ធ | នានារួសរាន់ | នាំគ្នាមកស្ថិត |
| ច្រៀងលើកតម្កើង | ព្រះម្ចាស់មានប្ញទិ្ធ | តាមច្បាប់នៃជាតិ |
| | ជនអ៊ីស្រាអែល | ។ |
| ៥ | ទីនេះក៏មាន | បល្ល័ង្កថ្កើងថ្កាន | នៃរាជវង្សដែល |
| ជាស្ដេចដាវីឌ | បារមីក្រាស់ក្រែល | គ្រប់គ្រងក្រវែល |
| | រាស្រ្ដដោយយុត្តិធម៌ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៩,៥-៩
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអនុវត្តតាម អ្នកនោះពិតជាមានសុភមង្គលមែន! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៨,១៩-២១
មាតា និងបងប្អូនរបស់ព្រះយេស៊ូនាំគ្នាមករកព្រះអង្គ ប៉ុន្ដែ មិនអាចចូលទៅជិតព្រះអង្គបានឡើយ ព្រោះមានមនុស្សច្រើនពេក។ មានគេទូលព្រះអង្គថា៖ «ម្ដាយលោក និងបងប្អូនលោកនៅខាងក្រៅចង់ជួបលោក»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អស់អ្នកដែលស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រតិបត្តិតាម គឺអ្នកនោះហើយជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ»។
604 Views
Post Views:
614